អ.ស.ប​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​អនុសាសន៍​របស់ UPR

0:00 / 0:00

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​អនុសាសន៍​ជាង ១៦០ ដែល​រដ្ឋាភិបាល​បាន​ទទួល​យក​ពី​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ក្នុង​អំឡុង​ពេល​ត្រួត​ពិនិត្យ​ជា​សាកល​តាម​ពេល​វេលា​កំណត់ ហៅ​ថា យូ.ភី.អ (UPR) លើក​ទី​២ របស់​កម្ពុជា។

ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ទាំង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ និង​សិក្ខាសាលា​តស៊ូ​មតិ​បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ​ជា​សាកល​តាម​ពេលវេលា​កំណត់​របស់​កម្ពុជា ដែល​ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ កក្កដា នៅ​រាជធានី​ភ្នំពេញ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​អនុវត្ត​នូវ​អនុសាសន៍​ចំនួន ១៦៣ និង​កត់​សម្គាល់​អនុសាសន៍ ៤២ នោះ ឲ្យ​មាន​ប្រសិទ្ធភាព។

តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី វ៉ាន់ ហ៊ាលី (Wan Hea Lee) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ទទួល​យក​អនុសាសន៍​ទាំង​នេះ ហើយ​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំង​នោះ។

អ្នកស្រី​បញ្ជាក់​ទៀត​ថា អង្គការ​សង្គម​ស៊ីវិល មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​តាម​ដាន​រដ្ឋាភិបាល និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ទទួល​យក​ហើយ​នោះ៖ «សំឡេង»។

អនុសាសន៍​១៦៣ ក្នុង​ចំណោម​អនុសាសន៍​ជាង ២០០ ដែល​រដ្ឋាភិបាល​ទទួល​យក​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ នោះ ដែល​អនុសាសន៍​ទាំង​នោះ​គ្រប់​ដណ្ដប់​ទៅ​លើ​បញ្ហា​មួយ​ចំនួន រួម​មាន​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ការ​លុប​បំបាត់​ការ​រើស​អើង​ដោយ​ផ្អែក​លើ​យេនឌ័រ ជាតិ​សាសន៍ សញ្ជាតិ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ឃុំ​ខ្លួន ការ​លុប​បំបាត់​ពលកម្ម​កុមារ ពង្រឹង​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ថ្នាក់​ជាតិ ។ល។

ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​ពេល​វេលា​កំណត់ យូ.ភី.អ គឺ​ជា​ដំណើរ​ការ​ដែល​រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ​ទាំង​អស់​ទទួល​ការ​ពិនិត្យ​លើ​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​ប្រទេស​នីមួយៗ។ យូ.ភី.អ ធ្វើ​ឡើង​រៀងរាល់ ៤​ឆ្នាំ​ម្ដង ចំណែក​កម្ពុជា ក៏​បាន​បញ្ចប់​ការ​ត្រួត​ពិនិត្យ​លើក​ទី​២ របស់​ខ្លួន​រួច​ហើយ កាល​ពី​ដើម​ឆ្នាំ​២០១៤។

ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក ម៉ក់ សម្បត្តិ មាន​ប្រសាសន៍​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​រីករាយ​ក្នុង​ការ​ធ្វើការ​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដើម្បី​អនុវត្ត​ទៅ​លើ​អនុសាសន៍​ទាំង​នេះ។ លោក​បញ្ជាក់​ថា គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​រៀបចំ​ប្រជុំ​នៅ​ខែ​សីហា និង​អញ្ជើញ​តំណាង​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​ជាមួយ​គ្នា ដើម្បី​រិះរក​នីតិវិធី​អនុវត្ត​ទៅ​លើ​អនុសាសន៍​ទាំង​នេះ៖ «សំឡេង»។

​តំណាង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អ្នកស្រី ជ័រ ច័ន្ទធីតា មាន​ប្រសាសន៍​ថា ទោះ​បី​ជា​រដ្ឋ​នីមួយៗ​មិន​ជាប់​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ដែល​ខ្លួន​ទទួល​យក​នោះ​ហើយ​ក្ដី ក៏ប៉ុន្តែ​រដ្ឋ​នីមួយៗ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​សហគមន៍​អន្តរជាតិ ហើយ​ក៏​ត្រូវ​ចាប់​បង្ខំ​រដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំង​នោះ​ឲ្យ​មាន​ប្រសិទ្ធភាព៖ «សំឡេង»។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​មនុស្ស​រៀបចំ​កិច្ច​ពិគ្រោះ​ថ្នាក់​ជាតិ និង​សិក្ខាសាលា​តស៊ូ​មតិ​បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​ជា​សាកល​តាម​ពេល​វេលា​កំណត់​របស់​កម្ពុជា រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ កក្កដា នេះ ក្នុង​គោលបំណង​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ដំណើរការ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធានា​ឲ្យ​មាន​ការ​តស៊ូ​មតិ​ជា​ប្រព័ន្ធ​ក្នុង​ការ​តាមដាន​ទៅ​លើ​ការ​អនុវត្ត​អនុសាសន៍​ក្នុង​ពេល​បន្ទាប់ៗ​ទៀត និង​ពិភាក្សា​រក​មធ្យោបាយ​ក្នុង​ការ​តាមដាន​ទៅ​លើ​ការ​អនុវត្ត​អនុសាសន៍ យូ.ភី.អ របស់​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។