ប្រទេសទាំង ៤៥ នេះព្រមានថា ការបោះឆ្នោតអាចចាត់ទុកថា សេរី ត្រឹមត្រូវ និង យុត្តិធម៌បាន ទាល់តែរបបលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញ លើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ប៉ុន្តែ មន្រ្តីរដ្ឋាភិបាល ចាត់ទុកសេចក្តីថ្លែងការណ៍បែបនេះ ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។
ប្រទេស ៤៥ ប្រទេសបារាំង កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី ជាដើម បានទាមទារពីរចំណុចធំៗ ទីមួយគឺ ទាមទារឲ្យផ្តល់នីតិសម្បទា ជូនមន្រ្តីជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិទាំងអស់ឡើងវិញ រួមមានសមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស។ ទីពីរ ទាមទារឲ្យលុបចោល វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលជាដើមហេតុនាំឲ្យរម្លាយគណបក្សសង្គ្រោះជាតិនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី ២១ ខែ មីនា ម្សិលមិញនេះ ប្រទេសទាំង ៤៥ បានអំពាវនាវឲ្យរបបលោក ហ៊ុន សែន ប្រញាប់ចាត់វិធានការចាំបាច់នានា ឲ្យបានប្រញាប់ មុននឹងអ្វីៗត្រូវហួសពេល សម្រាប់ការបោះឆ្នោតជាតិនាខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។
សេចក្តីថ្លែងការណ៍ដដែល ក៏បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ សហគមន៍អន្តរជាតិ មានសុទិដ្ឋិនិយមយ៉ាងច្រើន ទៅលើស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សហគមន៍អន្តរជាតិ ដែលបានជួយជ្រោមជ្រែងប្រទេសកម្ពុជាយ៉ាងខ្លាំង ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យមួយ។ ជាលទ្ធផល រដ្ឋធម្មនុញ្ញកម្ពុជា បានចែងកំណត់យ៉ាងច្បាស់ អំពីកាតព្វកិច្ចរបស់កម្ពុជា ក្នុងការត្រូវប្រកាន់ខ្ជាប់ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សហគមន៍អន្តរជាតិ ត្រេកអរចំពោះការវិវឌ្ឍល្អជាច្រើនក្រោយកិច្ចព្រមព្រៀងនោះ។ ប៉ុន្តែសេចក្តីថ្លែងការណ៍បន្តថា គួរឲ្យសោកស្តាយ នៅពេលការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ កាន់តែខិតជិតចូលមកដល់សហគមន៍អន្តរជាតិ បែរជាបាត់បង់នៅក្តីសង្ឃឹម និង ការត្រេកអរនោះអស់ ដោយជំនួសមកវិញនូវទុក្ខព្រួយ ដោយសារតែរបបលោក ហ៊ុន សែន ធ្វើទុក្ខបុកម្នេញទៅលើសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តាមរយៈការចាប់ប្រធានគណបក្សសង្គ្រោះជាតិ និង សកម្មជនបក្សប្រឆាំងជាច្រើនរូបទៀត ដាក់ពន្ធនាគារ ការរម្លាយគណបក្សសង្គ្រោះជាតិ និងបណ្តេញអង្គការសង្គមស៊ីវិល និង បង្រ្កាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
ទោះជាយ៉ាងនេះក្តី តំណាងរបបលោក ហ៊ុន សែន នៅអង្គការសហប្រជាជាតិ ការពារចំណាត់ការរបស់របបនេះ និង ប្រតិកម្មខ្លាំងៗទៅនឹងសេចក្តីថ្លែងការណ៍រួមនេះ។ លោក ណី សំអុល តំណាងអចិន្រ្តៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ក្នុងទីក្រុងហ្សឺណែវ ចាត់ទុកថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កាលថ្ងៃពុធថា រៀបចំឡើងដើម្បីវាយប្រហារលើប្រទេសកម្ពុជា។ ជាងនេះទៅទៀត លោក ណី សំអុល បានប្រកាសប្រឆាំងដាច់ អហង្ការាល់កិច្ចប៉ុនប៉ងខុសបែបបទ ក្នុងការរៀបចំឱ្យមានការពិភាក្សាអន្តរកិច្ចប្រជុំ ពាក់ព័ន្ធនឹងប្រទេសកម្ពុជា នៅមុនកិច្ចប្រជុំ ទៀងទាត់ ក្នុងខែមិថុនា។ លោកចាត់ទុកកិច្ចប្រជុំនេះធ្វើឡើងខុស របៀបវារៈ និងខុសពីការគ្រោងទុក។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិធ្វើឡើងត្រឹមត្រូវស្របតាមកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ខណៈកម្ពុជាមានការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលទ្ធិ ប្រជាធិបតេយ្យ៖ «ប្រទេសកម្ពុជាយើង ជាប់ជំពាក់នឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ នៅក្នុងកិច្ចព្រមព្រៀងចែងថា ក្នុងករណីមានការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្សនៅកម្ពុជា ភាគីនៅក្នុងកិច្ចព្រមព្រៀង ត្រូវស្នើទៅអង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ការរំលោភនេះ។ ដូច្នេះកិច្ចប្រជុំនេះ ធ្វើត្រឹមត្រូវចំពេលហើយ»។
ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនេះ ក៏បានទាមទារឲ្យរបបលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ និងដោះលែងរាល់អ្នកទោសនយោបាយទាំងអស់ឲ្យមានសេរីភាពឡើងវិញ។
សេចក្តីថ្លែងការណ៍រួម ដែលមានទាំងប្រទេសអូស្រ្តាលីផងនេះ បញ្ជាក់ច្បាស់អំពីជំហរប្រទេសអូស្រ្តាលី ចំពោះរបបលោក ហ៊ុន សែន ពាក់ព័ន្ធនឹងនឹងបញ្ហារំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា ទោះបីលោក ហ៊ុន សែន បានអះអាងផ្ទុយពីនេះ នៅក្រោយដំណើរទស្សនកិច្ច ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នៅទីក្រុងស៊ីដនី កាលពីចុងសប្តាហ៍កន្លងទៅនេះ យ៉ាងណាក្តី។
រហូតមកដល់ពេលនេះ សម្ពាធពីសហគមន៍អឺរ៉ុប និង សហរដ្ឋអាមេរិក កាន់តែកើនឡើងសន្ធាប់ជាងមុន ទៅលើរបបលោក ហ៊ុន សែន។ ប្រទេសកម្ពុជា ពឹងអាស្រ័យយ៉ាងខ្លាំងទៅលើជំនួយបរទេស និងការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មពីអន្តរជាតិ។ ប៉ុន្តែ ដោយសារស្ថានភាពរំលោភសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ កាន់តែរីករាលដាលនេះ ធ្វើឲ្យអន្តរជាតិ ត្រូវពិចារណាឡើងវិញ ចំពោះជំនួយ និង កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ កាលពីថ្ងៃទី១៩ ខែមីនា ខាងតំណាងក្រុមហ៊ុនធំៗ របស់អន្តរជាតិ ដែលទិញទំនិញពីកម្ពុជា ក៏បានព្រមានរបបលោក ហ៊ុន សែន អំពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស ដែលប៉ះពាល់ដល់ការសម្រេចិត្ត ក្នុងការបន្តអនុគ្រោះពន្ធនាំចេញសម្លៀកបំពាក់ និងទំនិញអនុគ្រោះពន្ធដទៃទៀតទៅទីផ្សារអន្តរជាតិនេះដែរ។ បច្ចុប្បន្នអាមេរិក និងអឺរ៉ុបបានលុបចោលជំនួយសម្រាប់ការបោះឆ្នោតទាំងស្រុង។ ដោយឡែកអាមេរិកបានហាមឃាត់ទិដ្ឋាការមន្រ្តីរបបលោក ហ៊ុន សែន មិនឲ្យមកជាន់ទឹកដីអាមេរិកផងដែរ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ចាត់ទុក ការទាមទាររបស់ក្រុមប្រឹក្សានេះ ដើម្បីឲ្យរបបក្រុងភ្នំពេញស្តារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងដោះលែងអ្នកទោសនយោបាយនោះ ថាជាការត្រឹមត្រូវដោយសារ កម្ពុជាប្រព្រឹត្តិកំហុសទាំងអស់នេះមែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។