ក្រសួងព័ត៌មានលើកឡើងថា ក្រសួងនៅមានបញ្ហាស្មុគស្មាញ និងនៅមានចំណុចប្រទាំងប្រទើសទាក់ទិននឹងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រង់ចំណុចការបញ្ចេញព័ត៌មានសម្ងាត់។ ក្រសួងថា ចំណុចនេះ កំពុងធ្វើឲ្យមានការយល់ឃើញផ្សេងៗគ្នាពីសំណាក់ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ថាគួរបញ្ចេញព័ត៌មានសម្ងាត់ ឬមិនសម្ងាត់ត្រឹមកម្រិតណា។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលគួរតែបកស្រាយ ឬកំណត់និយមន័យព័ត៌មានសម្ងាត់នេះឲ្យច្បាស់។
រដ្ឋមន្ត្រីក្រសួងព័ត៌មានយល់ថា ចំណុចប្រទាំងប្រទើសនេះ គឺជាឧបសគ្គដែលពិបាកក្នុងការពិគ្រោះយោបល់ដើម្បីធានាឲ្យបាននូវសិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានព័ត៌មានពីសំណាក់អាជ្ញាធរសាធារណៈ ទាំងស្ថាប័នរដ្ឋ និងឯកជន។
ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានពីការប្រកាសជាសាធារណៈនូវគេហទំព័រសិទ្ធិទទួលបានព័ត៌មាន ដែលបានរៀបចំឡើងនៅថ្ងៃទី២៨ ខែមករា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ការឈានទៅសម្រេចសេចក្ដីព្រាងច្បាប់សិទ្ធិទទួលព័ត៌មាន គឺជាជំហានដ៏តានតឹង ដោយសារតែមានទស្សនៈផ្ទុយគ្នាជាច្រើនលើសេចក្ដីព្រាងច្បាប់នេះ។ លោកថា ចំណុចដែលធ្វើឲ្យក្រសួងព្រួយបារម្ភខ្លាំង គឺត្រង់កម្រិតនៃភាពសម្ងាត់នៃព័ត៌មាន ព្រោះពិតមែនតែសិទ្ធិនេះចាំបាច់ត្រូវតែទទួលបានព័ត៌មានក៏ពិតមែន ប៉ុន្តែនៅតែមានដែនកំណត់ ដោយសារតែទាំងស្ថាប័នរដ្ឋ និងឯកជនតែងមានច្បាប់រារាំងថា ព័ត៌មានសម្ងាត់ត្រឹមកម្រិតណាដែលត្រូវបង្ហាញ។
លោកបន្តថា បញ្ហានេះ គឺជាបញ្ហាដែលក្រសួងកំពុងរិះរកវិធីដោះស្រាយ និងស្វែងយល់បន្ថែមពីស្ថាប័នទាំងនោះ ពិសេសចង់បានអនុសាសន៍បន្ថែមពីស្ថាប័នពាក់ព័ន្ធ។ ប៉ុន្តែទោះជាមានចំណុចប្រទាំងប្រទើសនេះក្តី រដ្ឋមន្ត្រីក្រសួងព័ត៌មាន រូបនេះប្ដេជ្ញាថា ដើម្បីធានាឲ្យបាននូវសិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានព័ត៌មានពីសំណាក់អាជ្ញាធរសាធារណៈ និងមានមូលដ្ឋានច្បាប់រឹងមាំ ក្រសួងនឹងប្រើពេល ៣ឆ្នាំទៀត ដើម្បីឈានទៅអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានដែលមាន ៩ជំពូក និង ៣៧មាត្រានេះ៖ «កាលណាយើងចប់ទៀតក្នុងក្រុមការងារបច្ចេកទេស រួចហើយយើងបញ្ជូនទៅពិនិត្យ និងពិភាក្សាអន្តរក្រសួង បានន័យថា គ្រប់បណ្ដាក្រសួងដែលពាក់ព័ន្ធ ហើយនឹងបញ្ជូនទៅកាន់គណៈរដ្ឋមន្ត្រី រួចហើយបញ្ជូនទៅកាន់កិច្ចប្រជុំនីតិប្បញ្ញត្តិនៃរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឆ្លងអនុម័តលើសេចក្ដីព្រាងច្បាប់នេះ។ យើងនឹងសម្រេចឲ្យបាននៅរយៈពេលបីឆ្នាំទៀត»។
ទាក់ទិននឹងរឿងព័ត៌មានសម្ងាត់នេះដែរ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ីនថៃ ឲ្យដឹងថា បច្ចុប្បន្នក្រុមអង្គការសង្គមស៊ីវិលកំពុងតែពិភាក្សាគ្នាលើចំណុចនេះដែរ ព្រោះសង្គមស៊ីវិលយល់ថា ចំណុចនេះនឹងប៉ះពាល់ដល់ការបើកចំហព័ត៌មាន។ ប៉ុន្តែលោកក៏ស្នើឲ្យច្បាប់នេះត្រូវតែបកស្រាយ និងពន្យល់ច្បាស់ថា ព័ត៌មានសម្ងាត់ណាដែលត្រូវបង្ហាញជាសាធារណៈ និងព័ត៌មានសម្ងាត់ណាដែលមិនត្រូវបង្ហាញជាសាធារណៈ៖ «ប្រសិនបើច្បាប់នេះអនុវត្តមិនបានច្បាស់ មិនកំណត់និយមន័យត្រឹមត្រូវនោះទេ នឹងធ្វើឲ្យការអនុវត្តមិនបានត្រឹមត្រូវ និងមានបញ្ហា»។
ចំណែកឯតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំប្រទេសកម្ពុជា អ្នកស្រី អាន ឡឺម៉េស្ត្រ (Anne Lemaistre) មានប្រសាសន៍ថា អ្នកស្រីយល់ថា បញ្ហានេះមិនមែនជាបញ្ហាស្មុគស្មាញខ្លាំងនោះទេ ប្រសិនបើមានការចូលរួមពីបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ច្បាប់នេះនឹងអាចអនុម័តបាន។ ប៉ុន្តែអ្នកស្រីព្រួយបារម្ភថា នៅពេលដែលច្បាប់សិទ្ធិទទួលព័ត៌មានត្រូវបានអនុម័ត តើពិតជាមានប្រសិទ្ធភាពកម្រិតណា៖ «នៅពេលដែលដំណើរការច្បាប់នេះ គឺយើងចង់ឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានផុសផុលលើសេចក្តីព្រាងច្បាប់នោះ ហើយមិនមែនតែប្រជាពលរដ្ឋ គឺយើងក៏ចង់បានមតិពីសង្គមស៊ីវិលដែរ តែយើងសង្ឃឹមថា ច្បាប់នេះនឹងអនុវត្តមានប្រសិទ្ធភាពក្រោយពីអនុម័តរួច»។
ក្រសួងព័ត៌មានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេសកំពុងពិភាក្សាលើជំពូកនីមួយៗ យ៉ាងហ្មត់ចត់បំផុតលើសេចក្ដីព្រាងច្បាប់ដែលមាន ៩ជំពូក និងមាន ៣៧មាត្រា។
ការវិវឌ្ឍន៍ចុងក្រោយនៃច្បាប់សិទ្ធិទទួលព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែមករា ក្រសួងព័ត៌មាន បានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការដល់សាធារណៈនូវគេហទំព័រ សិទ្ធិទទួលព័ត៌មាន ដែលមានឈ្មោះថា WWW.a2i.info.gov.kh សម្រាប់សាធារណជនទាំងក្នុង និងក្រៅប្រទេស អង្គការសង្គមស៊ីវិលជាតិ- អន្តរជាតិ ចូលរួមផ្ដល់មតិយោបល់ដើម្បីប្រមូលបានជាធាតុចូលមួយសម្រាប់យកមកធ្វើការកែលំអនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដើម្បីឲ្យបានច្បាប់នេះស្របតាមស្តង់ដារអន្តរជាតិ និងមានប្រសិទ្ធភាពខ្ពស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។