ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​ក្រចេះ​ចង់​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ធនធាន​ធម្មជាតិ

0:00 / 0:00

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ខេត្ត​ក្រចេះ លើក​ឡើង​ថា អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ផល​ប៉ះពាល់​លើ​សិទ្ធិ​ស្ត្រី ដោយសារ​ការ​ចូលរួម​ការពារ​ដី​ព្រៃ​សហគមន៍​នៅ​មូលដ្ឋាន​របស់​ពួក​គេ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ ក្នុង​ពេល​ស្ត្រី​ទាំង​នោះ​ចូលរួម​ក្នុង​ពិធី​ពិគ្រោះ​យោបល់​ស្ដីពី​ការ​ចូលរួម​របស់​ស្ត្រី ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ហា​ព្រៃ​សហគមន៍​ក្នុង​ឃុំ​ថ្មី ស្រុក​ចិត្របូរី រៀបចំ​ដោយ​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ​សង្គម (KUSD) កាល​ពី​ថ្ងៃ​ទី​៨ មីនា។

ការ​បាត់បង់​ធនធាន​ធម្មជាតិ គឺ​ជា​ប្រធានបទ​សំខាន់ ដែល​ស្ត្រី​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង កំពុង​ស្វែងរក​វិធានការ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​អាជ្ញាធរ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​សង្គ្រោះ បន្ទាប់​ពី​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មក​វិនិយោគ​នៅ​ក្បែរ​មូលដ្ឋាន​ពួក​គាត់ និង​យាយី​ដល់​ដំណើរ​ការ​ប្រមូល​អនុផល​ព្រៃ​ឈើ​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច ចង់​ឲ្យ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន យក​ចិត្ត​ទុក​ដាក់​ពី​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​មូលដ្ឋាន​ពួក​គាត់ ដែល​កំពុង​រង​ការ​គំរាម​កំហែង។

មាន​កំណើត​ជា​ជនជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របូរី លោកស្រី អ៊ួន អ៊ុន សម្ដែង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ដែល​ជា​ប្រភព​នៃ​ប្រាក់​ចំណូល​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដូចជា​ការ​ប្រមូល​អនុផល​ព្រៃ​ឈើ ការ​ដង​ជ័រ​ទឹក ថ្នាំ​បុរាណ ឃ្វាល​គោ និង​រក​ឃ្មុំ ជាដើម។ លោកស្រី​ថា ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​បាត់បង់​បន្តិច​ម្តងៗ និង​បង្ក​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ពួក​គាត់ គឺ​បន្ទាប់​ពី​មាន​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ធំៗ ដើម្បី​យក​ដី​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម។ លោកស្រី​កត់​សម្គាល់​ថា ទុក្ខ​កង្វល់​របស់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ការ​បាត់បង់​ធនធាន​ធម្មជាតិ​ត្រូវ​កប់​ចោល និង​មិន​ត្រូវ​បាន​ដោះស្រាយ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​នោះ​ទេ។ លើស​ពី​នេះ ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម រំលោភ​ដី​សហគមន៍ និង​ឈូស​ឆាយ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១៤៖ « បើ​សិន​បាត់បង់​ដី​ព្រៃ​ហ្នឹង អាយុ​ជីវិត​ខ្ញុំ​ក៏​គ្មាន​អី​រំពឹង​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​ទៀត​ដែរ បើ​គេ​រំលោភ​បំពាន។ ខ្ញុំ​យក​ដី​សមូហភាព ហើយ​ឲ្យ​កូន​ចៅ​បន្ត​ទៀត »

លោកស្រី អ៊ួន អ៊ុន ពុំ​មាន​សង្ឃឹម​សោះ​ឡើយ​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​រដ្ឋាភិបាល ក្នុង​ការ​ទប់ស្កាត់​ការ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ខណៈ​អ្នក​ភូមិ​ធ្លាប់​លើក​គ្នា​មក​តវ៉ា និង​ស្នើសុំ​ឲ្យ​មាន​ការ​ទប់ស្កាត់​ជាច្រើន​លើក​ច្រើន​សា​ក្តី។

អនុប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ​ប្អៀរ ដែល​ចូលរួម​វេទិកា​ពិគ្រោះ​យោបល់​ដែរ​នោះ គឺ​លោក ហ៊ាង ផន និយាយ​ថា ជម្លោះ​ដីធ្លី​សហគមន៍​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច បាន​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ ខណៈ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មិន​មាន​ឆន្ទៈ​ដោះស្រាយ។ លោក​កត់​សម្គាល់​ថា ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​នៅ​មូលដ្ឋាន រង​ការ​រំលោភ​បំពាន​សិទ្ធិ នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​ចំណាយ​ពេលវេលា និង​ប្រាក់កាស​ជាដើម ដើម្បី​ធ្វើ​ការ​តវ៉ា​ទាមទារ​ដី​សហគមន៍។ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​សិទ្ធិ​ស្ត្រី តាម​រយៈ​ផ្ដល់​សិទ្ធិ​ឲ្យ​សហគមន៍​អភិរក្ស​ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ​ជា​អាទិភាព និង​ទាញ​ផល​ប្រយោជន៍​ព្រៃ​ឈើ​ជា​លក្ខណៈ​ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច ប្រសើរ​ជាង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដើម្បី​យក​ដី៖ « ពេល​អស់​ឈើ ទុក្ខ​លំបាក​ជួប​លើ​ស្ត្រី​ដោយសារ​តែ​ប្ដី​ដើរ​ឆ្ងាយ វា​មាន​បញ្ហា​ក្នុង​គ្រួសារ​មក​ដល់​ប្រពន្ធ​ជា​ស្ត្រី​ហ្នឹង »

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ មេ​ឃុំ​ថ្មី ស្រុក​ចិត្របូរី លោក មុំ ខាំ អះអាង​ថា អាជ្ញាធរ​ឃុំ​បាន​យក​ចិត្ត​ទុក​ដាក់​សម្រប​សម្រួល​រឿង​ជម្លោះ​ដីធ្លី​របស់​សហគមន៍ និង​ស្វែងរក​អន្តរាគមន៍​ឲ្យ​សហគមន៍​ទទួល​សិទ្ធិ​គ្រប់គ្រង​ដី​ដោយ​ស្រប​ច្បាប់។ លោក​អះអាង​ថា ការ​ចង់​បាន​របស់​ពលរដ្ឋ​កន្លង​មក​ទាក់ទិន​ការ​អភិរក្ស​ដី​ព្រៃ​សហគមន៍ អាជ្ញាធរ​ឃុំ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​សម្រប​សម្រួល និង​ស្នើ​ទៅ​អាជ្ញាធរ​ស្រុក​ដើម្បី​ដោះស្រាយ​បន្ត៖ « ក្រុមប្រឹក្សា​ទាំង​ជំទប់​ទី​១ និង​ទី​២ ណែនាំ​ប្រាប់​យើង​ធ្វើ​អ្វី។ ខ្ញុំ​លើក​ហេតុផល​ថា ចង្កឹះ​មួយ​បាច់​មិន​អាច​អ្នក​ណា​កាច់​បំបាក់​បាន​ទេ។ តែ​បើ​យើង​ទៅ​មិន​រួច​ទេ ខុស​ផ្លូវ​ច្បាប់ យើង​អនុវត្ត​ផ្លូវ​ច្បាប់។ ហើយ​សេចក្តី​ចង់​បាន​របស់​ប្រជាពលរដ្ឋ ក៏​យើង​ខិតខំ​ចង់​ធ្វើ​ជួយ »

ព្រៃ​សហគមន៍​ភូមិ​ប្អៀរ ឃុំ​ថ្មី ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ មាន​ទំហំ ១.២៨៦​ហិកតារ បែង​ចែក​ជា​ពីរ​ផ្នែក គឺ​ដី​ត្រៀម​បម្រុង​សម្រាប់​សហគមន៍​មាន​ទំហំ ៨១៦​ហិកតារ និង​ដី​ព្រៃ​សមូហភាព​សហគមន៍ ៤៧០​ហិកតារ។ សហគមន៍​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២៥ មករា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ ដៅ ទូ សៃហ្គន ប៊ិញ ភឿក (Dau Tu Saigon-Binh Phouc (SBK)) បាន​ឆ្វៀល​ដី​ឲ្យ​ពលរដ្ឋ​ទំហំ ៨១៦​ហិកតារ។ សហគមន៍​ថា ការ​កាត់​ឆ្វៀល​នោះ​ពុំ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ ហើយ​សហគមន៍​ក៏​មិន​ទទួល​ស្គាល់​ដែរ។

មន្ត្រី​គម្រោង​នៃ​អង្គការ​យុវជន​ខ្មែរ និង​ការ​អភិវឌ្ឍ (KYSD) លោក ចេង បញ្ញា យល់​ថា វេទិកា​ពិគ្រោះ​យោបល់​នៅ​ចំ​ទិវា ៨ មីនា គឺ​ជា​យន្តការ​រួម​មួយ ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​ងើប​ឈរ​ទាមទារ​សិទ្ធិ​ក្នុង​ការ​រស់នៅ​របស់​ពួក​គាត់ និង​លើក​កម្ពស់​សមភាព​យេនឌ័រ។ លោក​រំពឹង​ថា សារប្រយោជន៍​នៃ​វេទិកា​នេះ អាច​រក​ឫសគល់​នៃ​បញ្ហា​នានា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាក់លាក់ ទាក់ទិន​នឹង​ការ​បាត់បង់​ដីធ្លី​អាស្រ័យ​ផល និង​ដី​ព្រៃ​សហគមន៍​នៅ​មូលដ្ឋាន។ លោក​កត់​សម្គាល់​ថា លទ្ធផល​នៃ​វេទិកា​នេះ អាជ្ញាធរ​ឃុំ​បង្ហាញ​ជា​សញ្ញា​វិជ្ជមាន​មួយ​ចំនួន​ទាក់ទិន​បញ្ហា​ដីធ្លី៖ « គោល​បំណង​យើង​ធ្វើ​ផ្សារភ្ជាប់​ទិវា​សិទ្ធិ​នារី។ ស្ត្រី​ទាមទារ​ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​សមភាព មាន​យុត្តិធម៌ មាន​ការ​អភិវឌ្ឍ​នៅ​ក្នុង​សហគមន៍​របស់​គាត់ »

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា ក្រុម​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច គឺ​ជា​ក្រុម​ដែល​រង​នូវ​ការ​គំរាម​កំហែង​ខ្លាំង​ពី​ឈ្មួញ​កាប់​ទន្ទ្រាន​យក​ដី និង​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច។ លោក​យល់​ថា បញ្ហា​នេះ រដ្ឋាភិបាល​ត្រូវ​តែ​មាន​យន្តការ​ឆ្លើយ​តប​ដល់​ស្ត្រី​ដែល​ជា​សកម្មជន​ការពារ​ព្រៃ​ឈើ ឬ​ស្ត្រី​ដែល​ស្រឡាញ់​ធនធាន​ធម្មជាតិ៖ « បញ្ហា​របស់​ស្ត្រី​គេ​សរសេរ​ទៅ​លើ​ក្រដាស​គោល​នយោបាយ តែ​ការ​អនុវត្ត​ជាក់ស្តែង​តិចតួច បញ្ហា​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​សម្ដែង​នូវ​សិទ្ធិ​សេរីភាព សម្ដែង​នូវ​កង្វល់​របស់​ខ្លួន​គួរ​តែ​ទុក​ដាក់​ពី​រដ្ឋាភិបាល ពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន »

មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ចលនា​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ កំពុង​ជួប​ឧបសគ្គ ហើយ​ពេល​ខ្លះ ស្ត្រី​បាន​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ពី​អ្នក​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ទៀត​ផង ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​ប្រឈម​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច និង​ការ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​សហគមន៍​ពួក​គេ នៅ​មាន​កម្រិត​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។