ប្រធានអង្គការអាដហុក លោក ធន សារាយ ថ្លែងនៅថ្ងៃ៣ ខែកក្កដា ឆ្នាំ២០១៣ ថា បញ្ហាជួញដូរមនុស្ស និងការប្រឈមរបស់ពលករចំណាកស្រុកកើនឡើងក្នុងឆមាសទី១ ឆ្នាំ២០១៣ ដោយសារតែជនប្រព្រឹត្តករណីជួញដូរមនុស្សភាគច្រើនមិនត្រូវបានផ្ដន្ទាទោស។
លោកបន្តថា របាយការណ៍អាដហុក នៅឆមាសទី១ ឆ្នាំ២០១៣ គឺក្នុងចំណោម ៧ករណី នៃអំពើជួញដូរផ្លូវភេទ មានតែ ២ករណីទេដែលច្បាប់បានផ្ដន្ទាទោស។ បញ្ហាមិនដាក់ទោសនេះ ទើបនិទណ្ឌភាពជួញដូរភេទកើនឡើង។ បញ្ហាទី២ គឺពលករចំណាកស្រុកត្រូវថៅកែវាយធ្វើបាប នាំឲ្យសុខភាពទ្រុឌទ្រោម ខ្លះធ្លាក់ខ្លួនពិការ ស្មារតីខុសប្រក្រតី ហើយវិលមកផ្ទះវិញមិនបានប្រាក់ខែ ឬបានទទួលតែមិនគ្រប់ចំនួនជាដើម។
លោក ធន សារាយ៖ «យើងដឹងថា ក្រសួងពាក់ព័ន្ធមានការឲ្យតម្កល់ប្រាក់កក់មួយចំនួន មុននឹងបើកក្រុមហ៊ុននាំមនុស្សចេញនេះ។ ដូច្នេះគួរតែក្រសួងពាក់ព័ន្ធដកប្រាក់កក់ហ្នឹង ដើម្បីយកមកសង ប្រសិនបើក្រុមហ៊ុននោះមិនបានសងគ្រប់ចំនួនដល់ពលករយើង។ អ៊ីចឹងយើងសុំអំពាវនាវឲ្យខាងក្រសួងពាក់ព័ន្ធមេត្តាធ្វើយ៉ាងណាប្រគល់ប្រាក់ដែលពលករត្រូវបានឲ្យទៅគាត់វិញ»។
ពលករចំណាកស្រុកស្របច្បាប់តាមក្រុមហ៊ុន ចៃអិន (Giant ocean Int'l fishery) លោក ស្រី សំណាង អាយុ ២៦ឆ្នាំ ថ្លែងថា គាត់ត្រូវក្រុមហ៊ុននាំទៅធ្វើកម្មករនេសាទរហូតដល់សមុទ្ទនៃប្រទេសអាមេរិក កាលពីឆ្នាំ២០១១។ ក្នុងពេលធ្វើជាអ្នកនេសាទសមុទ្ទ គ្មានពេលសម្រាក ហើយរងនូវការវាយដំបង្អត់បាយ និងគ្មានបានលុយកាក់យកមកផ្ទះវិញទេ៖ «ពេលដែលធ្វើការរាល់ថ្ងៃ គឺគេវ៉ៃយើងតែម្ដង អត់បានពេលគេងពេលអីទាំងអស់។ ខ្ញុំទៅធ្វើការ ១ខែៗ គ្មានបានប្រាក់ខែ សូម្បីតែបន្តិចបន្តួចក៏អត់មានដែរ»។
ពលករ ឆែម សុផល អាយុ ១៨ឆ្នាំ ថ្លែងថា ការបណ្ដេញចេញពីសំបុកចាបទៅរស់នៅខណ្ឌសែនសុខ គ្មានមុខរបរ ទើបគាត់បានចេញទៅធ្វើកម្មករតាមក្រុមហ៊ុន ចៃអិន ដែរ នៅឆ្នាំ២០១១។ គាត់ត្រូវគេបញ្ជូនទៅនេសាទដល់សមុទ្ទទ្វីបអាហ្វ្រិក ហើយត្រូវបានជួយសង្គ្រោះដោយអង្គការអាដហុក និងប្រទេសពាក់ព័ន្ធ ទើបគាត់បានមកដល់ប្រទេសកម្ពុជា ក្រោយចូលឆ្នាំខ្មែរ។ ប៉ុន្តែសុខភាពគាត់មិនប្រក្រតីដោយសារការវាយដំពីថៅកែទូកជាជនជាតិចិន បង្ខំឲ្យគាត់ធ្វើការធ្ងន់។
ពលករ ឆែម សុផល៖ «គេត្រូវថា ធ្វើការ យើងអត់ធ្វើការទៀងម៉ោង ងើបពីដេកអត់ដល់ម៉ោង គេធ្វើការគេវ៉ៃយើង ហើយពេលគេចុចកណ្ដឹងហូបបាយ ងើបអត់ទាន់អត់បាយហូប។ ពេលយើងអត់បាយហូប យូរៗទៅ យើងអត់មានកម្លាំង ធ្វើការឈឺ យើងត្រូវការសម្រាក គេអូសយើងមកធ្វើការ គេវ៉ៃយើងបង្ខំយើង។ ពេលមុនខ្ញុំអត់ដូចអ៊ីចឹងទេ តែពេលខ្ញុំទៅហ្នឹង គេវ៉ៃដំធ្វើបាបឲ្យខួរក្បាលយ៉ាប់ដូចរាងអត់សូវចាំ ហើយក្នុងខ្លួនដូចរាងឈឺ»។
ពលករ សយ ឡធីង អាយុ ២០ឆ្នាំ អតីតអ្នករស់នៅតំបន់សំបុកចាបដែរ ថ្លែងថា គាត់ត្រូវក្រុមហ៊ុន ចៃអិន លក់ឲ្យទូកនេសាទចិន នៅសមុទ្ទអាហ្វ្រិក។ គាត់ត្រូវថៅកែវាយបែកក្បាល ហើយបាត់បង់ការចងចាំ៖ «សុំគេឈប់សម្រាកមួយភ្លែត វាហត់ ណាមួយពុលរលកផង ទៅដំបូងៗគេអត់ឲ្យឈប់។ នេះគ្រាន់តែអង្គុយគេទាញដែកមកវ៉ៃខ្ញុំសន្លប់ ងើបពីសន្លប់គេឲ្យខ្ញុំធ្វើការទៀត»។
ពលករ រឿន អឹម អាយុ ១៨ឆ្នាំ មកពីខេត្តបាត់ដំបង ថ្លែងថា បងប្អូនគាត់ ៤នាក់ចាញ់បោកក្រុមហ៊ុន ចៃអិន ដែលបោកគាត់ទៅបម្រើការនៅប្រទេសកូរ៉េ តែបែរជាលក់គាត់ទៅឲ្យធ្វើជាកម្មករទូកនេសាទនៅសមុទ្ទអាហ្វិ្រក។ លោកថា មុនដំបូងគាត់ជិះយន្តហោះទៅកូរ៉េ ហើយឡើងទូកទៅនេសាទរហូត។
ពលករ ណុប សុខា នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្លែងថា ក្នុង ២៤ម៉ោង ថៅកែឲ្យសម្រាកតែ ៣ម៉ោង ក្រៅពីនោះ បើហ៊ានសម្រាកនឹងត្រូវគេវាយបែកក្បាលឲ្យបាត់បង់សតិ ហើយបញ្ជូនមកប្រទេសវិញ មិនឲ្យប្រាក់ខែឡើយ។
មេធាវីសមាគមអាដហុក អ្នកស្រី គា សុផល បង្ហាញថា ក្នុងឆមាសទី១ ពលករប្តឹងអំពីការរំលោភសិទ្ធិនិងផ្លូវភេទ មានជាង ២៤០នាក់ ហើយតុលាការមិនទាន់ចាត់ការស្ត្រីជនជាតិចិន ឈ្មោះ លី សិន ដែលជួញដូរមនុស្សនៅឡើយ។
ប្រធានកម្មវិធីស្ត្រីនិងកុមាររបស់សមាគមអាដហុក អ្នកស្រី ជួន ចំរុង ថ្លែងថា ឆមាសទី១ ឆ្នាំ២០១៣ សមាគមនេះបានទទួលបណ្ដឹង និងអន្តរាគមន៍ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស និងការរំលោភសិទ្ធិពលករចំណាកស្រុកប្រមាណ ១០៩ករណី ដែលប៉ះពាល់មនុស្សរងគ្រោះ ២៤០នាក់ ក្នុងនោះមានបុរស ១៣៣នាក់ ស្រី ៩៤នាក់ និងកុមារ ១៣នាក់៕