គ្រួសារ​ពលការិនី​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​សុំ​អន្តរាគមន៍​សង្គ្រោះ​កូន​និង​ក្មួយ​បី​នាក់

ពលការិនី​ខ្មែរ​ចំណាក​ស្រុក​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​បម្រើ​ការងារ​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន​បី​នាក់ កំពុង​ស្វែង​រក​កិច្ច​សង្គ្រោះ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។ ស្ត្រី​ខ្មែរ​ទាំង​បី​នាក់​នោះ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន​ពីរ​ឆ្នាំ ប៉ុន្តែ​កិច្ច​សន្យា​ការងារ​ហួស​រយៈពេល​មួយ​ឆ្នាំ ហើយ​ថៅកែ​មិន​អនុញ្ញាត​ឲ្យ​ពលការិនី​ខ្មែរ​នេះ​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ឡើយ។

0:00 / 0:00

គ្រួសារ​ពលការិនី​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ពុធ ទី៣ ខែ​កក្កដា អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​កម្ពុជា សង្គ្រោះ​កូន និង​ក្មួយ​ចំនួន​បី​នាក់​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​កិច្ច​សន្យា​ការងារ​ពី​សំណាក់​ថៅកែ និង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

ពលការិនី​ខ្មែរ​ទាំង​បី​នាក់ មាន​ឈ្មោះ នួន សុខជា ជិន អាន់ និង​ឈ្មោះ សា មករា មាន​ទី​លំនៅ​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាលាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង។

ស្ត្រី​ឈ្មោះ ម៉ាន អុន អាយុ ៥៤​ឆ្នាំ ត្រូវ​ជា​ម្តាយ និង​ជា​មីង​របស់​កម្មការិនី​ទាំង​បី​នាក់ មាន​ប្រសាសន៍​បញ្ជាក់​ថា កូន​ស្រី​គាត់​បាន​ទូរស័ព្ទ​ប្រាប់​ថា នាង​ត្រូវ​ថៅកែ​វាយ​គំរាម ដោយសារ​តែ​នាង​ទាមទារ​វិល​ត្រឡប់​មក​លំនៅឋាន​វិញ។ អ្នកស្រី​បន្ត​ថា កូន​របស់​គាត់​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​នាំ​ពលករ​ឈ្មោះ អ៊ី.ឌី.ធី (EDT) រយៈពេល ២​ឆ្នាំ ពី​ដើម​ឆ្នាំ​២០១០ ទៅ​បម្រើ​ការងារ​តាម​ផ្ទះ ប៉ុន្តែ​កិច្ច​សន្យា​ការងារ​បាន​ហួស​កំណត់​មួយ​ឆ្នាំ​ហើយ។ ចំណែក​ក្រុមហ៊ុន​នាំ​ពលករ​បាន​បញ្ឈប់​សកម្មភាព ហើយ​តំណាង​ក្រុមហ៊ុន​គេចវេស​មិន​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​ឡើយ៖ «ចប់​មួយ​អាណត្តិ​ហើយ ពីរ​ឆ្នាំ​ហើយ នេះ​បី​ឆ្នាំ​ហើយ មិន​ឃើញ​មក​ទៀត ព្រោះ​អ្វី​ក្រែង​ថៅកែ​គំរាម​កំហែង​កូន​ចៅ​យើង​ណា! កូន​ខ្ញុំ​វា​ពិត​ជា​គេ​វាយ​ហើយ​យប់​មិញ វា​ទូរស័ព្ទ​មក ថៅកែ​វាយ​ញាំង​ស្លឹក​ត្រចៀក​ចេញ​ឈាម អ៊ីចឹង​បាន​ខ្ញុំ​ព្រួយ​បារម្ភ​រឿង​កូន»

កាល​ពី​ថ្ងៃ​អង្គារ ស្ត្រី​ជា​អាណាព្យាបាល​ពលការិនី​ទាំង​បី​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត និង​ការិយាល័យ​ប្រឆាំង​ការ​ជួយ​ដូរ​មនុស្ស​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត សុំ​ជួយ​អន្តរាគមន៍​សង្គ្រោះ​កូន និង​ក្មួយ​របស់​គាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​អាសយដ្ឋាន​ទាក់ទង​របស់​ក្រុមហ៊ុន អ៊ី.ឌី.ធី សុំ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី៣ ខែ​កក្កដា។

ទាក់ទិន​ករណី​នេះ អនុប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក ភៀន ភើយ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​ពាក្យ​ប្ដឹង​ពី​ករណី​នេះ​ហើយ។ លោក​បន្ត​ថា កំពុង​ធ្វើ​របាយការណ៍​ជូន​ថ្នាក់​ជាតិ ដើម្បី​ចាត់​វិធាន​ការ​បន្ត​ក្នុង​រឿង​នេះ៖ «ខ្ញុំ​កំពុង​ចំណាត់​ការ​តាម​ភាគី​ហើយ។ កំពុង​ធ្វើ​ការ​ជូន​ទៅ​នាយកដ្ឋាន​ហើយ»

ចំណែក​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា លោក​ក៏​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ពលការិនី​រួច​ហើយ។ ករណី​នេះ លោក​នឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ស្នាក់​ការ​កណ្ដាល​សមាគម​អាដហុក ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ជួយ​ដោះស្រាយ​បញ្ហា៖ «នៅ​ទៅ​រួម​ខេត្ត គឺ​យើង​ធ្វើ​ជាមួយ​ស្នង​ការ។ ពេល​រឿង​មក​ដល់​ភ្នំពេញ ខាង​ភ្នំពេញ គេ​ធ្វើ​ជាមួយ​ខាង​នាយកដ្ឋាន​ខាង​ជួញ​ដូរ​ជាមួយ​ទូត​ហ្នឹង»

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿង តុលា បាន​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ​បទ​ពិសោធន៍​ដែល​អង្គការ​លោក​រក​ឃើញ គឺ​ក្រសួង​ការ​បរទេស ក៏​មាន​កំហុស​មួយ​ចំណែក​ទាក់ទិន​ការ​បន្ត​ទិដ្ឋាការ​ដល់​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​អាច​នាំ​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​លួច​បន្ត​អាណត្តិ​ការងារ​របស់​ពលរដ្ឋ ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ពលករ និង​ក្រុម​គ្រួសារ ទើប​កើត​មាន​រឿង​បែប​នេះ៖ «គាត់​អាច​ដាក់​ពាក្យ​មក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​មក ពួក​ខ្ញុំ​ចាប់​ផ្ដើម​ទំនាក់ទំនង​គាត់​សួរ​នាំ​អង្គ​ហេតុ​អ៊ីចឹង បន្ទាប់​មក​យើង​ចាប់​ផ្តើម​ធ្វើ​ការ»

របាយការណ៍​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ នា​រយៈពេល ៦​ខែ​ចុង​ក្រោយ​នេះ មាន​បញ្ហា​ពលករ​ចំណាក​ស្រុក​ជាង ១​ពាន់​ករណី ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ថៃ អាហ្វ្រិក​ខាង​ត្បូង ចិន និង​ប្រទេស​ម៉ាឡេស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។