ទឹកដីកម្ពុជាក្រោមចំនួន ២១ខេត្ត ត្រូវអាណាព្យាបាលបារាំង កាត់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម អស់រយៈពេល ៦៥ឆ្នាំមកហើយ គិតមកដល់ពេលនេះ។ ក៏ប៉ុន្តែការបាត់បង់ទឹកដីដ៏ធំធេងនៅតែធ្វើឱ្យឥស្សរជនកម្ពុជាក្រោម និងនិស្សិតខ្មែរមួយចំនួននឹកស្ដាយស្រណោះ ហើយតែងឆ្លៀតនាំគ្នាប្រារព្ធធ្វើពិធីកាន់ទុក្ខ បើទោះបីជារដ្ឋាភិបាលខ្មែរ មិនបើកចំហឱ្យធ្វើសកម្មភាពប្រឆាំងនឹងការបាត់បង់នោះក៏ដោយ។
ក្រុមយុវជនដែលជានិស្សិត និងប្រជាពលរដ្ឋប្រមាណ ៥០នាក់ នៅខេត្តសៀមរាប បានប្រមូលផ្ដុំគ្នាធ្វើពិធីកាន់ទុក្ខនៃការបាត់បង់ទឹកដីកម្ពុជាក្រោម យ៉ាងស្ងៀមស្ងាត់ កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែមិថុនា។
ពិធីនោះធ្វើយ៉ាងប្រយ័ត្នប្រយែង ដោយបំបែកគ្នាជាច្រើនក្រុម នៅពេលដែលប៉ូលិសរាយបណ្ដាក់កម្លាំងបំណងរារាំងចំនួន ២កន្លែងនៅមុខប្រាសាទអង្គរវត្ត និងនៅតំបន់អង្គរ ឃ្យុងយូ ក្នុងទីរួមខេត្តសៀមរាប។
ទីបំផុតក្រុមនិស្សិតបានឆ្លៀតឱកាសយកខ្សែដាក់រាយធ្វើជាផែនទីនៃប្រទេសកម្ពុជា ព្រមទាំងដាក់ទង់ខ្មែរកម្ពុជាក្រោម ១ផ្ទាំងធំ នៅចំកណ្ដាល ហើយធ្វើពិធីយ៉ាងប្រញាប់ប្រញាល់នៅម្ដុំបរិវេណកំពូលបីនៃប្រាសាទអង្គរវត្ត ទាល់តែបាន។
និស្សិតម្នាក់ក្នុងចំណោមនិស្សិតមួយចំនួនទៀត មកពីសកលវិទ្យាល័យបញ្ញាសាស្ត្រ គឺលោក សេង រដ្ឋា។ លោកមានប្រសាសន៍ក្នុងពេលលើកទង់ខ្មែរកម្ពុជាក្រោមនោះថា រូបលោកនិងយុវជនខ្មែរជាច្រើនទៀត មានចិត្តក្រៀមក្រំ និងសោកស្ដាយចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម ២១ខេត្ត ឱ្យនៅក្រោមការត្រួតត្រារបស់វៀតណាម។
និស្សិតដដែលបញ្ជាក់ថា គិតមកដល់ពេលនេះ បារាំងបានកាត់ដីកម្ពុជាក្រោម ទៅឱ្យវៀតណាម គ្រប់គ្រង រយៈពេល ៦៥ឆ្នាំហើយ។ លោកបញ្ជាក់ថា តាមអាជ្ញាយុកាល ច្បាប់អន្តរជាតិ ការបាត់បង់ទឹកដីមិនទាន់ដល់ ១០០ឆ្នាំនេះ គួរតែរដ្ឋាភិបាលខ្មែរទាមទារមកវិញ៖ «ទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ បើសិនជាបាត់បង់មិនទាន់ហួសពី ១០០ឆ្នាំទេ កូនខ្មែរនៅតែចិញ្ចឹមចិត្តស្រឡាញ់ទឹកដីកម្ពុជាក្រោម ដែលជាកេរដំណែលដូនតាតាំងពីសម័យអង្គរ ហើយយើងសហការជាមួយប្រជាជនខ្មែរកម្ពុជាក្រោម ទាមទារនូវទឹកដី និងឯករាជ្យរបស់ខ្មែរកម្ពុជាមកវិញ»។
សមត្ថកិច្ចខេត្តសៀមរាប បានចាត់ទុកការប្រមូលផ្ដុំរបស់ក្រុមនិស្សិតធ្វើពិធីកាន់ទុក្ខនៃការបាត់បង់ទឹកដីកម្ពុជាក្រោមនោះ ថាមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ។
ពិធីកាន់ទុក្ខនៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលធ្វើយ៉ាងប្រញាប់ប្រញាល់នៅខេត្តសៀមរាប គឺនៅស្របពេលដែលអាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឱ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ប្រារព្ធខួបលើកទី ៦៥ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅក្នុងទីវត្តសាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
ទោះយ៉ាងណា ប្រធានសាខាសហព័ន្ធខ្មែរក្រោមពិភពលោក ប្រចាំកម្ពុជា លោក តាំង សារៈ មានប្រសាសន៍ថា លោកមានមោទនភាពបំផុតនៅពេលដែលឮថា យុវជននិងប្រជាពលរដ្ឋខ្មែរចេះឈឺឆ្អាលនិងស្ដាយស្រណោះទឹកដីកម្ពុជាក្រោម៖ «ពីព្រឹកមិញនេះ ទោះបីជាមានយុវជនតិចតួចក៏ដោយ ក៏ប៉ុន្តែបានទទួលស្គាល់នូវទង់ដែលមានពណ៌ខៀវ លឿង ក្រហម មកពាក់ជាតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរកម្ពុជាក្រោម។ បើសិនណាជាក្មួយៗយុវជនទាំងអស់នោះ អាចពង្រីកចលនានេះឱ្យបានខ្លាំងក្លា ក៏វាបង្ហាញនូវសាមគ្គីភាពរវាងខ្មែរកម្ពុជាក្រោម ខ្មែរកម្ពុជាកណ្ដាល ក៏ដូចជាបងប្អូនជនជាតិជាកុលសម្ព័ន្ធ ហើយជាអំបូរខ្មែរមន អាចរួមគ្នាតែមួយ»។
សហព័ន្ធខ្មែរក្រោមពិភពលោកអះអាងថា ទឹកដីកម្ពុជាក្រោមចំនួន ២១ខេត្ត បានបាត់បង់ក្រៅផ្លូវការទៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។