Opens in new windowអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កាលពីថ្ងៃអង្គារ ទី១៥ កញ្ញា ធ្វើសវនាការស្ដាប់សក្ខីកម្មរបស់សាក្សីថ្មីទាក់ទងនឹងការចាប់ជនជាតិចាម នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាក្សីឈ្មោះ សំរឹទ្ធ មុយ ជាអតីតកងឈ្លបឃុំមួយរូប បដិសេធការជាប់ពាក់ព័ន្ធក្នុងរឿងចាប់មនុស្ស យកទៅមន្ទីរសន្តិសុខវត្តអូរត្រកួន ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ការបដិសេធក្នុងរឿងចាប់មនុស្សយកទៅមន្ទីរសន្តិសុខរបស់លោក សំរឹទ្ធ មុយ គឺជាការឆ្លើយតបនឹងសក្ខីកម្មរបស់សាក្សី សេង ស៊្រុន ដែលបានជម្រាបអង្គជំនុំជម្រះសាលាដំបូង កាលពីថ្ងៃទី១៤ ខែកញ្ញា។
សាក្សី សេង ស៊្រុន បានចោទប្រកាន់លោក សំរឹទ្ធ មុយ ថា ជាប្រធានកងឈ្លបឃុំ ហើយចាប់លោកយកទៅឃុំឃាំងរយៈពេល ១០ថ្ងៃ បន្ទាប់ពីលោកត្រូវគេរំសាយពីកងទ័ពមកជាកងចល័ត នៅឆ្នាំ១៩៧៦៖ «រឿងចាប់នេះ គ្មានរឿងអីរបស់ខ្ញុំទេ។ ខ្ញុំជាកូនចៅគេទេ។ គេចាប់មែនជំនាន់នោះ គេអប់រំ គេឱ្យបកមកវិញ គេអត់មានវាយតប់អីទេ។ រឿងចាប់ទៅក៏មិនមែនរឿងខ្ញុំ លែងមកវិញក៏មិនមែនរឿងខ្ញុំ ព្រោះខ្ញុំជាកូនឈ្លប ខ្ញុំអត់ដឹងទេ»។
សាក្សី សេង ស៊្រុន បញ្ជាក់បន្ថែមថា លោក សំរឹទ្ធិ មុយ ដែលជាឈ្លបឃុំ ជាអ្នកចាប់ប្រជាជននៅក្នុងភូមិ ហើយក្រុមដាវវែងជាអ្នកទៅនាំទៅមន្ទីរសន្តិសុខ នៅវត្តអូរត្រកួន ក្នុងឃុំពាមជីកង ដែលជាកន្លែងសម្លាប់មនុស្ស។ សាក្សីបន្តថា លោកត្រូវគណៈឃុំបញ្ជាឱ្យចូលរួមយាម និងបណ្ដើរជនជាតិចាម ដែលគេចាប់នៅឆ្នាំ១៩៧៧។
ជាមួយគ្នានេះដែរ លោក សំរឹទ្ធ មុយ ក៏បដិសេធក្នុងរឿងចាប់ប្រមូលជនជាតិចាម យកទៅវត្តអូរត្រកួន នោះដែរ។ លោកថា លោកមិនមានតួនាទីអ្វីពាក់ព័ន្ធទេ ព្រោះនៅដើមឆ្នាំ១៩៧៧ លោកត្រូវគេដកឱ្យមកធ្វើការនៅសហករណ៍វិញហើយ។
លោកគ្រាន់តែបានឃើញគេបណ្ដើរជនជាតិចាម ដែលគេចាប់នោះពីផ្ទះរបស់លោក ២០០ម៉ែត្រពីវត្តអូរត្រកួន៖ «ខ្ញុំនៅផ្ទះបាយ ឃើញបណ្ដើរមកទាំងអស់ ទាំងតូចទាំងតាច អត់មានទុកមួយទេ។ មិនដឹងយ៉ាងម៉េចដែរ ស្រាប់បន្ទាប់មកឃើញរស់នៅបានពីរនាក់គ្រួសារ។ ពេលនោះខ្ញុំនៅយាមរោងពោត។ ឃើញចាប់ហ្នឹងពេលពួកនិរតីចូលមកដល់»។
សាក្សីរូបនេះឱ្យដឹងដែរថា ក្រុមដាវវែងពាក់ព័ន្ធនឹងការចាប់ជនជាតិចាម យកទៅសម្លាប់។ ក្រុមដាវវែង ពួកនិរតីបង្កើតឡើងក្រោយពេលដែលលោកមកនៅសហករណ៍ផុតហើយ ហើយលោកមិនមានទំនាក់ទំនងគ្នាទេ។
លោកថា ពួកនិរតីយកវត្តអូរត្រកួន ធ្វើជាមន្ទីរសន្តិសុខសម្លាប់មនុស្សរហូតដល់ឆ្នាំ១៩៧៩ ដែលមានឈ្មោះ ហ៊ន ជាប្រធាន៖ «ចាប់ចូលវត្តអូរត្រកួន។ គេយកទៅសម្លាប់តែម្ដង តែគ្រាន់តែដឹងថា គេយកចូលទៅប៉ុន្មានមិនដែលឃើញវិលមកវិញទេ។ ជួនណាខ្ញុំនៅផ្ទះហ្នឹង ឮសំឡេងស្រែកឱ្យជួយៗ តែមិនដឹងថា ស្រី ឬប្រុសទេ។ ឮពេលចាក់មេក្រូហ្នឹង។ រោងបាយនៅចំទ្វារវត្តហ្នឹង។ ឱ្យតែចាប់ទៅ គឺយប់ហ្នឹងវាចាក់មេក្រូហើយ ចាក់មួយម៉ោង ឬពីរម៉ោង។ គ្មាននរណាហ៊ានទៅជិតទេ ទាំងគេទាំងខ្ញុំ»។
សាក្សី សំរឹទ្ធ មុយ ប្រាប់អង្គជំនុំជម្រះថា ក្រៅពីជនជាតិចាម លោកក៏ឃើញគេមនុស្សផ្សេងៗទៀត ទាំងក្មេងទាំងចាស់ចូលទៅវត្តនោះដែរ។ លោកអះអាងថា ការសម្លាប់មនុស្សនៅតំបន់នោះ គឺមានចាប់ពីឆ្នាំ១៩៧៥ ពេលគេយកប្រជាជនថ្មីឱ្យទៅរៀនសូត្រ ហើយបាត់រហូត។
អង្គជំនុំជម្រះសាលាដំបូងនឹងបន្តសវនាការលើអង្គហេតុសម្លាប់ជនជាតិភាគតិចចាមទៀត នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ដោយចាប់ផ្ដើមស្ដាប់សាក្សីថ្មីមួយរូបទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
