ឥឡូវនេះ សំណុំរឿង០០៣ ត្រូវបានសហចៅក្រមស៊ើបអង្កេតជាតិប្រកាសឱ្យដឹងអំពីការវិវត្តន៍ខ្លះៗហើយ ដោយយ៉ាងហោចណាស់ក៏បង្ហាញឱ្យឃើញពីការខ្វែងយោបល់គ្នានៅក្នុងសំណុំរឿងក្ដីនេះ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហចៅក្រមស៊ើបអង្កេត នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ សរសេរឱ្យដឹងថា ការិយាល័យសហចៅក្រមស៊ើបអង្កេតបានទទួលហើយ ដីកាសន្និដ្ឋានបញ្ជូនរឿងរបស់សហព្រះរាជអាជ្ញាឱ្យស៊ើបសួរក្នុងសំណុំរឿង០០៣ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០០៩ នោះ។
សហចៅក្រមស៊ើបអង្កេតគូសបញ្ជាក់ថា បន្ទាប់សហចៅក្រមស៊ើបអង្កេតជាតិ និងសហចៅក្រមស៊ើបអង្កេតអន្តរជាតិ គឺលោក ស៊ីកហ្វ្រីដ ប្លាំង (Siegfried Blunk) បានជូនដំណឹងអំពីការបិទការស៊ើបសួរសំណុំរឿង០០៣ នេះហើយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ ហើយបណ្ដឹងឧទ្ធរណ៍នៅចំពោះអង្គបុរេជំនុំជម្រះ ក៏ត្រូវបានសម្រេចរួចរាល់ដែរ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១១។
បន្ទាប់ពីការមកដល់របស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ គឺលោក ម៉ាក ហាម៉ុន (Mark B. Harmon) ដែលជាចៅក្រមអន្តរជាតិ ដែលមាននីតិសម្បទាគ្រប់គ្រាន់ សហចៅក្រមស៊ើបអង្កេតជាតិ បានធ្វើកំណត់ហេតុអំពីការខ្វែងយោបល់គ្នានោះ និងបញ្ជូនដីកាពិនិត្យមូលទៅការិយាល័យសហព្រះរាជអាជ្ញា ដើម្បីធ្វើសេចក្ដីសន្និដ្ឋានស្ថាពរ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣។
សហព្រះរាជអាជ្ញាអន្តរជាតិ បានបញ្ជូនសេចក្ដីសន្និដ្ឋានទាក់ទងនឹងសំណុំរឿង០០៣ ឆ្លើយតបមកសហចៅក្រមស៊ើបអង្កេតវិញ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ បន្ទាប់ពីមានការខ្វែងយោបល់គ្នាជាមួយសហព្រះរាជអាជ្ញាជាតិ។
សេចក្ដីប្រកាសព័ត៌មាននេះ បង្ហាញថា សហចៅក្រម និងសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ មានមតិយោបល់មិនស្របគ្នាទេ នៅក្នុងការប៉ុនប៉ងដំណើរការបន្តឱ្យមានសំណុំរឿងលេខ០០៣ ដែលភាគីចៅក្រមស៊ើបអង្កេតជាតិមានជំហរថា ការស៊ើបសួរសំណុំរឿងបានបិទហើយ ហើយភាគីសហចៅក្រមស៊ើបអង្កេតអន្តរជាតិរក្សាជំហរថា សំណុំរឿង០០៣ នៅតែបើកចំហដំណើរការ ហើយការស៊ើបអង្កេតលើបទឧក្រិដ្ឋកំពុងតែបន្ត។
ទោះជាដូច្នេះក្ដី អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្ដ្រា មានប្រសាសន៍បញ្ជាក់ថា សហចៅក្រមជាតិ និងអន្តរជាតិ នៅតែធ្វើការរួមគ្នាដដែល៖ «ការខ្វែងយោបល់នេះ មិនមែនន័យថា ចៅក្រមជាតិ និងអន្តរជាតិ គាត់មិនធ្វើការរួមគ្នា កែកគ្នានោះទេ គឺជាការខ្វែងគ្នាខាងផ្លូវច្បាប់ ហើយយើងនឹងមានដំណោះស្រាយតាមផ្នែកច្បាប់ ដែលមានចែងក្នុងវិធានផ្ទៃក្នុងនៃសាលាក្ដីខ្មែរក្រហម»។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ប្រកាសថា បទឧក្រិដ្ឋដែលសហព្រះរាជអាជ្ញាចោទនៅក្នុងសំណុំរឿង០០៣ គឺសមាជិកកងទ័ពបដិវត្តន៍កម្ពុជា កងទ័ពជើងទឹក និងជើងអាកាសកម្ពុជាប្រជាធិបតេយ្យ បានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាក្រុងហ្សឺណែវ អំពើមនុស្សឃាត និងអំពើទារុណកម្មនៅក្រោមក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦។ ឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានប្រព្រឹត្តលើកងទ័ព ពលរដ្ឋស៊ីវិល ជនបរទេស នៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ ទីតាំងឧក្រិដ្ឋកម្មនៅក្នុងសំណុំរឿង០០៣ គឺនៅមន្ទីរសន្តិសុខ ស២១ នៅភ្នំពេញ ទីតាំងសម្លាប់ស្ទឹងតូច នៅខេត្តកំពង់ចាម ការដ្ឋានសង់វាលយន្តហោះខេត្តកំពង់ឆ្នាំង មន្ទីរសន្តិសុខកងពល៨០១ ខេត្តរតនគិរី ការដ្ឋានវាយថ្មស្ទឹងហាវ ខេត្តព្រះសីហនុ មន្ទីរសន្តិសុខ និងទីតាំងសម្លាប់វត្តក្រោម នៅខេត្តកំពង់ចាម មន្ទីរសន្តិសុខ ស២២ នៅភ្នំពេញ ចម្ការធូរេន និងការដ្ឋានបិតត្រាង នៅខេត្តព្រះសីហនុ។
សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ប្រកាសទៀតថា ជនណាដែលជាជនរងគ្រោះនៃឧក្រិដ្ឋកម្មត្រូវចោទ ឬបានដឹងឮពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅទីតាំងទាំងនោះ អាចចូលរួមជាសាក្សី ជាដើមបណ្ដឹងរដ្ឋប្បវេណី ឬជាអ្នកប្ដឹងបាន។
ទោះជាបែបនេះក្ដី សហចៅក្រមស៊ើបអង្កេតជាតិ គូសបញ្ជាក់ថា បន្ទាប់ពីទទួលបានការឆ្លើយតបរបស់សហព្រះរាជអាជ្ញាអន្តរជាតិ ខ្លួននឹងបន្តចំណាត់នីតិវិធីដែលមានចែងក្នុងវិធានផ្ទៃក្នុង ក្នុងពេលសមស្រប។ ប៉ុន្តែសហចៅក្រមស៊ើបអង្កេតនឹងទទួលពិចារណាដីកាសន្និដ្ឋានផ្សេងៗទៀតរបស់សហព្រះរាជអាជ្ញា ដែលធ្វើឡើងក្នុងរយៈពេល ៣ខែ ចាប់ពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១៣ ទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។