សាក្សី​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា​ពួក​ខ្មែរ​ក្រហម​ចង់​បំបាត់​ជនជាតិ​ភាគ​តិច​នៅ​កំពង់ចាម

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ កញ្ញា បាន​បញ្ចប់​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ទី​៣ ឈ្មោះ សេង ឃួយ ទាក់ទង​នឹង​ការ​ចាប់​ជនជាតិ​ចាម នៅ​ក្នុង​ស្រុក​កងមាស ខេត្ត​កំពង់ចាម។ សាក្សី សេង ឃួយ អតីត​ជា​អ្នក​ដឹក​ជនជាតិ​ចាម សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន ក្នុង​ខេត្ត​កំពង់ចាម នោះ ថា​ពួក​ខ្មែរ​ក្រហម​ចង់​បំបាត់​ជនជាតិ​ភាគ​តិច។

មុន​នឹង​បញ្ចប់​ការ​ផ្ដល់​សក្ខីកម្ម​បន្តិច សាក្សី សេង ឃួយ បាន​ឆ្លើយ​តប​សំណួរ​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន ថា ពួក​ខ្មែរ​ក្រហម​ក្នុង​តំបន់​របស់​លោក មិន​ចង់​ឲ្យ​មាន​ជនជាតិ​ភាគ​តិច​ចាម រស់នៅ​ទេ។

សាក្សី​ថ្លែង​បញ្ជាក់​ថា ការ​ហ៊ាន​អះអាង​បែប​នេះ គឺ​ដោយសារ​តែ​លោក​បាន​ឮ​ពី​ប្រធាន​សន្តិសុខ​ខ្មែរ​ក្រហម​និយាយ​ដោយ​ផ្ទាល់ ក្នុង​ពេល​ចាប់​ជនជាតិ​ចាម៖ «នៅ​ពេល​ដែល​ឈ្មោះ រុន មេ​សន្តិសុខ​ចាប់​ហ្នឹង បាន​ពោល​ពាក្យ​សម្ដី​ថា សម្លាប់​ចោល​ឲ្យ​អស់​ពូជ​អា​កំពូជ​ចាម កុំ​ឲ្យ​សល់! អ៊ីចឹង​បាន​ជា​ខ្ញុំ​សន្និដ្ឋាន​ថា ពួក​ខ្មែរ​ក្រហម​អត់​ចង់​ឲ្យ​មាន​ជនជាតិ​ភាគ​តិច​អី​រស់នៅ​ទេ។ នេះ​ជា​ពាក្យ​សម្ដី​ដែល​ខ្ញុំ​បាន​ឮ​សន្តិសុខ​ឈ្មោះ រុន ចាប់​ចាម»

បន្ថែម​លើ​ការ​អះអាង​នេះ សាក្សី សេង ឃួយ មាន​ប្រសាសន៍​ថា ការ​ពិនិត្យ​ជាក់ស្ដែង ជនជាតិ​ចាម នៅ​ក្នុង​ឃុំ​អង្គរបាន របស់​លោក​ចំនួន​ពីរ​ភូមិ មិន​ឃើញ​មាន​នៅ​សល់​ចាម ណា​ម្នាក់​រស់នៅ​ទេ​ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ លោក​សន្និដ្ឋាន​ថា ការ​ចាប់​ចង​ជនជាតិ​ចាម យក​ទៅ​បាត់​រហូត​នេះ គឺ​ជា​គោលការណ៍​សម្លាប់​បំបាត់​ពូជ​សាសន៍​ជនជាតិ​ភាគ​តិច​របស់​ពួក​ខ្មែរ​ក្រហម។

ទាក់ទង​នឹង​ការ​ផ្ដល់​សក្ខីកម្ម​អំពី​ការ​ចាប់​ជនជាតិ​ចាម នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម ខាង​មេធាវី​ជន​ជាប់​ចោទ នួន ជា មិន​បាន​សួរ​ដេញដោល​សាក្សី សេង ឃួយ ទេ។

សវនាការ​នៅ​ថ្ងៃ​ទី​១០ កញ្ញា ជន​ជាប់​ចោទ នួន ជា នៅ​តែ​មិន​អាច​ចូលរួម​ផ្ទាល់​បាន​ទេ។ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា ជន​ជាប់​ចោទ នួន ជា មាន​បញ្ហា​សុខភាព​មិន​អាច​អង្គុយ​យូរ​បាន៖ «បាន​ឃើញ​កំណត់​ហេតុ​ពិនិត្យ​សុខភាព នួន ជា ដែល​ធ្វើ​ឡើង​ដោយ​គ្រូពេទ្យ​ប្រចាំ​ការ ពិនិត្យ​ព្យាបាល​ថែទាំ​សុខភាព​ជន​ជាប់​ចោទ​នៅ អ.វ.ត.ក ចុះ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​កត់​សម្គាល់​ថា ស្ថានភាព​សុខភាព​របស់​ជន​ជាប់​ចោទ នួន ជា នៅ​ថ្ងៃ​នេះ​មាន​អាការៈ​ឈឺ​ចង្កេះ និង​វិល​មុខ​នៅ​ពេល​អង្គុយ និង​បាន​ផ្ដល់​អនុសាសន៍​ថា សុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ នួន ជា ចូលរួម​តាម​ដាន​កិច្ច​ដំណើរ​ការ​សវនាការ​ពី​បន្ទប់​ខាង​ក្រោម​សាល​សវនាការ​នេះ និង​តាម​បទបញ្ញត្តិ​នៃ​វិធាន ៨១ (៥) នៃ​វិធាន​ផ្ទៃ​ក្នុង អ.វ.ត.ក អង្គ​ជម្រះ​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ នួន ជា ចូលរួម​តាម​ដាន​សវនាការ​ពី​ចម្ងាយ​ពី​បន្ទប់​ឃុំ​ខ្លួន​មួយ នៅ​ខាង​ក្រោម​សាល​សវនាការ​នេះ»

លោក​ចៅក្រម និល ណុន ប្រកាស​ថា បន្ទាប់​ពី​ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី សេង ឃួយ នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ កញ្ញា សប្ដាហ៍​ក្រោយ អង្គ​ជំនុំ​ជម្រះ​គ្រោង​ស្ដាប់​សាក្សី​ថ្មី​ពីរ​រូប​ទៀត ទាក់ទង​នឹង​អង្គ​ហេតុ​នៃ​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​ចាម។ សាក្សី​ឲ្យ​ដឹង​ថា ជនជាតិ​ចាម បី​ភូមិ​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បាន​ងើប​បះបោរ​ប្រឆាំង​អាជ្ញាធរ​ខ្មែរ​ក្រហម ព្រោះ​តែ​ការ​គាប​សង្កត់​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​រស់នៅ និង​ការ​គោរព​សាសនា។ ខ្មែរ​ក្រហម​ក៏​កាប់​សម្លាប់​ខ្លាំង​នៅ​ស្រុក​នោះ។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​សម្រេច​យក​ការ​ប្រព្រឹត្ត​លើ​ជនជាតិ​ចាម នៅ​ខេត្ត​កំពង់ចាម ធ្វើ​ជា​អង្គ​ហេតុ​ចោទ​ប្រកាន់​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន អំពី​បទ​ប្រល័យ​ពូជ​សាសន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។