សាក្សី​បញ្ជាក់​ពី​ការ​ដឹក​ជនជាតិ​ចាម​ទៅ​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន​ខេត្ត​កំពង់ចាម

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី​៩ កញ្ញា បាន​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ទី​៣ ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​ចាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សាក្សី​ទី​៣ ឈ្មោះ សេង ឃួយ អតីត​ជា​អ្នក​ដឹក​ជនជាតិ​ចាម ដែល​គេ​ចាប់​យក​ទៅ​កន្លែង​ឃុំឃាំង និង​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន ក្នុង​ខេត្ត​កំពង់ចាម។

លោក សេង ឃួយ មក​ពី​ឃុំ​អង្គរបាន ស្រុក​កងមាស ខេត្ត​កំពង់ចាម ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា ការ​ដឹក​ជនជាតិ​ចាម ដែល​គេ​ចាប់​យក​ទៅ​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន នោះ គឺ​ធ្វើ​ឡើង​តាម​ការ​បញ្ជា​របស់​កម្មាភិបាល​ខ្មែរ​ក្រហម៖ «ពេល​នោះ គឺ​អនុ​ប្រធាន​ភូមិ​អង្គរបាន ទី​២ ហ្នឹង (ឈ្មោះ) ហ៊ុន ហ្នឹង បាន​បញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង យក​រទេះ​គោ​ដឹក​បង​ប្អូន​ចាម ហ្នឹង​ទៅ​វត្ត​អូរ​ត្រកួន នៅ​ប្រហែល​ជា​ម៉ោង ៩​យប់។ ចំនួន​ប្រហែល​តាម​មើល​ពី ៥ ទៅ ៦​រទេះ​គោ។ ក្នុង​ហ្នឹង គឺ​ខ្លួន​ខ្ញុំ​ម្នាក់​ក៏​គេ​ចាត់​ឲ្យ​ដឹក​ទៅ​ដែរ»

សាក្សី សេង ឃួយ ឆ្លើយ​ថា នៅ​ពេល​នោះ​លោក​មិន​អាច​ប្រកែក​តវ៉ា​នឹង​បញ្ជា​នោះ​បាន​ទេ ព្រោះ​ខ្លាច​គេ​យក​ទៅ​សម្លាប់​ជាមួយ​ជនជាតិ​ចាម ទាំង​នោះ។ លោក​មិន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ទេ គ្រាន់​តែ​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ខំ​ធ្វើ​ការងារ។ លោក​អះអាង​ថា លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ក្នុង​ព្រឹត្តិការណ៍​ចាប់​ជនជាតិ​ចាម ទាំង​នោះ នៅ​ឆ្នាំ​១៩៧៧៖ «នៅ​យប់​នោះ គឺ​មាន​សន្តិសុខ​គេ​មក​ចាប់​ចាម ហ្នឹង។ ចាប់​ហ្នឹង​មិន​មែន​ម្នាក់​ទេ គឺ​ចាប់​ចាម ដែល​រស់នៅ​ភូមិ​ទី​២ ប៉ុន្មាន​ហ្នឹង​ចាប់​ទាំងអស់ ហើយ​ចាប់​ហ្នឹង​នៅ​ក្នុង​រោង​បាយ កំពុង​តែ​ហូប​បាយ​ជុំ​គ្នា​ជាមួយ​បង​ប្អូន​ខ្មែរ​នោះ​ដែរ។ តាម​ខ្ញុំ​គិត​មើល បង​ប្អូន​ចាម នោះ​មិន​ដឹង​ពី​ផែនការ​គេ​ចាប់​ខ្លួន​ទេ ស្រាប់​តែ​អង្គុយៗ​ហូប​បាយ​ហ្នឹង សន្តិសុខ​គេ​មក​ចាប់​តែ​ម្ដង មាន​ទាំង​ស្ត្រី​ក្មេង​ប្រុស​ក្មេង​ស្រី»

លោក​បញ្ជាក់​បន្ថែម​ជូន​អង្គ​ជំនុំ​ជម្រះ ទៅ​លើ​សក្ខីកម្ម​របស់​សាក្សី និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ជា​ជនជាតិ​ចាម មុនៗ​ដែរ​ថា អាជ្ញាធរ​ខ្មែរ​ក្រហម​បាន​បិទ​សិទ្ធិ​របស់​ជនជាតិ​ចាម មិន​ឲ្យ​គោរព​សាសនា​ទេ៖ «គឺ​គេ​ចូល​ទៅ​គ្រប់គ្រង​ហើយ ចាម ហ្នឹង​គេ​លែង​ឲ្យ​ទៅ​ជា​ជនជាតិ​ចាម ទៀត​ហើយ គេ​ឲ្យ​ក្លាយ​ទៅ​ជា​ខ្មែរ ទាំង​សម្លៀកបំពាក់ ទាំង​ការ​ហូប​ចុក ឲ្យ​មក​ជា​ខ្មែរ លែង​ឲ្យ​កាន់​សាសនា​ចាម ហើយ​តាម​ខ្ញុំ​ដឹង ពេល​មក​រស់នៅ​ក្នុង​ភូមិ​ខ្ញុំ គឺ​លែង​ហ៊ាន​ស្លៀក​ពាក់​ចាម ហើយ ស្លៀក​ពាក់​សម្រប​ខ្លួន​ទៅ​តាម​ខ្មែរ​ទាំងអស់ ហើយ​ការ​និយាយ​ស្ដី​ក៏​លែង​ហ៊ាន​និយាយ​អី​ចំហ​ហើយ។ ដូច្នេះ​និយាយ​ជា​ខ្មែរ​ទាំងអស់ »

សាក្សី សេង ឃួយ ថ្លែង​ថា ជនជាតិ​ចាម ដែល​លោក​ទទួល​បញ្ជា​ឲ្យ​ដឹក​ទៅ​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន នោះ លោក​មិន​ដែល​ឃើញ​ពួក​គេ​វិល​ត្រឡប់​វិញ​ទេ។ ក្រោយ​ពេល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ស្រាវជ្រាវ​រក​ឃើញ​ថា វត្ត​អូរ​ត្រកួន នៅ​ក្នុង​ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម គឺ​ជា​កន្លែង​សម្លាប់​មនុស្ស​ដ៏​ធំ​មួយ។ លោក សេង ឃួយ ប៉ាន់ស្មាន​ថា មនុស្ស​ដែល​គេ​យក​ទៅ​សម្លាប់​នៅ​ទីនោះ មាន​ចំនួន​ប្រហែល ៣​ម៉ឺន​នាក់។ ក្នុង​ចំណោម​នោះ ក៏​មាន​ជនជាតិ​ចាម ជាច្រើន​នាក់​ផង។

អង្គ​ហេតុ​សម្លាប់​ជនជាតិ​ចាម ត្រូវ​បាន​សាលា​ដំបូង​ចាត់​ចូល​ក្នុង​បទ​ប្រល័យ​ពូជ​សាសន៍ ដែល​កំពុង​ចោទ​ប្រកាន់​ចំពោះ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។