សាក្សី​ជនជាតិ​ចាម​ជម្រាប​អង្គ​ជំនុំ​ជម្រះ​ពី​មូលហេតុ​បះបោរ​ប្រឆាំង​យោធា​ខ្មែរ​ក្រហម

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​អង្គារ ទី​៨ កញ្ញា បាន​ស្ដាប់​សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​ចំពោះ​ជនជាតិ​ចាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ សុះ ពុនយ៉ាមីន ជា​អ្នក​ដឹក​នាំ​ជនជាតិ​ចាម បះបោរ​ប្រឆាំង​យោធា​ខ្មែរ​ក្រហម​នៅ​ឃុំ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​ជា​ខេត្ត​ត្បូងឃ្មុំ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ សុះ ពុនយ៉ាមីន ជា​ជនជាតិ​ចាម មក​ពី​ឃុំ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា លោក​នាំ​អ្នក​ភូមិ​ចាម បះបោរ​ប្រឆាំង​យោធា​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៥ ក៏​ព្រោះ​តែ​គេ​គ្រោង​ចាប់​ជនជាតិ​ចាម ៨០​នាក់​យក​ទៅ​សម្លាប់៖ «ដោយសារ​ការ​រស់នៅ​ដោយ​លំបាក មិន​អាច​រស់នៅ​បាន ហើយ​នឹក​ឃើញ​ថា បើ​សិន​ជា​យើង​មិន​រើ​បម្រះ​ទេ យើង​នឹង​ដេក​ឱប​ដៃ​ចាំ​តែ​វា​យក​ទៅ​សម្លាប់​ប៉ុណ្ណោះ។ អ៊ីចឹង​ខ្ញុំ​មិន​អាច​ដេក​នៅ​ស្ងៀម​បាន ដោយសារ​ខ្ញុំ​មាន​ពួក​ម៉ាក​ខ្ញុំ​ប្រាំពីរ​នាក់ ខ្ញុំ​ជំនុំ​គ្នា ដើម្បី​ក្រោក​រើ​បម្រះ​ក្រោក​តស៊ូ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​តស៊ូ​ទៅ​វា​ស្លាប់ ខ្ញុំ​យល់​ថា​វា​ស្លាប់ ព្រោះ​ខ្ញុំ​អត់​មាន​កាំភ្លើង​ទៅ​បាញ់​គេ ប៉ុន្តែ​វា​ស្លាប់​នឹង​គេ​បាញ់​វា​ល្អ​ជាង​ស្លាប់​គេ​យក​ទៅ​សម្លាប់​នឹង​គេ​យក​ទៅ​សម្លាប់។ អ៊ីចឹង​បាន​ខ្ញុំ​នាំ​គ្នា បបួល​គ្នា ដើម្បី​ក្រោក​ប្រឆាំង​ពួក​គេ​ហ្នឹង»

លោក ពុនយ៉ាមីន ថ្លែង​ទៀត​ថា ជនជាតិ​ចាម ៨០​នាក់ ដែល​ពួក​ឈ្លប​ឃុំ​ខ្មែរ​ក្រហម ប្រុង​ចាប់​យក​ទៅ​សម្លាប់​នោះ គឺ​សុទ្ធតែ​ជា​ថ្នាក់​ដឹក​នាំ​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ឃុំ​ស្វាយឃ្លាំង។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខ្មែរ​ក្រហម​បាន​ស្រាវជ្រាវ​រក​ឃើញ​ថ្នាក់​ដឹក​នាំ​សាសនា​អ៊ីស្លាម បន្ទាប់​ពី​ពួក​គេ​ប្រើ​ល្បិច​បញ្ឆោត​ឲ្យ​ជនជាតិ​ចាម ធ្វើ​ពិធី​ស្រាយ​បួស។

ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ​បន្ត​ថា នៅ​ពេល​ក្រោក​បះបោរ​នោះ យោធា​ខ្មែរ​ក្រហម​ដែល​មាន​អាវុធ​គ្រប់​ធុន បាន​បាញ់​ស្រោច​លើ​ភូមិ និង​ធ្វើ​ឲ្យ​អ្នក​ភូមិ​ស្លាប់​ខ្លះ។ ក្រោយ​ពេល​បង្ក្រាប​ការ​បះបោរ​នោះ យោធា​ខ្មែរ​ក្រហម​ជម្លៀស​ជនជាតិ​ចាម ចេញ​ពី​ភូមិ​ទាំងអស់ ហើយ​ចាប់​ប្រុសៗ​យក​ទៅ​ឃុំឃាំង​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ។ ភាគ​ច្រើន ត្រូវ​គេ​ចាប់​យក​ចេញ​ទៅ​បាត់​រហូត៖ «គេ​សួរ​សព្វ​បែប​យ៉ាង ហើយ​គេ​ចាក់​ចំពុះ​ទុង​នឹង​ក។ មួយ​ថ្ងៃ​សួរ​ពីរ​ដង ហើយ​ទាហាន​គេ​ចាក់​ចំពុះ​ទុង រួច​ម្នាក់​គេ​ចាំ​សរសេរ​សួរ​ថា ឯង​ធ្វើ​អី? នរណា​បង្កើត​ចលនា​បះបោរ​ហ្នឹង? សួរ​សព្វ​បែប​យ៉ាង ខ្ញុំ​មិន​អាច​ចាំ​អស់​ទេ ពាក្យ​សម្ដី​គេ​សួរ​នោះ ហើយ​យប់​ឡើង ឬ​ក៏​ថ្ងៃ ក្រោយ​ពី​សួរ​រួច​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ គេ​មក​ចាប់​យក​ទៅ​មួយ​បន្ទប់​បួន​ប្រាំ​នាក់ ដប់​នាក់ បី​នាក់ គេ​រើស​រាល់​ថ្ងៃ។ អ៊ីចឹង​អា​ខ្លះ​ហាសិប​នាក់​នៅ​ក្នុង​បន្ទប់​ក្បែរ​ខ្ញុំ នៅ​សល់​តែ​ប្រាំ​នាក់​ទេ​មក​ជាមួយ​ខ្ញុំ គឺ​គេ​ចាប់​យក​ទៅ»

លោក ពុនយ៉ាមីន មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ពួក​លោក​ត្រូវ​គេ​ឃុំ​ខ្លួន​រយៈពេល ២៩​ថ្ងៃ អាជ្ញាធរ​ខ្មែរ​ក្រហម ក៏​ជម្លៀស​អ្នក​ភូមិ​ចាម ទាំងអស់​ចេញ​ពី​ភូមិ​ស្វាយឃ្លាំង ឲ្យ​ទៅ​រស់នៅ​ក្នុង​ភូមិ​ស្រុក និង​ខេត្ត​ផ្សេងៗ​គ្នា ដោយ​ធ្វើ​ដំណើរ​តាម​ទូក៖ «វា​ឲ្យ​ចែវ​ឲ្យ​ត្រង់ ៥០​ទូក​ហ្នឹង។ បើ​កាល​ណា​ចែវ​វៀច គេ​បាញ់​ពី​ក្រោយ។ លើ​ទូក​សុទ្ធតែ​ចាម ទាំងអស់ អត់​មាន​ខ្មែរ​ទេ។ ពេល​ធ្វើ​ដំណើរ​វា​ចៃដន្យ​អាក្រក់ យប់​នោះ​ភ្លៀង​ទាល់​ភ្លឺ។ អ៊ីចឹង​ក្មេង​មួយ​ចំនួន​ដែល​តូចៗ ទើប​នឹង​កើត​មាន​ស្លាប់​ពីរ​បី​នាក់​នៅ​លើ​ទូក​នោះ។ យើង​មិន​អាច​សម្រាក​ទេ ព្រោះ​វា​មិន​ឲ្យ​សម្រាក»

លោក​ឲ្យ​ដឹង​ថា ជនជាតិ​ចាម ត្រូវ​គេ​សម្លាប់​មួយ​សា​ទៀត នៅ​ពេល​ដែល​កម្មាភិបាល​ពី​ភូមិភាគ​ផ្សេង​ចូល​ទៅ​គ្រប់គ្រង​នៅ​តំបន់​នោះ ជំនួស​ឲ្យ​កម្មាភិបាល​នៅ​ភូមិភាគ​បូព៌ា ដែល​ត្រូវ​គេ​ចាប់​ខ្លួន​ដោយ​ចោទ​ថា ជា​ពួក​ក្បត់​នឹង​អង្គការ ឬ​ហៅ​ថា ពួក​ក្បាល​យួន​ខ្លួន​ខ្មែរ។

សាក្សី អ៊ីត សេន ដែល​ជន​រងគ្រោះ​រួច​ពី​ការ​សម្លាប់​ឲ្យ​ដឹង​ថា ពួក​យោធា​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ប្រមូល​ជនជាតិ​ចាម យក​ទៅ​សម្លាប់​រង្គាល​នៅ​ភូមិ​ទ្រា ក្នុង​ស្រុក​ក្រូចឆ្មារ នោះ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី សុះ ពុនយ៉ាមីន អះអាង​ថា នៅ​ក្រោយ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ ជនជាតិ​ចាម នៅ​ភូមិ​ស្វាយឃ្លាំង ជាង ១​ពាន់​គ្រួសារ បាន​បាត់​ដំណឹង​រហូត​មក​ដល់​សព្វថ្ងៃ​នេះ។ សក្ខីកម្ម​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី សុះ ពុនយ៉ាមីន នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត​នៅ​ថ្ងៃ​ពុធ ទី​៩ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។