សាលា​ក្ដី​ខ្មែរ​ក្រហម​បញ្ចប់​នីតិវិធី​ប្រឆាំង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ

ដោយ ឡេង ម៉ាលី
2015.08.31
អៀង ធីរិទ្ធ ៦២០ ជនជាប់ចោទ អៀង ធីរិទ្ធ នៅ​ក្នុង​សវនាការ​បឋម​ក្នុង​សំណុំរឿង ០០២ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១១។
Photo courtesy of ECCC

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tabletអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នឹង​បន្ត​សវនាការ​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ជន​រងគ្រោះ ទាក់ទង​នឹង​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​ចំនួន​៣ នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។ ទន្ទឹម​គ្នា​នេះ ក៏​បញ្ចប់​នីតិវិធី​ប្រឆាំង​នឹង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​កម្ពុជា​ប្រជាធិបតេយ្យ ដែរ។

សាលា​ក្ដី​ខ្មែរ​ក្រហម ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ សីហា ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង សម្រេច​រំលត់​បណ្ដឹង​អាជ្ញា និង​បញ្ចប់​បណ្ដឹង​រដ្ឋប្បវេណី​ប្រឆាំង​ជន​ជាប់​ចោទ អៀង ធីរិទ្ធ នៅ​សាលា​ក្ដី​នេះ​ហើយ។

មន្ត្រី​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ដ្រា មាន​ប្រសាសន៍​បញ្ជាក់​ថា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ចេញ​សេចក្ដី​សម្រេច​បញ្ចប់​កិច្ច​ដំណើរ​ការ​នីតិវិធី​នេះ កាល​ពី​ថ្ងៃ​ទី​២៧ សីហា យោង​តាម​លិខិត​របស់​ចៅ​សង្កាត់​ក្រុង​ប៉ៃលិន និង​អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ដែល​បញ្ជាក់​ពី​មរណភាព​របស់ អ្នកស្រី អៀង ធីរិទ្ធ៖ «លិខិត​បង្ហាញ​ថា អៀង ធីរិទ្ធ បាន​ទទួល​មរណភាព​នៅ​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៥។ គាត់​បាន​ទទួល​មរណភាព​នៅ​ឯ​គេហដ្ឋាន​របស់​គាត់ ដោយសារ​តែ​គាំង​បេះដូង។ យោង​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន ដូច​ជា​ទី​មួយ គឺ​អនុលោម​តាម​មាត្រា​៧ (១) នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា គឺ​មរណភាព​របស់​ជន​ជាប់​ចោទ ត្រូវ​រលត់​បណ្ដឹង​អាជ្ញា​ប្រឆាំង​នឹង​រូប​គាត់ ហើយ​អនុលោម​តាម​វិធាន ២៣​ស្ទួន នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម មរណភាព​ជន​ជាប់​ចោទ ក៏​បញ្ចប់​កិច្ច​ដំណើរ​ការ​នីតិវិធី​បណ្ដឹង​រដ្ឋប្បវេណី​ផង​ដែរ នៅ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ដូច្នេះ សំណុំ​រឿង​របស់​គាត់ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ»

កាល​ពី​ខែ​មិថុនា កន្លង​ទៅ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ទទួល​របាយការណ៍​ពី​អ្នក​ជំនាញ​ផ្នែក​ជំងឺ​មនុស្ស​ចាស់ ដោយ​បញ្ជាក់​ថា ជន​ជាប់​ចោទ អៀង ធីរិទ្ធ មាន​ជំងឺ​វង្វេង​វង្វាន់​ស្មារតី​កម្រិត​ធ្ងន់ធ្ងរ។ អ្នក​ជំនាញ​សន្និដ្ឋាន​ថា គ្មាន​ការ​ព្យាបាល​ផ្នែក​ណា​មួយ អាច​ធ្វើ​ឲ្យ​ស្ថានភាព​សតិ​បញ្ញា​របស់ អ្នកស្រី អៀង ធីរិទ្ធ ប្រសើរ​ឡើង​វិញ​បាន​ទេ។ មុន​ពេល​ស្លាប់​នោះ អ្នក​ជំនាញ​ថា អ្នកស្រី អៀង ធីរិទ្ធ មិន​អាច​ក្រោក​ចេញ​ពី​គ្រែ​បាន និង​មាន​ជំងឺ​ក្នុង​ខ្លួន​ច្រើន។

ស្រប​ពេល​ដែល​បញ្ចប់​ករណី អ្នកស្រី អៀង ធីរិទ្ធ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ក៏​នឹង​បន្ត​ធ្វើ​សវនាការ​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​កញ្ញា ដោយ​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ជន​រងគ្រោះ ទាក់ទង​នឹង​អង្គ​ហេតុ​ការដ្ឋាន​ការងារ​ដោយ​បង្ខំ ៣​កន្លែង គឺ​ការដ្ឋាន​ធ្វើ​ទំនប់ ១​មករា ខេត្ត​កំពង់ធំ ការដ្ឋាន​វាល​យន្តហោះ​កំពង់ឆ្នាំង និង​ការដ្ឋាន​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ។ សវនាការ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ មិន​ទាន់​បាន​ចេញ​សេចក្ដី​សម្រេច​លើ​ភាព​ចម្រូងចម្រាស​រវាង​ភាគី​សហ​ព្រះរាជអាជ្ញា និង​ភាគី​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២៦ សីហា ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ធ្វើ​ពហិការ​ដើរ​ចេញ​ពី​អង្គ​សវនាការ​ដាក់​បង្ហាញ​ឯកសារ​គន្លឹះ ទាក់ទង​នឹង​អង្គ​ហេតុ​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​នៅ​ខេត្ត​កំពង់ធំ កំពង់ឆ្នាំង និង​ខេត្ត​បន្ទាយមានជ័យ។ ពហិការ​នេះ គឺ​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ជំទាស់​នឹង​សហ​ព្រះរាជអាជ្ញា ដែល​ដាក់​ឯកសារ​កំណត់​ហេតុ​ស្ដាប់​សាក្សី​មួយ​ចំនួន​ដែល​ស្លាប់​ហើយ។ ម្យ៉ាង​ទៀត ឯកសារ​ទាំង​នោះ​មាន​បរិមាណ​ច្រើន​ពេក មិន​ធ្លាប់​មាន​ក្នុង​ការ​ជំនុំ​ជម្រះ​កន្លង​មក ហើយ​ភាគី​ខ្លួន​មិន​មាន​លទ្ធភាព​ពិនិត្យ​ទាន់​ពេល។ ឯកសារ​ទាំង​នោះ សុទ្ធតែ​ដក​យក​មក​ពី​សំណុំ​រឿង​០០៣ និង ០០៤។

អង្គ​ជំនុំ​ជម្រះ​យល់​ឃើញ​ថា មូលហេតុ​នៃ​ពហិការ គឺ​មក​ពី​ការ​មិន​យល់​គ្នា​រឿង​ដាក់​ឯកសារ​គន្លឹះ​នោះ។ បន្ទាប់​ពី​ទុក​ពេល​ឲ្យ​ភាគី​មួយ​រយៈ អង្គ​ជំនុំ​ជម្រះ​គ្រោង​ធ្វើ​សវនាការ​ស្ដាប់​ការ​ដាក់​បង្ហាញ​ឯកសារ​គន្លឹះ​បន្ត​ទៀត នៅ​ថ្ងៃ​ទី​៣ ទី​៤ និង​ទី​៧ ខែ​កញ្ញា។ លោក នេត្រ ភក្ដ្រា រំពឹង​ថា នៅ​ថ្ងៃ​នោះ​នឹង​មាន​សេចក្ដី​សម្រេច​លើ​ភាព​ចម្រូងចម្រាស​របស់​ភាគី៖ «យើង​មិន​ទាន់​អាច​ព្យាករ​ថា​យ៉ាង​ម៉េច​ទេ យើង​រង់ចាំ​មើល​ការ​អញ្ជើញ​មក​ដល់ ហើយ​យើង​រំពឹង​ថា ភាគី​ពាក់ព័ន្ធ​នានា​នឹង​មិន​ធ្វើ​ពហិការ​ដូច​ថ្ងៃ​កន្លង​ទៅ ដែល​ធ្វើ​ឲ្យ​ដំណើរ​ការ​សវនាការ​អាក់​ខាន ដោយសារ​តែ​ពហិការ​របស់​ភាគី​ពាក់ព័ន្ធ​ទេ ហើយ​យើង​សង្ឃឹម​ថា នឹង​អាច​មាន​ដំណោះស្រាយ​មួយ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ដំណើរ​ការ​នៃ​ការ​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​០០២ វគ្គ​២ នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន»

សវនាការ​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ជន​រងគ្រោះ ទាក់ទង​នឹង​អង្គ​ហេតុ​ការដ្ឋាន​ការងារ​ដោយ​បង្ខំ​ទាំង​៣ ដែល​ស្ថិត​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២ ប្រឆាំង​នឹង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន។ សវនាការ​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ជន​រងគ្រោះ នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។