អង្គ​ជំនុំ​ជម្រះ​ស្ដាប់​ភាគី​ដើម​ចោទ​ដាក់​ឯកសារ​គន្លឹះ​ពី​ការ​បង្ខំ​ធ្វើ​ការ​នៅ​ការដ្ឋាន​ការងារ​៣

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កញ្ញា បាន​ធ្វើ​សវនាការ​ស្ដាប់​ភាគី​ដើម​ចោទ​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ដែល​ដាក់​ឯកសារ​គន្លឹះ​ទាក់ទង​នឹង​ការ​ធ្វើ​ការ​ដោយ​បង្ខំ​នៅ​ការដ្ឋាន​ការងារ​ចំនួន​៣។

សវនាការ​នៅ​ថ្ងៃ​ទី​៣ កញ្ញា គឺ​ជា​សវនាការ​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ផ្ដល់​ឱកាស​ឲ្យ​ភាគី​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី លើក​យក​ឯកសារ​មក​ជម្រាប​ជូន​អង្គ​ជំនុំ​ជម្រះ​សម្រាប់​ពិចារណា។

ឯកសារ​គន្លឹះ​ដែល​ភាគី​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដាក់​ជូន​អង្គ​ជំនុំ​ជម្រះ គឺ​ជា​ការ​ស្រង់​យក​ខ្លឹមសារ ដែល​ភាគី​ខ្លួន​គិត​ថា​សំខាន់ យក​មក​អាន​ជូន​អង្គ​ជំនុំ​ជម្រះ។ ឯកសារ​ទាំង​នេះ គឺ​បាន​មក​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឬ​សាក្សី​ដែល​ចៅក្រម​ស៊ើប​អង្កេត​បាន​ស្ដាប់​ចម្លើយ។

ក្នុង​ចំណោម​នោះ សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី លោក ពេជ អង្គ លើក​យក​ចម្លើយ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ឈ្មោះ លៀម ពេញ ដែល​អះអាង​អំពី​ការ​សម្លាប់​មនុស្ស​នៅ​អាង​ត្រពាំង​ថ្ម៖ «ខ្ញុំ​ចាំ​ថា ថ្ងៃ​មួយ​មិត្ត​រួម​ការងារ​ម្នាក់ (មិន​ចាំ​ឈ្មោះ) ជីក​រណ្ដៅ​ប្រឡាយ​មិន​បាន​សម្រេច ក៏​ត្រូវ​យោធា​ខ្មែរ​ក្រហម (មិន​ចាំ​ឈ្មោះ) ចាប់​នឹង​ស្លាប​សេក រួច​វាយ​នឹង​ត្បូង​ចប​សម្លាប់​ចោល​តែ​ម្ដង ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ដូច្នេះ រាល់​ថ្ងៃ​ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ​ការ​ណាស់ ព្រោះ​បើ​មិន​បាន​គ្រប់​តាម​ផែនការ​កំណត់​ទេ​នោះ ខ្ញុំ​នឹង​អាច​ពួក​វា​យក​ទៅ​សម្លាប់​ដែរ»

សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ ដែល​ស្ដាប់​ការ​ដាក់​ឯកសារ​គន្លឹះ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​បាន​ដោះស្រាយ​ទៅ​លើ​ភាព​ចម្រូងចម្រាស​រវាង​ភាគី​ចុង​ចោទ និង​ដើម​ចោទ។ ភាព​ចម្រូងចម្រាស​គ្នា​រឿង​ដាក់​ឯកសារ​គន្លឹះ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ដើរ​ចេញ​ពី​សវនាការ​កាល​ពី​ថ្ងៃ​ទី​២៦ សីហា។ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ មិន​ពេញ​ចិត្ត​នឹង​ការ​ដាក់​ឯកសារ ដោយ​ស្រង់​យក​ខ្លឹមសារ​ស្ដាប់​សាក្សី​ដែល​ស្លាប់​ហើយ និង​ពី​សំណុំ​រឿង​០០៣ និង ០០៤ ទេ។ ដោយសារ​ការ​មិន​ពេញ​ចិត្ត​នឹង​នីតិវិធី​នេះ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា នៅ​តែ​រក្សា​ជំហរ​ថា ខ្លួន​នឹង​មិន​បង្ហាញ​ឯកសារ​គន្លឹះ​របស់​ខ្លួន​ទេ។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ថា បន្ទាប់​ពី​បាន​ស្ដាប់​ភាគី​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី សវនាការ​បន្ត​នៅ​ថ្ងៃ​ទី​៧ កញ្ញា អង្គ​ជំនុំ​ជម្រះ​នឹង​ស្ដាប់​ពី​ភាគី​ជន​ជាប់​ចោទ​វិញ​ម្ដង៖ «ជំនុំ​ជម្រះ នឹង​បន្ត​ធ្វើ​សវនាការ​បង្ហាញ​ឯកសារ​គន្លឹះ ដោយ​ស្ដាប់​សហ​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន ការ​ឆ្លើយ​តប​របស់​ភាគី ធ្វើ​អត្ថាធិប្បាយ​កត់​សម្គាល់​តប​ទៅ​នឹង​បណ្ដា​ឯកសារ​គន្លឹះ ដែល​បាន​ដាក់​បង្ហាញ​ដោយ​តំណាង​សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​ការដ្ឋាន​ការងារ​ចំនួន​៣ ការដ្ឋាន​ទំនប់ ១​មករា ការដ្ឋាន​ការងារ​ព្រលាន​យន្តហោះ​កំពង់ឆ្នាំង ការដ្ឋាន​ការងារ​ទំនប់​ត្រពាំង​ថ្ម»

សវនាការ​បន្ត​នៅ​សប្ដាហ៍​ក្រោយ​នោះ អង្គ​ជំនុំ​ជម្រះ ក៏​នឹង​ចាប់​ផ្ដើម​ស្ដាប់​សាក្សី​មួយ​រូប មាន​រហស្សនាម​ថា 2TCW 813 ដែល​ពាក់ព័ន្ធ​នឹង​អង្គ​ហេតុ​ថ្មី គឺ​ការ​ចោទ​ប្រកាន់​អំពី​ការ​ប្រព្រឹត្ត​លើ​មនុស្ស​ជាក់លាក់​ចំពោះ​ជនជាតិ​ចាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។