អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍ ទី២៧ សីហា សម្រេចផ្អាកសវនាការជាបន្តទៀត ដោយសារតែបញ្ហាពហិការរបស់ក្រុមមេធាវីការពារក្ដីជនជាប់ចោទ មិនទាន់បានដោះស្រាយនៅឡើយ។
អង្គជំនុំជម្រះសាលាដំបូង បានប្រកាសពីការសម្រេចផ្អាកសវនាការនៅវេលាថ្ងៃត្រង់ បន្ទាប់ពីបានស្ដាប់ទឡ្ហីករណ៍ពីភាគីនានា ទាក់ទងនឹងពហិការរបស់ក្រុមមេធាវីការពារក្ដីជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលដើរចេញពីអង្គសវនាការ។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុល ប្រកាសថា សវនាការនេះនឹងបន្តវិញនៅថ្ងៃអង្គារ ទី១ ខែកញ្ញា៖ «ដោយអង្គជំនុំជម្រះត្រូវការពេលវេលាពិនិត្យពិភាក្សាពិចារណាសម្រេចលើបញ្ហាដែលកើតមានឡើងនេះ ដើម្បីមានឱកាសនៅក្នុងការចេញអនុស្សរណៈជម្រាបដល់ភាគីឲ្យបានយល់ ហើយនិងអាចមានសមត្ថភាពដឹកនាំគ្រប់គ្រងសវនាការនេះនាពេលខាងមុខ ប្រព្រឹត្តទៅបានល្អ អង្គជំនុំជម្រះសម្រេចថា សវនាការនៅពេលនេះគប្បីផ្អាកនៅពេលនេះ ហើយសវនាការលើកទៅធ្វើនៅថ្ងៃអង្គារ ខែកញ្ញា ឆ្នាំ២០១៥ ចាប់ពីម៉ោង ៩ព្រឹកទៅ»។
កាលពីថ្ងទី២៦ សីហា ក្រុមមេធាវីការពារក្ដីជនជាប់ចោទ ធ្វើពហិការដកខ្លួនចេញពីអង្គសវនាការ ដោយសារពួកគាត់ជំទាស់នឹងសហព្រះរាជអាជ្ញាដែលដាក់ឯកសារវីដេអូ និងឯកសារកំណត់ហេតុស្ដាប់សាក្សីមួយចំនួនដែលស្លាប់ហើយ។ មេធាវីការពារក្ដីថ្លែងថា ឯកសាររបស់សហព្រះរាជអាជ្ញា អង្គជំនុំជម្រះសម្រេចឲ្យដាក់មានបរិមាណច្រើនពេក មិនធ្លាប់មាន ដែលភាគីខ្លួនមិនមានលទ្ធភាពពិនិត្យទាន់។ ម្យ៉ាងទៀត មេធាវីការពារជនជាប់ចោទ ខៀវ សំផន ថ្លែងថា ឯកសារទាំងនោះសុទ្ធតែដកយកមកពីសំណុំរឿង ០០៣ និង ០០៤៖ «យើងដឹងថាសំណុំរឿង ០០៣ ០០៤ នេះ គឺថាពួកគាត់ត្រូវទទួលសម្ពាធ ការគំរាមកំហែងផ្នែកនយោបាយ មិនឲ្យបើកសំណុំរឿង ០០៣ ០០៤ នេះទេ។ អ៊ីចឹងដោយសារចង់ដោះស្រាយតាមនយោបាយនេះ គឺថាយើងរំលោភសិទ្ធិ ច្បាប់។ លោកចៅក្រម ឡាវែញ (Lavergne) និយាយថា ករណីអាចធ្វើបាន ក៏ប៉ុន្តែមិនមែនទ្រង់ទ្រាយធំដូចយ៉ាងនេះទេ ហើយមិនជាក់ស្ដែងដូចអ៊ីចឹងទេ គឺជាការរំលោភសិទ្ធិខាងការពារក្ដីតែម្ដង»។
ខាងភាគីការពារក្ដីជនជាប់ចោទថ្លែងថា ការដើរចេញពីសវនាការភ្លាមៗដែលឥតគ្រោងទុក គឺបណ្ដាលមកពីភាពទុំជោរនៃបញ្ហាអយុត្តិធម៌សម្រាប់ភាគីខ្លួន ផ្ដុំគ្នាជាយូរមកហើយ។ ជនជាប់ចោទ នួន ជា និង ខៀវ សំផន គាំទ្រសកម្មភាពមេធាវីរបស់ខ្លួន។ ជនជាប់ចោទ ខៀវ សំផន បញ្ជាក់ថា ការដើរចេញរបស់មេធាវី គឺជាការណែនាំរបស់លោក៖ «ខ្ញុំណែនាំថា ខ្ញុំមិនសប្បាយចិត្តនឹងអង្គជំនុំជម្រះសាលាដំបូងនេះ លម្អៀងខ្លាំងយ៉ាងនេះទេ។ ថ្ងៃណាមួយ សុំឲ្យមេធាវីខ្ញុំជ្រើសរើសពេល ដើម្បីសម្ដែងឲ្យសាធារណមតិឃើញច្បាស់នូវការមិនសប្បាយចិត្តរបស់ខ្ញុំនេះ ហើយម្សិលមិញនេះ កែវវាហៀរពេកលោកប្រធាន»។
សវនាការពេញមួយព្រឹក បានក្លាយជាអាយ៉ៃឆ្លើយឆ្លងរវាងសហព្រះរាជអាជ្ញា និងមេធាវីការពារក្ដី ហើយសហព្រះរាជអាជ្ញាទាមទារឲ្យមានការព្រមានចំពោះមេធាវីការពារក្ដីជនជាប់ចោទ នួន ជា លោក វិកទ័រ កូប៉េ (Victor Koppe) ដែលបានប្រើពាក្យថា គាត់មិនខ្វល់ទេនឹងសម្ដីរបស់ចៅក្រម ហ្សង់ ម៉ាកឡាវែញ (Jean-Marc Lavergne)។
បន្ទាប់ពីបានស្ដាប់ទឡ្ហីករណ៍នានាដែលភាគីទាំងសងខាងលើកឡើង អង្គជំនុំជម្រះយល់ឃើញថា បញ្ហាដែលនាំឲ្យមានពហិការកាលពីម្សិលមិញ គឺបណ្ដាលមកពីការមិនយល់គ្នារឿងដាក់ឯកសារគន្លឹះ។ ប៉ុន្តែអង្គជំនុំជម្រះចាត់ទុកថា បញ្ហានេះធំធេង ដែលត្រូវការពេលវេលាសម្រាប់ដោះស្រាយ។ ហេតុនេះហើយ បានជាអង្គជំនុំជម្រះសម្រេចលើកពេលសវនាការទៅធ្វើបន្តទៀត នៅថ្ងៃអង្គារ ទី១ ខែកញ្ញា។
ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ថ្លែងថា អង្គជំនុំជម្រះនៅមិនទាន់ច្បាស់ទេថា នឹងធ្វើសវនាការស្ដាប់អំពីផលប៉ះពាល់របស់បណ្ដឹងរដ្ឋប្បវេណី ឬអំពីការដាក់ឯកសារគន្លឹះបន្តទៀត ឬយ៉ាងណាទេនៅសប្ដាហ៍ក្រោយ? លោកថា ភាពច្បាស់លាស់នេះ គឺអាស្រ័យលើជំហររបស់មេធាវីការពារក្ដីជនជាប់ចោទដែរ។ មេធាវីការពារក្ដីជនជាប់ចោទ ជម្រាបអង្គជំនុំជម្រះថា ខ្លួននឹងមិនដាក់ឯកសារគន្លឹះរបស់ខ្លួនទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។