សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ផ្អាក​សវនាការ​ជា​បណ្ដោះអាសន្ន

ដោយ ឡេង ម៉ាលី
2015.10.07
សាលា​ក្ដី​ខ្មែរ​ក្រហម ៦២០ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ ក្រហម ស្ដាប់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ឈ្មោះ មាន លឿយ ដែល​អតីត​ជា​ពលករ​កង​ចល័ត​នៅ​ការដ្ឋាន​លើក​ទំនប់​អាង​ត្រពាំង​ថ្ម ខេត្ត​បន្ទាយមានជ័យ ថ្លែង​ពី​ទុក្ខ​សោក កាល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៥។
Photo courtesy of ECCC

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

សវនាការ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី​៧ តុលា ដែល​ត្រូវ​ស្ដាប់​សាក្សី​ពីរ​រូប ត្រូវ​បាន​សម្រេច​ប្រកាស​ផ្អាក​ជា​បណ្ដោះអាសន្ន​វិញ ដោយសារ​តែ​មាន​បញ្ហា​មួយ​ចំនួន​ត្រូវ​ដោះស្រាយ គួប​ផ្សំ​នឹង​សំណើ​សុំ​ឲ្យ​ផ្អាក​របស់​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ។

ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ឲ្យ​ដឹង​ថា ការ​ផ្អាក​សវនាការ​ជា​បណ្ដោះអាសន្ន គឺ​ដោយសារ​តែ​ក្រុម​ចៅក្រម​ជំនុំ​ជម្រះ​មិន​ទាន់​មាន​ឯកភាព​គ្នា អំពី​ដំណោះស្រាយ​លើ​បញ្ហា​មួយ ដែល​អាច​មាន​ទំនាស់​ផល​ប្រយោជន៍​រវាង​សាក្សី​បន្ទាប់ និង​មេធាវី​ប្រឹក្សា។

លោក​ចៅក្រម និល ណុន បញ្ជាក់​ទៀត​ថា បញ្ហា​ទី​ពីរ គឺ​ការ​ប្រឈម​របស់​អង្គ​ជំនុំ​ជម្រះ​ដែល​ត្រូវ​ដោះស្រាយ​នោះ គឺ​ផល​ប៉ះពាល់​នានា​បណ្ដាល​ពី​សហ​ព្រះរាជអាជ្ញា​យក​ឯកសារ​ថ្មី​ផ្សេងៗ​ទៀត​ពី​សំណុំ​រឿង ០០៣ និង ០០៤ មក​ដាក់​បង្ហាញ​ជា​ឯកសារ​ភស្តុតាង​សម្រាប់​ដេញដោល​នៅ​ក្នុង​សំណុំ​រឿង ០០២ វគ្គ​២៖ «ដោយសារ​ហេតុផល​ពីរ​នេះ​ដូច​គ្នា ដូច្នេះ​សាក្សី 2TCW996 ក៏​អង្គជម្រះ​មិន​អាច​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​គាត់​នៅ​ថ្ងៃ​ស្អែក​នេះ​បាន​ដែរ។ ហេតុ​ដូច្នេះ​អង្គ​ជម្រះ​សម្រេច​ថា ការ​ស្ដាប់​សក្ខីកម្ម​សាក្សី​ទាំង​ពីរ​រូប គឺ សុះ រំលី ហើយ​និង​សាក្សី 2TCW996 នេះ អង្គ​ជម្រះ​លើក​ទៅ​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​គាត់​ក្រោយ​ពេល​ភ្ជុំបិណ្ឌ»

ការ​ផ្អាក​សវនាការ​នេះ ក៏​ស្រប​គ្នា​នឹង​ភាគី​នានា​ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ផ្អាក​សវនាការ​មួយ​រយៈ​ដែរ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ចូលរួម​សវនាការ​លើ​បណ្ដឹង​ឧទ្ធរណ៍​នៅ​តុលាការ​កំពូល នា​ពេល​ខាង​មុខ​នេះ ជាពិសេស​ភាគី​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ សុំ​ឲ្យ​សាលា​ដំបូង​ផ្អាក​សវនាការ ៥​សប្ដាហ៍ ដើម្បី​ត្រៀម​ខ្លួន។ ភាគី​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​សហ​ព្រះរាជអាជ្ញា យល់​ថា មិន​ចាំបាច់​យូរ​ដូច្នេះ​ទេ។

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ ខៀវ សំផន គឺ​អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) ថ្លែង​ថា ខាង​អ្នកស្រី​ត្រូវ​ការ​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការ​បាន​ល្អ គឺ​មិន​ចង់​ឲ្យ​មាន​សវនាការ​សាលា​ដំបូង​ទេ រហូត​ដល់​សវនាការ​តុលាការ​កំពូល​ចប់៖ «ខាង​យើង​មេធាវី​ការពារ​ក្ដី ខៀវ សំផន យើង​គិត​ថា​យើង​ត្រូវ​ការ​ពេលវេលា​ច្រើន ដើម្បី​ឲ្យ​យើង​អាច​ធ្វើ​ការងារ​ឲ្យ​បាន​ល្អ​នៅ​ចំពោះ​មុខ​តុលាការ​កំពូល ហើយ ១១​ថ្ងៃ​ដូច​ដែល​លើក​ឡើង ដោយ​សហ​ព្រះរាជអាជ្ញា​ហ្នឹង គឺ​វា​មិន​គ្រប់គ្រាន់​សម្រាប់​ខាង​ពួក​យើង។ អ្នក​ផ្សេង​គេ​គិត​ថា ពេល​ហ្នឹង​សមស្រប​សម្រាប់​ពួក​គេ ស្រេច​តែ​ពួក​គេ​ទៅ ក៏ប៉ុន្តែ​ពួក​យើង យើង​មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ។ យើង​មិន​អាច​បំពេញ​ចិត្ត​ទាំងអស់​គ្នា​បាន​ទេ​ថា អ្នក​ណា​ចង់​បាន​អ៊ីចេះៗ​ទេ។ យើង គឺ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ធ្វើ​ការ​យើង​ឲ្យ​បាន​ល្អ ការពារ​កូន​ក្ដី​របស់​ខ្ញុំ​ឲ្យ​បាន​ល្អ។ ដូច្នេះ ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​ការ​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខងារ​របស់​ខ្ញុំ​បាន។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​សម្រាប់​មេធាវី​ការពារ​ក្ដី ដែល​យើង​ត្រូវ​ធ្វើ​ការ​យ៉ាង​ម៉េច​ក្នុង​លក្ខខណ្ឌ​ត្រឹមត្រូវ ហើយ​ទោះ​បី​ជា​មាន​អ្នក​ណា​តវ៉ា​ប្រកែក​យ៉ាង​ម៉េច យើង​មិន​ដឹង​ទេ។ យើង​សុំ​នេះ គឺ​ដើម្បី​ការងារ​របស់​យើង»

មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) គាំទ្រ​មេធាវី​ជន​ជាប់​ចោទ ខៀវ សំផន ប៉ុន្តែ​លោក​ចង់​ឲ្យ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង ស្ដាប់​សាក្សី​មួយ​រូប​ដែល​មាន​លេខ​សម្គាល់ ៩៩៦ មុន​ពេល​ឡើង​ទៅ​តុលាការ​កំពូល៖ «ចំពោះ​យើង គឺ​សំខាន់​ណាស់​ដែល​ថា​សាក្សី ៩៩៦ ត្រូវ​មក​ផ្ដល់​សក្ខីកម្ម​នៅ​មុន​ពេល​សវនាការ​របស់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល។ ដូច្នេះ យើង​ស្នើសុំ​ពិសេស​តែ​ចំពោះ​សាក្សី ៩៩៦ នេះ​ប៉ុណ្ណោះ»

ការ​តវ៉ា​អំពី​ពេលវេលា និង​ការ​សុំ​ឲ្យ​ផ្អាក​សវនាការ​របស់​សាលា​ដំបូង លោក​ចៅក្រម និល ណុន មិន​ទាន់​ចេញ​សេចក្ដី​សម្រេច​ទេ ហើយ​លោក​ថ្លែង​ថា នឹង​ជូន​ដំណឹង​ដល់​ភាគី​នានា​នៅ​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ។

អង្គ​ជំនុំ​ជម្រះ​ឲ្យ​ដឹង​នៅ​ក្នុង​សវនាការ​ថា តុលាការ​កំពូល កំណត់​កាល​វិភាគ​ធ្វើ​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​លើ​សំណុំ​រឿង ០០២ វគ្គ​១ រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ វិច្ឆិកា ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។