សាក្សី​កំពុង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការ​ជាប់​ពាក់ព័ន្ធ​រឿង​សម្លាប់​ជនជាតិ​ចាម

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ពុធ ទី​១៦ កញ្ញា បន្ត​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​ថ្មី​មួយ​រូប​ទៀត ទាក់ទង​នឹង​ការ​ចាប់​ជនជាតិ​ចាម នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ សក្ខីកម្ម​របស់​សាក្សី​នៅ​សាលា​ដំបូង ៣​រូប​ចុង​ក្រោយ បាន​ក្លាយ​ទៅ​ជា​ការ​ចោទ​ប្រកាន់ និង​ដោះសា​ទៅ​វិញ​ទៅ​មក​ពី​ការ​ជាប់​ពាក់ព័ន្ធ​រឿង​សម្លាប់​ជនជាតិ​ចាម នៅ​ក្នុង​ខេត្ត​កំពង់ចាម។

សាក្សី​ថ្មី​ឈ្មោះ តាយ គឹមហួន គឺ​ជា​សាក្សី​ទី​ពីរ ដែល​បដិសេធ​អំពី​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ចាប់​ជនជាតិ​ចាម យក​ទៅ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម៖ «រឿង សេង ស៊្រុន ចោទ​ប្រកាន់​មក​លើ​ខ្ញុំ ខ្ញុំ​សុំ​បដិសេធ​ហើយ។ ខ្ញុំ​អត់​មាន​ធ្វើ​អ៊ីចឹង​ទេ។ ខ្ញុំ​អត់​មាន​ធ្វើ​មេ​សន្តិសុខ​ឯណា​ឯ​ណី ធ្វើ​មេ​គាត់​ចាប់​ចាម អី​ឯណា​ឯ​ណី​អត់​មាន​ទេ»

ការ​បដិសេធ​នេះ គឺ​ដូច​គ្នា​នឹង​ការ​បដិសេធ​របស់​សាក្សី សំរឹទ្ធ មុយ កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ដែរ ដែល​លោក​ទាំង​ពីរ​ត្រូវ​សាក្សី​ឈ្មោះ សេង ស៊្រុន ចោទ​ថា​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ចាប់​ជនជាតិ​ចាម យក​ទៅ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​វត្ត​អូរ​ត្រកួន នោះ។ ក្នុង​ពេល​ផ្ដល់​សក្ខីកម្ម​ដល់​អង្គ​ជំនុំ​ជម្រះ នៅ​ថ្ងៃ​ទី​១៤ និង​ថ្ងៃ​ទី​១៥ កញ្ញា សាក្សី សេង ស៊្រុន ចោទ លោក សំរឹទ្ធ មុយ ជា​អ្នក​ចាប់​លោក​ឃុំ​ឃាំង​ដប់​ថ្ងៃ ហើយ​ចោទ លោក តាយ គឹមហួន ថា​ជា​អ្នក​ដែល​បញ្ជា​លោក​ឲ្យ​យាម​ក្រុម​ជនជាតិ​ចាម ដែល​គេ​បោស​សម្អាត​ពី​ភូមិ​យក​ទៅ​សម្លាប់៖ «ដូច​ខ្ញុំ​បាន​ប្រាប់​អ៊ីចឹង ខ្ញុំ​ថា ហុក ហឿន ជា​អ្នក​បញ្ជា​ខ្ញុំ ហើយ​ពេល​ទៅ​ដល់​កន្លែង​ហ្នឹង ក៏​គេ​អត់​ប្រាប់​ខ្ញុំ​ថា​ធ្វើ​អី​ដែរ។ ក៏ប៉ុន្តែ​ដល់​ពេល​ខ្ញុំ​ទៅ​ដល់​កន្លែង ឃើញ​សន្តិសុខ​ហ្នឹង​គេ​នាំ​ចាម មក ហើយ​គេ​ប្រាប់​ខ្ញុំ​ថា មិត្ត​ឯង​នៅ​មើល​បង​ប្អូន​ចាម ត្រង់​ហ្នឹង​ហើយ។ គេ​ប្រាប់​អ៊ីចឹង។ អ្នក​ដែល​ប្រាប់​នេះ គឺ​ឈ្មោះ តាយ គឹមហ៊ាន់។ គាត់​នេះ​ជា​អនុប្រធាន​ក្រុម​ដាវ​វែង»

លោក តាយ គឹមហួន ជម្រាប​អង្គ​ជំនុំ​ជម្រះ​ថា លោក​ក៏​ធ្វើ​ការ​លំបាក​វេទនា​ដូច​អ្នក​ដទៃ​ដែរ។ លោក​បដិសេធ​ទៀត​ថា លោក​គ្មាន​តួនាទី​ជា​អនុ​ប្រធាន​ក្រុម​សន្តិសុខ​ដាវ​វែង​ទេ ហើយ​ក៏​មិន​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​នោះ​ដែរ។ លោក តាយ គឹមហួន សន្និដ្ឋាន​ថា ការ​ចោទ​ប្រកាន់​លោក​បែប​នេះ អាច​មក​ពី​ទំនាស់​បច្ចុប្បន្ន ដែល លោក សេង ស្រ៊ុន ចង់​យក​ចំណែក​ដី​វត្ត​អូរ​ត្រកួន ហើយ​លោក​ជា​សមាជិក​គណៈកម្មការ​វត្ត។ លោក តាយ គឹមហួន ថ្លែង​ថា លោក​នឹង​ទៅ​ជួប​សាក្សី សេង ស្រ៊ុន បញ្ជាក់​អំពី​បញ្ហា​នេះ។

ការ​ប៉ុនប៉ង​ប្រឈម​មុខ​នេះ ត្រូវ​បាន​ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ហាម​ឃាត់​ថា​ជា​ច្បាប់៖ «សូម​លោក​សាក្សី​ចៀសវាង​នូវ​ការ​ទៅ​ប្រទូសរ៉ាយ ឬ​ក៏​ប្រកែក​ប្រណាំង​គ្នា ឬ​ក៏​ហ៊ាន​ដល់​ប្រើ​អំពើ​ហិង្សា​អី​ផ្សេងៗ​ទៅ​លើ​ភាគី​ម្ខាង​ទៀត គឺ​លោក សេង ស៊្រុន។ នេះ​ជា​ការងារ​ដែល​លោក​ផ្ដល់​នូវ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ ក្នុង​គោល​បំណង​ស្វែង​រក​ការ​ពិត។ ម្នាក់ៗ​សុទ្ធតែ​រួម​វិភាគទាន​ស្វែង​រក​ការ​ពិត​ក្នុង​រឿង​ក្ដី​ដ៏​លំបាក​ស្មុគស្មាញ​នេះ​ទាំងអស់​គ្នា​ទេ។ យើង​ជឿជាក់​ថា លោក​ជា​អាចារ្យ​វត្ត ហើយ​វ័យ​ចំណាស់​នេះ​ហើយ នឹង​មិន​មាន​បង្ក​នូវ​ព្រឹត្តិ​ហេតុ​អី​ផ្សេងៗ​ទេ»

សវនាការ​ស្ដាប់​សាក្សី ដើម្បី​រក​ការ​ពិត​អំពី​ករណី​សម្លាប់​ជនជាតិ​ចាម នៅ​ខេត្ត​កំពង់ចាម នេះ ខាង​មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ នួន ជា គឺ​លោក វិកទ័រ កូប៉េ (Victor Koppe) ស្នើសុំ​ឲ្យ​អង្គ​ជំនុំ​ជម្រះ កោះ​ហៅ​សាក្សី​របស់​ខ្លួន ៣​រូប​ដែរ។ រហូត​មក​ដល់​ពេល​នេះ សាក្សី​សុទ្ធតែ​បាន​បញ្ជាក់​ថា ជនជាតិ​ចាម រាប់​ពាន់​នាក់ ត្រូវ​ក្រុម​សន្តិសុខ​ខ្មែរ​ក្រហម​ប្រមូល​យក​ទៅ​សម្លាប់​តែ​មួយ​យប់ នៅ​វត្ត​អូរ​ត្រកួន ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម។ សាក្សី​ឲ្យ​ដឹង​ថា មាន​ជនជាតិ​ចាម តែ​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​រត់​រួច​ពី​ការ​សម្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។