សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងពេលធ្វើពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម បានបន់ស្រន់សូមឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងជាពិសេសកុំឲ្យសង្គ្រាមវិលត្រឡប់មកវិញ។
បន្ទាប់ពីពិធីបង្សុកូលចប់ សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានព្រះសវនីយ៍ថា ការរៀបចំពិធីនេះឡើងគ្មានបំណងអ្វីក្រៅពីការរំឭក និងឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់ក្នុងរបបខ្មែរក្រហម ជាពិសេសនៅក្នុងមន្ទីរឃុំឃាំង ស២១ ឬគុកទួលស្លែង នេះទេ។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី៖ «យើងខ្ញុំយល់ឃើញថា ការធ្វើបុណ្យមិនមានរើសពេលរើសវេលាទេ នេះគឺសុទ្ធចិត្តដោយសប្បុរសធម៌ពុទ្ធបរិស័ទទាំងអស់ ដែលចូលរួមក្នុងថ្ងៃនេះ ដើម្បីឧទ្ទិសជាកុសលជូនអ្នកដែលទទួលអនិច្ចកម្មទៅហើយ ដែលយើងមានបញ្ហាច្រើន ដែលយើងមានរបាំងរាំងជុល ដូច្នេះឧទ្ទិសនេះ គឺដើម្បីសុខសន្តិភាពរបស់ប្រទេសជាតិទៅថ្ងៃមុខ កុំឲ្យហេតុការណ៍នេះកើតឡើងសាជាថ្មីឲ្យសោះសូមឲ្យប្រវេជៀសឆ្ងាយ»។
ប៉ុន្តែ សម្ដេចរាជបុត្រី នរោត្តម អរុណរស្មី មានព្រះសវនីយ៍ទៀតថា ព្រះអង្គពុំដឹងថាមានសែរាជវង្សានុវង្សប៉ុន្មាននាក់ ដែលបានទទួលអនិច្ចកម្មទៅក្នុងរបបខ្មែរក្រហមនោះទេ។ ក្នុងពិធីនេះ សម្ដេចរាជបុត្រី មិនភ្លេចនឹកដល់ព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ ឡើយ៖ «ព្រះករុណា បរមរតនកោដ្ឋ ដែលយើងខ្ញុំទាំងអស់គ្នាមានការនឹករឭកយ៉ាងខ្លាំងជាទីបំផុត ព្រះអង្គយាងទត សូមព្រះមេត្តាដល់កូនចៅទាំងអស់ សូមព្រះអង្គលោកថែរក្សាឲ្យព្រះរាជាណាចក្រកម្ពុជា បានគង់វង្សយូរអង្វែងតរៀងទៅ»។
គណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងគុកទួលស្លែង ដោយមានការចូលរួមរបស់ព្រះសង្ឃ ៩៥អង្គ ដូនជីតាជី សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច នៅតាមខណ្ឌទាំង៩ និងប្រជាពលរដ្ឋប្រមាណ ២០០នាក់។
សកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច ខណ្ឌចំការមន លោក សុខ ច័ន្ទសង្វា បានសម្ដែងក្ដីរីករាយដែលបានរួមគ្នាធ្វើពិធីបុណ្យនេះ៖ «ខ្ញុំនាំសកម្មជនមកច្រើននាក់ដែរ ខ្ញុំមានអារម្មណ៍រំភើប ព្រោះថាយើងមិនដែលក្នុងមួយជីវិតយើងអត់បានដើរធ្វើអ៊ីចឹង...សប្បាយចិត្តដែលបានធ្វើបុណ្យឲ្យអ្នកដែលបានស្លាប់ទៅហ្នឹង។ ខ្ញុំសប្បាយរីករាយណាស់ ដោយព្រះអង្គម្ចាស់ក្សត្រី គាត់មានទឹកចិត្តនាំផ្ដល់ឲ្យហ្នឹង»។
ពលរដ្ឋមកពីភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ អ្នកស្រី ឌុក មៃ បានថ្លែងថា នេះជាលើកទី១ហើយដែលគាត់មកឃើញគុកទួលស្លែង ធ្វើឲ្យគាត់មានការសោកសង្រេង៖ «អុជធូបឧទ្ទិសកុសលដល់ញាតិកាដែលបានចែកឋានទៅលំបាក ក៏សុំឲ្យបានក្ដីសុខក្ដីចម្រើនទៅណា។ មានអារម្មណ៍អាណោចអាធ័មអាណិតចិត្តពីមុនមកថា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ វាលំបាកណាស់ណា»។
សម្ដេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ បានឈរជាបេក្ខភាពតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច មណ្ឌលកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
