ព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា កាលពី ៤១ឆ្នាំមុន ជាពេលឡើងកាន់អំណាចរបស់ក្រុមខ្មែរក្រហម ដែលរបបដឹកនាំនេះ បណ្ដាលឲ្យមនុស្សជិត ២លាននាក់បានស្លាប់ និងត្រូវបានកាប់សម្លាប់។ អ្នកប្រវត្តិសាស្ត្រកម្ពុជា ក្រើនរំឭកឲ្យយុវជន សិក្សា និងគិតពិចារណាឲ្យស៊ីជម្រៅពីព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ដើម្បីទាញមកធ្វើជាមេរៀនជីវិត។
អ្នកប្រវត្តិសាស្ត្រ ស្នើឲ្យយុវជនសិក្សាពីប្រវត្តិសាស្ត្រថ្ងៃទី១៧ មេសា ដោយសិក្សាវិភាគតាមភស្តុតាងបែបវិទ្យាសាស្ត្រ។ អ្នកប្រវត្តិសាស្ត្រអះអាងថា ការព្យាយាមមិនរំឭក ឬបំភ្លេចពីប្រវត្តិសាស្ត្រ ជាការសម្លាប់អត្តសញ្ញាណខ្លួនឯង។
អ្នកនិពន្ធសៀវភៅ «ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» លោក ឌី ខាំបូលី ថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម គួរហ៊ានប្រឈមនឹងការពិត ដោយយករឿងរ៉ាវរបស់ខ្លួនចែករំលែកជាមួយយុវជន ហើយយុវជនអាចសិក្សារៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រនេះ ដើម្បីទប់ស្កាត់ការពារមិនឲ្យដើរលើដានប្រវត្តិសាស្ត្រដដែល៖ « ខ្ញុំជឿថា ថ្ងៃ១៧ មេសា មានសារសំខាន់ណាស់សម្រាប់ការចងចាំជាប្រវត្តិសាស្ត្ររបស់ប្រជាជនខ្មែរ និងយុវជនជំនាន់ក្រោយ ដែលបង្ហាញពីលទ្ធផលនៃសង្គ្រាម ទាំងសង្គ្រាមនៅក្នុងស្រុក ក៏ដូចជានៅក្នុងតំបន់ និងសង្គ្រាមត្រជាក់ ដែលមានធាតុជាសង្គ្រាមអន្តរជាតិ ដែលបង្កវិនាសកម្មដល់ប្រទេសកម្ពុជា »។
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា ដែលសមាជិកគ្រួសាររបស់លោកចំនួន ២០នាក់ក្នុងចំណោម ២៤នាក់ បានស្លាប់នៅរបបកម្ពុជាប្រជាធិបតេយ្យ មានប្រសាសន៍ថា យុវជនគួរប្រយ័ត្នប្រយែងពីការជាន់ដានប្រវត្តិសាស្ត្រ ហើយលោកថា យុវជនគួរគិតគូរពិចារណាឲ្យបានដិតដល់ មុននឹងសម្រេចធ្វើអ្វីមួយ៖ « សូមមេត្តាចង់ គិតគូរឲ្យបានប្រត្យក្ស និងចាំបាច់បំផុតត្រូវពិចារណា យកបញ្ញា និងចំណេះដឹងមកប្រើ កុំឲ្យភ្លេចប្រវត្តិសាស្ត្ររបស់ខ្លួន កុំឲ្យជាន់ដានប្រវត្តិសាស្ត្រដ៏ជូរចត់នេះ »។
សម្រាប់សាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ថ្ងៃទី១៧ មេសា ជាកាលបរិច្ឆេទនៃភាពសោកសៅ ជាថ្ងៃចាប់ផ្ដើមនូវសោកនាដកម្ម និងពេលដែលលោកត្រូវបានគេជម្លៀសចេញពីទីក្រុង។
រីឯ លោក ឌី ខាំបូលី យល់ថា ថ្ងៃទី១៧ មេសា ជាការមកដល់នៃអំពើប្រល័យពូជសាសន៍៖ « បើយើងនិយាយពីថ្ងៃ១៧ មេសា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំមួយ ដែលយុវជនខ្មែរជំនាន់ក្រោយ អាចសិក្សារៀនសូត្របានជាការមកដល់នៃរបបកុម្មុយនីស្តខ្មែរក្រហម ដែលកម្ពុជា មិនធ្លាប់ជួបទាល់តែសោះក្នុងប្រវត្តិសាស្ត្រ ២ពាន់ឆ្នាំជាការមកដល់នូវមនោគមវិជ្ជានយោបាយដ៏ហួសហេតុមួយ តាមរយៈកម្មវិធីនយោបាយនានា ជម្លៀសប្រជាជនទាំងស្រុងចេញពីទីក្រុងទៅកាន់ទីជនបទ »។
ក្នុងរយៈកាលជិត ៤ឆ្នាំ ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៃការដឹកនាំរបស់ក្រុមខ្មែរក្រហម ប្រជាជនជិត ២លាននាក់បានស្លាប់ និងត្រូវបានសម្លាប់ ដោយសារការធ្វើទារុណកម្ម ការបង្ខំធ្វើការងារហួសកម្លាំង ការអត់អាហារ និងជំងឺ។ ទន្ទឹមនឹងនេះ ថ្ងៃទី១៧ មេសា គណបក្សប្រឆាំងបានធ្វើពិធីរំឭកខួបជារៀងរាល់ឆ្នាំ ដើម្បីរំឭកពីការចងចាំអំពីរបបកាប់សម្លាប់មួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។