អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មិន​ព្រម​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​នាម​ជា​ជន​ជាប់​សង្ស័យ

0:00 / 0:00

អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម មិន​ព្រម​ចេញ​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​នាម​ជា​ជន​ជាប់​សង្ស័យ​នោះ​ទេ។

អ្នកស្រី អ៊ឹម ចែម ដែល​ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ គឺ​ជា​អតីត​មន្ត្រី​ខ្មែរ​ក្រហម​ប្រចាំ​តំបន់​៥ ខេត្ត​បាត់ដំបង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម តែង​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ ទោះ​ជា​យ៉ាង​ណា ក្រោយ​ពី​ការ​ស៊ើប​អង្កេត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម បាន​បញ្ចប់​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ហើយ​រង់ចាំ​ចេញ​ដីកា​ដំណោះស្រាយ។

របាយការណ៍​ឆ្នាំ​២០១៥ របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ឲ្យ​ដឹង​ថា នៅ​ចុង​ឆ្នាំ​១៩៧៨ និង​ដើម​ឆ្នាំ​១៩៧៩ ខណៈ​ការ​គ្រប់គ្រង​របស់​ខ្មែរ​ក្រហម​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង ស្រប​ពេល​ដែល​កងទ័ព​វៀតណាម ជាង ១២​ម៉ឺន​នាក់ កំពុង​វាយ​ទន្ទ្រាន​ចូល​ពាស​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា នោះ អ្នកស្រី អ៊ឹម ចែម ដែល​ពេល​នោះ​ជា​លេខា​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បាត់ដំបង កំពុង​ជាប់​ដៃ​ត្រួតត្រា​លើ​យុទ្ធនាការ​សម្លាប់​មនុស្ស​ទាំងឡាយ​ណា ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​ប្រឆាំង​នឹង​អង្គការ​បដិវត្តន៍​ខ្មែរ​ក្រហម។

ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញ​ព័ត៌មាន ស្រ៊ីវើល មីតឌៀ (3 World Media) កាល​ពី​ដើម​ឆ្នាំ​២០០៧ អ្នកស្រី អ៊ឹម ចែម បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ណា​ដែល​ភ្ជាប់​អ្នកស្រី​ទៅ​នឹង​ការ​សម្លាប់​មនុស្ស៖ «ខ្ញុំ​នៅ​ក្នុង​សង្គម​ហ្នឹង​មែន តែ​បើ​ថា​ខ្ញុំ​បញ្ជា​ឲ្យ​សម្លាប់ យក​ការ​ពិត​មក ហើយ​អ្នក​ឯង​ដឹង​ថា ខ្ញុំ​សម្លាប់​ហ្នឹង​នៅ​ពេល​ណា? ហើយ​ឈ្មោះ​អី​ដែល​ខ្ញុំ​បញ្ជា​ឲ្យ​សម្លាប់។ ធម្មតា​បង​ប្អូន​តែ​ស្លាប់​ហើយ ចេះ​តែ​ចោទ។ បើ​ថា​ខ្ញុំ​បញ្ជា​ឲ្យ​ទៅ​សម្លាប់​ឈ្មោះ ក ហ្នឹង រក​ការ​ពិត​មក។ បើ​អត់​ពិត អ្នក​ឯង​ចេះ​តែ​ចោទ​គេ។ ខ្ញុំ​រក​ការ​ពិត»

មធ្យោបាយ​មួយ​ដើម្បី​ស្វែងរក​ការ​ពិត ដូច​ការ​ចង់​បាន​របស់ អ្នកស្រី អ៊ឹម ចែម គឺ​តាម​រយៈ​តុលាការ។ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០១៥ និង​មាន​ដីកា​កោះ និង​ដីកា​នាំ​ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ នៃ​សាលា​ក្តី​ខ្មែរ​ក្រហម អ្នកស្រី អ៊ឹម ចែម មិន​បាន​ចេញ​បង្ហាញ​ខ្លួន​ម្តង​ណា​ឡើយ។ ដោយ​គ្មាន​កិច្ច​សហប្រតិបត្តិការ​ពី​រដ្ឋ​អំណាច​កម្ពុជា ផង​នោះ ជន​សង្ស័យ អ៊ឹម ចែម កំពុង​រស់នៅ​គេច​មុខ​ពី​សាធារណៈ។

សាលា​ក្តី​ខ្មែរ​ក្រហម បាន​ចោទ​ប្រកាន់ អ្នកស្រី អ៊ឹម ចែម ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ក្នុង​នោះ​មាន​ការ​ធ្វើ​មនុស្ស​ឃាត ការ​សម្លាប់​រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្ស​ធម៌​ផ្សេង​ទៀត នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រយោង និង​នៅ​ការដ្ឋាន​ស្ពាន​ស្រែង។

អ្នកស្រី អ៊ឹម ចែម ដែល​មាន​ទីលំនៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បញ្ជាក់​ថា ប្រសិន​បើ​អ្នកស្រី​ទៅ​បង្ហាញ​ខ្លួន​នៅ​តុលាការ អ្នកស្រី​នឹង​មិន​ទៅ​ក្នុង​នាម​ជា​ជន​សង្ស័យ ឬ​ជា​ជន​ជាប់​ចោទ​នោះ​ឡើយ៖ «ខ្ញុំ​ទៅ​ឆ្លើយ​តាម​ការ​ពិត​របស់​ខ្ញុំ ដែល​ពេល​កើត​មក ប្រទេស​ជាតិ​មាន​សង្គ្រាម។ ហើយ​ដែល​មាន​តុលាការ​សម្រាប់​កាត់​ទោស អ៊ីចឹង​អ្នក​ណា​ធ្វើ​ខុស​ច្បាប់​ឡើង​តុលាការ​ទៅ។ ឯ​ខ្ញុំ​អត់​ធ្វើ​ខុស ហើយ​មក​ហៅ​ខ្ញុំ ខ្ញុំ​ទៅ​ធ្វើ​អី? គ្រាន់​តែ​បំភ្លឺ​តាម​សាច់​រឿង​ដែល​ខ្ញុំ​ដឹង ខ្ញុំ​ទៅ​បាន តែ​បើ​ឲ្យ​ខ្ញុំ​ទៅ​ឆ្លើយ​ថា​ខ្ញុំ​មាន​ទោស ខ្ញុំ​ទទួល​ទោស អត់​ទេ។ មិន​បាន​ធ្វើ​អី​ខុស​ចំពោះ​ប្រជាជន​ទេ។ អ្នក​ណា​ខុស អ្នក​ហ្នឹង​ទទួល យើង​អត់​ខុស អត់​ទៅ​ទទួល​ទោស​ជំនួស​គេ​ទេ»

អ្នកស្រី អ៊ឹម ចែម មាន​ស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ គ្រួសារ​របស់​អ្នកស្រី បាន​ចូលរួម​តស៊ូ​ប្រដាប់​អាវុធ​ជាមួយ​ក្រុម​ឧទ្ទាម​កុម្មុយនិស្ត​ខ្មែរ​ក្រហម​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៦០។ នៅ​ឆ្នាំ​១៩៧៧ ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ អ្នកស្រី អ៊ឹម ចែម ក្នុង​នាម​ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ដ៏​ឆ្នើម​មួយ​រូប ត្រូវ​បាន​អង្គការ​បដិវត្តន៍​បញ្ជូន​ពី​ភូមិ​ភាគ​និរតី ទៅ​កាន់​តួនាទី​ជា​លេខា​ស្រុក​ព្រះនេត្រព្រះ តំបន់​៥ នៃ​ភូមិ​ភាគ​ពាយ័ព្យ ក្នុង​គ្រា​ដែល​យុទ្ធនាការ​បោស​សម្អាត​កម្មាភិបាល​ខ្មែរ​ក្រហម​នៅ​ទីនោះ​កំពុង​ឡើង​សន្ទុះ​ខ្លាំង។

ការ​បោស​សម្អាត​ខ្មាំង​បដិវត្តន៍​នៅ​ទីនោះ ក៏​នៅ​តែ​បន្ត​កើត​មាន​ក្រោយ​ពេល អ្នកស្រី អ៊ឹម ចែម ផ្លាស់​មក​គ្រប់គ្រង​ស្រុក​ព្រះនេត្រព្រះ។ ជន​រងគ្រោះ​មួយ​ចំនួន​នៅ​មន្ទីរ ស-២១ ឬ​គុក​ទួលស្លែង ក៏​ត្រូវ​គេ​ជឿ​ថា បាន​បញ្ជូន​ចេញ​ពី​ស្រុក​ព្រះនេត្រព្រះ ផង​ដែរ។

អ្នកស្រី អ៊ឹម ចែម បន្ត​ថា ពេល​ទៅ​ដល់​ដំបូង មេ​ស្រុក​ព្រះនេត្រព្រះ ចាស់ បាន​ផ្ទេរ​តំណែង និង​ប្រគល់​ស្ថិតិ​ប្រជាជន​ដែល​មាន​ក្នុង​បញ្ជី​ចំនួន ១០​ម៉ឺន​នាក់​ដល់​អ្នកស្រី ប៉ុន្តែ​បន្តិច​ក្រោយ​មក ចំនួន​ជាក់ស្តែង​ត្រឹម ៩​ម៉ឺន​នាក់​ប៉ុណ្ណោះ៖ «ខ្ញុំ​ទៅ​នៅ​ស្រុក​ព្រះនេត្រព្រះ ចុង​ក្រោយ​យក​គេ​បង្អស់។ ចៅហ្វាយ​ស្រុក​ចាស់​ហ្នឹង​គេ​ហៅ​យក​ទៅ​បាត់​ហើយ គាត់​បាន​ប្រជុំ​ខ្ញុំ​ម្តង​ផ្ទេរ​បញ្ជី​ឲ្យ​ខ្ញុំ។ ទទួល​ពី​គេ​មក​ខែ​ប្រាំបី (៨) ១៩៧៨ ខ្ញុំ​ទៅ​ដល់ ដល់​ខ្ញុំ​ទទួល​បញ្ជី​គេ ១​សែន​នាក់​ហ្នឹង​ហើយ ខ្ញុំ​នៅ​បាន​ប្រហែល​ជា ៣​ខែ ខ្ញុំ​ចាប់​ផ្តើម​ស្រង់​បញ្ជី​ថ្មី ហើយ​ជាក់ស្តែង​វា​បាត់ ១​ម៉ឺន នៅ​សល់​តែ ៩​ម៉ឺន​ទេ។ មិន​មែន​ស្លាប់​ហ្នឹង​ដោយសារ​តែ​គេ​សម្លាប់​ទេ។ ស្លាប់​ដោយ​អត់​បាយ ជំងឺ អ៊ីចឹង​ការ​ស្លាប់​នេះ​មិន​មែន​ស្លាប់​ដោយសារ​គេ​សម្លាប់​ទាំងអស់​ទេ»

អ្នកស្រី អ៊ឹម ចែម ទទួល​ស្គាល់​ថា មាន​បញ្ហា​ជាច្រើន​កើត​មាន​នៅ​ក្នុង​ស្រុក​ព្រះនេត្រព្រះ ក្រោម​ការ​គ្រប់គ្រង​របស់​អ្នកស្រី ប៉ុន្តែ​អ្នកស្រី​បដិសេធ​ថា អ្នកស្រី​មិន​ដែល​បាន​សម្លាប់ ឬ​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​សោះ​ឡើយ៖ «អត់​ទេ។ ខ្ញុំ​ក្តាប់​ប្រជាជន​រហូត អត់​បញ្ជា​ឲ្យ​ទៅ​សម្លាប់​អ្នក​នេះ​អ្នក​នោះ​ទេ ព្រោះ​យើង​នៅ​ជាប់​ប្រជាជន​រហូត មិន​អាច​ធ្វើ​អ៊ីចឹង​បាន​ទេ បើ​យោធា​ផែនការ​គេ​យោធា​តែ​ម្តង អា​ហ្នឹង​គេ​សម្លាប់​គេ​អី។ បើ​យើង​នៅ​ជាមួយ​ប្រជាជន ទៅ​វាយ​គេ​ស្រស់ៗ​ដៃ​ទទេ​ហ្នឹង គេ​វាយ​ងាប់​វិញ​ហើយ។ ប៉ុន្តែ​រឿង​ដោះស្រាយ ស្លាប់​ដោយ​ជំងឺ ដោយ​អត់​បាយ អត់​ទឹក​ដូច​សព្វថ្ងៃ​អ៊ីចឹង​មាន តែ​ថា​ឲ្យ​ទៅ​សម្លាប់​គេ បញ្ជា​ឲ្យ​សម្លាប់​អ្នក​នេះ​អ្នក​នោះ អត់​មាន​ទេ បើ​យោធា​មាន»

មិន​ដឹង​ថា​នេះ​ជា​ពាក្យ​ពិត​ចេញ​ពី​បេះដូង ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​ក្រោយ​ពេល​បម្រើ​យ៉ាង​ស្មោះ​ស្ម័គ្រ​ចលនា​កុម្មុយនិស្ត​ខ្មែរ​ក្រហម​ប្រមាណ បី (៣) ទសវត្ស​មក អ្នកស្រី អ៊ឹម ចែម បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​របៀប​របប​ខ្លះៗ​នៃ​ការ​គ្រប់គ្រង​ប្រទេស​របស់​ខ្មែរ​ក្រហម។ អតីត​ជន​បដិវត្តន៍​ខ្មែរ​ក្រហម​ចាស់​វស្សា​រូប​នេះ ចង់​ឃើញ​ខ្មែរ​ក្រហម​នៅ​ពេល​កាន់​អំណាច ផ្តល់​សិទ្ធិ​សេរីភាព​ដល់​ពលរដ្ឋ​ឲ្យ​បាន​ច្រើន៖ «ហើយ​រៀបចំ​ឯកជន ការ​រស់នៅ​មាន​សិទ្ធិ​រក​ស៊ី​ដើរ​ហើរ​ដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ​គ្រប់គ្រាន់ ត្រង់​នេះ​ដែល​ខ្ញុំ​ពេញ​ចិត្ត។ ពី​មុន​ដែល​ធ្វើ​ខុស ខ្ញុំ​សោកស្ដាយ។ ឯ​ប្រឹងប្រែង​ត​ទៅ​ទៀត​នេះ ក៏​លើក​អង្កាល់​ណោះ​មក​ឲ្យ​បង្ហាញ​ឲ្យ​ប្រជាជន​ដឹង​ដែរ កុំ​ធ្វើ​អ៊ីចឹង​ទៀត។ ឯ​ទី​២ ធំ កាល​ណោះ​គេ​ហៅ​ថា ម៉ឺងម៉ាត់​នោះ ផែនការ​ច្រើន​តែ​ផ្ដាច់ការ ហើយ​ច្បាប់​ច្រើន​តែ​អត្តនោម័តិ​លើ​បុគ្គល ហ្នឹង​មាន ២​ចំណុច​ដែល​ធំ កាល​ធ្វើ​ខ្មែរ​ក្រហម​មាន​តែ​ពីរ​ហ្នឹង ក្រៅ​ពី​នោះ​អត់​អី​ទេ ត្រឹមត្រូវ​ព្រោះ​សង្គម​យើង​អត់​មាន​ស្រី​ពេស្យា​អាវ៉ាសែ ប្រុស​សំផឹង​អី​អត់​មាន​ទេ ស្អាតស្អំ​តែ​ម្តង ប្រពន្ធ​មួយ គឺ​មួយ​ហើយ។ ខ្ញុំ​ឃើញ​ដែល​ស្ដាយ​ក្រោយ​មាន ២​ហ្នឹង​ដែល​ធំ។ ក្រៅ​ពី​នោះ គ្មាន​អី​ខុស​ជាង​ហ្នឹង​នេះ​ទៀត អត់​មាន​ទេ។ នោះ​ខ្ញុំ​ស្ដាយ​ក្រោយ​ពេល​ខ្ញុំ​ដឹក​នាំ​នៅ​ពេល​នោះ ហើយ​ផ្ទាល់​ខ្លួន​ខ្ញុំ ពិត​មែន​ខ្ញុំ​មិន​ចេះ​ចោទ​ប្រកាន់​គេ ខ្ញុំ​ចេះ​ពិចារណា​មែន ប៉ុន្តែ​នៅ​ក្នុង​សង្គម​នោះ វា​ចូល​ក្នុង​ទូក​តែ​មួយ។ អ្នក​ជិះ​ទូក ម៉ា​ទូក បើ​អ្នក​ដឹក​នាំ​ចែវ​វា​លិច​ទឹក​វា​លិច​ហើយ»

បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​អស់​រយៈពេល​ជាង ៦​ឆ្នាំ​មក សំណុំ​រឿង​០០៤ របស់ អ្នកស្រី អ៊ឹម ចែម ត្រូវ​បាន​សាលា​ក្តី​ខ្មែរ​ក្រហម បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។

បច្ចុប្បន្ន ការិយាល័យ​សហ​ចៅក្រម​ស៊ើប​អង្កេត កំពុង​វាយ​តម្លៃ និង​វិភាគ​ទៅ​លើ​ភស្តុតាង និង​ឯកសារ​នានា ដើម្បី​ឈាន​ទៅ​ដំណាក់​កាល​ចុង​ក្រោយ គឺ​ការ​កំណត់​ថា តើ​ជន​សង្ស័យ អ៊ឹម ចែម ពិត​ជា​ស្ថិត​នៅ​ក្នុង​ដែន​កំណត់​យុត្តាធិការ​ដែល​ត្រូវ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ជំនុំ​ជម្រះ​ក្ដី ឬ​ត្រូវ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ ហើយ​ការ​សម្រេច​ចុង​ក្រោយ​ណា​មួយ​នេះ នឹង​ចេញ​ជា​ដីកា​ដំណោះស្រាយ ដែល​គេ​រំពឹង​ថា អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​មីនា ឆ្នាំ​២០១៦។

អ្នកស្រី អ៊ឹម ចែម ជាប់​ចោទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម ប្រព្រឹត្ត​ឡើង​រវាង​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​មាន​មនុស្ស​ជិត ២​លាន​នាក់​បាន​ស្លាប់​ដោយសារ​ការ​សម្លាប់ ការ​អត់​អាហារ ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​បាក់​កម្លាំង និង​ជំងឺ​តម្កាត់​ដែល​គ្មាន​ថ្នាំ​ព្យាបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។