នៅថ្ងៃទី១៧ មេសា ជាថ្ងៃគម្រប់ខួប ៤២ឆ្នាំ ពេលដែលពួកខ្មែរក្រហមឡើងគ្រប់គ្រងអំណាច ហើយធ្វើឲ្យពលរដ្ឋខ្មែរស្លាប់ជិត ២លាននាក់។ គណបក្សសង្គ្រោះជាតិ រំឭកថ្ងៃនេះដើម្បីបង្ការកុំឲ្យមានរបបនេះទៀត។
មន្ត្រីដឹកនាំគណបក្សសង្គ្រោះជាតិ ជនរងគ្រោះជាង ១០០នាក់ រួមទាំងព្រះសង្ឃផង នៅព្រឹកថ្ងៃទី១៧ មេសា រៀបចំពិធីបង្សុកូលនៅវាលពិឃាដជើងឯក ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបខ្មែរក្រហម ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ថ្លែងថា ការរំឭកអំពីព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឡើងវិញនេះ គឺជាការចងចាំតាមបែបសាសនាផង និងនយោបាយផង ដែលគណបក្សលោកត្រូវធ្វើ ដើម្បីកុំឲ្យសោកនាដកម្មបែបនេះកើតឡើងម្ដងទៀត៖ « ទីមួយ ធ្វើយ៉ាងម៉េចកុំឲ្យអំពើ ប្រល័យពូជសាសន៍ ហ្នឹងវិលមកវិញបាន។ ទីពីរ ការប្រល័យ ពូជសាសន៍ ការ ធ្វើបាប ប្រជាពលរដ្ឋនេះ មិនមែនតែរូបភាពខ្មែរក្រហមទេ អ្នកដឹកនាំណាដែលមិនគោរពឆន្ទៈប្រជាពលរដ្ឋ ពេលខ្លួនមានអំណាច ខ្លួនធ្វើអីបានសព្វបែបយ៉ាង នេះជាចំណុចមួយដែលគណបក្សសង្គ្រោះជាតិ មិនចង់បានទេ ហើយតែង តែព្យាយាមណែនាំដល់សកម្មជនយើង ថ្នាក់ដឹកនាំយើងគ្រប់លំដាប់ថ្នាក់ គឺធ្វើម៉េច យើងចៀសវាង រឿងហ្នឹងឲ្យបាន។ ទោះនៅពេលក្ដី នៅពេលយើងកាន់អំណាចក្ដី ក៏យើងត្រូវធ្វើម៉េច ជួយការពារ កុំឲ្យមានបុគ្គលណាមួយ កុំឲ្យអង្គការស្ថាប័នណាមួយ ប្រព្រឹត្តអំពើដូចដែលពួក ខ្មែរក្រហម បានធ្វើហ្នឹង ឬក៏ទម្រង់ណាដែលធ្វើឲ្យប្រជាពលរដ្ឋមានការ ស្អប់ខ្ពើម រង្កៀសចិត្ត ទម្រង់ណាដែល ធ្វើឲ្យ ប្រជាពលរដ្ឋរងទុក្ខវេទនា » ។
លោកមានប្រសាសន៍បន្តថា ការរឭកការចងចាំថ្ងៃទី១៧ មេសា ជាករណីយកិច្ចរបស់គណបក្សសង្គ្រោះជាតិ ព្រោះក្នុងរយៈពេល ៤២ឆ្នាំមកនេះ ពលរដ្ឋនៅតែឈឺចាប់។ លោកបន្តថា មិនមែនតែបង្ការទម្រង់សោកនាដកម្មក្នុងរបបខ្មែរក្រហមទេ គឺកុំឲ្យមានទម្រង់ជិះជាន់ គាបសង្កត់ និងការរំលោភសិទ្ធិមនុស្ស។
ជនរងគ្រោះពីរបបខ្មែរក្រហមមួយរូប លោកស្រី ចាន់ គឹមសួន ថ្លែងថា លោកស្រីនៅតែឈឺចាប់ពីរបបនោះ ដែលប្ដីរបស់លោកស្រី និងសាច់ញាតិមួយចំនួនទៀត ត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់នៅខេត្តកំពត ហើយលោកស្រីចង់បានយុត្តិធម៌៖ « ខ្ញុំសុំឲ្យអង្គការខ្មែរក្រហមដោះស្រាយកាត់ក្ដីដោយយុត្តិធម៌ ឲ្យបាននូវសំណង ខ្ញុំយកមកធ្វើបុណ្យឧទ្ទិសមគ្គផលដល់កូន ប្ដី បងប្អូនរបស់ខ្ញុំឲ្យយុត្តិធម៌ » ។
នៅពេលនេះ មានតែគណបក្សប្រឆាំងទេដែលរំឭកថ្ងៃទី១៧ មេសា។ រីឯគណបក្សប្រជាជនកម្ពុជា យកថ្ងៃទី២០ ខែឧសភា ជាថ្ងៃរំឭកវិញ្ញាណក្ខន្ធ ដែលពីមុនហៅថាទិវាចងកំហឹង។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់បញ្ជាក់ថា ថ្ងៃទី១៧ មេសា ជាមេរៀននៃភាពខ្លោចផ្សារបស់គ្រួសារ និងជាការបែកបាក់ជាតិដោយសារភាពជ្រុលនិយមនៃអ្នកនយោបាយខ្មែរ៖ « ១៧ មេសា ធ្វើឲ្យខ្ញុំនឹកឃើញអំពីការបែកបាក់ក្នុងសង្គមជាតិពីការជ្រុលនិយមរបស់អ្នកនយោបាយ ដែលនិយមខាងលិច និងនិយមខាងកើត ដែលធ្វើឲ្យញែកទាញគ្នាយើងឲ្យក្លាយជាសត្រូវរវាងគ្នា និងគ្នា។ ដូច្នេះខ្ញុំសូមឧទ្ទិសថ្ងៃ១៧ មេសា ហ្នឹង គួរពិចារណាសាជាថ្មី ពិចារណាចំពោះការបែកបាក់រហូតដល់មូលដ្ឋានគ្រឹះនៃប្រជាជាតិ នៃការរួបរួមគ្នា ប្រជាជាតិនៃពូជសាសន៍តែមួយ តែយើងឃើញរហូតមកដល់ពេលនេះ នៅតែឈ្លោះគ្នាដដែល ដែលបង្ហាញអំពីអ្វីដែលមិនបានរៀនសូត្រពី ១៧ មេសា ច្បាស់លាស់ គឺសុទ្ធតែជ្រុលនិយម » ។
ដូចគ្នានេះ ឧត្ដមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ លោក គង់ គាំ អំពាវនាវដល់ភាគីនយោបាយកម្ពុជា បើកចិត្តឲ្យមានវប្បធម៌សន្ទនាគ្នា និងអត់ឱនឲ្យគ្នា ដើម្បីឲ្យខ្មែរសាមគ្គីគ្នា។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីឆ្លើយតបបានទេនៅថ្ងៃដដែល។
នៅថ្ងៃដដែល អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុក (facebook) ថា របបខ្មែរក្រហមដឹកនាំដោយ ប៉ុល ពត ដែលជាក្រុមកុម្មុយនិស្តចំណុះចិន និងរបបថ្មីដឹកនាំដោយលោក ហេង សំរិន ជាកុម្មុយនិស្តចំណុះវៀតណាម ក្រោយឆ្នាំ១៩៧៩ ជារបបកុម្មុយនិស្តកើតចេញពីប្រភពកុម្មុយនិស្តតែមួយក្នុងឆ្នាំ១៩៥១។
ថ្ងៃទី១៧ មេសា កាលពីឆ្នាំ១៩៧៥ ជាថ្ងៃដែលពួកខ្មែរក្រហមឡើងកាន់អំណាចគ្រប់គ្រងប្រទេស ធ្វើបាបកាប់សម្លាប់ពលរដ្ឋខ្មែរជិត ៤ឆ្នាំ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ពេលដែលពួកខ្មែរក្រហមត្រូវបានផ្ដួលរំលំដោយកងទ័ពគណបក្សប្រជាជនកម្ពុជា គាំទ្រដោយកងទ័ពវៀតណាម ជាង ១សែននាក់។
ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ១៩៧៥ នេះ សូមស្ដាប់បទសម្ភាសន៍របស់លោក សេក បណ្ឌតិ ជាមួយបណ្ឌតិ មាស នី ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។