សាលាក្ដី​ខ្មែរក្រហម​​មិន​ទាន់​សម្រេច​លើ​ឯកសារ​អ្នក​ជំនាញ​អន្តរជាតិ​ដែល​អង្គ​ជំនុំជម្រះ​កោះ​ហៅ

0:00 / 0:00

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​មិន​ទាន់​សម្រេច​លើ​ឯកសារ​របស់​អ្នក​ជំនាញ​អន្តរជាតិ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ស្ដាប់​ហេតុផល​ពី​ភាគី​នានា ពាក់ព័ន្ធ​នឹង​ឯកសារ និង​ការ​កោះហៅ​អ្នក​ជំនាញ​រូប​នោះ​ហើយ​ក្ដី។

អង្គ​ជំនុំជម្រះ​សាលាដំបូង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា បាន​ពិភាក្សា​គ្នា​លើ​ឯកសារ​ភស្តុតាង​ថ្មី​ដែល​ភាគី​សហ​ព្រះរាជអាជ្ញា និង​ភាគី​ការពារ​ក្ដី​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ទទួល​យក សម្រាប់​ការ​ស្ដាប់​អ្នក​ជំនាញ លេខ​កូដ​ថា 2TCE-82 ដែល​នឹង​មក​ចូលរួម​សវនាការ​បន្តបន្ទាប់​ខាង​មុខ​នេះ។

ប្រធាន​ចៅក្រម​ជំនុំជម្រះ លោក យ៉ា សុខន ថ្លែង​ថា ការ​ពិភាក្សា​នេះ គឺ​ស្ដាប់​ហេតុផល​ភាគី​ទាំង​ពីរ​ថា តើ​អាច​ទទួល​យក​ឯកសារ​ទាំង​នោះ​បាន​ឬ​យ៉ាង​ណា៖ «កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា សហ​ព្រះរាជអាជ្ញា​បាន​ស្នើ​សុំ​អង្គ​ជំនុំជម្រះ​ឱ្យ​ទទួល​យក​ឯកសារ​ចំនួន​ពីរ ដែល​និពន្ធ​ដោយ​អ្នក​ជំនាញ 2TCE-82។ ឯកសារ​ដែល​អ្នក​ជំនាញ​នេះ​និពន្ធ គឺ​ទី​មួយ មាន​ចំណង​ជើង​ថា "អំពើ​ហិង្សា​ផ្នែក​យេនឌ័រ ប្រឆាំង​អនីតិភាព​ផ្លូវ​ភេទ ក្នុង​របប​ខ្មែរក្រហម"។ ឯកសារ​ទី​ពីរ គឺ​ជា​សៀវភៅ​មាន​ចំណង​ជើង​ថា "មាតុភាព​ពេល​សង្គ្រាម ការ​មាន​ផ្ទៃពោះ​ក្នុង​របប​ខ្មែរក្រហម"»

លោក​ចៅក្រម​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នោះ មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន ក៏​បាន​ស្នើ​សុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ទទួល​យក​ឯកសារ​ប្រវត្តិរូប​របស់​អ្នក​ជំនាញ​រូប​នេះ និង​ឯកសារ​ចំនួន ៥​ដែរ។ រី​ឯ​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា ក៏​សុំ​ឱ្យ​ទទួល​យក​ឯកសារ​ចំនួន​ពីរ។ ឯកសារ​ពីរ​នោះ គឺ​ទី​មួយ​ប្រវត្តិ​ការងារ​របស់​អ្នក​ជំនាញ និង​ទី​ពីរ គឺ​ជា​របាយការណ៍​របស់​អ្នក​ជំនាញ ស្ដីពី​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​ក្នុង​អំឡុង​ពេល​មាន​ជម្លោះ នៅ​ក្នុង​ប្រទេស​សារ៉ាឡេអូន (Sierra Leone) ដែល​អាច​ប្រៀបធៀប​ជាមួយ​របប​ខ្មែរក្រហម។

សហ​ព្រះរាជអាជ្ញា​មិន​ជំទាស់​នឹង​សំណើ​សុំ​ឱ្យ​ទទួល​យក​ឯកសារ​របស់​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​នោះ​ទេ ប៉ុន្តែ​លើក​ហេតុ​ថា ឯកសារ​ដែល​មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ​ស្នើសុំ​នោះ មាន​ចំនួន​ប្រមាណ ២.០០០​ទំព័រ ហើយ​ដាក់​យឺត​ពេល។ សហ​ព្រះរាជអាជ្ញា​សុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ដកស្រង់​យក​ផ្នែក​ខ្លះ​នៃ​សៀវភៅ​របស់​អ្នក​ជំនាញ ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបការ​ដោយ​បង្ខំ ដោយ​មិន​យក​ទំព័រ​ដែល​និយាយ​ពី​រឿងរ៉ាវ​ផ្សេង​ទៀត​ឡើយ។

មេធាវី​ភាគី​ជនជាប់ចោទ ខៀវ សំផន គឺ​អ្នកស្រី អង់តា ហ្គីហ្សេ (Anta Guisse) នៅ​តែ​ទទូច​ឱ្យ​អង្គ​ជំនុំជម្រះ​ទទួល​យក​ឯកសារ​ពេញ​ទាំង​អស់ ដូច​សំណើសុំ​របស់​សហ​ព្រះរាជអាជ្ញា​ដែរ៖ «នៅ​ក្នុង​ការ​ជំនុំជម្រះ​ដែល​មាន​បទ​ចោទ​ជាក់លាក់​ចំពោះ​យើង យើង​មិន​មាន​ហេតុផល​អី​ត្រូវ​សួរ​អ្នក​ជំនាញ​ទៅ​បញ្ហា​បញ្ហា​មិន​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ទេ។ ដូច្នេះ យើង​មិន​សុំ​ពេល​វេលា​បន្ថែម ដើម្បី​និយាយ​អំពី​បទ​ចោទ​ផ្សេង​ទេ។ យើង​នឹង​និយាយ​តែ​អំពី​ផ្នែក​ពាក់ព័ន្ធ​នឹង​ការ​រៀប​អាពាហ៍ពិពាហ៍ ដែល​ឱ្យ​ទទួល​យក​ជា​ភស្តុតាង​នោះ។ នៅ​ក្នុង​សំណើ​របស់​យើង យើង​បាន​ស្នើសុំ​ដាក់​ឯកសារ​ទាំង​ស្រុង ពីព្រោះ​វា​ពិបាក​ក្នុង​ការ​បែងចែក​ឱ្យ​ដាច់​ណាស់។ ក៏​ប៉ុន្តែ យើង​បាន​ជ្រើសរើស​ផ្នែក​ពាក់ព័ន្ធ ដែល​យើង​ចង់​សួរ​ទៅ​អ្នក​ជំនាញ។ អ៊ីចឹង​ខ្ញុំ​គិត​ថា យើង​ចង់​ធ្វើ​បែប​ហ្នឹង​ហើយ»

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​ទី​៥ កញ្ញា ក៏​បាន​បន្ត​ធ្វើ​សវនាការ​ស្ដាប់​សក្ខីកម្ម​សាក្សី​ថ្មី​មួយ​រូប​ទៀត ដែល​មាន​លេខ​កូដ​ថា 2TCW-1002។ ក៏​ប៉ុន្តែ​សាក្សី​រូប​នេះ ត្រូវ​បាន​ប្រធាន​អង្គ​ជំនុំជម្រះ លោក​ចៅក្រម យ៉ា សុខន សម្រេច​ធ្វើ​សវនាការ​ជា​អសាធារណៈ ដោយសារ​តែ​សាក្សី​ឋិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​ផ្សេង​នៅ​ឡើយ។ នៅ​ពេល​នេះ អង្គ​ជំនុំជម្រះ​សាលាដំបូង​កំពុង​ធ្វើ​សវនាការ​លើ​រឿងរ៉ាវ​រៀបការ​ដោយ​បង្ខំ​នៅ​ក្នុង​របប​ខ្មែរក្រហម។ អង្គ​ជំនុំជម្រះ​នឹង​បន្ត​សវនាការ​របស់​ខ្លួន​ទៀត នៅ​ថ្ងៃ​ទី​៦ កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។