សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ដើម​បណ្ដឹង​ទាក់ទង​នឹង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​កញ្ញា បាន​ធ្វើ​សវនាការ​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាក់ទង​នឹង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ។ ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដែល​ឡើង​មក​ថ្លែង​ទុក្ខសោក​ទី​មួយ ឈ្មោះ នួន ណារុំ អតីត​ជា​សមាជិក​ពលករ​កង​ចល័ត​មួយ​រូប​នៅ​ការដ្ឋាន​ធ្វើ​ការងារ​ដោយ​បង្ខំ​លើក​ទំនប់​អាង ១​មករា ខេត្ត​កំពង់ធំ។

ដើម​បណ្ដឹង​រដ្ឋប្បវេណី នួន ណារុំ ហៅ អ៊ុយ សំណា ជា​អ្នក​មាន​កំណើត​នៅ​ខេត្ត​កំពង់ចាម ថ្លែង​ថា ការងារ​នៅ​លើក​ទំនប់​អាង ១ មករា ខេត្ត​កំពង់ធំ នោះ​លំបាក​ខ្លាំង​ណាស់ គឺ​ត្រូវ​ធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ មិន​ថា​ឈឺ ឬ​ជា។ បន្ថែម​លើ​ការ​លំបាក​នេះ​ទៀត មាន​ពលករ​ជា​ច្រើន​នាក់​ត្រូវ​បាត់​ខ្លួន ឬ​ចាប់​យក​ទៅ​សម្លាប់។

លោកស្រី​ នួន ណារុំ ថ្លែង​ថា សមាជិក​គ្រួសារ​ទាំង​អស់​លោកស្រី ក៏​ត្រូវ​ពួក​ខ្មែរក្រហម​យក​ទៅ​សម្លាប់​ដែរ៖ «ពេល​ខ្ញុំ​ឈរ​នៅ​កន្លែង​ចុងភៅ​គេ ស្រាប់​តែ មុំ នៅ​ភូមិ​ជា​មួយ​នាង​ខ្ញុំ ដែល​ជា​អ្នក​ថ្មី​ដូច​គ្នា​នៅ​កងចល័ត​ហ្នឹង ប្រាប់​ថា បង! ព្រឹកមិញ គេ​យក​ម៉ែ​ឪ​យើង​ទៅ​សម្លាប់​អស់​ហើយ។ ពេល​នោះ​នាង​ខ្ញុំ​ដូច​បាត់​ព្រលឹង​អស់ ចង់​ជ្រុះ​ចានដែក​ពី​ដៃ​ហើយ។ ពេល​នោះ​ខ្ញុំ​សួរ មុំ ថា ចុះ​យើង តើ​យើង​ត្រូវ​ទៅ​ឬ​អត់? តែ មុំ ថា គេ​យក​ទៅ​តាំង​ពី​ព្រឹក​ម្ល៉េះ យើង​មិន​អាច​ទៅ​បាន​ទេ វា​ហួស​ពេល​ទៅ​ហើយ»

ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប​ទៀត គឺ​លោកស្រី ចៅ ឡាង ដែល​ជា​អតីត​ពលករ​កងចល័ត​នៅ​ទំនប់ ១ មករា ក៏​ថ្លែង​ពី​ទុក្ខសោក​របស់​លោកស្រី ជូន​អង្គ​ជំនុំជម្រះ​ដែរ។ លោកស្រី​បញ្ជាក់​ថា លោកស្រី​ត្រូវ​ពួក​ខ្មែរ​ក្រហម​បង្ខំ​ឱ្យ​រែក​ដី​លើក​ទំនប់​ហួស​កម្លាំង។ លោកស្រី​ត្រូវ​តែ​ធ្វើ​ព្រោះ​ខ្លាច​គេ​យក​ទៅ​សម្លាប់។

លោកស្រី ចៅ ឡាង ជម្រាប​អង្គ​ជំនុំជម្រះ​ថា គ្រួសារ​បង​របស់​លោកស្រី ត្រូវ​ពួក​ខ្មែរក្រហម​ចាប់​យក​ទៅ​សម្លាប់​ដោយ​ចោទ​ថា ជា​ខ្មែរ​ស។ ការ​ចោទ​បែប​នេះ ក៏​ព្រោះ​តែ​បង​របស់​លោកស្រី​មាន​អំបិល ដែល​បាន​ពី​ការ​ដូរ​នាឡិកា។ អ្នក​ជិត​ខាង​ប្រាប់​លោកស្រី​ថា គ្រួសារ​បង​របស់​លោកស្រី​ត្រូវ​គេ​ចង​អូស​មុន​នឹង​សម្លាប់៖ «ខ្ញុំ​សួរ​គេ​ទៅ​វិញ​ថា បើ​គេ​ចោទ​គាត់​ថា​ជា​ខ្មែរ​ស តើ​គេ​យក​គាត់​ទៅ​សម្លាប់​យ៉ាង​ដូច​ម្ដេច? គេ​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា ប្ដី និង​ប្រពន្ធ គេ​ដាក់​ច្រវាក់​ទាក់​នឹង​រទេះ​គោ។ កូន​អាយុ​បី ក៏​គេ​ដាក់​អ៊ីចឹង​ដែរ។ គេ​អូស​បញ្ច្រាស​កាត់​ព្រៃ​ទៅ​ហើយ។ តើ​បង​ស្រី​ខ្ញុំ ក្មួយ​ខ្ញុំ​វេទនា​យ៉ាង​ណា?»

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​ពីរ​រូប នៅ​តែ​ចង់​ដឹង​ថា ហេតុ​អ្វី​បាន​ជា​រឿងរ៉ាវ​បែប​នេះ កើត​ឡើង​ចំពោះ​ពួក​គាត់។ តាម​រយៈ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង ពួក​គាត់​សួរ​ទៅ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ថា តើ​មាន​គោល​បំណង​អ្វី​បាន​ជា​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង ឱ្យ​ទៅ​ធ្វើការ​ហួស​កម្លាំង និង​មិន​ឱ្យ​ហូប​ឆ្អែត?

ជនជាប់ចោទ នួន ជា និង ខៀវ សំផន មិន​បាន​ឆ្លើយ​តប សំណួរ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ទាំង​ពីរ​ទេ ដោយសារ​តែ​ជន​ជាប់​ចោទ​ទាំង​ពីរ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ថា នឹង​រក្សា​សិទ្ធិ​នៅ​ស្ងៀម​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ពី​ភាគី​ទាំង​ឡាយ​ទេ រួម​ទាំង​សំណួរ​របស់​អង្គ​ជំនុំជម្រះ​ផង។

បន្ទាប់​ពី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ពីរ​រូប​នេះ អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​ការ​ថ្លែង​ទុក្ខ​សោក​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ពីរ​រូប​ទៀត នៅ​ថ្ងៃ​ទី​២ កញ្ញា ទាក់ទង​នឹង​អង្គហេតុ​ការងារ​ដោយ​បង្ខំ នៅ​ការដ្ឋាន​ធ្វើ​ទំនប់​អាង​ត្រពាំងថ្ម ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។