អ្នក​បកប្រែ​ភាសា​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ

0:00 / 0:00

សវនាការ​នៃ​អង្គ​ជំនុំជម្រះ​សាលាដំបូង​សាលាក្ដី​ខ្មែរក្រហម ត្រូវ​បាន​ផ្អាក​ទៅ​វិញ នៅ​ពេល​ចាប់​ផ្ដើម​សវនាការ​​ជាថ្មី​នៅ​ថ្ងៃ​ដំបូង ដោយសារ​តែ​ក្រុម​បុគ្គលិក​ផ្នែក​បកប្រែ​ភាសា​នៅ​ខាង​ភាគី​កម្ពុជា ធ្វើ​ពហិការ​មិន​បំពេញ​ការងារ។ បញ្ហា​នេះ​កើត​ឡើង​ក៏​ព្រោះ​តែ​ពួក​គេ​មិន​បាន​ទទួល​ប្រាក់​ខែ ៣​ខែ​មក​ហើយ។

ក្រុម​អ្នក​បកប្រែ​ភាសា​នៅ​សាលាក្ដី​ខ្មែរ​ក្រហម បាន​ប្រកាស​ជូន​អង្គ​ជំនុំជម្រះ​សាលាដំបូង​ភ្លាមៗ នៅ​ពេល​ចាប់​ផ្ដើម​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​អ្នក​ជំនាញ​អន្តរជាតិ ឈ្មោះ ហ្វីលីព ហ្សត (Philip Short) ដែល​គ្រោង​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៣។

នៅ​មុន​ពេល​ប្រធាន​អង្គ​ជំនុំជម្រះ​ចាប់​ផ្ដើម​ប្រកាស​បើក​សវនាការ​ ក្រុម​អ្នក​បកប្រែ​ភាសា​ប្រកាស​ថា ខ្លួន​នឹង​មិន​ធ្វើ​ការ​ទេ ប្រសិន​បើ​មិន​បា​ប្រាក់​ខែ៖ «សូម​គោរព​លោក​ប្រធាន សូម​គោរព​លោក លោកស្រី​ចៅក្រម សូម​គោរព​ភាគី​ទាំង​អស់​ដែល​មាន​វត្តមាន​នៅ​ទី​នេះ! យើង​ខ្ញុំ​ជា​បុគ្គលិក​ជាតិ​ផ្នែក​បកប្រែ​ភាសា​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា សូម​ប្រកាស​អនុវត្ត​ការ​ធ្វើ​ពហិការ​មិន​បំពេញ​ការងារ​ចាប់​ពី​នេះ ថ្ងៃ​ច័ន្ទ ទី​៤ ខែ​មីនា ឆ្នាំ​២០១៣ នេះ​តទៅ រហូត​ដល់​យើង​ខ្ញុំ​ទទួល​បាន​ប្រាក់​ពេញលេញ​សម្រាប់​ខែ​ធ្នូ ឆ្នាំ​២០១២ និង​ខែ​មករា ខែ​កុម្ភៈ ឆ្នាំ​២០១៣ ទើប​យើង​ខ្ញុំ​ចាប់​ផ្ដើម​បំពេញ​ការងារ​ដូច​ប្រក្រតី​ឡើង​វិញ។ សូម​អរគុណ​លោក​ប្រធាន»

ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង លោក​ចៅក្រម និល ណុន ថ្លែង​ថា អង្គ​ជំនុំជម្រះ​មិន​អាច​អាច​ធ្វើ​អ្វី​បាន​ទេ ចំពោះ​បញ្ហា​ពហិការ​របស់​អ្នក​បកប្រែ​ដែល​មិន​បាន​ទទួល​ប្រាក់​ខែ​នេះ។ បន្ទាប់​ពី​ការ​ធ្វើ​ពហិការ​របស់​ក្រុម​អ្នក​បកប្រែ​ភាសា​ផ្នែក​រដ្ឋបាល​សាលាក្ដី​ បាន​ផ្ដល់​អ្នក​ប្រែ​បណ្ដោះអាសន្ន​មួយ​រូប​ដល់​អង្គ​ជំនុំជម្រះ។ ក៏​ប៉ុន្តែ​អ្នក​បក​ប្រែ​ម្នាក់​មិន​គ្រប់គ្រាន់​សម្រាប់​ដំណើរ​ការ​សវនាការ​ទេ។

នៅ​ពេល​ដែល​ប្រធាន​អង្គ​ជំនុំជម្រះ លោក និល ណុន សួរ​ថា តើ​អ្នក​បក​ប្រែ​បណ្ដោះអាសន្ន​អាច​មាន​លទ្ធភាព​បក​ប្រែ​បាន​រយៈ​ពេល​ប៉ុណ្ណា​នោះ អ្នក​បកប្រែ​ឆ្លើយ​ថា គាត់​បកប្រែ​បាន​តែ​កន្លះ​ម៉ោង​ទេ៖ «សូម​ជម្រាប​លោក​ប្រធាន! ក្នុង​នាម​ជា​អ្នក​បក​ប្រែ​អាជីព ដែល​តម្រូវ​ឱ្យ​បក​ប្រែ​គោរព​តាម​គុណភាព និង​ស្តង់ដារ​អន្តរជាតិ​សម្រាប់​តុលាការ​នោះ យើង​ខ្ញុំ​អាច​បក​បាន​ធានា​គុណភាព​នោះ ត្រឹម​តែ ៣០​នាទី​តែ​ប៉ុណ្ណោះ​នឹង​ត្រូវ​ប្ដូរ។ តែ​ជា​អកុសល យើង​ខ្ញុំ​មិន​មាន​ភាគី​ខាង​កម្ពុជា ដើម្បី​គាំទ្រ​ទេ។ ខាង​បកប្រែ​ទៅ​ជា​ភាសា​ខ្មែរ គឺ​មាន​តែ​ម្នាក់។ រី​ឯ​បក​ប្រែ​ពី​ខ្មែរ​ទៅ​ភាសា​អង់គ្លេស​វិញ គឺ​មាន​តែ​ម្នាក់​តែ​ប៉ុណ្ណោះ»

អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ថា អ្នក​បកប្រែ​ដើរ​តួនាទី​យ៉ាង​សំខាន់ នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម ដែល​បកប្រែ​ទៅ​ជា ៣​ភាសា គឺ​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង។ លោក​ថា​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​ទេ ហើយ​ទំហំ​ពហិការ​នឹង​រាលដាល​ដល់​មន្ត្រី និង​បុគ្គលិក​ភាគី​ខ្មែរ​ដទៃ​ទៀត។

លោក​អំពាវនាវ​ដល់​ប្រទេស​ផ្ដល់​ជំនួយ​ធំៗ ដូច​ជា​ប្រទេស​ជប៉ុន អូស្ត្រាលី អាល្លឺម៉ង់ សហភាព​អឺរ៉ុប​ជា​ដើម ឱ្យ​ជួយ​ផ្ដល់​ថវិកា​ដែល​បាន​អនុម័ត ដើម្បី​ឱ្យ​សាលា​ក្ដី​នេះ​មាន​ថវិកា​ដំណើរការ​គ្រប់គ្រាន់៖ «យើង​ដឹង​ហើយ ថវិកា​គម្រោង​ស្នើសុំ​ដោយ​សាលាក្ដី ត្រូវ​បាន​អនុម័ត​ពី​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​ហើយ...»

ទន្ទឹម​គ្នា​នឹង​ការ​ធ្វើ​ពហិការ​របស់​អ្នក​បកប្រែ​ភាសា​នេះ ជន​ជាប់​ចោទ អៀង សារី ក៏​មិន​មាន​វត្តមាន​ក្នុង​សវនាការ​ដែរ ព្រោះ​គាត់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត។ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ អៀង សារី មិន​ទាន់​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ដល់​អង្គ​ជំនុំជម្រះ​ពេញលេញ​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​បាន​ជួប​ពិគ្រោះ​ជាមួយ​កូន​ក្ដី​របស់​ខ្លួន។

សហ​ចៅក្រម​អន្តរជាតិ អ្នកស្រី ស៊ីលវៀ ខាតរ៉ាយត៍ (Silvia Cartwright) ថ្លែង​ក្នុង​សវនាការ​ថា ជន​ជាប់​ចោទ អៀង សារី មិន​បាន​លះបង់​សិទ្ធិ​ស្ដាប់​អ្នក​ជំនាញ​ទេ ក្នុង​អំឡុង​ពេល​ដែល​គាត់​ឈឺ​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ។ ដូច្នេះ អង្គ​សវនាការ​មិន​អាច​បន្ត​សវនាការ​ដោយ​មិន​មាន​វត្តមាន​ជន​ជាប់​ចោទ​រូប​នេះ​បាន​ទេ។ ដោយ​ឡែក​ជន​ជាប់​ចោទ នួន ជា ក៏​មាន​សុខភាព​មិន​សូវ​មាំទាំ​សម្រាប់​ការ​ចូលរួម​សវនាការ​ដោយ​ផ្ទាល់​ដែរ ដោយ​គាត់​សុំ​ផ្អាក​សវនាការ។

សវនាការ​សាលាដំបូង​ ដែល​គ្រោង​ស្ដាប់​សក្ខីកម្ម​អ្នក​ជំនាញ​ឈ្មោះ ហ្វីលីព ហ្សត រយៈ​ពេល ៤​ថ្ងៃ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មីនា ត្រូវ​បាន​ប្រកាស​ផ្អាក​ទៅ​វិញ បន្ទាប់​ពី​ចាប់​ផ្ដើម​បាន​រយៈ ១៥​នាទី ដោយ​សារ​តែ​បញ្ហា​ប្រឈម​ទាំង​ថវិកា និង​សុខភាព​ជន​ជាប់​ចោទ ហើយ​ពេល​វេលា​ច្បាស់​លាស់​នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។