Opens in new windowអាជ្ញាធរក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ចាប់ខ្លួនពលរដ្ឋ ២នាក់ទៅសាកសួរនៅអធិការស្រុកកាលពីព្រឹកថ្ងៃទី៥ កញ្ញា។ ការចាប់ខ្លួននេះ បន្ទាប់ពីពលរដ្ឋទាំងនោះ ទៅតវ៉ាជាមួយអាជ្ញាធរដែលហាមឃាត់ពលរដ្ឋមិនឲ្យធ្វើស្រែនៅលើដីរបស់ពួកគេដែលធ្លាប់កាន់កាប់។ យ៉ាងណា មេឃុំបញ្ជាក់ថា ដោយសារពួកគេទាំងនោះ ធ្វើស្រែលើដីជម្លោះដែលមិនទាន់ដោះស្រាយចប់។
អាជ្ញាធរសម្រេចដោះលែងពលរដ្ឋ ២នាក់ឲ្យត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ នៅរសៀលថ្ងៃទី៥ កញ្ញា។ ការអនុញ្ញាតឲ្យពលរដ្ឋទាំងនោះត្រឡប់ទៅផ្ទះវិញ ក្រោយពេលបញ្ចប់ការសាកសួរ ព្រមទាំងមានការធានាពីសាច់ញាតិ និងធ្វើកិច្ចសន្យាផ្អាកសកម្មភាពធ្វើស្រែលើតំបន់ដីមានជម្លោះតទៅទៀត។
អធិការនគរបាលស្រុកស្ទោង លោក យ៉ុង សុន មានប្រសាសន៍ថា សមត្ថកិច្ចមិនបានចាប់ខ្លួនពួកគាត់ទេ ប៉ុន្តែគ្រាន់តែអញ្ជើញពលរដ្ឋទាំងពីរនាក់ចេញឲ្យផុតពីកន្លែងដីទំនាស់ ខណៈពួកគេព្យាយាមរារាំងក្រុមអាជ្ញាធរ មិនឲ្យបោះបង្គោលស្លាកសញ្ញាសម្រាប់ដាក់បម្រាម ដែលតម្រូវឲ្យភាគីជម្លោះទាំងសងខាង ផ្អាកសកម្មភាពរបស់ខ្លួននៅចំណុចដីទំនាស់។ លោកអះអាងថា សមត្ថកិច្ចមិនបានប្រើអំពើហិង្សាលើស្ត្រីទាំងនោះទេ ព្រោះលោកថា ការប្រើអំពើហិង្សាលើស្ត្រី គឺហួសសម័យទៅហើយ។ ជាងនេះទៀត ពួកគេក៏បានត្រឡប់ទៅផ្ទះវិញហើយដែរ៖ «តាមពិតការបោះបង្គោលហ្នឹងវាមិនមែនជាភាគីទំនាស់ទៅបោះទេ ប៉ុន្តែជារដ្ឋអំណាច។ គាត់ទៅបោះដើម្បីឲ្យដឹងឮទាំងអស់គ្នា ទាំងភាគីប្រជាជន និងភាគីគណៈកម្មការវត្ត»។
យ៉ាងណា ពលរដ្ឋមួយរូបដែលនៅកន្លែងកើតហេតុ អ្នកស្រី នួន ណម ឲ្យដឹងថា ពួកគាត់បានព្យាយាមមិនឲ្យអាជ្ញាធរបោះស្លាកសញ្ញានោះមែន ព្រោះអ្នកភូមិយល់ថា វាជាដីដែលពលរដ្ឋធ្លាប់អាស្រ័យផល និងរស់នៅជាយូរមកហើយ។ អ្នកស្រីបន្តថា ក្រោយមកក៏មានពលរដ្ឋស្រីៗទៅនិយាយជាមួយសមត្ថកិច្ច រហូតមានការប្រកែកគ្នា ព្រមទាំងមានអំពើហិង្សាកើតឡើងទៀតផង៖ «ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលក៏ភ្ជួរធ្វើស្រែ ហើយគេតេហៅប៉ូលិសអីទៅចាប់វ៉ៃខ្នោះ»។
វិវាទដីធ្លីរវាងពលរដ្ឋ ១២គ្រួសារ ជាមួយចៅអធិការ និងគណៈកម្មការវត្តដូនល្អ គឺបន្ទាប់ពីពួកគេដាក់ពាក្យប្ដឹងពលរដ្ឋកាលពីឆ្នាំ២០១១ ថា បានរស់នៅរំលោភលើដីរបស់វត្ត។
តំណាងពលរដ្ឋម្នាក់នៅភូមិដូនល្អ លោក នាង គឹមណារិទ្ធ មានប្រសាសន៍ថា បើគិតពីចំនួនពលរដ្ឋមានដីនៅតំបន់ជម្លោះ គឺជាង ២០គ្រួសារ លើទំហំដីជាង ១០ហិកតារ។ លោកបន្តថា អាជ្ញាធរធ្វើតាមពាក្យបណ្ដឹងរបស់ចៅអធិការវត្ត ប៉ុន្តែកន្លងមកមិនមានឯកសារត្រឹមត្រូវបញ្ជាក់ថា ដីនោះជាកម្មសិទ្ធិរបស់វត្តឡើយ ចំណែកពលរដ្ឋវិញ គឺមានឯកសារគ្រប់គ្រាន់។ ជាងនេះទៀត កាលពីឆ្នាំ២០១២ ខាងប្រធានធម្មការ និងសាសនាស្រុក និងអាជ្ញាធរខេត្ត ក៏បានទទួលភាពស្របច្បាប់ ព្រមទាំងគាំទ្រពលរដ្ឋឲ្យបន្តរស់នៅតំបន់ដីមានជម្លោះបន្តទៀត។ តំណាងពលរដ្ឋដដែល យល់ថា វិវាទដីធ្លីរហូតមានការឃាត់ខ្លួនពលរដ្ឋពេលនេះ គឺអាចអាជ្ញាធរឃុំនៅពីក្រោយខ្នង៖ «ប្រហែលដោយសារលោកមានអាជីវកម្មអីមួយ ឬក៏មានអ្នកនៅពីក្រោយខ្នង»។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំសំព្រោច លោក ពាញ ពួល មានប្រសាសន៍ថា ទំនាស់ដីធ្លីរវាងវត្តដូនល្អ ជាមួយពុទ្ធបរិស័ទ គឺកើតឡើងជាយូរមកហើយ ប៉ុន្តែមិនទាន់ដោះស្រាយឲ្យបានចប់សព្វគ្រប់។ លោកបន្តថា ការដោះស្រាយមិនទាន់ចប់ ទើបខាងអាជ្ញាធរតម្រូវឲ្យមានស្លាកសញ្ញាហាមឃាត់ភាគីទាំងពីរ មិនឲ្យធ្វើសកម្មភាពណាមួយលើដីជម្លោះ។ លោកបញ្ជាក់ថា លោកមិនបាននៅពីក្រោយខ្នងដូចការចោទប្រកាន់ទេ៖ «អត់ទេ។ សូមបញ្ជាក់ថា ខ្ញុំជាអាជ្ញាធរឃុំ វត្ត និងប្រជាពលរដ្ឋ គឺជាកូនចៅរបស់ខ្ញុំទាំងអស់ហ្នឹង»។
លោកបន្ថែមថា ចំនួនគ្រួសារ និងផ្ទៃដី គឺមិនដូចទៅនឹងការលើកឡើងរបស់តំណាងពលរដ្ឋឡើយ។ លោកយល់ថា ខាងគណៈកម្មការវត្ត គឺមិនចង់បានដីនោះទៅធ្វើអ្វីទេ គ្រាន់តែមិនចង់រក្សាទុកជាដីកេរដំណែលរបស់វត្តប៉ុណ្ណោះ ហើយអាជ្ញាធរមានតួនាទីត្រឹមជាអ្នកសម្របសម្រួល។
ទោះបីជាបែបនេះក្តី កាលពីឆ្នាំ២០១២ លិខិតរបស់ប្រធានការិយាល័យធម្មការ និងសាសនាស្រុក រួមនឹងចំណាររបស់អភិបាលខេត្តចាស់ គឺលោក ឈុន ឈន់ បានទទួលស្គាល់ភាពស្របច្បាប់របស់ពលរដ្ឋ និងគាំទ្រការប្រគល់ដីនោះទៅឲ្យអ្នកភូមិ ដើម្បីស្នាក់នៅ និងអាស្រ័យផល។ លើសពីនេះ ក្នុងលិខិតរបស់អតីតអភិបាលខេត្តបញ្ជាក់ថា ការអះអាងណាមួយថាជាដីរបស់វត្ត គឺមិនត្រឹមត្រូវ ហើយផ្ទុយនឹងច្បាប់ភូមិបាលឆ្នាំ២០០១ ទៀតផង។ យ៉ាងណា ខាងភាគីពលរដ្ឋស្នើឲ្យអាជ្ញាធរខេត្ត ដោះស្រាយបញ្ហានេះឲ្យបានច្បាស់លាស់ ជៀសវាងបង្កការលំបាកដល់ការរស់នៅ និងអាស្រ័យផលរបស់អ្នកស្រុកបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
