ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​២៧​គ្រួសារ​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ដី​កំពុង​រស់នៅ

0:00 / 0:00

ប្រជាពលរដ្ឋ​ចំនួន ២៧​គ្រួសារ​ក្នុង​ចំណោម ៤៧​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​ឃុបឃិត​គ្នា​រំលោភ​យក​ដី​របស់​ពួក​គាត់​ទៅ​លក់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។

អ្នក​ភូមិ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ យក​គ្រឿងចក្រ​ទៅ​ឈូស​រំលំ​ផ្ទះ​សម្បែង​គ្មាន​ទី​ស្នាក់​អាស្រ័យ បន្ទាប់​ពី​ពួក​គាត់​មិន​ព្រម​ចាក​ចេញ​ពី​ដី ហើយ​មិន​ទទួល​យក​តាម​សំណើ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ។ ប៉ុន្តែ​មេ​ភូមិ​ចាន់គីរី បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

អ្នក​ភូមិ​មាន​ទំនាស់​ដីធ្លី​នៅ​ក្រុង​ប៉ោយប៉ែត ភាគ​ច្រើន​មិន​ហ៊ាន​ចេញ​ទៅ​ធ្វើ​ការងារ​ឆ្ងាយ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ឡើយ។ ពួក​គាត់​បញ្ជាក់​ថា មូលហេតុ​ដែល​មិន​ហ៊ាន​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ ដោយសារ​ខ្លាច​អាជ្ញាធរ​យក​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួក​គាត់ ពីព្រោះ​កន្លង​មក អាជ្ញាធរ​ឈូស​រំលំ​ផ្ទះ​របស់​ពួក​គាត់​អស់ ២​ខ្នង​ម្ដង​រួច​មក​ហើយ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចាន់គីរី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត លោកស្រី គង់ រី ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​លើ​គ្រែ​សំយាប​ផ្ទះ​ទាំង​ទឹក​ភ្នែក​ថា ពួក​គាត់​ចំនួន ២៧​គ្រួសារ​បាន​តាំង​ទីលំនៅ​លើ​ដី​ខ្លះ​ទំហំ​ទទឹង ១០​ម៉ែត្រ និង​ដី​ខ្លះ​ទៀត​ជាង ១០​ម៉ែត្រ និង​បណ្ដោយ ២០​ម៉ែត្រ តាំង​ពី​ឆ្នាំ​២០០៦។ ស្ត្រី​វ័យ ៧១​ឆ្នាំ​រូប​នេះ​បន្ថែម​ថា កាល​ពី​ពួក​គាត់​រស់នៅ​តំបន់​ដី​នោះ​ពី​ដំបូង​ជា​ទីកន្លែង​ស្ងាត់ ឆ្ងាយ​ពី​ទីប្រជុំជន ហើយ​ពុំ​មាន​ផ្ទះ និង​មនុស្ស​រស់នៅ​ឡើយ។

បើ​ទោះ​ជា​ដី​គ្មាន​តម្លៃ​យ៉ាង​នេះ​ក្ដី លោកស្រី​អះអាង​ថា ដោយ​ជីវភាព​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច ពួក​គាត់​បាន​ទិញ​ដី​នោះ​ពី​ទាហាន​ប្រចាំ​ការ​នៅ​តំបន់​នោះ​ក្នុង​មួយ​ឡូត៍​ទទឹង ១០​ម៉ែត្រ និង​បណ្ដោយ ២០​ម៉ែត្រ តម្លៃ​ជាង ១​លាន​រៀល ហើយ​សង់​ផ្ទះ​ដំបូល​ប្រក់​ស័ង្កសី​ស្នាក់នៅ​រហូត​មក។ ប៉ុន្តែ​លោកស្រី​បញ្ជាក់​ថា ចាប់​តាំង​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៦ មក អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​លោក​មេ​ភូមិ​ចាន់គីរី តែ​ម្ដង បាន​បង្ខំ​ពួក​គាត់​ឲ្យ​រើ​ផ្ទះ​ចាក​ចេញ​ពី​ដី​ពី​ទទឹង ១០​ម៉ែត្រ និង​បណ្ដោយ ២០​ម៉ែត្រ មក​នៅ​ត្រឹម​ទទឹង ៥​ម៉ែត្រ និង​បណ្ដោយ ២០​ម៉ែត្រ​វិញ ប៉ុន្តែ​អ្នក​ភូមិ​មិន​ព្រម​ទទួល​យក​តាម​សំណើ​របស់​អាជ្ញាធរ​ឡើយ៖ « កូន​ខ្ញុំ​ខំ​ទៅ​រក​ស៊ី​ស្រុក​គេ ដើម្បី​យក​ប្រាក់​មក​ទិញ​ដី ហើយ​ចាក់​ដី​អស់​ជាង ៣០​ឡាន មិន​គួរ​ណា​អាជ្ញាធរ​មក​រំលោភ​យក​ដី​របស់​ខ្ញុំ​ទាំង​បង្ខំ​អ៊ីចឹង​ទេ »

ប្រជាពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​យក​សំណើ​ដោះស្រាយ​ដីធ្លី​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ពុំ​មែន​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត ក៏​ជួប​ការ​លំបាក​អំពី​បញ្ហា​នេះ​ដូច​គ្នា។

ជាក់ស្ដែង ពលរដ្ឋ​នៅ​ភូមិ​ចាន់គីរី ម្នាក់​ទៀត គឺ​លោកស្រី ទឹម ហៀក ថ្លែង​ថា បើ​ទោះ​ជា​អាជ្ញាធរ​គំរាម​យក​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះ​របស់​ពួក​គាត់​ក៏ដោយ គឺ​លោកស្រី​មិន​ព្រម​រើ​ផ្ទះ​ចុះ​ចេញ​ពី​ដី​រស់នៅ​ឡើយ។ ស្ត្រី​វ័យ ៤៧​ឆ្នាំ​រូប​នេះ​អះអាង​ថា មូលហេតុ​ដែល​លោកស្រី​មិន​ព្រម​ចាក​ចេញ​ពី​ដី ដោយសារ​មាន​ជីវភាព​ក្រីក្រ និង​មាន​កូន​ច្រើន ហើយ​ម្យ៉ាង​ទៀត លោកស្រី​ថា​គ្មាន​ប្រាក់​សម្រាប់​ទិញ​ដី​ធ្វើ​ផ្ទះ​ស្នាក់​នៅ​ឡើយ៖ « កន្លង​មក​មាន​កូន​ចៅ​អភិបាល​ក្រុង ៣​នាក់ និង​លោក​អភិបាល​ក្រុង​ប៉ោយប៉ែត ផង បាន​មក​រួម​ប្រជុំ​គ្នា​លើក​ទី​មួយ​កាល​ពី​ខែ​មករា។ ប្រជុំ​លើក​ទី​ពីរ​ទៀត តែ​ខ្ញុំ​មិន​ទៅ​ចូល​ទេ ហើយ​គាត់​ឲ្យ​ពលរដ្ឋ​ទៅ​ប្រជុំ​បង្ខំ​ផ្ដិត​ស្នាម​មេដៃ ហើយ​បាន​គំរាម​ពួក​គាត់​ខ្ញុំ​ថា បើ​សិន​ផ្ដិត​មេដៃ​ហើយ​ហ៊ាន​តវ៉ា គឺ​អាជ្ញាធរ​នឹង​ចាប់​ដាក់​គុក »

អ្នក​ភូមិ​ភាគ​ច្រើន​លើក​ឡើង​ថា អាជ្ញាធរ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ដី​ដើម្បី​រៀបចំ​ធ្វើ​ជា​ដី​ឡូត៍​យក​ដី​ទៅ​លក់​ឲ្យ​ពលរដ្ឋ​ផ្សេង ហើយ​យក​ប្រាក់​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ភូមិ​ចាន់គីរី លោក សេង ចាន់ឌី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ពុំ​មាន​ចេតនា​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​ឡើយ ប្រសិន​បើ​ពួក​គាត់​រស់នៅ​លើ​ដី​នោះ​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​លោក​អះអាង​ថា ប្រជាពលរដ្ឋ​ជាង ៤០​គ្រួសារ​នោះ​រស់នៅ​លើ​ដី​អតីត​ទាហាន​កង​ពល​ធំ​លេខ​១២ ហើយ​អាជ្ញាធរ​បាន​រៀបចំ​សាងសង់​ផ្លូវ​នៅ​តំបន់​នោះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​យក​ដី​នោះ​មួយ​ចំនួន​ចែក​ជូន​គ្រួសារ​មន្ត្រី​ទាហាន៖ « បាទ ! ការ​ពិត គឺ​គ្មាន​ទេ ធ្វើ​ការងារ យើង​គិត​ប្រជាពលរដ្ឋ​ណាស់ ទោះ​បី​លើក​នៅ​ក្នុង​អង្គ​ប្រជុំ​ក៏ដោយ យើង​មិន​បាន​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋ​ឡើយ។ ប៉ុន្តែ​ពួក​គាត់​បង្ក​ការ​លំបាក​ដល់​អាជ្ញាធរ ដោយ​ម្ដង​ព្រម​ទទួល​យក ម្ដង​ថា​មិន​ព្រម​ទទួល​យក​ដី »

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ចៅ​សង្កាត់​រង​ទី​២ នៃ​សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា អះអាង​ថា ដី​មួយ​ចំនួន​នៅ​ភូមិ​ចាន់គីរី នោះ មន្ត្រី​ទាហាន​បាន​លក់​ឲ្យ​ទៅ​ពលរដ្ឋ និង​មួយ​ចំនួន​ទៀត គ្រួសារ​ទាហាន​សង់​ផ្ទះ​រស់នៅ​ដោយ​ខ្លួន​ឯង។ លោក​អះអាង​ថា អាជ្ញាធរ​ភូមិ និង​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត បែង​ចែក​ដី​ទំនាស់​ជាមួយ​ពលរដ្ឋ​ដោយ​មិន​បាន​ជូន​ដំណឹង​ឲ្យ​លោក​ដឹង​នោះ​ទេ៖ « បើ​អាជ្ញាធរ​យក​ដី​នោះ​ទៅ​ចែក​ឲ្យ​ពលរដ្ឋ​ថ្មី​ទៀត ខ្ញុំ​មិន​ថា​ទេ តែ​នេះ​អាជ្ញាធរ​មាន​ចេតនា​យក​ដី​ពី​ប្រជាពលរដ្ឋ »

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន ដែល​បាន​តាម​ដាន​រឿង​ទំនាស់​ដីធ្លី​នេះ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ប្រមាណ ២០​គ្រួសារ​ដែល​ព្រម​ទទួល​យក​តាម​សំណើ​បែង​ចែក​ដី​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ដោយសារ​ពួក​គាត់​គ្មាន​ជម្រើស បន្ទាប់​ពី​អាជ្ញាធរ​បាន​គំរាម​ពួក​គាត់​ថា នឹង​ដក​ហូត​ដី​ទាំងអស់​ទុក​ជា​សម្បត្តិ​រដ្ឋ៖ « ខ្ញុំ​កំពុង​ចុះ​ស្រាវជ្រាវ​បន្ត​ទៀត ពីព្រោះ​យើង​ស្រាវជ្រាវ​កន្លង​មក មិន​បាន​ពេញលេញ​នៅ​ឡើយ។ ប៉ុន្តែ​អំឡុង​ពេល​ដែល​បាន​ស្រាវជ្រាវ យើង​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ដោយសារ​អាជ្ញាធរ​គំរាម​យក​ដី​ពួក​គាត់ »

បញ្ហា​ទំនាស់​ដីធ្លី​នៅ​ភូមិ​ចាន់គីរី កន្លង​មក ប្រជាពលរដ្ឋ​បាន​តវ៉ា​ជាមួយ​នឹង​អាជ្ញាធរ​រហូត​កើត​មាន​អំពើ​ហិង្សា​រវាង​ពលរដ្ឋ និង​ប្រជា​ការពារ​ភូមិ។ អ្នក​ភូមិ​អះអាង​ថា គ្រា​នោះ​ពលរដ្ឋ​ម្នាក់​ឈ្មោះ ស៊ូ ផល្លី អាយុ ៤៣​ឆ្នាំ បាន​យក​ឈើ​ឫស្សី​ទៅ​វាយ​លោក ជិន គិមសាន ប្រជា​ការពារ​ភូមិ​ចាន់គីរី បណ្ដាល​ឲ្យ​រង​របួស​ស្រាល។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ចាប់​លោក ស៊ូ ផល្លី ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​បង្ក​របួស​ស្នាម។ រហូត​មក​ទល់​ពេល​នេះ តុលាការ​មិន​ទាន់​ដោះ​លែង​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។