សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី​បណ្ដេញ​ពលរដ្ឋ​​ឲ្យ​រុះរើ​រោង​ស្នាក់​និង​ចាប់​ខ្លួន​តំណាង​២​នាក់

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ មក​ពី​បណ្ដា​ខេត្ត​នានា នាំ​គ្នា​មក​បោះតង់​ស្នាក់នៅ​ចំណុច​ផ្លូវ​ជាតិ​លេខ​៧៨ ក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ក្នុង​ស្រុក​កោះញ៉ែក ខេត្ត​មណ្ឌលគិរី។ ប្រជាពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ពួកគេ​ជា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក នាំ​គ្នា​មក​ប្រមូល​ផ្តុំ​ទី​នេះ​ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ផ្ដល់​ដី​សម្បទាន​សម្រាប់​ពួកគាត់​រស់​នៅ។

ក្រុម​សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ប្រមាណ ៥០​នាក់ ប្រដាប់​ដោយ​ដំបង​ឆក់ អម​ដោយ​​រថយន្ត​បាញ់​ទឹក​ពីរ​គ្រឿង និង​រថយន្ត​បំពាក់​ឧបករណ៍​ស៊ីរ៉ែន បណ្ដេញ​ប្រជាពលរដ្ឋ​​ឲ្យ​រុះរើ​រោង​ស្នាក់​នៅ ហើយ​ចាកចេញ និង​ចាប់​ខ្លួន​តំណាង​ប្រជាពលរដ្ឋ​ពីរ​នាក់​ប្តី​ប្រពន្ធ ក៏ប៉ុន្តែ​​មិន​មាន​អំពើ​ហិង្សា​តប​ត​ការ​បង្ក្រាប​នេះ​ឡើយ។

ចាប់​តាំង​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​បាន​ជិះ​រថយន្ត​ជា​ក្រុមៗ ហើយ​ចូល​មក​បោះតង់​សំពត់​កៅស៊ូ នៅ​ចំណុច​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ក្នុង​ឃុំ​រយ៉ ស្រុក​កោះញ៉ែក ចំណុច​ផ្លូវជាតិ​លេខ​៧៨​អា ជាប់​ព្រំប្រទល់​ខេត្ត​រតនគិរី។

អភិបាល​ស្រុក​កោះញ៉ែក លោក មើល សឿន នៅ​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​ឧសភា មាន​ប្រសាសន៍​បញ្ជាក់​ថា សមត្ថកិច្ច​ចាត់​វិធានការ​អប់រំ​ប្រជាពលរដ្ឋ​ទាំង​នោះ​ឲ្យ​ចាកចេញ​ដោយ​សន្តិវិធី។ លោក​បញ្ជាក់​ថា ដី​តំបន់​នោះ​រដ្ឋ​បាន​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​អស់​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​អាច​ទៅ​​វាស់​វែង​ដី​ចែក​គ្នា​អនាធិបតេយ្យ​បាន​ទេ៖ «ប្រជាជន​មក​ចូល​កាន់​កាប់​គឺ​ខុស​ច្បាប់​ហើយ ពីព្រោះ​រឿង​រ៉ាវ​ហ្នឹង​ពី​ឆ្នាំ​ទៅ​គឺ​ក្រុម​ការងារ​បាន​​ដោះស្រាយ​ចប់​សព្វ​គ្រប់​អស់​ហើយ។ ក្រុមហ៊ុន​គេ​ដោះស្រាយ​គោល​នយោបាយ​អស់​ហើយ តើ​រឿង​​អ្វី​ចូល​មក​រុក​រាន​កាន់​កាប់​ទៀត?»

ប្រជាពលរដ្ឋ​មក​ពី​ស្រុក​កោះញ៉ែក លោក វណ្ណ សារួន បញ្ជាក់​ថា ដី​នៅ​តំបន់​នោះ​ពួកគេ​បាន​កាប់​រាន​ព្រៃ​សង់​រោង​ស្នាក់នៅ​កាល​ពី​ឆ្នាំ​២០១២ ដើម្បី​ធ្វើ​កសិកម្ម បន្ទាប់​ពី​បាន​ធ្វើ​លិខិត​ស្នើ​សុំ​អាជ្ញាធរ​ឃុំ ស្រុក ក៏ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​បាន​រុះរើ និង​បណ្ដេញ​ពួកគាត់​ចេញ​ពី​ទីនោះ​ទាំង​បង្ខំ​ដើម្បី​យក​ដី​​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្បទាន។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ​បាន​ស្វែង​រក​កិច្ច​​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋ​សភា ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ទើប​សម្រេច​ចិត្ត​នាំ​​គ្នា​មក​តាំង​ទីលំនៅ​ជា​ថ្មី​នៅ​តំបន់​នេះ។

លោក វណ្ណ សារួន៖ «អាជ្ញាធរ​គេ​យក​លក់​ឲ្យ​ក្រុមហ៊ុន យក​ក្រុមហ៊ុន​មក​ដេញ​ចាប់​រុះរើ គឺ​ក្រុមហ៊ុន​ជា​អ្នក​រុះរើ​ខ្ទម។ គេ​ប្រើ​កម្លាំង​មក​គំរាម​កំហែង គេ​មាន​ទាំង​ពី​ឡាន​ទឹក ដំបង​ឆក់ មាន​ទាំង​កាំភ្លើង មក​ច្រើន​មែន​ទែន ហើយ​ចាប់​ចែ​អ្នក​តំណាង​ប្រជាពលរដ្ឋ ចាប់​ដោះ​ខ្នោះ​យក​ទៅ​បាត់​ហើយ»

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​មិន​មាន​ឯកសារ​សំអាង​ទាក់ទិន​ការ​អនុញ្ញាត​មក​តាំង​ទៅ​លំនៅ​ថ្មី​នេះ​ទេ ក៏ប៉ុន្តែ​អ្នក​ភូមិ​ទាំង​នោះ​ជា​ជន​ក្រីក្រ​ពិត​ប្រាកដ ហេតុ​នេះ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​នោះ​តាំង​ទីលំនៅ​ស្រប​ច្បាប់។ លោក​បន្ត​ថា អ្នក​ភូមិ​ត្រូវ​បាន​បណ្ដេញ​ខ្ចាត់ខ្ចាយ​ចេញ​ពី​តំបន់​នោះ​អស់​ហើយ នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា។

លោក ហូ សំអុល៖ «ពី​២០១២ គេ​ដេញ​មួយ​សា​ហើយ ប៉ុន្តែ​ក្រោយ​ពី​គេ​ដេញ​ពួកគាត់​បាន​ទៅ​សុំ​សម្តេច ហេង សំរិន។ ក្នុង​អំឡុង​ខែ ៤​ហ្នឹង ឃើញ​ខាង​ពញា​ចក្រី​គាត់​បាន​ស៊ីញ៉េ​មក​ឲ្យ​ខេត្ត​ដោះស្រាយ​ឲ្យ អ៊ីចឹង​គាត់​បាន​​លិខិត​ហ្នឹង គាត់​ដាក់​ជូន​ដែនដី សាលា​ខេត្ត សាលា​ស្រុក មេ​ឃុំ​ហើយ គាត់​ក៏​បាន​មក​រស់​នៅ​​កន្លែង​ចាស់​របស់​គាត់»

តំណាង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន គឺ​អ្នកស្រី អ៊ិត ចាន់នី និង​ប្តី​ឈ្មោះ ធី។ មន្ត្រី​ប៉ូលិស​ស្រុក​កោះញ៉ែក ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​ត្រូវ​បាន​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា និង​អប់​រំហើយ ​អនុញ្ញាត​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។