ប្រជាពលរដ្ឋរស់នៅក្រុងបានលុង ខេត្តរតនគិរី ព្រួយបារម្ភពីការខកខានមិនបានចុះបញ្ជីកម្មសិទ្ធិដីធ្លី ខណៈដែលគណៈកម្មការរដ្ឋបាលនៃអាជ្ញាធរខេត្ត កំពុងចុះវាស់វែងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋជាលក្ខណៈប្រព័ន្ធ និងជាលើកដំបូងនៅខេត្តដាច់ស្រយាលមួយនេះ។
ប្រជាពលរដ្ឋ ៣២គ្រួសារ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ចោទប្រកាន់អាជ្ញាធរសង្កាត់ថា មិនព្រមចេញលិខិតផ្ទេរសិទ្ធិកាន់កាប់ដីរបស់ពលរដ្ឋ ដើម្បីបំពេញឯកសារចុះបញ្ជីកម្មសិទ្ធិដីធ្លីតាមគោលនយោបាយចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធរបស់រាជរដ្ឋាភិបាល។
តំណាងប្រជាពលរដ្ឋ អ្នកស្រី យ៉េត សារ៉ន នៅថ្ងៃពុធ ទី២២ ខែតុលា រៀបរាប់ថា ដីដែលពួកគាត់រស់នៅបច្ចុប្បន្ន គឺពួកគាត់បានទិញពីប្រជាពលរដ្ឋអ្នកតាំងទីលំនៅលើដីនោះយូរឆ្នាំមកហើយ ជាពិសេសការទិញលក់ដីនោះ ប្រជាពលរដ្ឋ ១១គ្រួសារក្នុងចំណោម ៣២គ្រួសារ មានលិខិតបញ្ជាក់ពីមេភូមិ និងចៅសង្កាត់ទៀតផង។
អ្នកស្រីបន្តថា អាជ្ញាធរសំអាងថាដីដែលពួកគេទិញលក់នោះ ជាដីអភិវឌ្ឍន៍ទីផ្សាររបស់អាជ្ញាធរខេត្ត ក៏ប៉ុន្តែមានពលរដ្ឋជាង ៧០គ្រួសារផ្សេងទៀត ក្នុងនោះមានពលរដ្ឋវៀតណាម ផងដែរ ដែលរស់នៅលើដីនោះដូចគ្នា ត្រូវបានអាជ្ញាធរទទួលស្គាល់ និងចេញលិខិតសម្រាប់ការវាស់វែងចេញប័ណ្ណកម្មសិទ្ធិ៖ «បើដីហ្នឹងរដ្ឋបម្រុងទុកទីផ្សារ ហេតុអ្វីបានជាមិនបោះទីតាំងឲ្យប្រជាពលរដ្ឋដឹង ហើយហេតុអ្វីធ្វើឲ្យប្រជាពលរដ្ឋ ៧០គ្រួសារ ហើយប្រជាពលរដ្ឋក្នុង ៣២គ្រួសារ មិនធ្វើឲ្យ ហើយជួរ ៣២គ្រួសារដីយួនធ្វើឲ្យ ហេតុអ្វីដីខ្មែរមិនធ្វើឲ្យទៅ»។
គណៈកម្មការរដ្ឋបាលនៃអាជ្ញាធរខេត្តរតនគិរី ចាប់ផ្ដើមចុះវាស់វែងដីលំនៅឋានប្រជាពលរដ្ឋនៅសង្កាត់ឡាបានសៀក ចាប់ពីដើមខែមករា ឆ្នាំ២០១៤ ដើម្បីចុះបញ្ជីប័ណ្ណកម្មសិទ្ធិឯកជនជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋដោយគ្មានយកកម្រៃ។
ឆ្លើយតបការចោទប្រកាន់នេះ ចៅសង្កាត់ឡាបានសៀក លោក ញៀន តៃស៊ី អះអាងថា ប្រជាពលរដ្ឋ ៣២គ្រួសារ ចង់ឲ្យលោកចេញលិខិតសិទ្ធិកាន់កាប់ដី ក៏ប៉ុន្តែអាជ្ញាធរមិនអាចចេញលិខិតនេះបានទេ ពីព្រោះដីនោះជាដីសម្រាប់គម្រោងអភិវឌ្ឍន៍ផ្សាររបស់អាជ្ញាធរខេត្ត បើទោះបីអតីតចៅសង្កាត់មុនបានបញ្ជាក់លើលិខិតទិញលក់ដីនោះក៏ដោយ។ លោកទទួលស្គាល់ថា ប្រជាពលរដ្ឋជាង ៧០គ្រួសារ បានតាំងទីលំនៅលើដីនោះមែន ពីព្រោះអាជ្ញាធរខេត្តបានចែកដីនោះជូនពួកគាត់ជាបុគ្គលិកគ្រូ និងមន្ត្រីសុខាភិបាល៖ «មិនមែនខ្ញុំមិនបញ្ជាក់ទេ ខ្ញុំបញ្ជាក់ឲ្យ ប៉ុន្តែបញ្ជាក់សាវតារថា គាត់រស់នៅពីឆ្នាំណាៗអ៊ីចឹងណា! ប៉ុន្តែគាត់ហ្នឹងគាត់ចង់ឲ្យខ្ញុំធ្វើលិខិតផ្ទេរសិទ្ធិ។ សង្កាត់គ្រាន់តែឲ្យដឹងសាវតារដីនៅឆ្នាំណាៗ ការងារសម្រេចនៅលើខេត្ត សុរិយោដីខេត្ត និងគណៈកម្មការចុះវាស់វែងនោះ»។
ប្រធានមន្ទីររៀបចំដែនដី និងជាលេខាគណៈកម្មការរដ្ឋបាលវាស់វែងចេញប័ណ្ណកម្មសិទ្ធិដីធ្លីនៃអាជ្ញាធរខេត្តរតនគិរី លោក ទឹម ស៊ីណាត មានប្រសាសន៍បញ្ជាក់ថា ក្រុមជំនាញបានចុះវាស់វែងដីប្រជាពលរដ្ឋនៅភូមិថ្មី ជាពិសេសប្រជាពលរដ្ឋ ៣២គ្រួសារ បើទោះបីមិនមានលិខិតបញ្ជាក់សាវតារកាន់កាប់ដី។ លោកថា ចំពោះដីដែលមានភាពមិនប្រក្រតី គណៈកម្មការនឹងរាយការណ៍ជូនអាជ្ញាធរខេត្តសម្រេច៖ «ក្បាលដីទាំងអស់គេវាស់ទាំងអស់ ប៉ុន្តែគ្រាន់តែចេញប័ណ្ណបាន ឬចេញមិនបាន។ ខ្ញុំដឹងហើយវាពាក់ព័ន្ធដីហ្នឹង ប៉ះលើដីផ្សារអ៊ីចឹង អ្វីទាំងអស់វាស់វែងរួចហើយ យើងនឹងដាក់ការងារហ្នឹងទៅគណៈកម្មការរដ្ឋបាល ដើម្បីឲ្យគេដោះស្រាយ»។
កាលពីថ្ងៃទី២១ ខែតុលា តំណាងប្រជាពលរដ្ឋ ៣២គ្រួសារ បានដាក់ពាក្យប្ដឹងមកមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក (adhoc) ខេត្ត ដើម្បីជួយអន្តរាគមន៍ការពារសិទ្ធិរស់នៅរបស់ពលរដ្ឋ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ដីនៅតំបន់ភូមិថ្មីមួយចំនួនជាដីត្រៀមបម្រុងអភិវឌ្ឍ ក៏ប៉ុន្តែបច្ចុប្បន្នបានក្លាយជាដីកម្មសិទ្ធិឯកជនអស់ហើយ។ ចំណែកដីអភិវឌ្ឍន៍ផ្សារ ក៏ត្រូវប្រជាពលរដ្ឋចូលកាន់កាប់ ហើយលក់ដូរបន្តពីម្នាក់ទៅម្នាក់។ លោកថា អាជ្ញាធរមានចំណែកខុសឆ្គងក្នុងការគ្រប់គ្រងដី និងបង្កើតឲ្យមានភាពមិនប្រក្រតីនៅពេលចេញលិខិតបញ្ជាក់ពីសាវតារកាន់កាប់ដីជូនប្រជាពលរដ្ឋ៖ «គ្រួសារជាជនជាតិវៀតណាម នៅចំកណ្ដាល ៣២គ្រួសារ ទទួលស្គាល់ជាស្ថាពរពីអាជ្ញាធរដែលយើងនឹងធ្វើអន្តរាគមន៍ទៅថ្នាក់ជាតិ»។
យ៉ាងនេះក្តី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល លោក លី វិន មានប្រសាសន៍បញ្ជាក់ថា ដីដែលប្រជាពលរដ្ឋ ៣២គ្រួសារ ចូលកាន់កាប់ ជាដីឋិតក្នុងបញ្ជីសារពើភ័ណ្ឌរបស់រដ្ឋ។ ហេតុនេះ អាជ្ញាធរខេត្តកំពុងពិចារណារកវិធីដោះស្រាយការតវ៉ារបស់ប្រជាពលរដ្ឋ ៣២គ្រួសារនេះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
