ពលរដ្ឋ​ជាង​៥០​គ្រួសារ​នៅ​ខេត្ត​ស្វាយរៀង​ដង្ហោយ​រក​ដំណោះស្រាយ​ដីធ្លី

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ៥០​គ្រួសារ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​អតីត​មន្ត្រី​កង​រាជ​អាវុធហត្ថ​ដ៏​មាន​អំណាច​ម្នាក់​ឈ្មោះ ស៊ឹម ឈាន បាន​ដង្ហោយ​រក​ដំណោះស្រាយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។ ប្រជាពលរដ្ឋ​ថា អតីត​មន្ត្រី​កង​រាជ​អាវុធហត្ថ​រូប​នោះ បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ហើយ​តែងតែ​គំរាម​កំហែង និង​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គាត់ ដើម្បី​ដណ្ដើម​យក​ដី​នោះ​បណ្ដាល​ឲ្យ​ជីវភាព​របស់​ពួក​គាត់​ដុនដាប។

ការ​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌​ដោយ​ផ្តល់​ដី​ជូន​ពួក​គាត់​កាន់​កាប់​វិញ​នោះ បន្ទាប់​ពី​អ្នក​ភូមិ​តែងម៉ៅ និង​ភូមិ​ចន្ទ្រា ជាង ៥០​គ្រួសារ ស្ថិត​នៅ​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អស់​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ដទៃ​ទៀត។

ប្រធាន​សហគមន៍​ដីធ្លី​ភូមិ​តែងម៉ៅ លោក កើត នោ បាន​រៀបរាប់​ថា លោក​បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ រហូត​ដល់​ស្ថាប័ន​ថ្នាក់​ជាតិ ក៏ប៉ុន្តែ​នៅ​តែ​មិន​មាន​លទ្ធផល​ឡើយ ដែល​បណ្ដាល​ឲ្យ​ទំនាស់​ដីធ្លី​នេះ​អូស​បន្លាយ​ពេល​ជាង ១៦​ឆ្នាំ​មក​ហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក។

តំណាង​ប្រជាពលរដ្ឋ​បន្ត​ថា ភាគី​ជម្លោះ​ម្ខាង​ទៀត​ដែល​ជា​អតីត​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឈ្មោះ ស៊ឹម ឈាន អាច​មាន​ខ្នង​ក្រាស់ ព្រោះ​សូម្បី​តែ​អាជ្ញាធរ​ថ្នាក់​ខេត្ត ឬ​ស្ថាប័ន​តុលាការ ក៏​មិន​ហ៊ាន​សម្រេច​ដែរ។ ពលរដ្ឋ​រំពឹង​ថា មាន​តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ​ទេ ទើប​អាច​ជួយ​បាន៖ « ផ្លូវ​តុលាការ​ទោះ ២០​ឆ្នាំ​ក៏​មិន​ដាច់ស្រេច​ដែរ ព្រោះ​ម្តង​ឲ្យ​ពលរដ្ឋ​ឈ្នះ ម្តង​ឲ្យ​គេ​ឈ្នះ។ ដូច្នេះ​មាន​តែ​សម្ដេច​ទេ ជួយ​ផង​សម្ដេច។ ឥឡូវ​នេះ​ពលរដ្ឋ​លំបាក​ណាស់ គ្មាន​ដី​ធ្វើ​ស្រែ អ្នក​ខ្លះ​ចំណាក​ស្រុក​ចោល​ផ្ទះ​ទៅ​ធ្វើ​ការ ឲ្យ​គេ​ខ្លះ​ទៀត​ទៅ​សុំ​ទាន​គេ »

ពលរដ្ឋ​ថា​ផ្ទៃដី​ដែល​មាន​ទំនាស់​នោះ​ទំហំ​ប្រមាណ ៦៤​ហិកតារ។ ប្រជាពលរដ្ឋ​បាន​រុករាន​កាន់​កាប់ និង​ធ្វើ​ស្រែ​តាំង​ពី​ឆ្នាំ​១៩៨៣ រហូត​ដល់​ឆ្នាំ​២០០០ ប៉ុន្តែ​ដោយសារ​ឆ្នាំ​២០០០ មាន​ទឹក​ជំនន់​ខ្លាំង ពួក​គាត់​ក៏​បាន​ផ្អាក​រហូត​ដល់​ឆ្នាំ​២០០៤ ក៏​លេច​មុខ​មន្ត្រី​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឈ្មោះ​លោក ស៊ឹម ឈាន បាន​មក​អះអាង​ថា គាត់​បាន​ទិញ​ដី​នោះ តែ​ពលរដ្ឋ​ចោទ​ថា លោក ស៊ឹម ឈាន បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​លួច​ធ្វើ​ប្លង់ និង​ធ្វើ​លិខិត​ក្លែងក្លាយ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ក្រោយ​មក​នៅ​ឆ្នាំ​២០០៤ ភាគី​ទំនាស់​បាន​ចូល​ទៅ​កាន់​កាប់ ហើយ​ក្រុម​អ្នក​ភូមិ​បាន​តវ៉ា​ដោះស្រាយ​មិន​ចេញ រហូត​ប្ដឹងផ្ដល់​គ្នា​ទៅ​តុលាការ។ ពលរដ្ឋ​បន្ត​ថា ខណៈ​សំណុំ​រឿង​ដីធ្លី​នេះ​កំពុង​ឋិត​ក្នុង​ដៃ​តុលាការ ស្រាប់​តែ​ពួក​គាត់​សង្កេត​ឃើញ​ថា ឈ្មោះ ស៊ឹម ឈាន បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ជួល​ដី​បន្ត​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​ស្រែ ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា នេះ ពលរដ្ឋ​ទាំង ៥០​គ្រួសារ បាន​យក​ពូជ​ស្រូវ​ដំណើប​ចំនួន ៥​តោន​ទៅ​ពង្រោះ​លើ​ដី​ស្រែ​នោះ ស្រាប់​តែ​ឈ្មោះ ស៊ឹម ឈាន និង​អាជ្ញាធរ​ស្រុក បាន​បញ្ជា​ឲ្យ​ជនជាតិ​វៀតណាម បើក​ត្រាក់ទ័រ​ឈូស​ឆាយ​កម្ទេច។

ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោកស្រី ទួក ឆែន រៀបរាប់​ថា ដោយសារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​អសមត្ថភាព និង​មិន​គិតគូរ​អំពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នោះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​បាត់បង់​ដីធ្លី ហើយ​កំពុង​មាន​ជីវភាព​ដុនដាប៖ « ខ្ញុំ​អស់​ដី​អស់​ស្រូវ​ដែល​ទើប​ពង្រោះ។ ខ្ញុំ​មិន​ដែល​វេទនា​ដល់​ថ្នាក់​នេះ ទោះ​ទើប​វិល​ពី​សម័យ ប៉ុល ពត ក្តី។ អ្នក​ធំ​ជិះជាន់​ប្រជាពលរដ្ឋ »

លោកស្រី​ថា​ជនជាតិ​វៀតណាម នៅ​តែ​មាន​វត្តមាន​ជួល​ដី​ស្រែ​នៅ​ទីនោះ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជួយ​បិទ​បាំង​មិន​ឲ្យ​អាជ្ញាធរ​ថ្នាក់​លើ​ដឹង​ឡើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ស្រុក​ចន្ទ្រា លោក នួន រាំ និង​អភិបាល​ខេត្ត​ស្វាយរៀង លោក ម៉ែន វិបុល នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា បាន​ទេ ដោយ​លោក​ទាំង​ពីរ​ថា​ជាប់​រវល់​ប្រជុំ។ ចំណែក​អតីត​មន្ត្រី​កង​រាជ​អាវុធហត្ថ លោក ស៊ឹម ឈាន ដែល​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​ពលរដ្ឋ​នោះ អាស៊ីសេរី នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​ឆ្លើយតប​បាន​នៅ​ឡើយ។

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​មន្ត្រី​កង​រាជ​អាវុធហត្ថ​នេះ ក៏​ធ្លាប់​កើត​មាន​អំពើ​ហិង្សា​ជាច្រើន​លើក ហើយ​កាល​ពី​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជាង​គេ​នោះ ធ្លាប់​ត្រូវ​តុលាការ​ចាប់​ដាក់​គុក​ពីរ​ដង​រួច​មក​ហើយ។ ប្រជាពលរដ្ឋ​អះអាង​ថា ជា​ញឹកញាប់​ពួក​គាត់​តែង​ទទួល​រង​ការ​គំរាម​កំហែង​ពី​ភាគី​ម្ខាង​ទៀត​ដែល​មាន​អំណាច។

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង ដែល​បាន​តាមដាន​រឿង​ទំនាស់​ដីធ្លី​នេះ គឺ​លោក នុត បូពិណ្ណារ័ត្ន លើក​ឡើង​ថា ប្រជាពលរដ្ឋ​បាន​ជួប​ការ​វេទនា​សព្វ​បែបយ៉ាង​ទាំង​ផ្លូវ​កាយ ទាំង​ផ្លូវ​ចិត្ត​ក្នុង​រឿង​ទំនាស់​ដីធ្លី​នេះ ដោយសារ​គ្មាន​ដី​បង្កបង្កើនផល ប៉ះពាល់​ដល់​ជីវភាព និង​ប្រឈម​ការ​ចាប់​ដាក់​ពន្ធនាគារ​ជាដើម។ លោក នុត បូពិណ្ណារ័ត្ន បន្ត​ថា រឿង​នេះ​គួរ​ត្រូវ​បាន​បញ្ចប់​យូរ​ហើយ ព្រោះ​សាលា​ឧទ្ធរណ៍​បាន​ចេញ​សាល​ដីកា​ឲ្យ​ប្រជាពលរដ្ឋ​ឈ្នះ​ក្តី តែ​ក្រោយ​មក សាលា​ឧទ្ធរណ៍​បាន​មោឃភាព​សាល​ដីកា​ចាស់ ហើយ​ចេញ​សាលា​ដីកា​ថ្មី​សម្រេច​ឲ្យ​ពលរដ្ឋ​ចាញ់​ក្តី​វិញ ដែល​កាន់​តែ​ធ្វើ​ឲ្យ​សំណុំ​រឿង​ស្មុគស្មាញ និង​មាន​មន្ទិល​សង្ស័យ​ជាច្រើន៖ « បើ​ពិនិត្យ​ទៅ​លើ​អង្គ​ច្បាប់ និង​ច្បាប់​ភូមិបាល គឺ​ពួក​គាត់​មាន​សិទ្ធិ​ទទួល​បាន​ដី​នោះ​មក​កាន់​កាប់។ ចឹង​ហើយ​រដ្ឋាភិបាល អាជ្ញាធរ ជួយ​ដោះស្រាយ​រឿង​នេះ​ជូន​ពួក​គាត់​ផង »

ក្រុម​ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​មិន​សុខ​ចិត្ត​នោះ​ឡើយ ប្រសិន​បើ​តុលាការ​កាត់​ក្តី​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​ស្រុក​ម្ចាស់​ដី បាត់បង់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨០ ជាង​នោះ ពោល​គឺ​ពួក​គាត់​នឹង​នៅ​តែ​បន្ត​តវ៉ា​រហូត​មាន​ដំណោះស្រាយ ទោះ​ត្រូវ​ប្រឈម​មុខ​អ្វី​ក៏ដោយ​ចុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។