ពលរដ្ឋ​៥៤​គ្រួសារ​នៅ​ក្រុង​ប៉ោយប៉ែត​ចោទ​ប៉ូលិស​ព្រំដែន​ថា​មិន​ឲ្យ​សង់​ផ្ទះ​ថ្មី​នៅ​ទីតាំង​ចាស់

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ នៃ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ចំនួន ៥៤​គ្រួសារ ចោទ​ប្រកាន់​មេ​បញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ថា​បាន​រារាំង​មិន​ឲ្យ​ពួក​គាត់​ផ្ទះ​សង់​ផ្ទះ​នៅ​លើ​ដី​រស់នៅ​តាម​ព្រំដែន។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ បាន​រើ​ផ្ទះ​ចាស់ សង់​ថ្មី តែ​ត្រូវ​បាន​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​ហាម​ឃាត់​មិន​ឲ្យ​សាងសង់។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​មេ​បញ្ជាការ​នគរបាល​ការពារ​ព្រំដែន​វរ​លេខ​៩១១ ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ថា​ហាម​ឃាត់​មិន​ឲ្យ​ពួក​គាត់​សង់​ផ្ទះ ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​ក្រីក្រ​ឡើយ។

តំណាង​ពលរដ្ឋ​ម្នាក់ លោក មាស ច័ន្ទតារា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មិថុនា ថា មេ​បញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ប្រចាំ​ការ​នៅ​ព្រំដែន​ក្រុង​ប៉ោយប៉ែត បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ​ក្នុង​ចំណោម ៥៤​គ្រួសារ​រស់នៅ​ភូមិ​សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត មិន​ឲ្យ​សាងសង់​ផ្ទះ​ស្នាក់នៅ​លើ​ដី​កម្មសិទ្ធិ​របស់​ខ្លួន​ឡើយ។ លោក​អះអាង​ថា ពួក​គាត់​បាន​រុះរើ​ផ្ទះ​ចាស់​ចេញ​អស់​ទៅ​ហើយ ដើម្បី​សង់​ផ្ទះ​ថ្មី​នៅ​លើ​ដី​ទីតាំង​ដើម ដោយ​ពុំ​បាន​ទៅ​រំលោភ​លើ​ដី​របស់​រដ្ឋ​នោះ​ទេ។ លោក​បន្ថែម​ថា ពួក​គាត់​កំពុង​ព្រួយ​បារម្ភ​ខ្លាច​គ្មាន​ជម្រក​ស្នាក់​នៅ​ក្នុង​រដូវ​វស្សា​ខាង​មុខ​នេះ៖ « គេ​ថា​មិន​ឲ្យ​ពួក​ខ្ញុំ​សាងសង់​តែ​ម្ដង បើ​ទោះ​យើង​ទៅ​សុំ​ច្បាប់​ដល់​ណា ក៏​គេ​មិន​ឲ្យ​ដែរ។ ហើយ​ពួក​ខ្ញុំ​ក៏​បាន​ទៅ​សុំ​ច្បាប់​មន្ត្រី​សាលា​សង្កាត់ និង​សាលា​ក្រុង​ប៉ោយប៉ែត គេ​ឲ្យ​សាងសង់​បាន ប៉ុន្តែ​ប៉ូលិស​នៅ​តែ​រារាំង​ទៀត »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​បញ្ជាការ​នគរបាល​ការពារ​ព្រំដែន​វរ​លេខ​៩១១ លោក ស៊ូ ចាន់ណារី មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ហាម​ឃាត់​ពលរដ្ឋ​សង់​ផ្ទះ​ប្រាកដ​មែន។ លោក​អះអាង​ថា មូលហេតុ​ដែល​ហាម​ឃាត់​នេះ ដោយសារ​ប្រជាពលរដ្ឋ​សង់​ផ្ទះ​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ និង​កៀក​ព្រំដែន​តំបន់​ហាម​ឃាត់​សាងសង់​សំណង់​រឹងមាំ ដែល​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ស្រុក​នៅ​ពេល​ខាង​មុខ៖ « ហើយ​ជាទូទៅ​ព្រំដែន​យើង​មិន​ទាន់​កំណត់​ថា​យ៉ាង​ម៉េច​យ៉ាង​ណា​ទេ។ យើង​បាន​ជជែក​រឿង​នេះ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​២០០០ ភាគី​ខ្មែរ និង​ថៃ មិន​អនុញ្ញាត​ឲ្យ​សង់​សំណង់​រឹងមាំ​នៅ​តាម​ព្រំដែន​មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​ទេ។ អ៊ីចឹង​បាទ

ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​មិន​បាន​សង់​ផ្ទះ​រំលោភ​ដី​ផ្លូវ​សាធារណៈ​ដូច​ការ​លើក​ឡើង​របស់​សមត្ថកិច្ច​ឡើយ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បន្ទាយមានជ័យ លោក ភួន ឈិន មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ជា​រឿង​ល្អ ពីព្រោះ​អាច​ជួយ​ធ្វើ​ជា​រនាំង​ការពារ​ទឹក​ដី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ លោក​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ គួរ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ហាម​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​សង់​ផ្ទះ ដើម្បី​កុំ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ដោយសារ​គ្មាន​ទីជម្រក​ស្នាក់នៅ៖ « បើ​សិន​ជា​ប៉ូលិស​និយាយ​ការ​សាងសង់​ផ្ទះ​របស់​ពួក​គាត់ វា​ប៉ះពាល់​ខ្សែ​បន្ទាត់​ព្រំដែន។ ចុះ​ហេតុ​អី​គាត់​មិន​ធៀប​ជាមួយ​ក្រុម​កាស៊ីណូ​ផង ? ហេតុ​អី​កាស៊ីណូ​សង់​អគារ​បាន ? ចំណែក​ប្រជាពលរដ្ឋ​ក្រីក្រ​សង់​ផ្ទះ​មិន​បាន

ប្រជាពលរដ្ឋ​ទាំង ៥៤​គ្រួសារ​រស់នៅ​ជាប់​អូរ​ព្រំដែន​កម្ពុជា-ថៃ និង​មាន​ចម្ងាយ​ប្រមាណ ៤៥០​ម៉ែត្រ​ពី​កាស៊ីណូ និង​កៀក​របង​ក្រុមហ៊ុន​ហ្គោលឌិន ក្រោន (Golden Grown) របស់​លោក​ឧកញ៉ា កុក អាន នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។