ពលរដ្ឋចំនួន ៧៣គ្រួសារ ដែលមានដីចម្ការ និងផ្ទះសម្បែងនៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កំពុងជ្រួលច្របល់ខ្លាចអាជ្ញាធរដកហូតដី ឬកម្ទេចផ្ទះ និងខ្ទមពួកគេដោយគ្មានការដោះស្រាយ។ ការបារម្ភនេះ បន្ទាប់ពីអាជ្ញាធរចេញសេចក្ដីជូនដំណឹងកាលពីដើមខែមិថុនា ឲ្យពលរដ្ឋរុះរើផ្ទះ និងខ្ទមចេញពីដីដែលបានកំណត់ជាដីសម្បទានសង្គមកិច្ច។
ក្រុមពលរដ្ឋដែលអះអាងថា បានចូលទៅរស់នៅ និងកាន់កាប់ដីនៅចំណុចឃុំសន្ទ្រែ តាំងពីអំឡុងឆ្នាំ២០០៧ ប្រកាន់ជំហរស៊ូស្លាប់នៅលើដី និងផ្ទះរបស់ខ្លួន បើមានការវាយធ្វើបាបណាមួយពីអាជ្ញាធរ។
តំណាងពលរដ្ឋម្នាក់លោកស្រី សេក រីម មានប្រសាសន៍នៅថ្ងៃទី២៥ ខែមិថុនា ថា ពលរដ្ឋភាគច្រើនមានភាពល្ងឹតល្ងង់ទើបយល់ព្រមផ្ដិតមេដៃលើកិច្ចសន្យាចាកចេញពីលើដី ឬផ្ទះរបស់ខ្លួនដែលអាជ្ញាធរតម្រូវឲ្យផ្ដិតកាលពីដើមខែមិថុនា ឆ្នាំ២០១៦។ លោកស្រីថា ពេលនេះទើបពលរដ្ឋភ្ញាក់ខ្លួន ដោយភ័យខ្លាចគេរឹបអូសយកដី និងផ្ទះ ហើយស្រែកឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ៖ «គេចុះមកមានអាជ្ញាធរស្ពាយកាំភ្លើងស្ពាយអីគាត់ភិតភ័យណាស់! ឥឡូវហ្នឹងជាគិតយ៉ាងម៉េចទេ ប្រជាជនមានតែចង់ឲ្យខាងអាស៊ីសេរី ជួយផ្សព្វផ្សាយឲ្យបាលឮថា ឲ្យតែមានតែពាក្យថា សូមសម្ដេចជួយកូនចៅគាត់ ដែលពលរដ្ឋសុទ្ធតែជាកូនចៅរបស់សម្ដេច គាំទ្រសម្ដេចរហូតនេះ សូមឲ្យសម្ដេចលោកជួយ»។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកភ្នំក្រវាញ លោក សូរ សាហុង នៅតែស្នើឲ្យពលរដ្ឋចាកចេញពីលើដី និងផ្ទះដែលខ្លួនកំពុងរស់នៅ ដោយលោកអះអាងថា ពលរដ្ឋបានចូលរំលោភកាន់កាប់លើដីនោះក្រោយឆ្នាំ២០១២ ដោយអ្នកខ្លះមានដីនៅកន្លែងផ្សេងរួចទៅហើយ។ លោកថា បច្ចុប្បន្នអាជ្ញាធរ បានចុះអប់រំ និងស្រង់ស្ថិតិពលរដ្ឋបានជាង ៥០គ្រួសារ ដើម្បីថា នឹងត្រូវដោះស្រាយយ៉ាងណាបន្ត៖ «អ្នកខ្លះមានដីលក់ដីអស់ហើយ លក់ដីអាកន្លែងខ្លួនឯងអស់ហើយ ចូលមកទន្ទ្រានកាន់កាប់ដីសម្បទានសង្គមកិច្ចទៀត។ អាកន្លែងហ្នឹងហើយដែលខ្ញុំចង់ជម្រាបជូនប្អូនដែលថា សូមឲ្យគាត់ចាកចេញ ហើយមានដីនៅកន្លែងណាឲ្យគាត់ទៅរស់នៅកន្លែងហ្នឹងវិញ។ ដោយឡែកចំពោះអ្នកដែលគ្មានដីពិតប្រាកដ រដ្ឋាភិបាល ឬអាជ្ញាធរចេះគិតដោះស្រាយហើយ ព្រោះប្រជាពលរដ្ឋគឺជាកូនចៅ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន យល់ថា អាជ្ញាធរគួរតែមានវិធានការទប់ស្កាត់ពេលពលរដ្ឋចូលទន្ទ្រានកាន់កាប់ភ្លាមៗ ប៉ុន្តែបើពលរដ្ឋចូលទៅរស់នៅ ឬកាន់កាប់ដីស្ទើរក្លាយជាភូមិក និងមានដំណាំលើដីនោះ ស្រាប់តែឲ្យពួកគាត់រុះរើផ្ទះចាកចេញគឺជារឿងមិនត្រឹមត្រូវឡើយ។ លោកគាំទ្រលើគំនិតពលរដ្ឋដែលស្នើឲ្យប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍៖ «វាហាក់ដូចជាស្របហើយ (ការស្នើសុំអន្តរាគមន៍) ព្រោះគាត់ចំណាយពេលវេលា ចំណាយធនធានច្រើនណាស់ ហើយឥឡូវបានឲ្យពួកគាត់រុះរើចេញ ហើយអត់មានដោះស្រាយ យើងគិតពីមនុស្សធម៌មិនដឹងថា ពួកគាត់ទៅណាមកណាវិញទេ វាត្រូវតែមានគោលការណ៍ដោះស្រាយសមរម្យណាមួយដែលអាចទទួលយកបានទាំង សងខាងហើយ»។
លោក អេង ឈុនហាន បញ្ជាក់ថា ក្រុមការងារលោកនឹងចុះអង្កេតករណីនេះឲ្យបានច្បាស់លាស់នៅមុនខែកក្កដា ឆ្នាំ២០១៦ ដើម្បីមានមូលដ្ឋានក្នុងការដាក់បញ្ចូលជាមួយរបៀបវារៈផ្សេងទៀតដែលមន្ត្រីអង្គការលីកាដូ និងមន្ត្រីអង្គការសហប្រជាជាតិ (U.N) គ្រោងជួបពិភាក្សាជាមួយគណៈអភិបាលខេត្តពោធិ៍សាត់ នៅក្នុងសប្ដាហ៍ទី២ នៃខែកក្កដា ឆ្នាំ២០១៦ ខាងមុខ។
ក្រុមពលរដ្ឋឲ្យដឹងថា បច្ចុប្បន្នមានផ្ទះក្បឿងមួយខ្នង និងខ្ទមប្រមាណ ២០ខ្នងផ្សេងទៀត បានសង់នៅលើដីមានជម្លោះតាំងពីឆ្នាំ២០០៧ ជាបន្តបន្ទាប់។ ប៉ុន្តែរដ្ឋាភិបាល ទើបចេញអនុក្រឹត្យកំណត់ដីទំហំ ៥៦៩ហិកតារ នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាដីសម្បទានសង្គមកិច្ចនៅឆ្នាំ២០១១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
