ពលរដ្ឋ ៩គ្រួសាររស់នៅឃុំភ្លុក ស្រុកសេសាន ខែត្រស្ទឹងត្រែង ទាមទារឲ្យក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ផ្តល់សំណងផលប៉ះពាល់ដីស្រែរបស់ពួកគេឲ្យបានត្រឹមត្រូវ។ ការទាមទារនេះ បន្ទាប់ពីក្រុមហ៊ុនបានជីករណ្តៅរំដោះទឹក កាយអាចម៍ដី និងស្ថាបនាផ្លូវ ដើម្បីដឹកជញ្ជូនសម្ភារធ្វើបង្គោលអគ្គិសនី បង្កប៉ះពាល់ដីស្រែរបស់អ្នកភូមិជាច្រើនហិកតារ។
ពលរដ្ឋអះអាងថា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅពុំទាន់សម្របសម្រួលដោះស្រាយករណីនេះជាមួយពលរដ្ឋនៅឡើយទេ បើទោះបីជាអ្នកភូមិបានជូនដំណឹងទៅតំណាងក្រុមហ៊ុន និងអាជ្ញាធរច្រើនសាក្តី។
ពលរដ្ឋរស់នៅឃុំភ្លុក ស្រុកសេសាន លោក ស៊ីង ស៊ីថាន់ ឲ្យដឹងនៅថ្ងៃទី១៥ មិថុនា ថា ក្រុមហ៊ុនបានស្ថាបនាបង្គោលអគ្គិសនីដោយយកអាចម៍ដី និងថ្ម ទៅចាក់លើស្រែរបស់ពលរដ្ឋ នាំឲ្យពួកគាត់ខកខានមិនអាចដាំដុះបាន។ លោកថា អ្នកភូមិធ្លាប់ទទួលសំណងពីក្រុមហ៊ុន ៦០ម៉ឺនរៀល ឬ ១៥០ដុល្លារ ជាថ្នូរអនុញ្ញាតឲ្យក្រុមហ៊ុនស្ថាបនាបង្គោលអគ្គិសនីលើដីទំហំ ៥ម៉ែត្រក្រឡាកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ក៏ប៉ុន្តែបែរជាក្រុមហ៊ុនអនុវត្តលើសពីកិច្ចសន្យាដែលបានកំណត់ ពោលគឺកសាងផ្លូវទំហំទទឹង ៣ម៉ែត្រទៅ ៤ម៉ែត្រ ប្រវែងជាង ២ពាន់ម៉ែត្រលើដីស្រែរបស់ពលរដ្ឋ និងបានជីករណ្តៅរំដោះទឹកនៅអមសងខាងផ្លូវ បង្កឲ្យពលរដ្ឋខកខានមិនអាចធ្វើកសិកម្មបាន។
លោកទាមទារឲ្យក្រុមហ៊ុន ផ្តល់សំណងផ្អែកតាមតម្លៃទីផ្សារ៖ « ធ្វើផ្លូវ និងជីកប្រឡាយ ខ្ញុំថាមានសុំអាជ្ញាធរទេ វាថាអត់ទេ ចឹងពួកវាធ្វើគឺរំលោភសិទ្ធិពលរដ្ឋច្រើនមែនទែន។ រំលោភវាចង់ជីករណ្ដៅតាមអំពើចិត្ត។ វាអត់បានសុំយើងថាសុំជីកប្រឡាយទេ »។
អាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី១៥ មិថុនា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែកមេឃុំភ្លុក លោក ទូន ថាំង ទទួលស្គាល់ថា ការអភិវឌ្ឍរបស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បង្កឲ្យពលរដ្ឋខកខានមិនបានធ្វើស្រែនៅរដូវវស្សាឆ្នាំនេះ ហើយអាជ្ញាធរឃុំបានជូនដំណឹងទៅក្រុមហ៊ុនរួចហើយ ដើម្បីសម្របសម្រួលករណីនេះ។ លោកថា តំណាងក្រុមហ៊ុនបានជូនដំណឹងមកអាជ្ញាធរកាលពីពេលថ្មីៗនេះ ដោយស្នើឲ្យអាជ្ញាធរមូលដ្ឋានសហការជាមួយមន្ត្រីពាក់ព័ន្ធ ចុះវាស់វែងកំណត់ទំហំដីស្រែដែលប៉ះពាល់ ដើម្បីឲ្យក្រុមហ៊ុនដោះស្រាយជាមួយពលរដ្ឋ៖ « ក្នុងនាមខ្ញុំជាអាជ្ញាធរ ខ្ញុំត្រូវតែឈរខាងប្រជាពលរដ្ឋហើយ ត្រូវតែដោះស្រាយឲ្យគាត់ឲ្យសមហេតុផង ដើម្បីឲ្យគាត់អាចទទួលយកបាន។ ទោះជាយ៉ាងណា ខ្ញុំនឹងខំទាមទារជាមួយក្រុមហ៊ុន អ្វីដែលក្រុមហ៊ុនធ្វើមិនស័ក្តិសមជាមួយពលរដ្ឋ យើងក៏មិនអាចទទួលយកបានដែរ »។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន យល់ថា ក្រុមហ៊ុនមានកាតព្វកិច្ចអនុវត្តគោលនយោបាយការងារអភិវឌ្ឍន៍ថាមពលអគ្គិសនី ត្រូវតែផ្តល់សំណងជូនពលរដ្ឋឲ្យបានត្រឹមត្រូវតាមតម្លៃទីផ្សារ និងការចរចា ក្រោយពីពលរដ្ឋរងផលប៉ះពាល់បញ្ហានេះ ប្រឈមខកខានមិនអាចធ្វើស្រែនៅរដូវវស្សាឆ្នាំនេះ៖ « សំណង គឺធ្វើបង្គោលទេ មិនមែនធ្វើផ្លូវ ឬជីកអាចម៍ដីយកទៅកប់លើស្រែគេទេ។ ក្រុមហ៊ុនបានជីករណ្ដៅមិនឲ្យជាប់លើផ្លូវ ហើយអាជីករណ្ដៅហ្នឹង គឺពុំមានសំណងទាំងអស់ »។
អ្នកភូមិព្រមានថា នឹងធ្វើរបងបិទផ្លូវមិនឲ្យក្រុមហ៊ុនដឹងសម្ភារចូលតំបន់នោះ ប្រសិនបើក្រុមហ៊ុនមិនដោះស្រាយបញ្ហានេះអំឡុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥ មិថុនា នេះទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។