ធនាគារ​ANZ​បដិសេធ​មិន​ពាក់ព័ន្ធ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​នៅ​អមលាំង​ខេត្ត​កំពង់ស្ពឺ

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ២០០​នាក់ មក​ពី​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ (Phnom Penh Sugar) ផលិត​ស្ករ​ស​របស់ លោក លី យ៉ុងផាត់ បាន​ទៅ​បាតុកម្ម​នៅ​ខាង​មុខ​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ (ANZ Royal) នៅ​ផ្លូវ​ក្រមួនស ស្ថិត​ក្នុង​សង្កាត់​ផ្សារថ្មី១ ខណ្ឌ​ដូនពេញ នៅ​ថ្ងៃ​ទី​១ ខែ​តុលា។

បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជាច្រើន​ម៉ោង​តវ៉ា ពួក​គាត់​ក៏​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​ដោយ​ពុំ​មាន​លទ្ធផល។

ពលរដ្ឋ​ជាង ២០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ ១​ពាន់​គ្រួសារ នៅ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៃ​ខេត្ត​កំពង់ស្ពឺ បាន​នាំ​គ្នា​លើក​បដា​ដែល​សរសេរ​ឲ្យ​ធនាគារ​នេះ ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាត់​បង់​ដីធ្លី​របស់​ពួក​គាត់ និង​យក​លុយ​ដុល្លារ​ក្រដាស​ជ្រលក់​ល័ក្ត​ពណ៌​ក្រហម បាច​នៅ​ខាង​មុខ​ធនាគារ ហើយ​យក​ដៃ​ជ្រលក់​ល័ក្ត​ពណ៌​ក្រហម​តំណាង​ឲ្យ​ឈាម​នោះ ប៉ាត​ជញ្ជាំង​ធនាគារ​ទៀត ដើម្បី​ទាមទារ​ឲ្យ​តំណាង​ក្រុមហ៊ុន​នេះ​ចេញ​មក​ដោះស្រាយ​ការ​បាត់​បង់​ដីធ្លី​របស់​ពួក​គាត់ ដោយសារ​តែ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ផលិត​ស្ករ​ស​របស់ លោក លី យ៉ុងផាត់។

«សំឡេង​ស្រែក​រញ៉េរញ៉ៃ»

ល័ក្ត​ពណ៌​ក្រហម​តំណាង​ឲ្យ​ឈាម។ លុយ​ប្រឡាក់​ឈាម ដោយសារ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ពាក់ព័ន្ធ​ដីធ្លី​របស់​ពួក​គាត់​យក​ដាំ​ដើម​អំពៅ ដើម្បី​ផលិត​ស្ករ​ស ជា​មូលហេតុ​ដែល​អ្នក​ភូមិ​មក​តវ៉ា​ឲ្យ​តំណាង​ធនាគារ​នេះ​ចេញ​មក​ចរចា នៅ​គ្រា​ដែល​ពួក​គាត់​មាន​ភាព​ទាល់​ច្រក​គ្មាន​ដំណោះស្រាយ​ជាមួយ​ក្រុមហ៊ុន។

ពលរដ្ឋ​ទាំង​នោះ​បាន​តវ៉ា​ឲ្យ​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ បង្វិល​លុយ​ការ​ប្រាក់​ចំណេញ​ដែល​បាន​ផ្ដល់​កម្ចី​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​របស់ លោក លី យ៉ុងផាត់ វិនិយោគ​ផលិត​ស្ករ​ស មក​បែង​ចែក​ផ្ដល់​សំណង​ចំពោះ​ការ​បាត់​បង់​ដីធ្លី​ជូន​ពួក​គាត់។

«សំឡេង​ពលរដ្ឋ​ស្រែក​តាម​មេក្រូ»

នៅ​ក្នុង​ការ​តវ៉ា​នេះ អ្នក​តំណាង​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ មិន​បាន​ចេញ​មក​ជួប​ពលរដ្ឋ​ផ្ទាល់​ទេ។ ក៏ប៉ុន្តែ ធនាគារ​នេះ​បាន​ចេញ​លិខិត​ឆ្លើយ​តប​របស់​ខ្លួន​ចំនួន​ពីរ​ទំព័រ ជូន​មក​សហគមន៍ ផ្ញើ​តាម​ប្រធាន​សន្តិសុខ ប្រគល់​ជូន​តំណាង​ពលរដ្ឋ ដែល​មាន​ហត្ថលេខា​ពី​តំណាង​ធនាគារ លោក បេន វ៉លខើ (Ben Walker)។

លិខិត​មាន​ខ្លឹមសារ​ថា ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​លែង​ជា​អតិថិជន​របស់​ធនាគារ​តាំង​ពី​ខែ​កក្កដា មក​ម្ល៉េះ ព្រោះ​ក្រុមហ៊ុន​នេះ​បាន​សង​ប្រាក់​កម្ចី​ទាំង​ស្រុង​រួច​រាល់​ហើយ។ ក្នុង​លិខិត​នោះ ក៏​បាន​រៀបរាប់​ពី​កិច្ច​ស្វែង​រក​អន្តរាគមន៍​ជាមួយ​រដ្ឋាភិបាល និង​ក្រុមហ៊ុន ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ។

យ៉ាង​ណា ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា បញ្ហា​ចម្បង​ក្នុង​វិវាទ​របស់​ពលរដ្ឋ គឺ​ជាប់​ទាក់ទង​នឹង​ការងារ​ដីធ្លី។ ចំពោះ​បញ្ហា​ទាំង​នេះ មាន​តែ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ និង​រាជ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ ដែល​អាច​ស្វែង​រក​ដំណោះស្រាយ​បាន។ ធនាគារ​ផ្ដល់​ហិរញ្ញប្បទាន​តែ​ទៅ​លើ​ផ្នែក​មួយ​សម្រាប់​ការងារ​សាងសង់​រោងចក្រ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ធនាគារ​មិន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការ​ទទួល​បាន​ដី​សម្បទាន ឬ​សម្រាប់​ការងារ​ដំណាំ​ចម្ការ​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​ការ​ឆ្លើយ​តប​របស់​ធនាគារ​ដូច្នេះ តំណាង​អ្នក​ភូមិ​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ លោក ចេង សុភាព បាន​ប្រតិកម្ម​ថា ការ​ឆ្លើយ​តប​របស់​ធនាគារ​នៅ​ពេល​នេះ គឺ​ជា​ការ​មិន​គួរ​សម ហើយ​គ្មាន​ន័យ​អ្វី​សោះ​សម្រាប់​ពួក​គាត់៖ «បាទ! គាត់​បាន​ឆ្លើយ​ថា​គាត់​បាន​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ឲ្យ​តែ​ផ្នែក​ខាង​សាងសង់​រោងចក្រ គាត់​មិន​មែន​ផ្ដល់​ប្រាក់​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​ហ្នឹង ទទួល​បាន​ដី​សម្បទាន​ទេ។ គាត់​ឆ្លើយ​អ៊ីចេះ​ទៅ​វិញ។ ពួក​យើង​នៅ​តែ​ទាមទារ នៅ​តែ​បន្ត​ការ​ទាមទារ ប្រសិន​បើ​គាត់​នៅ​តែ​មិន​ទទួល​ខុស​ត្រូវ»

ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​មតិ​ថា បើ​ពិនិត្យ​លើ​គោលការណ៍​ច្បាប់ ធនាគារ អេ.អិន.ហ្សិត បាន​ផ្ដល់​ជា​មធ្យោបាយ​ដើម្បី​មាន​ការ​អភិវឌ្ឍ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​នៅ​តំបន់​នោះ ហើយ​ទទួល​បាន​ផល​ចំណេញ​រាប់​លាន​ដុល្លារ លើ​ការ​រក​ស៊ី​របស់​ខ្លួន៖ «ហើយ​ធនាគារ អេ.អិន.ហ្សិត នេះ​គឺ​ជា​ធនាគារ​មួយ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ ចំពោះ​ការ​គោរព​ទៅ​ដល់​សិទ្ធិ​មនុស្ស ក៏ដូចជា​ការ​គោរព​ដល់​បរិស្ថាន ជាដើម។ អ៊ីចឹង បើ​យើង​ក្រឡេក​មើល​ស្ថានភាព​បច្ចុប្បន្ន គឺ​មិន​មាន​ការ​គោរព​ទៅ​តាម​អ្វី​ដែល​ខ្លួន​បាន​ប្ដេជ្ញា​នោះ​ទេ។ បាន​ន័យ​ថា ប្រជាពលរដ្ឋ​បាត់​បង់​ដីធ្លី ព្រៃ​សហគមន៍​របស់​ពួក​គាត់​ត្រូវ​បាន​កាប់​បំផ្លាញ​នោះ ជា​ទង្វើ​រំលោភ​ច្បាប់​ពី​សំណាក់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​នោះ»

គម្រោង​អភិវឌ្ឍន៍​ចម្ការ​អំពៅ​របស់​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ មាន​តម្លៃ ២២០​លាន​ដុល្លារ​អាមេរិក ដែល​ភាគ​ច្រើន​ទទួល​បាន​កម្ចី​ពី​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់។ លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ចំនួន ៩​ពាន់​ហិកតារ នៅ​ស្រុក​ថ្ពង ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០១០។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៩​ពាន់​ហិកតារ នៅ​ស្រុក​ឱរ៉ាល់ និង​ផ្ទៃ​ដី​អភិវឌ្ឍន៍​សត្វ​ព្រៃ​ចំនួន ៤.៧០០​ហិកតារ​បន្ថែម​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ២​ម៉ឺន ៣​ពាន់​ហិកតារ ដែល​ជា​ទំហំ​លើស​ពី​ច្បាប់​អនុញ្ញាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។