សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងប្រជាសហគមន៍សាមគ្គីភ្នំជាំម្លូ នៅស្រុកឈូក ខេត្តកំពត សម្រេចប្ដឹងករណីកាប់ព្រៃឈើ និងឈូសរានដីព្រៃសហគមន៍ទៅសាលាឧទ្ធរណ៍ បន្ទាប់ពីត្រូវបានសាលាដំបូងខេត្តកំពត សម្រេចមិនចាត់ការពាក្យបណ្ដឹង កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ។ ការប្ដឹងបន្តទៅសាលាឧទ្ធរណ៍នេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ មករា កន្លងទៅ។ ប្រជាសហគមន៍ និងមន្ត្រីសមាគមអាដហុក អំពាវនាវឱ្យតុលាការជាន់ខ្ពស់ចាត់ការរឿងនេះ ដោយយុត្តិធម៌ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋនេះឱ្យមានប្រសិទ្ធភាព។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ប្រាប់អាស៊ីសេរីថា ការដាក់ពាក្យបណ្ដឹងឧទ្ធរណ៍នេះ គឺដើម្បីសម្ដែងការកើតទុក្ខមិនសុខចិត្តទៅនឹងដីកាតម្កល់រឿងទុកឥតចាត់ការរបស់តំណាងអយ្យការអមសាលាដំបូងខេត្តកំពត ជុំវិញសំណុំរឿងកាប់រានដីព្រៃសហគមន៍សាមគ្គីភ្នំជាំម្លូ។
លោកយល់ថា ការសម្រេចមិនចាត់ការនេះ គឺជាភាពអយុត្តិធម៌ ព្រោះបទល្មើសព្រៃឈើ និងការកាប់រានដីព្រៃសហគមន៍ ពិតជាកើតមានពេញបន្ទុកក្នុងភូមិសាស្ត្រសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ពិតប្រាកដមែន។
លោកសង្កត់ធ្ងន់ថា បណ្ដឹងរបស់លោក និងប្រជាពលរដ្ឋមានភស្តុតាងគ្រប់គ្រាន់ដែលគួរតែតុលាការយកធ្វើជាមូលដ្ឋានក្នុងការចោទប្រកាន់បុគ្គលល្មើសច្បាប់ ប៉ុន្តែបែរជាតុលាការសម្រេចមិនចាត់ការរឿងនេះទៅវិញ៖ «យើងមិនបានស៊ីជម្រៅថា តើលោកព្រះរាជអាជ្ញាសំអាងលើមាត្រាច្បាប់ ឬឆន្ទានុសិទ្ធិរបស់លោកក្នុងការសម្រេចតម្កល់មិនចាត់ការនោះទេ ក៏ប៉ុន្តែចំពោះខ្ញុំដែលជាអ្នកការពារសិទ្ធិមនុស្ស ហើយយើងបានសិក្សាអំពីផ្លូវច្បាប់ច្រើន ដូចជាច្បាប់ភូមិបាល និងក្រមព្រហ្មទណ្ឌជាដើម យើងឃើញថា អ្វីដែលយើងទៅឃើញហ្នឹង វាសមល្មមដែលស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវចោទប្រកាន់លើជនល្មើស និងជនពាក់ព័ន្ធបាត់ទៅហើយ ក៏ប៉ុន្តែយើងបែរជាទទួលលទ្ធផលតម្កល់មិនចាត់ការ។ តែវាមិនទាន់ជាបញ្ហាទេ យើងនៅមានផ្លូវទៅឧទ្ធរណ៍មួយទៀត»។
លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា ក្រៅពីការដាក់បណ្ដឹងឧទ្ធរណ៍ លោកក៏គ្រោងនឹងដាក់លិខិតដាច់ដោយឡែកផ្សេងទៀតទៅឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីជម្រាបជូនអំពីករណីនេះ។ លោកសង្ឃឹមថា តុលាការជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធនឹងចាត់ការរឿងនេះដោយត្រឹមត្រូវតាមច្បាប់៖ «វាមានការបើកផ្លូវសម្រាប់យើងក្នុងការប្ដឹងទាស់ទៅឧទ្ធរណ៍ ហើយយើងសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ឱ្យយើង ព្រោះថា យើងបានចុះទៅអង្កេតកន្លែងហ្នឹង។ យើងកុំបាច់ទៅនិយាយរឿងអ្វីច្រើន សូម្បីតែការវាយបង្គោលសីមាដែលកំណត់ព្រំព្រៃសហគមន៍ភ្នំជាំម្លូហ្នឹង គឺជាបទល្មើសឧក្រិដ្ឋមួយបាត់ទៅហើយ»។
សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយមានការទទួលស្គាល់ពីអាជ្ញាធរខេត្តកំពត។ សហគមន៍នេះ មានផ្ទៃដីជាង ១.៦០០ហិកតារ (១.៦៦២) ស្ថិតក្នុងឃុំតាកែន ស្រុកឈូក ខេត្តកំពត។ ធនធានរបស់សហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ រួមមាន សត្វព្រៃ និងព្រៃធម្មជាតិ ដូចជា ព្រៃឈើ និងព្រៃឫស្សី ជាដើម។
សហគមន៍ព្រៃឈើមួយនេះ គឺជាទីអាស្រ័យផលរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដែលរស់នៅក្នុងភូមិស្រកានាគ ភូមិត្រពាំងរុន ភូមិត្រពាំងក្តី និងភូមិជ័យសេនា នៃឃុំតាកែន ស្រុកឈូក ខេត្តកំពត។
ប្រធានសហគមន៍ព្រៃឈើសាមគ្គីភ្នំជាំម្លូ លោក ម៉ម ផាត បញ្ជាក់ថា ព្រៃសហគមន៍នេះ កំពុងរងការកាប់ទន្ទ្រានយកដីជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១២ មក ដោយមិនឃើញមានអាជ្ញាធរណាចុះទប់ស្កាត់ឡើយ។ លោកប៉ាន់ស្មានថា ទំហំដី និងធនធានព្រៃក្នុងសហគមន៍បច្ចុប្បន្ន អាចបាត់បង់ប្រហែល ៨០ភាគរយ។
លោក ម៉ម ផាត អះអាងទៀតថា សកម្មភាពកាប់ព្រៃ និងទន្ទ្រានយកដីសហគមន៍នេះ ភាគច្រើនប្រព្រឹត្តដោយបុគ្គលមានលុយ និងមានអំណាច មិនមែនជាប្រជាពលរដ្ឋសាមញ្ញនោះទេ៖ «បើតាមខ្ញុំដើរស្ទង់មតិដែលគាត់ចូល (ឈូសរានដី) ប្រជាពលរដ្ឋមានចំនួនតិចណាស់ ត្រឹម ៥ភាគរយហ្នឹង ហើយខ្ញុំបានធ្វើកិច្ចសន្យាជាមួយពួកគាត់ខ្លះៗទៅហើយ បើសិនជាសហគមន៍ត្រូវការវិញសូមឱ្យដកចេញដោយឥតលក្ខខណ្ឌ។ តែសំខាន់អ្នកដែលមានលុយ មានអំណាចហ្នឹង ច្រើនតែព្រហើននឹងដីសហគមន៍ហ្នឹង អ៊ីចឹងបានជាខ្ញុំទាមទារឱ្យមន្ត្រីពាក់ព័ន្ធ ខណ្ឌរដ្ឋបាលព្រៃឈើដែលពាក់ព័ន្ធនឹងព្រៃឈើហ្នឹង ព្រមទាំងរដ្ឋាភិបាល សូមឱ្យជួយ ព្រោះរដ្ឋាភិបាលគាត់ជាអ្នកបង្កើតសហគមន៍ សុំឱ្យប្រជាពលរដ្ឋរួមគ្នាធ្វើសហគមន៍។ ឯកសារកត់ត្រាមានច្បាស់លាស់ណាស់ក្នុងបទបញ្ជាផ្ទៃក្នុងសហគមន៍ អ៊ីចឹងចង់ធ្វើអ្វីមួយត្រូវធ្វើតាមច្បាប់»។
គណៈកម្មការសហគមន៍អះអាងថា បើសិនជាការប្រើប្រាស់យន្តការច្បាប់ទាំងឡាយមិនអាចដោះស្រាយបញ្ហាទន្ទ្រានដីព្រៃនេះបានទេ នោះវិនាសកម្មព្រៃឈើនឹងកើតមានឡើង ដែលធ្វើឱ្យប្រជាពលរដ្ឋចំនួន ៤ ភូមិនៃ ឃុំតាកែន ស្រុកឈូក ខេត្តកំពត រងគ្រោះកាន់តែធ្ងន់ធ្ងរទៀតនៅពេលខាងមុខ។
ច្បាប់ស្ដីពីព្រៃឈើនៃព្រះរាជាណាចក្រកម្ពុជា ចែងថា បទល្មើសព្រៃឈើ គឺជាបទល្មើសព្រហ្មទណ្ឌ។ ជនប្រព្រឹត្តល្មើសនឹងបទបញ្ញត្តិនៃច្បាប់នេះ ត្រូវទទួលទណ្ឌកម្មធ្ងន់ ឬស្រាលទៅតាមថ្នាក់នៃបទល្មើស គឺថ្នាក់ទី១ ទី២ និងទី៣។ ការកម្ទេច ផ្លាស់ប្ដូរ លុបបំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមានៃតំបន់ព្រៃឈើ ព្រមទាំងការកាប់រានព្រៃ ឈូសឆាយដី ឬហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ សុទ្ធតែត្រូវបានរាប់បញ្ចូលក្នុងបទល្មើសព្រៃឈើថ្នាក់ទី១ ដែលជាបទល្មើសធ្ងន់ធ្ងរជាងគេ ហើយដែលជនល្មើសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅដល់ ១០ឆ្នាំ។
បើទោះបីជាច្បាប់ស្ដីពីព្រៃឈើចែងអំពីស្ថានទម្ងន់ទោសបែបនេះក្ដី មន្ត្រីសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា តុលាការច្រើនតែអនុវត្តយឺតយ៉ាវ ឬមិនចាត់ការតែម្ដង ចំពោះពាក្យបណ្ដឹងទាំងឡាយណារបស់អង្គការសង្គមស៊ីវិល និងក្រុមពលរដ្ឋ ប្ដឹងពីបទល្មើសព្រៃឈើ។ លោកគិតថា បញ្ហានេះ អាចបណ្ដាលមកពីអំពើពុករលួយ ប្រព្រឹត្តដោយអាជ្ញាធរ ឬតុលាការជាមួយជនល្មើស ហើយបើតាមច្បាប់ការបណ្ដែតបណ្ដោយមិនចាត់ការចំពោះបទល្មើសឧក្រិដ្ឋបែបនេះ អាជ្ញាធរក៏ត្រូវទទួលទោសដូចជនប្រព្រឹត្តដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។