អាជ្ញាធរខេត្តព្រះសីហនុ បន្តចុះរុះរើផ្ទះ ឬខ្ទមតូចៗរបស់ប្រជាពលរដ្ឋដែលបានសង់ខុសច្បាប់នៅលើបរិវេណដីអនុក្រឹត្យលេខ៧៦ ដែលរដ្ឋាភិបាលបម្រុងទុកជាប្រភពទឹកសាបទុកប្រើប្រាស់នៅទូទាំងខេត្ត។ បញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់មន្ត្រីថ្នាក់ដឹកនាំនៅតាមមន្ទីរ ឬស្ថាប័នរដ្ឋនានា និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ត្រូវចូលរួមសហការការពារតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយឲ្យបានគង់វង្ស និងត្រូវដកខ្លួនឲ្យឆ្ងាយ បើមានជាប់ពាក់ព័ន្ធបទល្មើសរានកាប់ដីព្រៃរដ្ឋបម្រុងទុកនេះ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជាថ្មីម្តងទៀតបានរំលឹកដល់មន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋនានា និងប្រជាពលរដ្ឋកុំឲ្យចូលទៅកាប់រានដីព្រៃរដ្ឋបម្រុងទុកសម្រាប់រក្សាប្រភពទឹកស្អាត ឬទឹកសាប មានទីតាំងនៅក្នុងបរិវេណដីអនុក្រឹត្យលេខ៧៦ តំបន់ក្បាលឆាយ ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ តទៅទៀត ព្រោះជាតំបន់ដែលរដ្ឋាភិបាលបានហាមឃាត់។ លោកអះអាងថា បរិវេណដីព្រៃអនុក្រឹត្យលេខ៧៦ ប្រសិនបើបាត់បង់ ឬត្រូវរងការទន្ទ្រានកាប់ព្រៃរានដីធ្វើកម្មសិទ្ធិ ឬសង់ផ្ទះអនាធិបតេយ្យ នឹងបំផ្លាញដល់អាងស្តុកទឹកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ នាថ្ងៃអនាគត។
លោក យន្ត មីន បានអំពាវនាវដល់ថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នរដ្ឋ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនដែលអាចមានជាប់ពាក់ព័ន្ធសកម្មភាពលួចកាប់រានដីព្រៃឈើនៅតំបន់ក្បាលឆាយ ស្នើឲ្យចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីការពារថែរក្សាបរិវេណព្រៃឈើនៅតំបន់ដីអនុក្រឹត្យលេខ៧៦ ដែលរដ្ឋបម្រុងទុកសម្រាប់រក្សាប្រភពទឹកស្អាតឲ្យបានគង់វង្ស បើមិនដូច្នេះទេ ខេត្តទេសចរណ៍មួយនេះនឹងមិនមានទឹកសាបប្រើប្រាស់ទៀតទេ។
សារក្រើនរំលឹកជាថ្មីនេះ កើតឡើងបន្ទាប់ពីកាលពីថ្ងៃទី២៤ ខែសីហា មន្ត្រីមន្ទីរស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួននៃរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចុះរុះរើផ្ទះ ឬខ្ទមតូចៗរបស់ប្រជាពលរដ្ឋចំនួន ៥គ្រួសារ មានទីតាំងនៅក្រុម១៨ ភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ដោយចោទថាសង់ខុសច្បាប់នៅលើដីអនុក្រឹត្យលេខ៧៦ ដែលរដ្ឋាភិបាលបានហាមឃាត់ និងមានជនខិលខូចច្រើនទៀតប៉ុនប៉ងចូលទៅទន្ទ្រានកាន់កាប់ដីតំបន់នោះ។
ទាក់ទិនបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ ដែលបានដឹកនាំកម្លាំងជំនាញស្ថាប័នខ្លួនចុះរុះរើខ្ទមតូចៗចំនួន ៥ខ្នង ឲ្យដឹងថា ការចុះរុះរើសំណង់ខុសច្បាប់នេះ បានអនុវត្តតាមលិខិតណែនាំរបស់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧។ លោកបន្តថា ករណីនេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងជម្រាបជូនប្រជាពលរដ្ឋទាំង ៥គ្រួសារដែលបានទៅសង់ផ្ទះនៅក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ តម្រូវឲ្យពួកគាត់រុះរើសំណង់ខុសច្បាប់ទាំងនោះចេញ ប៉ុន្តែពលរដ្ឋទាំង ៥គ្រួសារនោះពុំបានអនុវត្តតាមទេ។
លោក សុធារិទ្ធ បន្ថែមថា ការចុះរុះរើផ្ទះពលរដ្ឋទាំង ៥គ្រួសារ ដែលសង់នៅលើបរិវេណដីរដ្ឋហាមឃាត់នៅតំបន់ក្បាលឆាយ ក៏ជាការអនុវត្តតាមអនុក្រឹត្យលេខ១១៦ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ដែលមិនអនុញ្ញាតឲ្យមានការសង់ ឬតាំងទីលំនៅឋានក្នុងតំបន់ការពារធម្មជាតិក្បាលឆាយនោះទេ។
លោក សាមុត សុធារិទ្ធ សង្កត់ធ្ងន់ថា តំបន់ក្បាលឆាយនេះត្រូវរាជរដ្ឋាភិបាលបម្រុងទុកសម្រាប់ទេសភាពបៃតង សម្រាប់ជាតំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងតំបន់ប្រើប្រាស់ច្រើនយ៉ាង ដោយត្រូវការពារ និងអភិរក្សកុំឲ្យប៉ះពាល់ធនធានធម្មជាតិ ជីវចម្រុះ ជាពិសេសប្រភពទឹកស្អាត ឬទឹកសាប ទុកប្រើប្រាស់នៅទូទាំងខេត្តព្រះសីហនុ ជាដើម។
សកម្មភាពចុះរុះរើផ្ទះ ឬខ្ទមតូចៗរបស់ប្រជាពលរដ្ឋទាំង ៥គ្រួសារ មានទីតាំងនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៤ ខែសីហា មិនមានអំពើហិង្សាកើតឡើងទេ ដោយកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់បានដាក់ពង្រាយការពារ។
ឱកាសនោះ ប្រជាពលរដ្ឋទាំង ៥គ្រួសារ និងពលរដ្ឋជាច្រើននាក់ទៀត បានប្រមូលផ្តុំគ្នាតវ៉ាចំពោះសកម្មភាពចុះរុះរើផ្ទះនេះ និងសំណូមពរអាជ្ញាធរកុំឲ្យរុះរើផ្ទះពួកគេ ដោយលើកហេតុផលថា គ្មានដីសង់ផ្ទះ និងមានជីវភាពក្រីក្រ ហើយម្យ៉ាងរដូវនេះមានភ្លៀងធ្លាក់រាល់ថ្ងៃទៀត។
ក្រុមប្រជាពលរដ្ឋក៏បានសំណូមពរដល់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំសង់ផ្ទះរស់នៅលើទីតាំងដើម ដែលត្រូវអាជ្ញាធររុះរើវិញ ព្រោះរាល់ថ្ងៃនេះមានព្យុះភ្លៀងជាបន្តបន្ទាប់ ហើយពួកគេគ្មានជម្រកឲ្យកូនតូចៗជ្រក និងមិនដឹងត្រូវទៅរស់នៅទីណានោះទេ។
ប៉ុន្តែសំណូមពរនេះ អាជ្ញាធរមិនទទួលយកទេ ដោយបានណែនាំប្រជាពលរដ្ឋទាំង ៥គ្រួសារ និងពលរដ្ឋផ្សេងទៀតថា ប្រសិនបើពួកគេមានជីវភាពក្រីក្រ និងគ្មានដីសង់ផ្ទះពិតប្រាកដ សូមឲ្យដាក់ពាក្យស្នើសុំដីសង់ផ្ទះតាមរយៈភូមិ ឃុំ ឬសង្កាត់ ក្រុង ស្រុក មករដ្ឋបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជាក់ស្តែង ដោយមិនត្រូវនាំគ្នាមកលួចកាប់រានដីព្រៃតំបន់រក្សាប្រភពទឹកស្អាតក្បាលឆាយដោយខុសច្បាប់ទៀតទេ។
សកម្មភាពចុះរុះរើផ្ទះ ឬខ្ទមតូចៗរបស់ប្រជាពលរដ្ឋចំនួន ៥គ្រួសារ ក៏ឃើញមានមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនមាន សមាគមអាដហុក (ADHOC) និងអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ បានចុះទៅឃ្លាំមើលសកម្មភាពកម្លាំងចម្រុះចុះរុះរើផ្ទះពលរដ្ឋទាំង ៥គ្រួសារនេះដែរ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) ប្រចាំខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី ដែលបានចុះឃ្លាំមើលសមត្ថកិច្ចចម្រុះចុះរើសំណង់ផ្ទះពលរដ្ឋទាំង ៥គ្រួសារ កាលពីថ្ងៃទី២៤ ខែសីហា លោកបានស្នើដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ជួយផ្តល់ដីសម្រាប់សង់ផ្ទះជូនពលរដ្ឋទាំង ៥គ្រួសារនេះ ដើម្បីសង់ផ្ទះរស់នៅឡើងវិញ ព្រោះរដូវនេះមានព្យុះភ្លៀងធ្លាក់មករាល់ថ្ងៃ ហើយពលរដ្ឋទាំង ៥គ្រួសារនោះស្ថិតក្នុងជីវភាពក្រីក្រ និងមានកូនតូចៗក្នុងបន្ទុកគ្រួសារ៖ « ប្រជាពលរដ្ឋគាត់បាត់បង់ផ្ទះ និងខូចខាតអស់ទ្រព្យសម្បត្តិ ហើយបច្ចុប្បន្ននេះយើងឃើញថាមានភ្លៀងធ្លាក់រាល់ថ្ងៃ ដែលធ្វើឲ្យពួកគាត់ជួបនូវការលំបាកក្នុងការរស់នៅ ជាពិសេសពលរដ្ឋទាំង ៥គ្រួសារនោះឃើញមានកូនតូចៗនៅក្នុងបន្ទុក គឺឃើញស្ថានភាពជាក់ស្តែងរបស់ពួកគាត់មានការលំបាកបំផុត »។
ទន្ទឹមគ្នា លោក វ៉ាន់លី បានរិះគន់លោក ឈិត រតនៈ មានតួនាទីជានាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ដែលបានចាប់យកទូរស័ព្ទដៃរបស់លោកយកទៅលុបរូបថត និងវីដេអូនៃសកម្មភាពរុះរើផ្ទះពលរដ្ឋទាំង ៥គ្រួសារនោះចោល និងមានកាយវិការមិនសមរម្យ។
មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើដល់លោក ឈិត រតនៈ គួរមានឥរិយាបថធ្វើការងារឲ្យបានថ្លៃថ្នូរជាងនេះ ព្រោះជាមន្ត្រីតំណាងឲ្យរដ្ឋបាលខេត្តព្រះសីហនុ គួរតែធ្វើជាគំរូឲ្យស័ក្តិសមជាមន្ត្រីស្អាតស្អំ និងមានការអប់រំខ្ពស់។ លោក វ៉ាន់លី រំលឹកដល់លោក ឈិត រតនៈ ដែលត្រូវជាកូនប្រុសលោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ ចូលនិវត្តន៍ គួរស្តាប់តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជារឿយៗតែងបានរំលឹកដល់មន្ត្រីក្រោមឱវាទនៅទូទាំងប្រទេស ត្រូវមានកាយវិការ ឬពាក្យសម្ដីឲ្យបានសមរម្យជាមួយផ្នែកពាក់ព័ន្ធ ពិសេសជាមួយប្រជាពលរដ្ឋ ដើម្បីជៀសវាងការរិះគន់ផ្សេងៗនាំឲ្យប៉ះពាល់ដល់កិត្តិយស ឬសកម្មភាពដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល ជាដើម។
ចំណែកអ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បានស្នើឲ្យអាជ្ញាធរគួរតែធ្វើស្លាកសញ្ញា ឬប៉ាណូឲ្យបានច្រើនកន្លែងយកទៅដាក់តាំងនៅទីតាំងដីតំបន់ក្បាលឆាយ ដោយដាក់បម្រាមហាមទិញលក់ ឬរានកាន់កាប់ដីតំបន់នេះ ព្រោះជាដីប្រភពទឹកសាប ដែលរដ្ឋបាលខេត្តព្រះសីហនុ អភិរក្សការពារ៖ « ធ្វើប៉ាណូយកទៅដាក់នៅទីតាំងដីអនុក្រឹត្យលេខ៧៦ តំបន់ក្បាលឆាយហ្នឹងឲ្យធំៗទៅ ហើយសរសេរថាជាតំបន់ហាមឃាត់ និងដាក់ឲ្យបានច្រើនស្លាក ឬច្រើនផ្ទាំង និងច្រើនទីកន្លែងដើម្បីធ្វើការផ្សព្វផ្សាយឲ្យពលរដ្ឋបានដឹង ដើម្បីជៀសវាងប្រជាពលរដ្ឋ គាត់ចាញ់បោកជនខិលខូចចេះតែអះអាង ហើយចេញមុខលក់ដីឲ្យពួកគាត់ ហើយចេះតែអះអាងថា ដីនេះគឺជាដីរបស់ខ្លួន ឬជាដីរបស់រដ្ឋដែលបែងចែកឲ្យពួកគាត់ »។
ពេលចុះរុះរើផ្ទះតូចៗរបស់ប្រជាពលរដ្ឋទាំង ៥ខ្នង ឬ ៥គ្រួសារ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៤ ខែសីហា គេសង្កេតឃើញមានវត្តមានលោក រស់ សារាំ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ លោក ឈិត រតនៈ នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក លី វ៉ាន់ដារ អភិបាលរងក្រុងព្រះសីហនុ និងលោក ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថក្រុងព្រះសីហនុ ព្រមទាំងមន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ជាច្រើនស្ថាប័នទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។