អភិបាលខេត្តព្រះសីហនុ បដិសេធមិនឲ្យមន្ត្រីជំនាញពាក់ព័ន្ធខេត្តនេះ ចុះវាស់ ឬកាត់ឆ្វៀលដីឈានដល់ផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋជាង ៤០គ្រួសារ នៅសហគមន៍អណ្ដូងថ្ម ទៅតាមការទាមទារទេ ដោយសំអាងថា ទីតាំងដីដែលពលរដ្ឋទាមទារនោះ ជាដីភ្នំ ឬដីគម្របព្រៃឈើ ដែលច្បាប់បានហាមឃាត់។
ទោះជាបែបនេះក្តី តំណាងពលរដ្ឋសហគមន៍អណ្ដូងថ្ម អះអាងថា ពួកគាត់នឹងមិនលះបង់ការទាមទារយកដី ដែលពួកគាត់បានកាប់គាស់ ហើយមានដាំដំណាំហូបផ្លែនៅលើដីទីតាំងដីចង្កេះភ្នំតាមាស នៅភូមិត្រពាំងស្អុយ នេះទេ និងបានលើកដៃសំពះសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានប្រាប់មូលហេតុដែលអាជ្ញាធរខេត្តនេះមិនអាចចុះវាស់ដី ផ្តល់ប្លង់កម្មសិទ្ធិលើដីចម្ការជាក់ស្តែងជូនប្រជាពលរដ្ឋចំនួនជាង ៤០គ្រួសារ នៅសហគមន៍អណ្ដូងថ្ម មានទីតាំងនៅចំណុចចង្កេះភ្នំតាមាស ស្ថិតក្នុងភូមិត្រពាំងស្អុយ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ដោយសារទីតាំងនោះជាដីភ្នំ និងជាគម្របព្រៃឈើ ដែលច្បាប់បានហាមឃាត់។
លោក យន្ត មីន ឲ្យដឹងដូច្នេះនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ពេលរូបលោកដឹកនាំមន្ត្រីជំនាញនៅតាមស្ថាប័នពាក់ព័ន្ធនានាចំណុះឲ្យខេត្តជាប់សមុទ្រមួយនេះ ចុះពិនិត្យដល់ទីតាំងដីចង្កេះភ្នំតាមាស ដែលពលរដ្ឋសហគមន៍អណ្ដូងថ្មជាង ៤០គ្រួសារ ស្នើសុំឲ្យអាជ្ញាធរចុះកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិនាពេលកន្លងមក។
ទោះជាបែបនេះក្តី លោក យន្ត មីន មានប្រសាសន៍ថា អាជ្ញាធរនឹងខិតខំស្វែងរកចំណែកដីទីតាំងណាមួយនៅជិតខាងតំបន់ពលរដ្ឋទាមទារនោះ ដើម្បីបែងចែកជូនពលរដ្ឋទៅតាមទំហំដីជាក់ស្តែង ជំនួសទីតាំងនៅលើចង្កេះភ្នំតាមាស៖ « ពេលមកពិនិត្យឃើញជាក់ស្តែងដល់ទីតាំងដីសហគមន៍អណ្ដូងថ្មនេះ គឺពិបាកនឹងផ្តល់ជូនប្រជាពលរដ្ឋទៅតាមការទាមទារ ព្រោះដីទីតាំងនេះស្ថិតនៅលើចង្កេះភ្នំ និងដីគម្របព្រៃឈើដែលការពារដោយច្បាប់ ឬច្បាប់បានហាមឃាត់។ ទីតាំងនេះបើសិនជាអាជ្ញាធរផ្តល់កម្មសិទ្ធិ ប្រជាពលរដ្ឋគាត់អាចជីកកាយយកអាចម៍ដីចេញពីភ្នំ ឬទីតាំងនេះ នាំឲ្យបាក់ភ្នំ និងមានគ្រោះថ្នាក់ជាយថាហេតុ ហើយម្យ៉ាង ដីទីតាំងនេះច្បាប់បានហាមឃាត់ផង »។
ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងថា អាជ្ញាធរខេត្តព្រះសីហនុ បដិសេធមិនកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋសហគមន៍អណ្ដូងថ្មជាង ៤០គ្រួសារ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ តំណាងពលរដ្ឋ លោកស្រី ហែន សម្បត្តិ បានទ្រហោយំ និងលើកដៃសំពះអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈអ្នកយកព័ត៌មានវិទ្យុ និងទូរទស្សន៍អាស៊ីសេរី ដែលចុះដល់ទីតាំងនោះ ដោយស្នើឲ្យប្រមុខដឹកនាំ ចេញមុខជួយអន្តរាគមន៍ផ្តល់ចំណែកដីដែលមានដាំដំណាំសព្វមុខ ដូចជា ខ្នុរ ស្វាយ ចន្ទី ចែក ដំឡូង ស្លឹកគ្រៃ និងដំណាំរួមផ្សំជាច្រើនទៀតនៅលើដីចម្ការជាក់ស្តែង ជូនពួកគាត់៖ « សូមសម្ដេច ហ៊ុន សែន ជួយដល់គ្រួសារខ្ញុំផង ព្រោះកន្លងមក សម្ដេចក៏ធ្លាប់ស្គាល់កូនខ្ញុំ និងធ្លាប់ចូលអង្គុយលេងផ្ទះកូនខ្ញុំនៅខេត្តប៉ៃលិន ពីអតីតកាលពេលប្រទេសមានសង្គ្រាម »។
លោកស្រី ហែន សម្បត្តិ ដែលអះអាងថា ធ្លាប់ចូលបម្រើការងារកងទ័ពដើម្បីវាយកម្ទេចខ្មាំងសត្រូវនៃរបបខ្មែរក្រហម ជាមួយគណបក្សប្រជាជនកម្ពុជា បានរៀបរាប់ទាំងទឹកភ្នែកហូរជាប់មិនដាច់ថា មិនគួរពេលស្រុកមានសន្តិភាព រូបគាត់ និងអ្នកតស៊ូដទៃទៀតដែលអ្នកខ្លះធ្លាក់ខ្លួនពិការ ឬស្លាប់ប្រពន្ធប្ដី ប៉ុន្តែបែរជាត្រូវរងទុក្ខវេទនា និងគ្មានដីសម្រាប់សង់ផ្ទះ និងបង្កបង្កើនផលកសិកម្ម ដែលផ្ទុយស្រឡះពីឈ្មួញ មន្ត្រីមានអំណាច និងបុគ្គលមានទ្រព្យធន មានដីនៅគ្រប់ទីកន្លែងរាប់មិនអស់។
ស្ត្រីវ័យចាស់ដែលមានរបរដើរលក់ថ្នាំបុក ឬថ្នាំបុរាណខ្មែរសម្រាប់ចិញ្ចឹមជីវិតរូបនេះ នៅមានក្តីរំពឹងមួយទៀតទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទំនងជាអាចជួយស្រោចស្រង់ទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងជួបប្រទះ ឈានដល់អាចទទួលបានដីកម្មសិទ្ធិនៅលើដីចម្ការធ្លាប់បង្កបង្កើនផលជាយូរឆ្នាំ ព្រោះអាជ្ញាធរចាប់ពីថ្នាក់ឃុំ ស្រុក រហូតដល់ថ្នាក់ខេត្តព្រះសីហនុ គេមិនរវល់អើពើលើកង្វល់ពលរដ្ឋក្នុងសហគមន៍អណ្ដូងថ្មនោះទេ៖ « ធ្លាប់បម្រើការងារជាកងទ័ពដើម្បីការពារទឹកដីរហូតប្ដីបាត់បង់ជីវិត ប្រឆាំងរបបខ្មែរក្រហម ប៉ុន្តែពេលស្រុកមានសន្តិភាព និងបានមករួមរស់នៅស្រុកទេស ឬភូមិកំណើតរបស់កេរដូនតា និងបានខំកាប់គាស់ដីព្រៃ និងទិញដីបន្ថែមសម្រាប់ធ្វើចម្ការចិញ្ចឹមជីវិត ដោយដាំដំណាំរួមផ្សំផ្សេងៗក្នុងនាមជាស្ត្រីមេម៉ាយ និងរស់នៅម្នាក់ឯង ប៉ុន្តែបែរជាអាជ្ញាធរមិនផ្តល់សិទ្ធិគ្រប់គ្រងដីស្របច្បាប់ទៅវិញ »។
មេឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ លោក វ៉ាន់ ណូ មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងសហគមន៍អណ្ដូងថ្ម ដែលតវ៉ាចង់បានប្លង់កម្មសិទ្ធិស្របច្បាប់នេះ គឺបានទៅដាំដំណាំលើដីចង្កេះភ្នំតាមាស ដែលកន្លងមក អាជ្ញាធរមិនអនុញ្ញាតឲ្យមានប្លង់កម្មសិទ្ធិនោះទេ ប៉ុន្តែករណីនេះ ក្រុមប្រជាពលរដ្ឋក្នុងសហគមន៍នេះ បាននាំគ្នាតវ៉ាសុំសិទ្ធិកាន់កាប់ដីនេះជាបន្តបន្ទាប់រហូតមកដល់ពេលនេះ៖ « ដីទីតាំងដែលពលរដ្ឋសហគមន៍អណ្ដូងថ្ម ទាមទារសិទ្ធិកាន់កាប់ស្របច្បាប់នេះ គឺនៅលើចង្កេះភ្នំ និងជាតំបន់គម្របព្រៃឈើ »។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងដីចម្ការរបស់ប្រជាពលរដ្ឋជាង ៤០គ្រួសារ នៅសហគមន៍អណ្ដូងថ្មនេះដែរ។ លោកស្នើឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយពិចារណាជាថ្មីក្នុងការចុះកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅសហគមន៍អណ្ដូងថ្មជាង ៤០គ្រួសារ ដើម្បីឲ្យពួកគាត់ស្ងប់អារម្មណ៍ និងអាចមានដីកសិកម្មសម្រាប់ដាំដំណាំស្របច្បាប់៖ « ដីទីតាំងដែលពលរដ្ឋជាង ៤០គ្រួសារស្នើសុំសិទ្ធិកាន់កាប់ដីស្របច្បាប់នេះ បើយើងមើលពីខាងក្រោមមក ឃើញសុទ្ធតែព្រៃឈើ ប៉ុន្តែនៅពេលឡើងមកដល់ចង្កេះភ្នំ គឺសណ្ឋានដីរាបស្មើ អាចឲ្យពលរដ្ឋធ្វើចម្ការដាំដំណាំផ្សេងៗ មានដូចជា ស្វាយ ខ្នុរ ស្វាយចន្ទី ស្លឹកគ្រៃ ចេក និងដំឡូងជាដើម នៅតាមរដូវប្រាំង និងវស្សា។ បើតាមពិនិត្យជាក់ស្តែងឃើញថា ទីតាំងនេះបងប្អូនប្រជាពលរដ្ឋលោកបានមកកាន់កាប់ និងដាំដំណាំជាលក្ខណៈភោគៈពិតប្រាកដពិតមែន »។
ទោះជាបែបណាក៏ដោយចុះ លោកស្រី ហែន សម្បត្តិ តំណាងពលរដ្ឋជាង ៤០គ្រួសារនៅសហគមន៍អណ្ដូងថ្ម ស្រុកព្រៃនប់ អះអាងថា នឹងមិនលះបង់ការតវ៉ាទេ ហើយមានគម្រោងវេចបង្វេចលើកគ្នាទៅតវ៉ា និងសុំកិច្ចអន្តរាគមន៍ដល់មុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរាជធានីភ្នំពេញជាបន្តទៀតនាថ្ងៃខាងមុខ ដើម្បីស្នើសុំឲ្យប្រមុខដឹកនាំជួយអន្តរាគមន៍ កាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ជាង ៤០គ្រួសារ មានទំហំផ្ទៃដីសរុបជាង ១៧០ហិកតារ នៅលើដីដាំដំណាំជាក់ស្តែងលើចង្កេះភ្នំតាមាស ជាបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
