អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា​សំណង់​កំពង់ផែ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​នៅ​កោះ​រ៉ុង​សង់​គ្មាន​ច្បាប់

0:00 / 0:00

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា សំណង់​អគារ និង​កំពង់ផែ​កប៉ាល់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) នៅ​លើ​កោះ​រ៉ុង គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​នេះ​ទេ និង​កំពុង​បំផ្លាញ​បរិស្ថាន​ឆ្នេរ​ខ្សាច់​នៅ​លើ​កោះ​នេះ​ធ្ងន់ធ្ងរ។ បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម ទទូច​ដល់​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ពិសេស​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​ពិនិត្យ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជា​ថ្មី​ឡើង​វិញ ឬ​ឈាន​ដល់​ដក​សិទ្ធិ​វិនិយោគ​ពី​ក្រុមហ៊ុន​នេះ។

ថ្នាក់​ដឹក​នាំ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ បាន​ផ្តល់​បទសម្ភាសន៍​ថា សំណង់​រឹងមាំ​សង់​ពី​ថ្ម​នៅ​ជុំវិញ​កោះ​រ៉ុង ពិសេស​សំណង់​អគារ និង​កំពង់ផែ​កប៉ាល់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង ដែល​សង់​នៅ​លើ​កោះ​រ៉ុង គឺ​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា រូប​លោក​មិន​ទាន់​ទទួល​បាន​ការ​ស្នើសុំ​ច្បាប់​សាងសង់​អគារ​ផ្សេងៗ ពិសេស​កំពង់ផែ​កប៉ាល់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មក​កាន់​ស្ថាប័ន​ខ្លួន​ទេ​គិត​មក​ដល់​ខែ​មិថុនា នេះ។ លោក​ចាត់​ទុក​សកម្មភាព​សាងសង់​របស់​ក្រុមហ៊ុន​នេះ ថា​ខុស​ច្បាប់ និង​កំពុង​បំផ្លាញ​ឆ្នេរ​ខ្សាច់​នៅ​លើ​កោះ​រ៉ុង។ លោក អ៊ី សុខឡេង បញ្ជាក់​ថា កន្លង​មក​នេះ ទាក់ទង​ឯកសារ​សាងសង់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​លើ​កោះ​រ៉ុង គឺ​ក្រុមហ៊ុន​នេះ​មិន​បាន​ឆ្លង​កាត់​អាជ្ញាធរ​ខេត្ត-ក្រុង​ព្រះសីហនុ ទេ ដោយ​សំអាង​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល៖ « សំណង់​អគារ​រឹងមាំ​ផ្សេងៗ និង​សំណង់​កំពង់ផែ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សង់​នៅ​លើ​កោះ​រ៉ុង មិន​មាន​ច្បាប់​ទេ ព្រោះ​ខាង​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ការ​ស្នើសុំ​ច្បាប់​ពី​ក្រុមហ៊ុន​នេះ​នៅ​ឡើយ​ទេ។ រាល់​ការងារ​ផ្សេងៗ​របស់​ក្រុមហ៊ុន​នេះ​កន្លង​មក គឺ​ពួក​គេ​មិន​បាន​ឆ្លង​ក្រុង និង​ខេត្ត​ព្រះសីហនុ ទេ គឺ​គេ​ធ្វើ​តាម​អំពើ​ចិត្ត​របស់​គេ ក្រោយ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល »

លោក អ៊ី សុខឡេង បាន​រំឭក​ដល់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​បំផ្លាញ​បរិស្ថាន​ឆ្នេរ​ខ្សាច់​នោះ​ទេ។

អភិបាល​ក្រុង​ព្រះសីហនុ ទទូច​ស្នើ​ដូច្នេះ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា នៅ​គ្រា​មន្ត្រី​ជំនាញ​ខេត្ត​នេះ​មាន​មន្ទីរ​បរិស្ថាន មន្ទីរ​ទេសចរណ៍ និង​អាជ្ញាធរ​ខេត្ត-ក្រុង​ព្រះសីហនុ បាន​ចុះ​ផ្អាក​ជា​បណ្ដោះអាសន្ន​ទៅ​លើ​ការ​សាងសង់​កំពង់ផែ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​សង់​នៅ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុស​ស្ថិត​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង។

ប្រធាន​ក្រុម​ចុះ​ពិនិត្យ​ការងារ​នៅ​លើ​កោះ​រ៉ុង និង​ជា​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ឈិន សេងងួន បាន​គេច​មិន​ឆ្លើយ​បំភ្លឺ​ទៅ​លើ​សំណង់​រឹងមាំ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​សង់​គ្មាន​ច្បាប់​នេះ​ទេ។

យ៉ាង​នេះ​ក្តី នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ លោក នួន ប៊ុនថុល ដែល​មាន​ភារកិច្ច​ចុះ​ពិនិត្យ​ការងារ​នៅ​លើ​កោះ​រ៉ុង ទទួល​ស្គាល់​ថា សកម្មភាព​សង់​កំពង់ផែ​កប៉ាល់ និង​សំណង់​អគារ​រឹងមាំ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​លើ​កោះ​រ៉ុង គឺ​ពិត​ជា​មិន​ទាន់​មាន​ច្បាប់​សាងសង់​ពិត​មែន។ ជាង​នេះ រាល់​ការ​សាងសង់​សំណង់​រឹងមាំ​ទាំង​នោះ បាន​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​ដែល​មាន​ខ្សាច់​ស​ក្បុស​ធ្ងន់ធ្ងរ​ថែម​ទៀត។

ករណី​នេះ លោក​ថា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា អាជ្ញាធរ​ស្ថាប័ន​ជំនាញ​ខេត្ត​ព្រះសីហនុ បាន​ចុះ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ក្រុមហ៊ុន​នេះ​បង្ហាញ​ឯកសារ​ឲ្យ​ស្រប​តាម​ច្បាប់​ជា​មុន​សិន៖ « ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ជាប់​ជា​សមាជិក​ក្លឹប​ឆ្នេរ​ស្រស់​ស្អាត​នៅ​លើ​ពិភពលោក ប៉ុន្តែ​បើ​សិន​ជា​មាន​ការ​សាងសង់​កំពង់ផែ​នៅ​លើ​ឆ្នេរ នាំ​ឲ្យ​ប៉ះពាល់​ដល់​ឆ្នេរ​នេះ​ធ្ងន់ធ្ងរ និង​រួម​តូច។ ការ​សាងសង់​កំពង់ផែ​កប៉ាល់ គួរ​តែ​រក​ទីតាំង​ណា​ដែល​មាន​ថ្ម និង​មិន​ប៉ះពាល់​ដល់​ឆ្នេរ​ខ្សាច់​សម្រាប់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត »

លោក នួន ប៊ុនថុល មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ទេ ដោយ​ទុក​ការងារ​នេះ​ជូន​ថ្នាក់​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​កម្ពុជា ពិសេស​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​មាន​វិធានការ​បន្ត។

ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ដែល​តាម​ដាន​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សង្កេត​ឃើញ​ថា សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ពុះ​ច្រៀក​ផ្ទាំង​ថ្ម​ចូល​សមុទ្រ ដើម្បី​សង់​កំពង់ផែ​កប៉ាល់ និង​សង់​អគារ​រឹងមាំ​ប៉ះពាល់​ដល់​សោភណភាព​ឆ្នេរ ជាពិសេស​ប៉ះពាល់​ដល់​ផែនការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល។

បន្ថែម​លើ​នេះ ប្រធាន​អង្គការ ស៊ីអ៊ិនរ៉ូ លោក សុខ សុខុម សំណូមពរ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ត្រូវ​ពិនិត្យ​ឡើង​វិញ​ចំពោះ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​កំពុង​ធ្វើ​សកម្មភាព​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​សមុទ្រ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​កោះ​រ៉ុង៖ « បច្ចុប្បន្ន ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មិន​ត្រឹម​បង្ក​បញ្ហា​ជាមួយ​ប្រជាពលរដ្ឋ​ទេ ក្រុមហ៊ុន​នេះ​ថែម​ទាំង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ថ្ម និង​ដី​ចាក់​ចូល​សមុទ្រ ដើម្បី​ស្ថាបនា​កំពង់ផែ និង​សង់​ផ្ទះ​នៅ​លើ​ឆ្នេរ​សមុទ្រ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​នៅ​លើ​កោះ​រ៉ុង​ធ្ងន់ធ្ងរ ជាពិសេស​បាន​អនុវត្ត​ផ្ទុយ​ពី​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល អនុវត្ត​ផ្ទុយ​ពី​ច្បាប់​ភូមិបាល និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្ងន់ធ្ងរ។ សូម​ឲ្យ​មន្ត្រី​ជំនាញ​គ្រប់គ្រង​ឆ្នេរ​សមុទ្រ​របស់​រដ្ឋាភិបាល ចុះ​ពិនិត្យ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​កំពុង​សង់​កំពង់ផែ​នៅ​លើ​កោះ​រ៉ុង »

តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប លោក​ឧកញ៉ា ឈុន ប៊ុនថា មាន​ប្រសាសន៍​ខ្លី​ថា សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​ច្បាប់ ហើយ​រាល់​សកម្មភាព​សាងសង់​សំណង់​ផ្សេងៗ​នៅ​លើ​កោះ​រ៉ុង មាន​កំពង់ផែ​កប៉ាល់​ជាដើម គឺ​មាន​បច្ចេកទេស និង​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ៖ « គេ​ចេះ​តែ​ចោទ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដោយ​មិន​បាន​ដឹង​ថា ការ​ស្ថាបនា​កំពង់ផែ​របស់​ក្រុមហ៊ុន​នេះ គឺ​បាន​អនុវត្ត​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ តាម​ក្រសួង និង​ប្លង់​មេ​បាន​ដាក់​ចេញ​ត្រឹមត្រូវ។ ចំពោះ​ការ​សាងសង់​កំពង់ផែ​នៅ​លើ​កោះ​រ៉ុង​វិញ គឺ​រាល់​ម្ចាស់​សង់​បឹង​កាឡូ​ដែល​សង់​ផែ​ទាំងអស់​នៅ​លើ​កោះ​រ៉ុង គឺ​មិន​មាន​ច្បាប់​ទេ ហើយ​បាន​បំពុល​បរិស្ថាន​ធ្ងន់ធ្ងរ »

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ថ្លែង​ស្វាគមន៍​ចំពោះ​ផែនការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​នៅ​លើ​កោះ​រ៉ុង ប៉ុន្តែ​ស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ ត្រូវ​អនុវត្ត​សកម្មភាព​ការងារ​ឲ្យ​ស្រប​តាម​ច្បាប់​រដ្ឋ និង​មិន​ត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ឆ្នេរ​សមុទ្រ​នោះ​ទេ។ លោក យន្ត មីន ហាក់​មាន​ការ​រារែក​ក្នុង​ការ​ឆ្លើយ​បំភ្លឺ​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី ដែល​សួរ​នាំ​ចំពោះ​សកម្មភាព​នៃ​ការ​សាងសង់​អគារ​ថ្ម និង​កំពង់ផែ​កប៉ាល់​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅ​លើ​កោះ​រ៉ុង។

កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់​លោក​ឧកញ៉ា គិត ម៉េង បាន​បើក​ការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ មាន​ឈ្មោះ​ថា រ៉ូយ៉ាល់ សេន កោះ​រ៉ុង (Royal Sands Koh Rong) ក្នុង​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។ ក្នុង​អំឡុង​ពេល​បើក​ការដ្ឋាន​សាងសង់​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចូលរួម​សម្ពោធ ដែល​អំឡុង​ពេល​នោះ សំណង់​លំដាប់​ផ្កាយ​នេះ​ធ្វើ​ពិធី​សម្ពោធ​ដោយ​មិន​ទាន់​បាន​ស្នើសុំ​ច្បាប់​សាងសង់​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។