ប្រជាពលរដ្ឋ ៧នាក់ នៅស្រុកសំពៅលូន ត្រូវបានចៅក្រមសាលាដំបូងខេត្តបាត់ដំបង កោះហៅដើម្បីឲ្យឆ្លើយបំភ្លឺពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន សួន មានសម្បត្តិ រឿងទំនាស់ដី។ អ្នកជាប់បណ្ដឹងទាំងនោះនិយាយថា នៅក្នុងបន្ទប់សវនាការ ចៅក្រមស៊ើបសួរបានគំរាមពួកគេឲ្យបញ្ឈប់ការតវ៉ា។
ចៅក្រមនៃសាលាដំបូងខេត្តបាត់ដំបង រងការចោទប្រកាន់ថា បានគំរាមកំហែងប្រឆាំងលើពលរដ្ឋដែលជាប់បណ្ដឹងក្នុងសំណុំរឿងវិវាទដីធ្លី នៅស្រុកសំពៅលូន ដោយព្រមានថា បើពួកគេនៅបន្តការតវ៉ាទៀត អាចប្រឈមនឹងការជាប់ពន្ធនាគារ។
ក្រោយចេញពីបន្ទប់សាកសួរនៅរសៀលថ្ងៃទី៥ សីហា ប្រជាពលរដ្ឋដែលជាប់បណ្ដឹងនិយាយថា ប្រធានសាលាដំបូងខេត្តបាត់ដំបង និងជាចៅក្រមផង គឺលោក ជា វណ្ណៈ បានបង្គាប់បញ្ជាមិនឲ្យពលរដ្ឋតវ៉ាទៀតទេ ជុំវិញបញ្ហាដីដែលកំពុងមានវិវាទជាមួយក្រុមហ៊ុន សួន មានសម្បត្តិ ដោយចាត់ទុកថា បើពលរដ្ឋបន្តសកម្មភាពតវ៉ាក្នុងរូបភាពណាមួយ អាចប្រឈមនឹងដីកាកោះមិនចប់មិនហើយឡើយ។
ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពលរដ្ឋដែលជាប់បណ្ដឹងទាំងនេះនិយាយថា តុលាការថែមទាំងជំរុញឲ្យពួកគេទទួលខ្លួនខុស ចំពោះសកម្មភាពក្នុងពេលកន្លងទៅថែមទៀតផង៖ «គំរាមថាបើសិនជាអ្នកឯងឲ្យខ្ញុំឈប់យកដីហ្នឹងហើយ ឲ្យខ្ញុំទៅអង្វរគេថា ដីហ្នឹងខ្ញុំធ្វើយកប្រមូលផលហើយ ខែដប់ពីរ ឬមួយខែពីរ ឬមួយខែបី។ ប្រគល់ដីហ្នឹងឲ្យគេទៅ ឲ្យខ្ញុំទៅនិយាយជាមួយក្រុមហ៊ុន បើខ្ញុំមិនទៅនិយាយ គេនៅតែកោះហៅខ្ញុំ ធ្វើដីកាបញ្ជូនឡើងតុលាការរហូត។ គេគំរាមថា យើងចាស់ហើយ យើងតវ៉ាអីទៀត។ មានគ្រប់គ្រាន់ហើយ តុលាការថាឲ្យទៅសុំក្រុមហ៊ុនទៀត។ ដីខ្លួនឯងហើយឲ្យទៅសុំក្រុមហ៊ុន»។
បដិសេធនឹងការលើកឡើងនេះ ប្រធានសាលាដំបូងខេត្តបាត់ដំបង និងជាចៅក្រមផង លោក ជា វណ្ណៈ អះអាងថា កាលពីរសៀលថ្ងៃអង្គារ លោកពុំបានសួរនាំណាមួយជាមួយនឹងពលរដ្ឋដែលជាប់បណ្ដឹងទាំងនោះទេ។ លោកនិយាយថា ដោយសារលោកមានភារកិច្ចពុំអាចខកខានបាន ហេតុនេះលោកសម្រេចលើកពេលសាកសួរនេះទៅពេលក្រោយវិញ៖ «ថ្ងៃមិញ គឺឥតបានសាកសួរទេ ព្រោះខ្ញុំជាប់ប្រជុំ បានខ្ញុំឲ្យលើកទៅខែក្រោយ។ ឥតមានបានសាកសួរបានអីទេ»។
ដីដែលកំពុងមានវិវាទនេះ ប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលអស់រយៈពេល ១១ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០០០ មុននឹងក្រុមហ៊ុន សួន មានសម្បត្តិ ចូលឈូសឆាយ កាលពីខែមិថុនា ឆ្នាំ២០១១។ ផ្ទៃដីជិត ៥ពាន់ហិកតារ (៤.០៩៥) ដែលក្រុមហ៊ុន សួន មានសម្បត្តិ ចាត់ទុកក្រោមហេតុផលអភិវឌ្ឍន៍វិស័យកសិឧស្សាហកម្ម បានប៉ះពាល់ប្រជាពលរដ្ឋ ៧ភូមិ ក្នុងឃុំសេរីមានជ័យ ស្រុកសំពៅលូន នេះ។
បើទោះជាបែបណា ប្រជាពលរដ្ឋចោទប្រកាន់ថា ក្រុមហ៊ុន សួន មានសម្បត្តិ នេះបានចូលទន្ទ្រានដីកម្មសិទ្ធិរបស់ពួកគេ និងបង្ខំឲ្យម្ចាស់ដីទទួលយកលក្ខខណ្ឌទៀតផង។ លើសពីនេះទៀត ក្រុមហ៊ុន សួន មានសម្បត្តិ ថែមទាំងប្ដឹងពលរដ្ឋដែលប្រើសិទ្ធិតវ៉ាប្រឆាំងការរំលោភបំពាននេះទៅតុលាការជាបន្តបន្ទាប់។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងសុំការបំភ្លឺជុំវិញការចោទរបស់ប្រជាពលរដ្ឋពីភាគីក្រុមហ៊ុន សួន មានសម្បត្តិ បានទេនៅថ្ងៃទី៥ សីហា។
គិតមកដល់ពេលនេះ ប្រជាពលរដ្ឋទាំង ៧នាក់ ដែលជាប់ចោទពីបទប៉ះពាល់កម្មសិទ្ធិ និងធ្វើឲ្យខូចខាតដោយចេតនា បានដាក់ពាក្យស្នើសុំទៅតុលាការលើកពេលចូលបំភ្លឺទៅថ្ងៃក្រោយវិញ ដោយសំអាងថា ពុំទាន់មានមេធាវីដើម្បីការពារក្នុងសំណុំរឿងនេះនៅឡើយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ប្រចាំខេត្តបាត់ដំបង លោក យិន ម៉េងលី ចាត់ទុកថា ប្រសិនបើដំណើរសួរដេញដោលនេះរហូតប្រើភាសាសម្លុតគំរាមកំហែងទៀតនោះ វាគឺជាប្រការផ្ទុយនឹងច្បាប់ហើយ។ ម្យ៉ាងវិញទៀត ចៅក្រមស៊ើបសួរក៏ជាអ្នកដែលជួយរកហេតុផលក្នុងការដោះបន្ទុកទៀតផង៖ «បើជាអ្វីដែលគេឡើងអ៊ីចឹង ហាក់បីដូចជាធ្វើការសន្មតទុកជាមុនថា ជនជាប់ចោទហ្នឹងមានទោស។ អ៊ីចឹង ការសន្មតទុកជាមុនរបៀបនេះ គឺវាខុសទៅនឹងគោលការណ៍ច្បាប់ហើយ។ អ៊ីចឹង តែខ្ញុំមិនដឹងថា អ្នកដែលនិយាយនោះ គឺជាក្រឡាបញ្ជី ឬក៏ចៅក្រមទេ។ តែបើសិនជាចៅក្រមនេះជាកំហុសធ្ងន់ធ្ងរណាស់»។
ពាក់ព័ន្ធនឹងដីមានទំនាស់នេះ យ៉ាងហោចណាស់ក៏តំណាងប្រជាពលរដ្ឋចំនួន ២នាក់ បានជាប់ពន្ធនាគារ ព្រោះការតវ៉ាក្នុងពេលកន្លងទៅ ហើយនៅមិនទាន់រួចផុតពីការចោទប្រកាន់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។