ក្រុម​ការងារ​ពិសេស​ចុះ​អនុវត្ត​ផែនការ​គ្រប់គ្រង​ឆ្នេរសមុទ្រ​ទាក់ទង​ទីតាំង​៥​ចំណុច

0:00 / 0:00

ក្រុម​ការងារ​ចុះ​ពិនិត្យ និង​អនុវត្ត​ការងារ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា កំពុង​ចុះ​អង្កេត​ស្រាវជ្រាវ​រក​ឯកសារ​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​ទៅ​លើ​សេចក្ដី​សម្រេច ៥​ចំណុច ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ ឈាន​ដល់​ការ​ចុះ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។ អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​ថ្លែង​ថា កំពុង​តាមដាន​ចំណាត់​ការ​របស់​ក្រុម​ការងារ​ពិសេស​នេះ។

សមាជិក​ខ្លះ​នៃ​ក្រុម​ការងារ​ពិសេស ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ផ្ទាល់​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កុម្ភៈ ថា ពួកគេ​កំពុង​ចុះ​ពិនិត្យ​មើល​ឯកសារ​ច្បាប់ ឬ​លិខិត​ស្នាម​ផ្សេងៗ ទាក់ទង​ទីតាំង​ទាំង ៥​ចំណុច ស្ថិត​ក្នុង​ផែនការ​គ្រប់គ្រង និង​អភិរក្ស អភិវឌ្ឍ តំបន់​ឆ្នេរសមុទ្រ ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​បឹង​ព្រែកទប់ ដើម្បី​ឈាន​ដល់​ដាក់​ផែន​ការ​ចុះ​អនុវត្ត​ការងារ​បន្ត​ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​បង្ហាញ​វត្តមាន​របស់​ក្រុម​ការងារ​ពិសេស ធ្វើ​ឡើង​ស្រប​ពេល​ម្ចាស់​សំណង់​វិឡា​ធំ​ស្កឹមស្កៃ​ដែល​គេ​ចោទ​ថា ជា​កម្មសិទ្ធិ​របស់​លោក តាក់ វណ្ណថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​បច្ចុប្បន្ន ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ដែល​សង់​នៅ​លើ​ផ្ទៃ​រងទឹក​ភ្លៀង ឬ​ចំណី​មាត់​បឹង​ព្រែក​ទប់ ត្រៀម​ធ្វើ​ពិធី​សម្ពោធ​វិឡា​នេះ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កុម្ភៈ។

​យ៉ាង​ណា​ក៏ដោយ​ចុះ មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​ថា នឹង​រង់ចាំ​មើល​ការ​ចុះ​អនុវត្ត​ទៅ​លើ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល ពិសេស​ទាក់ទង​នឹង​ករណី​បឹង​ធម្មជាតិ​ទឹកសាប និង​បឹង​ព្រែកទប់ ដែល​ត្រូវ​បាន​ដាក់​អភិរក្ស​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ។

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​អនុវត្ត​ផែនការ​ទាំង ៥​ចំណុច ដែល​បាន​ដាក់​ចេញ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​អាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ឡើង​វិញ​ពី​សាធារណជន​ទូទៅ ពិសេស​ពី​ម្ចាស់​ឆ្នោត។ លោក​ថា នឹង​រង់ចាំ​មើល​ក្រុម​ការងារ​ពិសេស​ដែល​ចុះ​អនុវត្ត​សេចក្ដី​សម្រេច​ទាំង ៥​ចំណុច អនុ​វត្តមាន​ប្រសិទ្ធភាព​ត្រឹម​កម្រិត​ណា ហើយ​ចុះ​អនុវត្ត​មាន​ភាព​ស្មើ​គ្នា​រវាង​ពលរដ្ឋ​សាមញ្ញ ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​អំណាច​ដែរ​ឬ​ទេ។

លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្នុង​នាម​រាជរដ្ឋាភិបាល​បាន​ឯកភាព​លើ​ស្មារតី​នៃ​អង្គប្រជុំ​ចំនួន ៥​ចំណុច លើ​ផែនការ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ដូចជា ករណី​បឹង​ព្រែកទប់ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ ត្រូវ​ដាក់​បឹង​នេះ​ជា​តំបន់​អភិរក្ស​ដោយ​ព្រះរាជក្រឹត្យ។ ចំណែក​ឆ្នេរ​ឯករាជ្យ ត្រូវ​អភិវឌ្ឍ និង​អភិរក្ស​សម្រាប់​សាធារណជន​លំហែ និង​កម្សាន្ត ឲ្យ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​បទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ដោយ​នៅ​ចំពោះ​មុខ តម្រូវ​ឲ្យ​ធ្វើ​ការ​រុះ​របាំង របង និង​រៀបចំ​កែសម្រួល​ឲ្យ​សាធារណជន​អាច​ចេញ ឬ​ចូល​ទៅ​កម្សាន្ត​ឆ្នេរ​ខ្សាច់​នៅ​ក្នុង​តំបន់​នោះ។

​ចំពោះ​ឆ្នេរ​អូរត្រេះ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ៤ ត្រូវ​សិក្សា​អំពី​វិធាន​ការ​រុះរើ​សំណង់​អនាធិបតេយ្យ​នៅ​តាម​ដី ចំណី​ឆ្នេរ និង​ចាប់​ផ្តើម​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ ព្រមទាំង​កំណត់​ពេល​វេលា និង​កិច្ចសន្យា​ច្បាស់លាស់​ជាមួយ​អាជីវករ ឬ​អ្នក​មាន​ទីតាំង​នៅ​តំបន់​ឆ្នេរ​អូរត្រេះ ឲ្យ​រុះរើ​សំណង់​ទាំង​នោះ​ចេញ ដើម្បី​រៀបចំ​ជា​ឆ្នេរ​គំរូ​សាធារណៈ សម្រាប់​បម្រើ​សេវាកម្ម​ទេសចរ និង​ការ​លំហែ ឬ​ការ​កម្សាន្ត ឲ្យ​សក្ដិសម​ជា​ឆ្នេរ​គំរូ។ ជាង​នេះ ករណី​ឆ្នេរ​អូរ​ឈើទាល នៅ​ទល់មុខ​ដី​ក្រុមហ៊ុន​សុខា​អូតែល អតីត​ក្រុមហ៊ុន​អារីស្តុន ត្រូវ​ធ្វើ​សមាហរណកម្ម​ផ្លូវ តាម​បណ្ដោយ​ឆ្នេរ​ភ្ជាប់​ពី​ឆ្នេរ​អូរឈើទាល ទៅ​ឆ្នេរ​អូរត្រេះ និង​បើក​ចំហ​ឆ្នេរ​នេះ សម្រាប់​សាធារណជន និង​អ្នក​ទេសចរ អាច​ចេញ​ចូល​កម្សាន្ត​ដូចដើម​វិញ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ​នោះ​ទេ។

​ចំណែក​ករណី​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា​ជូន​ប្រជាពលរដ្ឋ និង​ការ​ដោះស្រាយ​បញ្ហា​សំណង់​ដែល​សង់​លើ​ទឹក ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះ​រុង ស្ថិត​ក្នុង​សង្កាត់​កោះរុង ក្រុង​ព្រះសីហនុ ឯណោះ​វិញ មន្ត្រី​ជំនាញ​គ្រប់​ស្ថាប័ន​ត្រូវ​សិក្សា​រក​ដំណោះស្រាយ​ប្ដូរ​ទីតាំង​សំណង់​ទាំងឡាយ ដែល​បាន​បោះ​ទីតាំង​នៅ​លើ​ទឹក​ដី​ចំណី​ឆ្នេរ និង​ឆ្នេរ​ខ្សាច់​នៅ​កោះរុង ត្រូវ​ប្ដូរ​ឲ្យ​ទៅ​នៅ​លើ​ដី​ផ្នែក​ខាង​ក្នុង​នៃ​កោះរុង និង​ត្រូវ​គោរព​ស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ដើម្បី​កាត់​ដី​រដ្ឋ​ដែល​នៅ​សល់​ពី​គម្រោង​វិនិយោគ​ផ្នែក​ខាង​ក្នុង​នៃ​កោះរុង សម្រាប់​ជា​ថ្នូរ​ផ្ដល់​ជូន​អ្នក​ដែល​ត្រូវ​ឲ្យ​ប្ដូរ​ទីតាំង​ទាំង​នោះ​ជំនួស​វិញ។ ដើម្បី​អនុវត្ត​ចំណុច​ទាំង ៥​នេះ ទទួល​បាន​ជោគជ័យ រាជរដ្ឋាភិបាល​បាន​ឯកភាព​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ដើម្បី​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​បឹង​ព្រែកទប់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ថ្លែង​គាំទ្រ​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល។ ប៉ុន្តែ​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​ថ្លែង​ថា នឹង​រង់ចាំ​មើល​ប្រសិទ្ធភាព​នៃ​ការ​ចុះ​អនុវត្ត​លើ​ខ្លឹមសារ​ទាំង ៥​ចំណុច របស់​ក្រុម​ការងារ​ពិសេស​រដ្ឋាភិបាល។

បន្ថែម​លើ​នេះ លោក ប៊ួន ណារិទ្ធិ ក៏​បាន​រិះគន់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដែល​កន្លង​មក​បាន​បណ្ដោយ​ឲ្យ​ឈ្មួញ ឬ​អ្នក​មាន​ទ្រព្យធន មាន​ងារ​ជា​ឧកញ៉ា ឯកឧត្ដម ឬ​មន្ត្រី​ពាក់​ផ្កាយ​ពីរ ឬ​បី ពិសេស​មន្ត្រី​ជាប់​សាច់​ញាតិ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល អាច​រំលោភ​យក​ឆ្នេរ​សមុទ្រ និង​បំផ្លាញ​ធនធាន​ធម្មជាតិ​នា​មូលដ្ឋាន​នេះ​កើត​មាន​អនាធិបតេយ្យ មាន​ដូចជា មន្ត្រី​មាន​អំណាច និង​ឈ្មួញ អាច​សង់​សំណង់​រឹងមាំ​ផ្សេងៗ​តាម​ឆ្នេរ​សមុទ្រ ចាក់​ដី និង​សង់​វិឡា​ធំ​ស្កឹមស្កៃ នៅ​លើ​ផ្ទៃ​រង​ទឹក​ភ្លៀង ឬ​ចំណី​មាត់​បឹង​ដោយ​គ្មាន​ការ​ហាមឃាត់ និង​ការ​ឃុបឃិត​ចេញ​ប្លង់​កម្មសិទ្ធិ​ជាដើម។

លោក ប៊ួន ណារិទ្ធិ៖ «ស្នើ​ដល់​រាជរដ្ឋាភិបាល​ត្រូវ​អភិរក្ស ព្រម​ទាំង​ស្តា​របឹង​ព្រែកទប់ ឲ្យ​បាន​ជ្រៅ និង​មាន​ផ្ទៃ​ធំ​ទូលាយ​ដូច​ពេល​មុន​វិញ ដើម្បី​រក្សា​ប្រភព​ទឹក​ស្អាត ឬ​ទឹកសាប​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ បាន​គ្រប់​ចំនួន។ ខ្ញុំ​សង្ឃឹមថា បន្ទាប់ពី​រដ្ឋាភិបាល​អភិរក្ស​បឹង​នេះ​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ ខេត្ត​ព្រះសីហនុ នឹង​ឈប់​ព្រួយ​បារម្ភ ឬ​ខ្លាច​ខ្វះ​ទឹក​ប្រើប្រាស់​ទៀត​ហើយ»

​បឹង​ព្រែកទប់ ដែល​ជា​ប្រភព​ទឹក​ស្អាត​ដ៏​សំខាន់​ទុក​ប្រើប្រាស់​នៅ​ទូទាំង​ខេត្ត​នេះ បាន​រង​ការ​រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​ឈ្មួញ មន្ត្រី​ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់​ផ្កាយ​ក្នុង​ជួ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​ក្នុង​ប៉ុន្មាន​អាណត្តិ​ដឹកនាំ​កន្លងមក។

ទាក់ទង​បញ្ហា​ខាង​លើ​នេះ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ រក​ឃើញ​ថា សកម្មភាព​ចាក់​ដី​លុប​មាត់បឹង​ព្រែកទប់ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ពី​សំណាក់​ឯកជន ឬ​មន្ត្រី​មាន​អំណាច ហើយ​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ និង​សង់​វិឡា​ធំ​ស្កឹមស្កៃ គឺ​កើតឡើង​ពី​ការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ រវាង​មន្ត្រី​ខ្លះ​បម្រើ​ការងារ​នៅ​តាម​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​នេះ នៅ​ក្នុង​តំណែង​បច្ចុប្បន្ន ពិសេស​ក្នុង​អាណត្តិ​លោក ស្បោង សារ៉ាត់ ដឹកនាំ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ។

​អ្នកស្រី ជៀប សុធារី៖ «សំណង់​រឹងមាំ​ដែល​សាងសង់​នៅ​លើ​ចំណី​ដី​ក្នុង​បរិវេណ​បឹង​ព្រែកទប់ ស្ថិត​ក្នុង​សង្កាត់​លេខ​៣​នេះ តើ​ជា​សំណង់​ខុស​ច្បាប់ ឬ​ស្របច្បាប់ ហើយ​អាជ្ញាធរ​គួរ​តែ​មាន​វិធានការ​យ៉ាង​ម៉េច​​ទៅ​លើ​សំណង់​ទាំង​នេះ។ ប៉ុន្តែ​បើ​យោង​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ បាន​និយាយ​ថា រាល់​ការ​កាន់​កាប់​ដី​ទាំង​ឡាយ​ណា​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អាច​ឈាន​ដល់​ម្ចាស់​កម្មសិទ្ធិ​បាន​នោះ​ទេ»

​មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ដី​លំនៅឋាន​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ដែល​មក​រស់​នៅ​អចិន្ត្រៃយ៍​នៅ​តំបន់​មាត់​បឹង​ព្រែកទប់ មានតែ​ជាង ៥០​គ្រួសារ​ទេ ប៉ុន្តែ​នៅ​ក្នុង​អាណតិ្ត​ទី​៤ ដែល​លោក ស្បោង សារ៉ាត់ ធ្វើ​ជា​អភិបាលខេត្ត​ព្រះសីហនុ បាន​បំប៉ោង​បញ្ជី​ឈ្មោះ​ពលរដ្ឋ​រស់​នៅ​ជុំវិញ​មាត់បឹង​ព្រែកទប់ មាន​រហូត​ដល់ ២៥០​គ្រួសារ។ ក្នុង​នោះ​មាន​ឈ្មោះ​ឈ្មួញ​មាន​ទ្រព្យធន និង​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័នរដ្ឋ​ក្នុង​តំណែង​ក្រោម​ឱវាទ​ខេត្ត និង​ស្ថិត​ក្នុង​ស្ថាប័ន​ប្រដាប់​អាវុធ​សព្វថ្ងៃ​មាន​ឈ្មោះ​កាន់កាប់​ដី​ចំណី​មាត់​បឹង​ព្រែកទប់ ហើយ​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ​ជាង ៣០​ប័ណ្ណ​រួច​ហើយ​ដែរ។

របាយការណ៍​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា បច្ចុប្បន្ន​នេះ​បឹង​ព្រែកទប់ មាន​ផ្ទៃ​រួម សរុប​ប្រមាណ ១៥​ហិកតារ និង​អាច​ស្តុក​ទឹកបាន​ប្រហែល ៥០​ម៉ឺន​ម៉ែត្រគូប។ ប៉ុន្តែ​នៅ​មុន​ពេល​មាន​ការ​រំលោភ​ផ្ទៃ​បឹង​ព្រែកទប់ មាន​ផ្ទៃ​បឹង រួម​ទាំង​ផ្ទៃ​រងទឹក​ភ្លៀង ដី​ហ៊ុមព័ទ្ធ​ជុំវិញ​មាត់បឹង​សរុប​មាន​ចំនួន​ប្រមាណ ២៧០​ហិកតារ។ ក្រោយ​មក​ពេល​មាន​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ផ្ទៃ​រងទឹក​ភ្លៀង​ខុស​ច្បាប់​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ផ្ទៃ​បឹង​ព្រែកទប់ បាន​រួម​នៅ​សល់​ជាង ៩០​ហិកតារ ដែល​កាល​ណោះ​ក្នុង​អាណត្តិ​លោក សាយ ហាក់ ធ្វើ​ជា​អភិបាល​ខេត្ត។ ក្រោយ​មក​ដល់​អាណត្តិ​ទី​៤ ដែល​លោក ស្បោង សារ៉ាត់ ដឹកនាំ​ខេត្ត​ព្រះសីហនុ វិញ ដី​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​នៅ​សេសសល់​ជាង ៩០​ហិកតារ ត្រូវ​មន្ត្រី និង​ឈ្មួញ​ឃុបឃិត​គ្នា​រំលោភ​ធ្វើជា​កម្មសិទ្ធិ​គ្មាន​សល់ ដោយ​កាលណោះ លោក ស្បោង សារ៉ាត់ បាន​សម្រេច​រក្សា​ការពារ​ផ្ទៃ​បឹង​ព្រែកទប់ ចន្លោះ​ពី ១៤ ទៅ ១៥​ហិកតារ​ប៉ុណ្ណោះ។

​យ៉ាងណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា ករណី​បឹង​ព្រែកទប់​នេះ ក្រុម​ការងារ​របស់​រដ្ឋាភិបាល​នឹង​ចុះ​អនុវត្ត​ឈាន​ដល់​អភិរក្ស​បឹង​ធម្មជាតិ​មួយ​នេះ ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ ឲ្យ​ស្រប​តាម​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល​ដាក់​ឲ្យ​អនុវត្ត។ ប៉ុន្តែ​លោក​ថា ករណី​នេះ ក្រុម​ការងារ​ពិសេស​នឹង​ចុះ​អនុវត្ត​ទៅ​តាម​ដំណាក់កាលៗ៖ «ករណី​បឹង​ព្រែកទប់​នេះ មាន​សេចក្ដី​ណែនាំ​របស់​រាជរដ្ឋាភិបាល​រួច​ហើយ គឺ​អាជ្ញាធរ​នឹង​រៀប​រក​តំបន់​នេះ ដើម្បី​អភិរក្ស​គ្រប់គ្រង ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ។ ករណី​នេះ យើង​កំពុង​ចុះ​អនុវត្ត​ជា​បណ្តើរៗ​រួច​ហើយ គឺ​មិន​អាច​ចុះ​អនុវត្ត​មួយ​ថ្ងៃ​ឲ្យ​រួចរាល់​កិច្ច​ការងារ​នេះ​ទេ»

​បច្ចុប្បន្ន​នេះ ផ្ទៃ​រងទឹក​ភ្លៀង ឬ​ដី​ចំណី​មាត់​បឹង​ព្រែកទប់ មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ គេ​សង្កេតឃើញ​សំណង់​រឹងមាំ​ផ្សេងៗ មាន​ដូចជា​សំណង់ផ្ទះ​វិឡា របង​ថ្ម​ហ៊ុមព័ទ្ធ​ដី​ចំណី​មាត់បឹង និង​មាន​ចាក់​សំរាម​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​ថែម​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា វិឡា​ធំ​ស្កឹមស្កៃ​មាន​ទំហំ​ធំ​ជាង​វត្ត​លោក​នឹង​ត្រៀម​បើក​សម្ពោធ​នៅ​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ដែល​សង់​នៅ​លើ​ដី​ចំណី​មាត់បឹង​ព្រែកទប់ សព្វថ្ងៃ​នេះ គឺ​ជា​កម្មសិទ្ធិ​របស់​លោក តាក់ វណ្ណថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ។ ទីតាំង​សំណង់​នេះ អនុ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក និយាយ​ថា មាន​ប្លង់​កម្មសិទ្ធិ ឬ​មាន​ចុះ​បញ្ជី​អនុញ្ញាត​ត្រឹមត្រូវ​ពី​ស្ថាប័ន​នេះ។

ទោះ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​នេះ​ចោទ​ថា ប្លង់​កម្មសិទ្ធិ​ដែល​លោក តាក់ វណ្ណថា ទទួល​បាន​នៅ​លើ​ទីតាំង​ដី​ចំណី​មាត់​បឹង​ព្រែកទប់ គឺ​កើត​ពី​ការ​ឃុបឃិត​រវាង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ មាន​មន្ទីរ​រៀបចំ​ដែនដី​ជាដើម ព្រោះ​ទីតាំង​សំណង់​នេះ សង់​នៅ​លើ​ផ្ទៃ​រងទឹក​ភ្លៀង ឬ​ដី​ចំណី​មាត់បឹង​ព្រែកទប់ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។