អ្នក​បុរីកីឡា​ស្នើ​អង្គការ​ចំនួន​៥​ដក​ខ្លួន​ចេញ​ពី​គណៈកម្មការ​ត្រួត​ពិនិត្យ​ឯកសារ

0:00 / 0:00

ពលរដ្ឋ​ក្នុង​សហគមន៍​បុរីកីឡា បាន​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ដែល​សាលា​រាជធានី​ភ្នំពេញ ជ្រើស​រើស​ដាក់​បញ្ចូល​ក្នុង​គណៈកម្មការ​ត្រួត​ពិនិត្យ​ឯកសារ ឲ្យ​ដក​ខ្លួន​ចេញ​ពី​គណៈកម្មការ​នេះ។

ពលរដ្ឋ​សហគមន៍​បុរីកីឡា យល់​ឃើញ​ថា សមាសភាព​មួយ​ចំនួន​ក្នុង​គណៈកម្មការ​នេះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ពលរដ្ឋ ឬ​ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព ដើម្បី​ឈាន​ទៅ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​បុរីកីឡា នោះ​បាន​ទេ។

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ បាន​លុប​ចោល​ការ​ប្រជុំ​វាយ​តម្លៃ និង​ពិនិត្យ​ឯកសារ​ស្នាក់នៅ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍​បុរីកីឡា ជាមួយ​សាលា​រាជធានី​ភ្នំពេញ តាម​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា។

នាយក​លេខាធិការដ្ឋាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ មាន​ប្រសាសន៍​ថា អង្គការ​លោក និង​អង្គការ​ចំនួន​៤​ទៀត បាន​ពិភាក្សា​គ្នា​ឯកភាព​ដាក់​លិខិត​មួយ​ទៅ​សាលា​រាជធានី​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ដោយ​យោង​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អ្នក​បុរីកីឡា ដែល​សុំ​ផ្អាក​ការ​ប្រជុំ​វាយ​តម្លៃ​នេះ ដោយ​ហេតុផល​ការ​មិន​ទុក​ចិត្ត​សមាសភាព​ក្នុង​គណៈកម្មការ​នេះ។ លោក​ថា ពលរដ្ឋ​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​តំណាង ដើម្បី​មាន​សំឡេង​ក្នុង​គណៈកម្មការ​នេះ ប៉ុន្តែ​សាលា​ក្រុង​បដិសេធ។

លោក សៀ ភារម្យ៖ «យើង​ថា​យើង​ទៅ​ចូលរួម​សហការ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពួក​គាត់ ចឹង​ដល់​ពេល​ពួក​គាត់​ឃើញ​ថា​អត់​សូវ​មាន​ផល​ប្រយោជន៍​អី ឬ​ក៏​សារសំខាន់​អី​សម្រាប់​ពួក​គាត់ អ៊ីចឹង​យើង​ត្រូវ​តែ​ស្ដាប់​តាម​គាត់​សិន​ទៅ»

គណៈកម្មការ​ត្រួត​ពិនិត្យ​ឯកសារ​ប្រជាពលរដ្ឋ​ដែល​សេសសល់ រួម​មាន សាលា​រាជធានី​ភ្នំពេញ ក្រុមហ៊ុន​ផាន​អ៊ីមិច (PhanImex) ប្រធាន​សហគមន៍​ចាស់ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ពាក់ព័ន្ធ ប្រជុំ​បាន​ចំនួន​ពីរ​លើក គឺ​ថ្ងៃ​ទី​៣ និង​ថ្ងៃ​ទី​៤ ខែ​កញ្ញា ដើម្បី​វាយ​តម្លៃ និង​ពិនិត្យ​ឯកសារ​ជូន​ពលរដ្ឋ។ ក្រុម​ការងារ​នេះ​វាយ​តម្លៃ​បាន​ចំនួន ៤៩​គ្រួសារ​ក្នុង​ចំណោម ១៨០​គ្រួសារ។ ការ​ប្រជុំ​គណៈកម្មការ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​ដាក់​ឯកសារ​អំណះអំណាង​ថា​រស់នៅ​តំបន់​បុរីកីឡា តាម​រយៈ​វេទិកា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​១២ សីហា។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ តំណាង​ពលរដ្ឋ​ក្នុង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ថ្លែង​ថា តំណាង​ក្រុមហ៊ុន​នឹង​ការពារ​ប្រយោជន៍​ក្រុមហ៊ុន ប្រធាន​សហគមន៍​ចាស់​ធ្លាប់​បាន​បំប៉ោង​ចំនួន​ពលរដ្ឋ​រស់នៅ និង​មាន​អំពើ​ពុក​រលួយ។ អ្នកស្រី​បារម្ភ​ពី​ការ​វែក​ញែក​វាយ​តម្លៃ​ទៅ​ឯកសារ​ពលរដ្ឋ​មិន​បាន​ល្អិតល្អន់ ពីព្រោះ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មិន​បាន​ដឹង​ពី​ស្ថានភាព​ពិត​ដូច​ពលរដ្ឋ​រងគ្រោះ។ ដូច្នេះ សមាសភាព​ក្នុង​គណៈកម្មការ​ដោះស្រាយ​ដីធ្លី​នេះ ពួក​គាត់​ពុំ​អាច​ជឿ​ទុក​ចិត្ត​បាន។

អ្នកស្រី ឆាយ គឹមហ៊ន៖ «ពួក​សហគមន៍​ចាស់​នោះ ហើយ​និង​ក្រុមហ៊ុន​ផាន​អ៊ីមិច នោះ​ហើយ​តែង​តែ​ធ្វើ​បាប​ពួក​ខ្ញុំ ឲ្យ​ពួក​ខ្ញុំ​បាត់​បង់​ដី​បាត់​បង់​ផ្ទះ ក៏​ដោយសារ​តែ​ពួក​នោះ​ដែរ ដោយសារ​តែ​មាន​ភាព​មិន​ពុក​រលួយ​ដែល​កើត​ឡើង​នៅ​ក្នុង​សហគមន៍​នោះ ហើយ​ដែល​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​គ្មាន​ជម្រក​ជ្រក​កោន​មក​ដល់​ពេល​នេះ»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ឆ្លើយ​តប​ថា ក្ដី​បារម្ភ​របស់​អ្នក​ភូមិ គឺ​ហួសហេតុ ពីព្រោះ​កិច្ច​ប្រជុំ​វាយ​តម្លៃ​នេះ​ប្រកប​ដោយ​តម្លាភាព យោង​ទៅ​តាម​គោលការណ៍​ដែល​បាន​ឯកភាព​គ្នា និង​កំណត់។ លោក​បាន​បន្ទោស​ទៅ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ថា មិន​មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពិត​ប្រាកដ ជា​អង្គការ​ដែល​ពុំ​មាន​ភាព​ឯករាជ្យ។

លោក ឡុង ឌីម៉ង់៖ «នៅ​ពេល​ដែល​ពួក​គាត់​ចាប់​ផ្ដើម​ឃើញ​ថា ការងារ​ហ្នឹង​វា​អាច​ត្រូវ​យក​ទៅ​ជជែក​គ្នា​បាន មើល​ទៅ​ថា​អាច​ស៊ី​បាន​ហើយ​គាត់​ចាប់​ផ្ដើម​ចូល​ធ្វើ។ បំផុស​បំផុល​ញុះញង់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ការ​គាត់​អាង​លើ​នេះ​លើ​នោះ ដល់​ពេល​ចាប់​ផ្ដើម​ថា​អូខេ​ដាក់​លើ​តុ ដាក់​លើ​តុ​ទាំងអស់​គ្នា រៀបចំ​វេទិកា​សាធារណៈ​មួយ​ឲ្យ​មាន​តម្លាភាព យក​ឯកសារ​មក​ហើយ មិន​មែន​ប្រលាំប្រកូវ​ទៀត​ដាក់​អង្គុយ​ប្រជុំ​គ្នា ជជែក​គ្នា​ទៀត​មក​អង្គការ​សង្គម​ស៊ីវិល មក​តំណាង​នេះ​តំណាង​នោះ​មកៗ ហើយ​ជជែក​គ្នា​មក ឃើញ​ថា​បន្តិច​ម្ដងៗ​ចាប់​ផ្ដើម​ធ្វើ​ការ ឃើញ​ថា អ៊ីយ៉ា​ការ​ដែល​គាត់​ជួយ​ប្រជាពលរដ្ឋ​កន្លង​មក ឃើញ​ថា​អត់​ស្រួល​ហើយ អ៊ីចឹង​គាត់​ចាប់​ផ្ដើម​គេចវេស​ហើយ គាត់​ជួយ​បាន​ម៉េច បើ​ឯកសារ​ជាក់ស្ដែង​ពិត​ប្រាកដ​វា​ចឹង​ហើយ ឲ្យ​គាត់​ធ្វើ​ម៉េច។ ចឹង​គាត់​ត្រូវ​ដក​ខ្លួន​ថយ»

អង្គការ​សង្គម​ស៊ីវិល​ទាំង​៥ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​គណៈកម្មការ​នោះ​រួម​មាន ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា សមាគម​អាដហុក គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា និង​អង្គការ​ធាង​ត្នោត។ សាលា​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការ​វាយ​តម្លៃ​ឯកសារ​ពលរដ្ឋ​ចំនួន ១៨០​គ្រួសារ​នៅ​តំបន់​បុរីកីឡា ដែល​កំពុង​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន ផាន​អ៊ីមិច។ ការ​វាយ​តម្លៃ​ដើម្បី​ផ្ដល់​លំនៅឋាន​ឲ្យ​ពលរដ្ឋ​នោះ ផ្អែក​ទៅ​លក្ខខណ្ឌ ៤​បាន ៤​អត់។ ៤​បាន គឺ​ទី​១ ពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​មាន​ឯកសារ​គ្រប់គ្រាន់ មាន​សៀវភៅ​ស្នាក់​នៅ និង​សៀវភៅ​សន្សំ​ប្រាក់។ ទី​ពីរ ពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​រស់នៅ​អចិន្ត្រៃយ៍ ពុំ​ទាន់​មាន​សៀវភៅ​ស្នាក់នៅ។ ទី​៣ ពលរដ្ឋ​ជា​ម្ចាស់​ផ្ទះ​រស់នៅ​អចិន្ត្រៃយ៍ មិន​ទាន់​ចងក្រង​ជា​សហគមន៍ និង​ទី​៤ ពលរដ្ឋ​ជា​សមាជិក​សហគមន៍​ជួល​ផ្ទះ​ស្នាក់​នៅ​អចិន្ត្រៃយ៍​រយៈពេល ៣​ឆ្នាំ​ឡើង​ទៅ​មុន​ឆ្នាំ​២០០៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។