ប្រជា​ពលរដ្ឋ​បុរីកីឡា​២៦គ្រួសារ តវ៉ា​ទាមទារ​សំណង

ប្រជាពលរដ្ឋ​បុរីកីឡា​ចំនួន​២៦​គ្រួសារ នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​សំណង។ ការ​តវ៉ា​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ប្រជា​ពលរដ្ឋ​បុរីកីឡា​ចំនួន ១៥៤​គ្រួសារ​ទទួល​បាន​ដំណោះស្រាយ​ពី​សាលា​រាជធានី​ភ្នំពេញ។

ពលរដ្ឋ​បុរីកីឡា​ដែល​ចូលរួម​តវ៉ា​ម្នាក់​ដែរ​នោះ គឺ​លោកស្រី សឿន សាម៉ន ថ្លែង​ថា ក្រុម​ប្រជាពលរដ្ឋ ២៦គ្រួសារ​ដែល​ពុំ​ទាន់​ទទួល​បាន​សំណង ជា​ប្រជាជន​ស្លូតត្រង់​មិន​ចេះ​ដើរ​តវ៉ា​ដូច​គេ។ លោក​ស្រី​បន្ថែម​ថា អាជ្ញាធរ​បាន​ប្រាប់​ពួកគាត់​កុំ​ឲ្យ​តវ៉ា ដោយ​សំអាង​ថា ពួកគាត់​សុទ្ធ​តែ​មាន​ឈ្មោះ​ត្រូវ​ទទួល​បាន​សំណង។

ឆ្លើយតប​នឹង​បញ្ហា​នេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ ២៦​គ្រួសារ ដែល​ពុំ​ទាន់​ទទួល​បាន​សំណង គឺ​ដោយសារ​តែ​ពួកគាត់ មិន​បាន​ដាក់​ឯកសារ​ជូន​ក្រុម​ការងារ​ដោះស្រាយ​សំណង របស់​សាលា​រាជធានី​ភ្នំពេញ។

លោក​បន្ថែម​ថា តំណាង​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​យក​សំណើ និង​ឯកសារ​ពី​ពលរដ្ឋ​ទាំង២៦​គ្រួសារ នៅ​ព្រឹក​ថ្ងៃទី ១១ កុម្ភៈ ហើយ​នឹង​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

ក្រុម​ប្រជា​ពលរដ្ឋ​ទាំង ២៦គ្រួសារ​អះអាង​ថា បើ​សាលា​រាជធានី​ភ្នំពេញ​មិន​ដោះស្រាយ ពួក​គាត់​នឹង​បន្ត​តវ៉ា​តទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។