CCHR បង្កើត​គេហទំព័រ​ស្ដីពី​សិទ្ធិ​ដីធ្លី​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជជែក​ពី​បញ្ហា​ដីធ្លី

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​សម្ពោធ​គម្រោង​ការ​អប់រំ​សិទ្ធិ​ដីធ្លី ដាក់​លើ​គេហទំព័រ​នៅ​ថ្ងៃ​ទី​១៧ មីនា ដើម្បី​កៀរគរ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន ឲ្យ​នាំ​គ្នា​ជជែក​ពី​បញ្ហា​ដីធ្លី​ដោយ​បើក​ទូលាយ។

គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គេហទំព័រ sithi.orgរបស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហើយ​វា​ផ្ដោត​ទៅ​លើ​ការ​អប់រំ​សិទ្ធិ​ដីធ្លី។ នៅ​លើ​ទំព័រ​ថ្មី​នៃ​គេហទំព័រ​នេះ មាន​ជា​អត្ថបទ​សង្ខេប វីដេអូ​ខ្លី ប័ណ្ណ​ព័ត៌មាន (Infographics) ដែល​ពន្យល់​ចំណុច​ចំនួន​៥ ស្ដីពី​បញ្ហា​ដីធ្លី ដូចជា​កម្មសិទ្ធិ​ដីធ្លី លទ្ធកម្ម​នៃ​កម្មសិទ្ធិ ដំណើរ​ការ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ សម្បទាន​ដី និង​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី។

គម្រោង​នេះ ចង់​ទាក់ទាញ​យុវជន​ដែល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អះអាង​ថា ជា​ក្រុម​មនុស្ស​ដែល​ប្រើប្រាស់​អ៊ីនធឺណិត​ច្រើន​ជាង​គេ ហើយ​យុវជន​កម្ពុជា មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ដឹង​ពី​បញ្ហា​ដីធ្លី។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​គម្រោង​នេះ​ថា​ជា​មធ្យោបាយ​អប់រំ​ប្រជាពលរដ្ឋ​មួយ ដែល​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​ពី​សិទ្ធិ​ដីធ្លី ខណៈ​ការ​អប់រំ​ស្ដីពី​សិទ្ធិ​ដីធ្លី​នៅ​តាម​សាលា​រៀន​មាន​តិចតួច​នៅ​ឡើយ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បញ្ជាក់​ថា បញ្ហា​ដីធ្លី​នៅ​កម្ពុជា ក្លាយ​ជា​ជំងឺ​មហា​រីក​រ៉ាំរ៉ៃ ដែល​ត្រូវ​ព្យាបាល​បន្ទាន់។ អ្នកស្រី ចក់ សុភាព សង្កេត​ឃើញ​ថា នៅ​ពេល​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​បញ្ហា​ដីធ្លី​ច្បាស់ នោះ​ជំរុញ​ឲ្យ​ពួក​គេ​ចូលរួម​ទប់ស្កាត់ និង​ដោះស្រាយ​វិវាទ​ដីធ្លី។ អ្នកស្រី​បន្ត​ថា ពេល​ខ្លះ​ការ​រំលោភ​ដីធ្លី​កើត​ឡើង​ដោយសារ​ប្រជាពលរដ្ឋ​ខ្លះ​ខ្វះ​ការ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន ដោយ​មិន​បាន​ចេញ​តតាំង​ការពារ​ដីធ្លី​ខ្លួន​ឯង៖ « គោល​បំណង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គឺ​ចង់​បង្កើត​ជា​វេទិកា​មួយ មិន​មែន​តែ​ផ្ដោត​លើ​សិទ្ធិ​ដីធ្លី​ទេ តែ​ផ្ដោត​លើ​សិទ្ធិ​ដីធ្លី បន្ទាប់​មក​គាត់​យល់​ដឹង​ពី​សិទ្ធិ​ដីធ្លី​នេះ គាត់​អនុវត្ត​នូវ​សិទ្ធិ​របស់​គាត់ ទាមទារ​នូវ​សិទ្ធិ​កាន់​កាប់ ឬ​ការពារ​សិទ្ធិ​របស់​គាត់​ដែល​មាន​ស្រាប់។ បន្ទាប់​មក គាត់​អាច​អនុវត្ត​របស់​គាត់​ដទៃ​ទៀត ការ​បញ្ចេញ​មតិ ការ​តវ៉ា ឬ​ការ​ចងក្រង​ជា​សហគមន៍ »

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​ដីធ្លី ធ្លាប់​ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​យន្តការ​ជាក់លាក់​ដើម្បី​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​កំពុង​ស៊ី​រូង​សង្គម នោះ​បដិវត្តន៍​ដីធ្លី​នឹង​អាច​កើត​មាន​ឡើង។

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី ធ្លាប់​អះអាង​ថា បដិវត្តន៍​ដីធ្លី​នៅ​កម្ពុជា នឹង​មិន​កើត​ឡើង​ទេ។

របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១១ មាន​មនុស្ស​ជាង ៤០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចោទ​ប្រកាន់ ដែល ៩៥​នាក់​ត្រូវ​បាន​គេ​ចាប់​ខ្លួន។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា រំពឹង​ថា ប្រជាពលរដ្ឋ​នឹង​ចូលរួម​ជជែក​ពី​បញ្ហា​ដីធ្លី​នៅ​កម្ពុជា កាន់​តែ​ផុសផុល​ឡើង តាម​រយៈ​វេទិកា​លើ​បណ្ដាញ​អ៊ីនធឺណិត ក្រោយ​ពី​ពួក​គេ​សិក្សា​ពី​ខ្លឹមសារ​សំខាន់ៗ​នៅ​លើ​ទំព័រ​ថ្មី​នៃ​គេហទំព័រ​ដែល​បង្កើត​ឡើង។

បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក សែត សម្បត្តិ វ័យ ២៤​ឆ្នាំ​ប្រាប់​ថា លោក​ចាប់​អារម្មណ៍​លើ​គម្រោង​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នេះ។ លោក​ថា វា​ជា​ប្រភព​ព័ត៌មាន​មួយ​ដែល​លោក​អាច​ប្រើប្រាស់​ចែក​រំលែក​ជាមួយ​មិត្តភ័ក្ដិ និង​មិត្ត​រួម​ការងារ​របស់​លោក​ផ្សេង​ទៀត ដើម្បី​ជជែក​ពី​រឿង​ដីធ្លី៖ « ផេក ( ទំព័រ ) sithi.org ដែល​គេ​បង្កើត​ឡើង មាន​សារប្រយោជន៍​ដោយសារ​ខ្ញុំ​ធ្វើ​ការ​លើ​ផ្នែក​តស៊ូ​មតិ​នេះ​ផ្ទាល់ ដូច្នេះ​ខ្ញុំ​អាច​យក​វីដេអូ​នេះ​ទៅ​បង្រៀន​ដល់​សហគមន៍​ផ្សេង​ទៀត ឬ​ក៏​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ធ្វើ​ការ​ផ្នែក​តស៊ូ​មតិ ផ្នែក​ដីធ្លី ឲ្យ​គាត់​យល់​ដឹង​ថា តើ​គាត់​ត្រូវ​មាន​អ្វី​ខ្លះ ដើម្បី​កាន់​កាប់​ដីធ្លី ឬ​ភូមិ​ឋាន​របស់​គាត់ »

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ដែល​ចូលរួម​ក្នុង​ពិធី​សម្ពោធ​នេះ រិះគន់​ពី​វិសាលភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​សិទ្ធិ​ដីធ្លី ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​នេះ។ អ្នក​ទាំង​នោះ ព្រួយ​បារម្ភ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ដែល​មិន​អាច​ប្រើប្រាស់​អ៊ីនធឺណិត​បាន នឹង​ពិបាក​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​នេះ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ អ្នកស្រី ចក់ សុភាព ថ្លែង​ថា ក្រុម​ការងារ​របស់​អ្នកស្រី​បាន​រៀប​ចំ​បោះពុម្ព​ប័ណ្ណ​ព័ត៌មាន​ពី​សិទ្ធិ​ដីធ្លី និង​បង្កើត​ជា​វេទិកា ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នក​ដែល​នៅ​ដាច់​ស្រយាល​គ្មាន​អ៊ីនធឺណិត​ប្រើប្រាស់ ឲ្យ​បាន​យល់​ដឹង​ពី​បញ្ហា​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។