ប្រជាពលរដ្ឋចំនួន ១៣គ្រួសារនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង កំពុងជួបការលំបាកគ្មានទីជម្រកស្នាក់នៅត្រឹមត្រូវ បន្ទាប់ពីសមត្ថកិច្ចចម្រុះ រុះរើផ្ទះរបស់ពួកគាត់ទាំងបង្ខំ ដោយពុំមានសំណង កាលពីថ្ងៃទី២ កុម្ភៈ កន្លងទៅ។ អ្នកភូមិអះអាងថា ការរុះរើផ្ទះនេះ បានប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំង ដោយសារពួកគាត់មិនអាចចេញទៅប្រកបការងារដោះស្រាយជីវភាពគ្រួសារបាន។
អង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) បានប្រតិកម្មភ្លាមៗ បន្ទាប់ពីចុះស៊ើបអង្កេតដល់ទីកន្លែងដីជម្លោះ រកឃើញថា សមត្ថកិច្ចរុះរើផ្ទះរបស់ពលរដ្ឋ គឺជារឿងអយុត្តិធម៌។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍នៅថ្ងៃទី៨ កុម្ភៈ ថា បើទោះជាប្រជាពលរដ្ឋទៅរស់នៅលើដីសហគមន៍ដោយខុសច្បាប់យ៉ាងណាក៏ដោយ គឺសមត្ថកិច្ចមិនត្រូវបណ្ដេញពួកគាត់ដោយគ្មានសំណងនោះទេ ពីព្រោះលោកថា ប្រជាពលរដ្ឋបានទៅតាំងទីលំនៅលើដីចំណុចភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ជាង ១០ឆ្នាំមកហើយ។
លោក យិន ម៉េងលី ចាត់ទុកសមត្ថកិច្ចរុះរើផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៣ខ្នងផ្ទះនោះ ថាជាការបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋដោយខុសច្បាប់៖ « អ៊ីចឹងការចោទប្រកាន់របស់អាជ្ញាធរដែលថា ប្រជាពលរដ្ឋរស់នៅលើដីសហគមន៍នោះ គឺគ្រាន់តែជាលេសមួយទេ ដើម្បីឃុបឃិតគ្នាយកដីនោះទៅលក់ឲ្យផ្នែកណាមួយ ដើម្បីផលប្រយោជន៍របស់ខ្លួន »។
តំណាងប្រជាពលរដ្ឋនៅឃុំស្ដៅ គឺលោក ដៀប ផល ថ្លែងថា ពួកគាត់បានតាំងទីលំនៅលើដីដែលសមត្ថកិច្ចរុះរើផ្ទះនោះតាំងពីឆ្នាំ២០០០ រហូតមក។ លោកបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចផ្ដួលរំលំផ្ទះរបស់ពួកគាត់អស់ទៅ គឺគ្មានទីជម្រកសម្រាប់ស្នាក់នៅនោះឡើយ៖ « ខ្ញុំបាទចង់បានតែភាពយុត្តិធម៌ដូចប្រជាពលរដ្ឋដទៃទេ ពីព្រោះសមត្ថកិច្ចមករុះរើផ្ទះរបស់ពួកខ្ញុំ ដូចជាក្រុមចោរប្លន់ទ្រព្យសម្បត្តិរបស់អ្នកស្រុកអ៊ីចឹង »។
កាលពីថ្ងៃទី២ កុម្ភៈ កន្លងទៅ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៣០នាក់ ដឹកនាំដោយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានចុះរុះរើផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៣ខ្នង ដោយចោទប្រកាន់ថា ប្រជាពលរដ្ឋបានតាំងទីលំនៅលើដីសហគមន៍ដោយខុសច្បាប់។
អភិបាលស្រុករតនមណ្ឌល លោក សើ សាមេត មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំង ១៣គ្រួសារនោះ កន្លងទៅអាជ្ញាធរស្រុកធ្លាប់ប្រាប់ពួកគាត់ឲ្យចាកចេញពីដីនោះជាច្រើនលើកច្រើនសាមកហើយ តែពុំទទួលលទ្ធផល។ លោកបញ្ជាក់ថា ការរុះរើនេះ គឺពួកគាត់ត្រូវតែទទួលខុសត្រូវរកទីកន្លែងស្នាក់នៅដោយខ្លួនឯង ពីព្រោះថា ប្រជាពលរដ្ឋរស់នៅលើដីហាមឃាត់ដោយខុសច្បាប់៖ « រឿងនេះ គឺផុតដៃរបស់ខ្ញុំទៅហើយ ព្រោះអីខ្ញុំបានបញ្ជូនទៅខាងរដ្ឋបាលព្រៃឲ្យដោះស្រាយអស់ទៅហើយ »។
យ៉ាងណា លោក យិន ម៉េងលី អះអាងថា កន្លងមកប្រជាពលរដ្ឋបានតវ៉ាឲ្យអាជ្ញាធរស្រុក រកទីតាំងថ្មី ឬផ្ដល់សំណងសមរម្យដល់ពួកគាត់ តែគ្មានដំណោះស្រាយនោះទេ។ សមាគមការពារសិទ្ធិមនុស្សអាដហុក និងអង្គការលីកាដូ នៅថ្ងៃទី៨ កុម្ភៈ បានដាក់លិខិតទៅសាលាខេត្តបាត់ដំបង ដើម្បីឲ្យជួយអន្តរាគមន៍ និងផ្ដល់សំណងជូនប្រជាពលរដ្ឋ។
អភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល មានប្រសាសន៍ថា លោកបានទាក់ទងទៅមន្ត្រីពាក់ព័ន្ធ ឲ្យជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋទាំងនោះហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។