ប្រជាពលរដ្ឋមានជម្លោះដីធ្លីក្នុងខណ្ឌជ្រោយចង្វារ គ្រោងលើកគ្នាតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមីនា ដើម្បីសុំដំណោះស្រាយដីធ្លី ក្រោយពីសាលារាជធានីភ្នំពេញយកដីរបស់ពួកគាត់ ហើយបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនឈ្មោះ អូ.ស៊ី.អាយ.ស៊ី (OCIC) ធ្វើការអភិវឌ្ឍបង្កើតជាទីក្រុងរណប។ អង្គការការងារពិសេសសិទ្ធិលំនៅឋាន ស្នើឲ្យភាគីពាក់ព័ន្ធអង្គុយតុចរចាស្វែងរកដំណោះស្រាយដោយសន្តិវិធី។
គម្រោងលើកគ្នាតវ៉ានេះ បន្ទាប់ពីសាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងថា នឹងបែងចែកដីរបស់ពួកគាត់ជាបីផ្នែក ដោយភាគីពលរដ្ឋម្ចាស់ដីទទួលបានដីត្រឹម ១០% រីឯក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ទទួលបាន ៤០% និងសាលាក្រុងទទួលបាន ៥០%។
តំណាងប្រជាពលរដ្ឋ លោក ជា សុផាត ថ្លែងថា ការគ្រោងលើកគ្នាតវ៉ានេះ គឺដើម្បីប្រឆាំងនឹងសេចក្តីជូនដំណឹងរបស់សាលាក្រុងផង និងសុំដំណោះស្រាយផង ព្រោះពួកគាត់មិនពេញចិត្តចំពោះដំណោះស្រាយរបស់សាលាក្រុងនេះឡើយ៖ « យើងមិនអាចទទួលយកបានទេរឿង ១០ភាគរយនោះ ទទួលស្គាល់យើងជាម្ចាស់ដី ហេតុអីឲ្យយើងតែ ១០ភាគ។ រឿងអីដែលអ្នកឯងមកបែងចែកសម្បត្តិទ្រព្យរបស់ខ្ញុំ ហើយយក ៩០ភាគរយ ហើយខ្ញុំម្ចាស់ទ្រព្យបានតែ ១០ភាគរយ។ យើងសំណូមពរឲ្យមានការចរចាគ្នាសាលាក្រុង ឬអាជ្ញាធរ ដើម្បីធ្វើការជជែកវែកញែករកដំណោះស្រាយឲ្យមានតម្លាភាព និងយុត្តិធម៌ទាំងអស់គ្នា » ។
តំណាងរូបនេះបញ្ជាក់ថា អ្វីដែលពលរដ្ឋរងផលប៉ះពាល់ចង់បាន គឺអំពាវនាវឲ្យសាលារាជធានីភ្នំពេញ ដោះស្រាយមានបីចំណុច គឺទី១ ពលរដ្ឋជាម្ចាស់ដីចង់បានដីចំនួន ៦៥% មកវិញ ហើយពួកគាត់សុខចិត្តចូលរួមបរិច្ចាគដីចំនួន ៣៥% ឲ្យសាលាក្រុងដើម្បីយកទៅអភិវឌ្ឍទីក្រុងរណប។ ទីពីរ សាលាក្រុងត្រូវតែឆ្វៀលដីទុកឲ្យពលរដ្ឋ ប្រសិនបើការអភិវឌ្ឍធ្វើឲ្យប៉ះពាល់លំនៅឋាន។ រីឯទី៣ ពលរដ្ឋសុខចិត្តលះបង់ដីទាំងស្រុងសម្រាប់អភិវឌ្ឍ តែត្រូវគិតគូរតាមទីផ្សារនៃតម្លៃដីជាក់ស្ដែងឲ្យពួកគាត់។
អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ការតវ៉ា គឺជាសិទ្ធិរបស់ពួកគាត់ ប៉ុន្តែសាលារាជធានីភ្នំពេញនៅតែរក្សាគោលការណ៍ដោះស្រាយ ដោយឲ្យពលរដ្ឋទទួលសំណង ១០ភាគរយនៃផ្ទៃដីដែលបានកាន់កាប់ដដែល ដើម្បីយកដីតំបន់នោះធ្វើការអភិវឌ្ឍ៖ « ខ្ញុំបានធ្វើការជាមួយគាត់ច្រើនលើកច្រើនសាហើយ ពួកគាត់ក៏ដឹងច្បាស់ដែរថា ដីនៅតំបន់នោះ គឺរាជរដ្ឋាភិបាលបានបង្កកមិនឲ្យមានការទិញដោះដូរនៅកន្លែងនោះទេ ព្រោះកន្លែងនោះជាកន្លែងអភិវឌ្ឍន៍។ ការដែលដោះជាគោលនយោបាយនោះ ក៏មិនឲ្យគាត់ខាតប្រយោជន៍ដែរ គឺថាក្នុងតម្លៃដី ១០ភាគរយ ឬក៏តម្លៃដីដែលគាត់ទិញកាន់កាប់កាលពីដំបូង » ។
លោក មាន ចាន់យ៉ាដា បន្តថា ពលរដ្ឋដែលអះអាងថាជាម្ចាស់ដី គួរតែមកធ្វើការដោះស្រាយជាមួយគណៈកម្មការដោះស្រាយផលប៉ះពាល់ ដោយមិនចាំបាច់ដើរតវ៉ាសុំដំណោះស្រាយនោះទេ។
រីឯនាយកប្រតិបត្តិនៃអង្គការការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ថ្លែងថា ប្រសិនបើការដោះស្រាយនោះសម្រេចតែពីខាងអាជ្ញាធររដ្ឋ ឬក៏តែពីខាងក្រុមហ៊ុន ចំណែកម្ចាស់ដីគ្មានសិទ្ធិសម្រេចអ្វីនោះ គឺមិនអាចដោះស្រាយបានទេ។ ដូច្នេះ វានឹងបណ្ដាលឲ្យមានការតវ៉ារ៉ាំរ៉ៃដូចនៅតំបន់បឹងកក់ដែរ។ លោកបន្តថា ភាគីពាក់ព័ន្ធទាំងអស់ គួរតែជួបជជែកចរចាគ្នាដើម្បីរកចំណុចប្រសព្វណាមួយ ដើម្បីឲ្យភាគីទាំងអស់ឈ្នះៗទាំងអស់គ្នា៖ « វាត្រូវតែមានការជួបគ្នា ហើយធ្វើការពិនិត្យលើឯកសារជាក់ស្តែងថា តើការទិញដូរនោះនៅក្រោយឱសានវាទ ឬសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនោះ នៅឆ្នាំណាយ៉ាងម៉េចអ៊ីចឹង។ វាមិនមែនជាកំហុសរបស់អ្នកទិញទេ តាមការពិត វាមានការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ក្រោមដែរ បើដឹងថាកន្លែងនោះត្រូវបានរដ្ឋយកទៅអភិវឌ្ឍហើយ ហេតុអីបានជាអាជ្ញាធរគាត់ធ្វើជាសាក្សី និងឬក៏ស៊ីញេដឹងឮដើម្បីឲ្យគេទិញដូរបាន ព្រោះបើអាជ្ញាធររួមចំណែកដែរ វាត្រូវគិតពីការទទួលខុសត្រូវរបស់អាជ្ញាធរដែរ មិនមែនជាកំហុសរបស់អ្នកទិញតែមួយមុខទេ » ។
ទីក្រុងរណបជ្រោយចង្វារ មានទីតាំងស្ថិតនៅខាងឆ្វេងស្ពានជ្រោយចង្វារ គឺគ្រោងចំណាយទឹកប្រាក់ប្រមាណ ១.៦០០លានដុល្លារសហរដ្ឋអាមេរិក លើទំហំដី ៣៨៧ហិកតារ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគទុន អូ.ស៊ី.អាយ.ស៊ី ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារកាណាឌីយ៉ា (Canadia)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។