ពលរដ្ឋប្រហែល ២០នាក់ តំណាងឲ្យពលរដ្ឋជាង ២០០គ្រួសារនៃសហគមន៍កៀនឃ្លាំង បានលើកគ្នាទៅតវ៉ានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំរដ្ឋមន្ត្រី ជា សុផារ៉ា ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីពួកគាត់ដែលមានជម្លោះជាង ៥ឆ្នាំមកហើយ ដោយសារតែរងផលប៉ះពាល់បាត់ដីធ្លីពីការអភិវឌ្ឍបង្កើតទីក្រុងរណបជ្រោយចង្វារ។
ក្រោយពីចូលជួបមន្ត្រីក្រសួងរៀបចំដែនដី ដែលទទួលពាក្យបណ្ដឹងហើយ តំណាងពលរដ្ឋនៅតំបន់ជ្រោយចង្វារ លោក ជា សុផាត ឲ្យដឹងថា ក្រសួងនឹងខិតខំប្រឹងប្រែងរកមធ្យោបាយយ៉ាងណា ដើម្បីដោះស្រាយបញ្ហាដែលពលរដ្ឋកំពុងប្រឈម។ នេះជាលើកជាទី៤ ហើយ ដែលពួកគាត់ទៅរកដំណោះស្រាយពីលោក ជា សុផារ៉ា ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ៖ « ខ្ញុំសង្ឃឹម និងជឿជាក់ទៅលើស្មារតីដ៏ថ្លៃថ្លារបស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដែលលោកមានឆន្ទៈជួយរាស្ត្រជួយប្រជាជនតាមគោលការណ៍ដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកខ្ញុំដែលមានដីនៅតំបន់ជ្រោយចង្វារ រងគ្រោះដោយសារអភិវឌ្ឍ អូ . ស៊ី . អាយ . ស៊ី នេះ មិនមែនមានលទ្ធផលដូចសាលាក្រុង ដែលដាក់គំនាប និងដាក់កំណត់មកឲ្យពួកខ្ញុំ ១០ % ហ្នឹងទេ។ ខ្ញុំជឿជាក់ថាអ៊ីចឹង ព្រោះជាដីរបស់ពួកខ្ញុំ»។
ចំពោះការផ្ដល់ ១០% នៃទំហំដីដែលពលរដ្ឋមិនសុខចិត្តនេះ អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បដិសេធថាពុំមានការបែងចែកដី ៤០% ឲ្យក្រុមហ៊ុន និង ៥០% សម្រាប់សាលាក្រុងឡើយ។ ផ្ទុយទៅវិញ ដីដែលសម្រេចកាត់ចេញ ១០% ផ្ដល់ឲ្យពលរដ្ឋ ដោយសារដីទាំងនោះមានហេដ្ឋារចនាសម្ព័ន្ធរួចហើយ ដូចជាផ្លូវ ប្រព័ន្ធទឹកស្អាត និងភ្លើង ជាដើម ហើយសល់ពីនេះ គឺសាលាក្រុងផ្ដល់ឲ្យក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ទទួលសិទ្ធិវិនិយោគបង្កើតជាទីក្រុងរណប។
ទោះជាយ៉ាងណា អភិបាលរងក្រុងរូបនេះប្រាប់អាស៊ីសេរីថា មុនមានគម្រោងអភិវឌ្ឍន៍បង្កើតទីក្រុងរណបរបស់ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី នេះ គឺខាងសាលាក្រុងបានប្រកាសមិនឲ្យពលរដ្ឋដោះដូរ ឬទិញលក់ដីឡើយ រីឯពលរដ្ឋដែលត្រូវរងផលប៉ះពាល់វិញ គឺខាងសាលាក្រុងបានឆ្វៀលដីនោះទុកឲ្យពួកគាត់វិញ៖ « ទីតាំងនេះមិនឲ្យមានការដោះដូរ ជួល និងទិញ។ ហើយកន្លងមក មានបងប្អូនយើងខ្លះនៅតំបន់ក្រៅ មិនមែនជាអ្នកឃុំនៅក្នុងតំបន់នេះ បានទៅទិញដីដើម្បីទុកជាផលចំណេញ »។
លោក មាន ចាន់យ៉ាដា បន្តថា ពលរដ្ឋដែលអះអាងថាជាម្ចាស់ដី និងមិនទាន់ទទួលបានសំណង គួរតែបង្ហាញឯកសារកាន់កាប់ដីមកសាលារាជធានីភ្នំពេញ ដើម្បីឲ្យគណៈកម្មការដោះស្រាយផលប៉ះពាល់ចុះដោះស្រាយជូន។
ទោះជាយ៉ាងណា លោក ជា សុផាត ដែលជាតំណាងពលរដ្ឋ នៅតែទទូចស្នើសុំលោក ជា សុផារ៉ា ជួយឆ្វៀលដីភូមិចេញពីតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ហើយពួកគេសុខចិត្តប្រគល់ដីស្រែចម្ការ ៥០% ឲ្យរដ្ឋទុកសម្រាប់ការអភិវឌ្ឍ៖ « ពួកខ្ញុំអ្នកដែលមានដីតូចល្មមហ្នឹង សុំដីកាន់កាប់វិញ។ អ្នកដែលមានដីធំ ឆ្វៀលដីភូមិ សុំឲ្យឆ្វៀលទាំងអស់ ហើយចេញប័ណ្ណកម្មសិទ្ធិឲ្យ។ ដីអាស្រ័យផល ដីស្រែចម្ការ ដែលចោទថាពួកខ្ញុំថាជាអ្នកដែលមានដីអត់ផ្ទះ ពួកក្រៅមូលដ្ឋានហ្នឹងណា៎ គឺជូនរដ្ឋពាក់កណ្ដាលដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន ធ្វើម៉េចធ្វើទៅ។ យកទៅធ្វើផ្លូវថ្នល់ ធ្វើអីធ្វើទៅ យើងខ្ញុំសុំតែពាក់កណ្ដាលមកវិញ ហើយចេញប័ណ្ណកម្មសិទ្ធិឲ្យមក»។
ដើម្បីបញ្ចប់ជម្លោះដីធ្លីនៅតំបន់នេះ នាយកប្រតិបត្តិនៃអង្គការការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ថ្លែងថា ការអភិវឌ្ឍទីក្រុងរណបនៅជ្រោយចង្វារ ដែលនាំឲ្យមានការខ្វែងគំនិតគ្នា និងចោទប្រកាន់គ្នាបែបនេះ ដោយសារការដោះស្រាយផលប៉ះពាល់មិនធ្វើឡើងតាមរយៈគោលនយោបាយឈ្នះៗរបស់រដ្ឋាភិបាល។ លោកជឿថា ជម្លោះនឹងត្រូវបញ្ចប់ ប្រសិនភាគីពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរលើកយកបញ្ហាទៅពិភាក្សានៅលើតុដោយសន្តិវិធី។
ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី ទទួលបានសិទ្ធិវិនិយោគ ៩៩ឆ្នាំ ក្នុងការអភិវឌ្ឍក្រុងរណបជ្រោយចង្វារ មានទីតាំងស្ថិតនៅខាងឆ្វេងស្ពានជ្រោយចង្វារ គឺគ្រោងចំណាយទឹកប្រាក់ប្រមាណ ១.៦០០លានដុល្លារសហរដ្ឋអាមេរិក លើទំហំដី ៣៨៧ហិកតារ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគទុនអាណិកជន អូ.ស៊ី.អាយ.ស៊ី និងហិរញ្ញប្បទានដោយធនាគារកាណាឌីយ៉ា (Canadia)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។