មន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរខេត្តនេះយឺតយ៉ាវក្នុងការជួយដោះស្រាយវិវាទ ឬកង្វល់ដីធ្លីជូនប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ២០សហគមន៍នាមូលដ្ឋាននេះ ដោយទំនាស់ខ្លះបានអូសបន្លាយពេលពី ៥ឆ្នាំដល់ជិត ២០ឆ្នាំ។
បញ្ហានេះ ប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ២០ នាខេត្តព្រះសីហនុ សំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍មកមន្ត្រីថ្នាក់ខេត្ត ឲ្យជួយពន្លឿនការងារចុះវាស់ដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ដើម្បីជៀសផុតពីការរំលោភបំពានពីមន្ត្រីមានអំណាច និងក្រុមហ៊ុនវិនិយោគនានា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី រិះគន់ថា ការដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋ ទោះតាមប្រព័ន្ធតុលាការ ឬការដោះស្រាយបញ្ហាដីធ្លីផ្សេងៗ ដូចជាការងារចុះវាស់ដីផ្តល់ប្លង់កម្មសិទ្ធិជាដើមនាមូលដ្ឋាននេះមានការយឺតយ៉ាវ។
អ្នកស្រីសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ពិសេសអភិបាលខេត្តព្រះសីហនុ ត្រូវពន្លឿនសកម្មភាពចុះវាស់វែងបែងចែកដីធ្លីជូនប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗឲ្យបានឆាប់ ព្រោះពលរដ្ឋបានទន្ទឹងរង់ចាំយ៉ាងអន្ទះសា៖ « ជាសំណូមពរ សូមមេត្តាឲ្យថ្នាក់ដឹកនាំមន្ត្រីជំនាញមន្ទីរសុរិយោដី ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមពិនិត្យទៅលើប័ណ្ណភោគៈ ដែលកំពុងជាប់បណ្ដឹងនៅប្រព័ន្ធតុលាការដោយយកចិត្តទុកដាក់បំផុត »។
អ្នកស្រី សុធារី បានឲ្យដឹងថា នាមូលដ្ឋានខេត្តព្រះសីហនុ មានប្រជាពលរដ្ឋចំនួន ២៥សហគមន៍កំពុងមានទំនាស់ដីធ្លី ហើយសហគមន៍ខ្លះជាប់បណ្ដឹងនៅតុលាការ និងសហគមន៍ខ្លះទៀតមានវិវាទជាមួយក្រុមហ៊ុនវិនិយោគ ដែលរដ្ឋាភិបាលផ្តល់សិទ្ធិជូន។ អ្នកស្រី ជៀប សុធារី រិះគន់អាជ្ញាធរខេត្តព្រះសីហនុ ដែលយឺតយ៉ាវក្នុងសកម្មភាពចុះវាស់ ឬកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយទុកឲ្យកង្វល់ប្រជាពលរដ្ឋបន្តអូសបន្លាយពេលចន្លោះពី ៥ឆ្នាំរហូតដល់ជិត ២០ឆ្នាំ នៅមិនទាន់មានដំណោះស្រាយទៀត។
មន្ត្រីសង្គមស៊ីវិលរូបនេះ សំណូមពរដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្រសួងរៀបចំដែនដី ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យជួយពិចារណាលើកង្វល់ពលរដ្ឋ ឈានដល់ដោះស្រាយវិវាទ ឬកង្វល់ដីធ្លីជូនប្រជាពលរដ្ឋចប់ឲ្យបានឆាប់៖ « រឿងក្តីដែលខ្ញុំធ្លាប់បានទទួលដឹងកន្លងមក គឺខាងភាគីតុលាការបានកាត់សេចក្តីដោយផ្អែក ឬសំអាងទៅលើប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណភោគៈ ដែលធ្វើឡើងកាលពីឆ្នាំ១៩៩៣ ឆ្នាំ១៩៩៥ និងឆ្នាំ១៩៩៧ ជាដើម ហើយដោយតុលាការសំអាងទៅលើប័ណ្ណទាំងអស់ហ្នឹង តុលាការបានសម្រេចក្តីឲ្យខាងភាគីមានប័ណ្ណទាំងនោះឈ្នះក្តី។ ចំណែកប្រជាពលរដ្ឋរស់នៅលើដីជាក់ស្តែង ឬកាន់កាប់ប្រើប្រាស់ដីភោគៈរបស់ពួកគាត់ តែងបានចាញ់ក្តី »។
ស្រដៀងគ្នាដែរ មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បានឲ្យដឹងដែរថា អាជ្ញាធរខេត្តនេះពិតជាយឺតយ៉ាវចុះវាស់បែងចែកដីឈានដល់ផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋពិតមែន។ លោកបន្តថា ចាប់តាំងពីឆ្នាំ២០១៥ មក នៅក្នុងចំណោមសហគមន៍ជាង ២០ នាខេត្តព្រះសីហនុ គឺមានពីរ ឬបីសហគមន៍ទេ ដែលអាជ្ញាធរខេត្តនេះចុះវាស់ដីត្រៀមចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋនៅក្នុងសហគមន៍ទាំងនេះ។

ចំណែកទំនាស់ដីធ្លីដែលកំពុងនៅក្នុងដៃតុលាការ លោក ប៊ួន ណារិទ្ធិ អះអាងថា ក៏បានបន្តអូសបន្លាយពេលយូរ ហើយភាគច្រើននៅពេលមានពាក្យបណ្ដឹងនៅប្រព័ន្ធតុលាការសាលាដំបូងខេត្តនេះ ខាងភាគីមន្ត្រីមានអំណាច ឈ្មួញ និងក្រុមហ៊ុន ជាដើម តែងមានប្រៀបទៅលើភាគីប្រជាពលរដ្ឋដែលមានផ្ទះ និងដាំដំណាំនៅលើដីទំនាស់ជាក់ស្តែង។ លោកបន្តថា ការមានប្រៀបនៅប្រព័ន្ធតុលាការនេះ គឺដោយសារតុលាការកាត់សេចក្តីផ្អែកទៅលើភាគីមន្ត្រីមានអំណាច ឈ្មួញ និងក្រុមហ៊ុនមួយចំនួននោះ ពួកគេមានឯកសារ ឬប្លង់កម្មសិទ្ធិចេញដោយអាជ្ញាធរជំនាញស្របច្បាប់ ប៉ុន្តែត្រង់ថា ប្លង់កម្មសិទ្ធិទាំងនោះចេញដោយការឃុបឃិត ឬមានអំពើពុករលួយអ្វីមួយបែបណានោះ តុលាការមិនបានស៊ើបអង្កេតទេកន្លងមក៖ « សូមឲ្យអភិបាលខេត្តមានផែនការជាក់លាក់មួយ ដើម្បីដោះស្រាយបញ្ហាដីធ្លី ឬវិវាទដីធ្លីនៅតាមសហគមន៍ទាំងអស់នាមូលដ្ឋានខេត្តព្រះសីហនុ ជាពិសេសសហគមន៍ដែលមានដីធ្លីជាប់ពាក់ព័ន្ធការធ្វើរបរកសិកម្មធ្វើស្រែចម្ការ។ ដោយឡែកសហគមន៍នៅក្នុងក្រុង គឺភាគច្រើនកំពុងជាប់បណ្ដឹងនៅប្រព័ន្ធតុលាការ។ ចំណែកនៅតាមស្រុកមួយចំនួន មានស្រុកព្រៃនប់ ជាដើម គឺទំនាស់ដីធ្លីភាគច្រើនជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍នីមួយៗ គឺទំនាស់ទាំងនោះកើតឡើងជាមួយអាជ្ញាធរ និងការឃុបឃិតគ្នាលើគម្របព្រៃឈើរដ្ឋ ដែលរដ្ឋសម្បទានឲ្យក្រុមហ៊ុន។ ដូច្នេះខ្ញុំយល់ថា មិនមានការលំបាកអ្វីដែលរដ្ឋបាលខេត្តព្រះសីហនុ មានផលវិបាកនឹងលើកយកមកដោះស្រាយទេ គឺទំហំដីរបស់ប្រជាសហគមន៍មានផ្ទៃចំនួនប៉ុន្មាន គឺវាស់ជូនពលរដ្ឋប៉ុណ្ណឹងទៅជាចប់បាត់ទៅហើយ »។
ត្រង់ចំណុចនេះ មន្ត្រីអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ទទូចដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ឲ្យជួយយកចិត្តទុកដាក់ដោះស្រាយបញ្ចប់វិវាទដីធ្លីរ៉ាំរ៉ៃក្នុងខេត្តនេះ ឲ្យចប់បានឆាប់ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋនៅតាមសហគមន៍នីមួយៗ។
ប្រធានសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ លោក សេន ចន្ថា ស្ថិតក្នុងចំណោមពលរដ្ឋនៅតាមសហគមន៍ជាង ២០ ទៀត នាខេត្តព្រះសីហនុ។ លោកបានឲ្យដឹងថា សហគមន៍នេះមានប្រជាពលរដ្ឋជាង ១០០គ្រួសារ និងមានផ្ទៃដីសរុបជាង ៣០០ហិកតារ កំពុងរង់ចាំរដ្ឋបាលខេត្តនេះចុះវាស់កាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ឈ្មោះ យិះ ជៀ។ តំណាងរូបនេះ បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ពន្លឿនសកម្មភាពមន្ត្រីក្រោមឱវាទ ឲ្យចុះកាត់ឆ្វៀលដីផ្តល់ប្លង់កម្មសិទ្ធិចេញពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន យិះ ជៀ ដើម្បីឲ្យពលរដ្ឋអាចសង់ផ្ទះរស់នៅ និងបង្កបង្កើនផលនៅលើដីធ្លាប់រស់នៅតាំងពីឆ្នាំ១៩៩២ មក ជៀសផុតពីការគំរាមកំហែង។
តំណាងពលរដ្ឋ លោក សេន ចន្ថា ហៅតា ឆក បានអះអាងថា ចាប់តាំងពីឆ្នាំ២០០៧ មកដល់ខែមិថុនា ឆ្នាំ២០១៦ នេះ ក្រុមហ៊ុនចិន យិះ ជៀ និងអាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ តែងមកគំរាមកំហែងពលរដ្ឋមិនឲ្យជួសជុល ឬសង់ផ្ទះដើម្បីជ្រកទេ។ ជាក់ស្តែង កាលពីថ្ងៃទី២៥ ខែមិថុនា អាជ្ញាធរខេត្តនេះបានចុះមកហាមឃាត់ពលរដ្ឋក្នុងសហគមន៍នេះ មិនឲ្យសង់ផ្ទះដើម្បីរស់នៅទេ ហើយបានតម្រូវឲ្យពលរដ្ឋមួយគ្រួសារធ្វើកិច្ចសន្យារុះរើជម្រកចេញពីដីធ្លាប់កាន់កាប់យូរឆ្នាំ។
ត្រង់ចំណុចនេះ លោក សេន ចន្ថា ចោទថា សកម្មភាពរបស់អាជ្ញាធរស្ថាប័នពាក់ព័ន្ធស្រុកព្រៃនប់ ពិសេសថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដែលបញ្ជាកម្លាំងចុះហាមពលរដ្ឋមិនឲ្យសង់ផ្ទះជ្រកនៅរដូវភ្លៀងធ្លាក់ពេលនេះ គឺបានឃុបឃិតជាមួយក្រុមហ៊ុន យិះ ជៀ ហើយមកគំរាមកំហែង និងគាបសង្កត់ពលរដ្ឋក្នុងមូលដ្ឋាន៖ « ដីនៅសហគមន៍នេះ គឺជាដីប្រជាពលរដ្ឋរស់នៅជាយូរមកហើយ ហើយពេលបានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន យិះ ជៀ ដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើទំហំផ្ទៃដីជាង ៣ពាន់ហិកតារ។ ចំណែកដីរបស់សហគមន៍ជាង ១០០គ្រួសារ មានជាង ៣០០ហិកតារ ហើយករណីនេះ ខាងប្រជាពលរដ្ឋសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ គឺបានធ្វើបណ្ដឹង និងដាក់ជូនស្ថាប័នកំពូលៗនៃរាជរដ្ឋាភិបាល ឲ្យជួយអន្តរាគមន៍កាត់ឆ្វៀលដីចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន យិះ ជៀ មានដាក់ពាក្យបណ្ដឹងជូនរដ្ឋសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងបរិស្ថាន ដាក់ជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែមិនទាន់មានដំណោះស្រាយ។ ហើយនៅថ្ងៃទី២៥ ខែមិថុនា លោក អោក គឹមហ៊ន អភិបាលរងស្រុកព្រៃនប់ បានដឹកនាំកម្លាំងមករារាំង និងបង្ខំឲ្យពលរដ្ឋមួយគ្រួសារផ្ដិតមេដៃរុះរើផ្ទះ ដែលសង់នៅលើដីធ្លាប់កាន់កាប់យូរឆ្នាំ ដោយអភិបាលរងរូបនេះមានទំនោរគាំទ្រសកម្មភាពក្រុមហ៊ុន យិះ ជៀ ហើយមកគំរាមកំហែងធ្វើបាបពលរដ្ឋរបស់ខ្លួនទៅវិញ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនចិន ឈ្មោះ យិះ ជៀ ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនៅសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ បានទេ នៅថ្ងៃពុធ ទី២៩ ខែមិថុនា ប៉ុន្តែឯកសារបញ្ជាក់ថា ក្រុមហ៊ុន យិះ ជៀ ទទួលបានសិទ្ធិវិនិយោគអភិវឌ្ឍន៍វិស័យទេសចរណ៍លើដីជុំវិញតំបន់ឧទ្យានជាតិរាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីរាជរដ្ឋាភិបាលរយៈពេល ៩៩ឆ្នាំ លើផ្ទៃដីជាង ៣ពាន់ហិកតារ ដើម្បីអភិវឌ្ឍប្រែក្លាយតំបន់នេះបម្រើឲ្យវិស័យទេសចរណ៍តាមបែបធម្មជាតិ ប៉ុន្តែសកម្មភាពរបស់ក្រុមហ៊ុន យិះ ជៀ ត្រូវប្រជាពលរដ្ឋរស់នៅសហគមន៍នេះចោទថា បានជីកកកាយដីភ្នំ និងកាប់បំផ្លាញព្រៃឈើដែលដុះជុំជិតនៅក្នុងបរិវេណឧទ្យានជាតិរាម យកមកសាងសង់សំណង់ក្រុមហ៊ុនថែមទៀត។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ធ្លាប់ប្ដេជ្ញាថា នឹងជួយពន្លឿនឲ្យក្រុមការងារចុះដោះស្រាយទំនាស់ដីធ្លីដែលមិនជាប់ពាក់ព័ន្ធនៅក្នុងប្រព័ន្ធតុលាការ ជូនពលរដ្ឋនៅតាមសហគមន៍នានានៅក្នុងមូលដ្ឋាននេះ ឲ្យចប់បាននៅឆ្នាំ២០១៦។ លោកបន្តថា ទំនាស់ដីធ្លីដែលមិនស្ថិតក្នុងចំណាត់ការតុលាការ អាជ្ញាធរខេត្តនេះនឹងខំពន្លឿនការដោះស្រាយឲ្យបានឆាប់ទៅតាមពេលវេលាជាក់ស្ដែង ឲ្យស្របតាមសំណូមពរពលរដ្ឋ។ លោក យន្ត មីន សង្កត់ធ្ងន់ថា ការងារចុះដោះស្រាយទំនាស់ដីធ្លី ឬចុះវាស់កាត់ឆ្វៀលដីធ្លីឈានដល់ផ្តល់ប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតាមសហគមន៍នានា គឺជាអាទិភាពមួយក្នុងចំណោមទិសដៅអភិវឌ្ឍន៍របស់អាជ្ញាធរខេត្ត ដើម្បីជួយឲ្យពលរដ្ឋនៅតាមសហគមន៍នានា លែងព្រួយបារម្ភពីការរំលោភដីធ្លីកំពុងរស់នៅ និងដីបង្កបង្កើនផលតទៅទៀតនាថ្ងៃអនាគត។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីជិត ២០សហគមន៍នាខេត្តព្រះសីហនុ ថ្លែងសាទរអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ចំពោះការអះអាងនេះ ប៉ុន្តែបានសំណូមពរឲ្យការអនុវត្តមានសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។