ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​មួយ​ចំនួន​នៅ​ស្រុក​តំបែរ​ច្រាន​ចោល​នីតិវិធី​ដោះស្រាយ​របស់​អាជ្ញាធរ

0:00 / 0:00

ប្រជា​សហគមន៍​មួយ​ចំនួន​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បដិសេធ​មិន​ទទួល​យក​ការ​ដោះស្រាយ​វិវាទ​ដី​សហគមន៍​ពី​សំណាក់​អាជ្ញាធរ​ទេ។ បញ្ហា​នេះ កើត​ឡើង​ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត សម្រេច​វាស់​កំណត់​ព្រំ​ដី​ដែល​មាន​ទំនាស់​រវាង​ក្រុមហ៊ុន​ចិន ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​កាល​ពី​ថ្ងៃ​ទី​១៧ សីហា។ នីតិវិធី​នេះ គឺ​ធ្វើ​ឡើង​ចំពោះ​ភូមិ​ចំនួន​ពីរ​ក្នុង​ចំណោម​ភូមិ​ចំនួន​បី​ដែល​មាន​បញ្ហា។ ចំណែក​ប្រជា​សហគមន៍​វិញ គឺ​ចង់​បាន​ការ​ដោះស្រាយ​សម្រាប់​ពលរដ្ឋ​ទាំង​បី​ភូមិ​តែ​ម្តង។

ប្រជា​សហគមន៍​មាន​បញ្ហា​ដីធ្លី​នៅ​ឃុំ​ត្រពាំងព្រីង មើល​ឃើញ​ថា នីតិវិធី​របស់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន ម្តង​មួយ​វគ្គៗ អាច​ជា​ការ​បំបែក​កម្លាំង​សហគមន៍​ច្រើន​ជាង។ ពួក​គាត់​ថា នៅ​ពេល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ ព្រម​ទាំង​ឡើង​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ពេល​កន្លង​ទៅ គឺ​ពលរដ្ឋ​ធ្វើ​ឡើង​រួម​គ្នា ដូច្នេះ​ការ​ដោះស្រាយ គឺ​ត្រូវ​មាន​សម្រាប់​ទាំងអស់​គ្នា។

ពលរដ្ឋ​នៅ​ភូមិ​ជីទ្រុន លោក សន រិទ្ធ មាន​ប្រសាសន៍​ថា ប្រជា​សហគមន៍​ភាគច្រើន​មិន​បាន​ចូលរួម​ការ​វាស់វែង​កំណត់​ព្រំ​ដី​ភូមិ​នីមួយៗ និង​តំបន់​ដី​មាន​ទំនាស់​ទេ ពីព្រោះ​ពួក​គាត់​មើល​ឃើញ​ថា អាជ្ញាធរ​សម្រេច​ធ្វើ​បែប​នេះ គឺ​មាន​ចេតនា​មិន​ល្អ៖ « យក​ដី​សហគមន៍​ហ្នឹង​ឲ្យ​ប្រជាពលរដ្ឋ​វិញ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​ធ្វើ​វិញ​ផង។ ឥឡូវ​ពលរដ្ឋ​ហ្នឹង​កំពុង​តែ​ពិបាក កំពុង​តែ​ពិបាក កំពុង​តែ​អត់​ឃ្លាន​មែន​ទែន​ហើយ »

ដី​ដែល​ប្រជាពលរដ្ឋ​ទាមទារ រួម​មាន​នៅ​ភូមិ​ជីទ្រុន ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្នោរ សរុប​ជាង ១​ពាន់​ហិកតារ។ អាជ្ញាធរ​ខេត្ត​សម្រេច​បង្កើត​ក្រុម​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​នៅ​ភូមិ​ចំនួន​ពីរ គឺ​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្នោរ ចំណែក​ភូមិ​ជីទ្រុន មិន​ទាន់​ចាត់​វិធានការ។

ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំង មួយ​រូប​ទៀត លោក សែម សាង ឲ្យ​ដឹង​ថា ការ​ទាមទារ​របស់​ពួក​គាត់ គឺ​ទុក​ដី​សហគមន៍​ទាំងអស់​ជា​សម្បត្តិ​រួម ដោយ​មិន​ចង់​ឲ្យ​ដី​ទាំងនោះ​ត្រូវ​ធ្លាក់​លើ​ដៃ​ក្រុមហ៊ុន​ចិន ឈ្មោះ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment)។ លោក​ចង់​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ទាំង​បី​ភូមិ មិន​មែន​ធ្វើ​ឡើង​ម្តង​មួយ ពីព្រោះ​នីតិវិធី​នេះ​អាច​ជា​ការ​បំបែក​កម្លាំង​សហគមន៍​ច្រើន​ជាង៖ « បែប​បាន​តែ​ភូមិ​គេ បាន​តែ​ពីរ​ភូមិ គឺ​ភូមិ​បុស្នោរ ស្រែប្រាំង ហ្នឹង​ទេ​យ៉ាង។ តែ​បើ​ជីទ្រុន គឺ​មិន​បាន​ទេ »

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​តំបែរ លោក នាថ រ៉ាវុធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ សីហា ថា មូលហេតុ​អាជ្ញាធរ​សម្រេច​ចុះ​វាស់វែង​ព្រំ​ដី​សហគមន៍​ភូមិ​ស្រែប្រាំង និង​ភូមិ​បុស្នោរ ពីព្រោះ​ភូមិ​ទាំងនេះ​បាន​ដាក់​ពាក្យ​ស្នើសុំ​មក​អាជ្ញាធរ​មុន​គេ។ លោក​បន្ត​ថា កាលណា​ដោះស្រាយ​វិវាទ​ដីធ្លី​ភូមិ​ទាំង​ពីរ​រួច​រាល់ ទើប​អាជ្ញាធរ​ងាក​មក​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ភូមិ​មួយ​ទៀត។ អភិបាល​ស្រុក​រូប​នេះ បញ្ជាក់​ថា បើ​ទោះ​បី​ជា​ក្រុម​ប្រជា​សហគមន៍​មួយ​ចំនួន​មិន​បាន​ចូលរួម​ក្នុង​នីតិវិធី​នេះ​ក៏ដោយ ប៉ុន្តែ​ដំណើរ​ការ​នៅ​តែ​បន្ត៖ « ឥឡូវ​ដំណើរ ព្រោះ​អត់​ពី​គាត់​ទៅ ព្រោះ​ក្នុង​ចំណោម​ជាង ១០០​គ្រួសារ​ហ្នឹង​មាន​អ្នក​ខ្លះ​ពាក់​កណ្ដាល​ហ្នឹង គេ​ក៏​ប្ដឹង​ដែរ ប៉ុន្តែ​គេ​មិន​បាន​ធ្វើ​អី​លើ​ដី​ហ្នុង​ទេ »

លោក​បន្ត​ថា បញ្ហា​ដី​សហគមន៍​ទាំងនេះ​បន្សល់​ទុក​តាំង​ពី​ជំនាន់​អភិបាល​ស្រុក​ចាស់ គឺ​លោក ឈិង ពិសិដ្ឋ ហើយ​ក្រុមហ៊ុន​ចិន មាន​ដី​សម្រាប់​វិនិយោគ​ដំណាំ​កសិកម្ម​ជាង ១​ពាន់​ហិកតារ។ លោក​ថា វិវាទ​ដីធ្លី​មួយ​នេះ​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​អាជ្ញាធរ​នឹង​ព្យាយាម​ដោះស្រាយ​បន្ត​ទៀត។

ក្រុមហ៊ុន​ចិន ហាមិនីវេន អ៊ិនវេសមេន ទទួល​បាន​ដី​វិនិយោគ​ធ្វើ​កសិកម្ម​តាម​រយៈ​ប្រើ​រូបភាព​ទិញ​ពី​ប្រជាពលរដ្ឋ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ជួយ​សម្រួល ឬ​រត់​ការ​ឲ្យ​កាល​ពី​ឆ្នាំ​២០១១។ ពលរដ្ឋ​មួយ​គ្រួសារ​អាច​ទទួល​បាន​ប្រាក់​ពី ១០០​ដុល្លារ​ទៅ ៣០០​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​គ្រាន់​តែ​ផ្តល់​ស្នាម​មេដៃ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជា​ថ្នូរ​ថា​បាន​លក់​ដី ស្រប​ពេល​អ្នក​ភូមិ​មិន​ដឹង​ថា​ដី​នោះ​នៅ​ចំណុច​ណា​ឡើយ។ ជាមួយ​គ្នា​នេះ ដី​ក្រុមហ៊ុន​ចិន កាន់​កាប់​បច្ចុប្បន្ន ជា​ប្រភេទ​តំបន់​ព្រៃ​លិច​ទឹក ហើយ​ពួក​គេ​បាន​ឈូស​ឆាយ​ព្រៃ​ស្ទើរ​តែ​អស់​ថែម​ទៀត។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត យល់​ថា បញ្ហា​ដី​សហគមន៍​នេះ​មិន​មាន​អ្វី​ស្មុគស្មាញ​ឡើយ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ឲ្យ​ពិបាក គឺ​អាជ្ញាធរ​ទៅ​វិញ ពិសេស​អ្នក​ដែល​ទទួល​បាន​ប្រយោជន៍​អំពី​រឿង​នេះ៖ « ឥឡូវ​យក​មក​វិញ​មក។ ឲ្យ​រដ្ឋ​ហ្នឹង​យក​មក​វិញ​ឲ្យ​បាន​មក ថា​ឥឡូវ​ថា​ដី​រដ្ឋ​មាន​ប៉ុន្មាន​យក​មក​វិញ​ឲ្យ​អស់​សិន ហើយ​ចាំ​យើង​ពិនិត្យ​ជាក់ស្តែង​ទៀត​ទៅ »

លោក​មើល​ឃើញ​ថា ការ​ដោះស្រាយ​វិវាទ​ដី​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង នឹង​មិន​អាច​ចប់​ឡើយ ប្រសិន​បើ​ពលរដ្ឋ​ភាគច្រើន​មិន​បាន​ចូលរួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។