តំណាងសហគមន៍ជនជាតិដើមភាគតិចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពាវនាវឲ្យតុលាការខេត្ត ស៊ើបអង្កេតករណីលក់ដីព្រៃ និងបឹងសហគមន៍។ ការអំពាវនាវនេះ បន្ទាប់ពីតំណាងសហគមន៍ ប្ដឹងប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារសហគមន៍ ពីបទលក់ដីព្រៃដីចម្ការ និងបឹងធម្មជាតិ ដែលសហគមន៍អាស្រ័យផល។ ចំណែកប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារសហគមន៍ បដិសេធថា មិនបានលក់ដូរដីនោះទេ ហើយប្ដឹងសហគមន៍វិញពីបទបរិហារកេរ្តិ៍។
តំណាងសហគមន៍ជនជាតិដើមភាគតិចភូមិប៉ក់ធំ រំពឹងថា ស្ថាប័នអយ្យការនឹងស៊ើបអង្កេតឲ្យបានឆាប់ ករណីប្រធានគណៈកម្មការការពារព្រៃឈើសហគមន៍ លក់ដូរដីព្រៃ ដីចម្ការ និងបឹងធម្មជាតិ ធ្វើឲ្យប៉ះពាល់សិទ្ធិរស់នៅ និងការអាស្រ័យផលធនធានធម្មជាតិរបស់អ្នកភូមិជនជាតិដើមភាគតិច។
កាលពីថ្ងៃទី២៣ ខែកុម្ភៈ សមាជិកសហគមន៍ ១១នាក់ តំណាងឲ្យអ្នកភូមិជាង ២០០នាក់ បានប្ដឹងប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារសហគមន៍ គឺលោក ប៉ូយ ព្លីន ទៅស្ថាប័នអយ្យការតុលាការខេត្តមណ្ឌលគិរី ដោយចោទថា លោក ប៉ូយ ព្លីន បានយកគ្រឿងចក្រឈូសឆាយដីនៅចំណុចមាត់ទន្លេភូមិប៉ាតាង ឃុំសេសាន ចំនួនពីរលើក គឺនៅឆ្នាំ២០១៥ និងនៅខែមករា ឆ្នាំ២០១៦។ ការឈូសឆាយនេះ ប៉ះពាល់ដីប្រជាពលរដ្ឋ ៣០គ្រួសារ ទើបធ្វើឲ្យអ្នកភូមិរាប់រយគ្រួសារលើកគ្នាទៅតវ៉ា មិនឲ្យគ្រឿងចក្របន្តការឈូសឆាយទៀត។
សមាជិកសហគមន៍ គឺលោក ក្លាន ជីប បញ្ជាក់ថា អាជ្ញាធរភូមិ-ឃុំ គឺជាអ្នកដឹងឮ និងចូលរួមអន្តរាគមន៍បញ្ឈប់ការឈូសឆាយដីខុសច្បាប់នេះ ក៏ប៉ុន្តែអាជ្ញាធរឃុំ មិនមានលទ្ធភាពបញ្ឈប់ការលក់ដូរដីនោះបានឡើយ។ លើសពីនេះទៀត លោក ប៉ូយ ព្លីន ព្យាយាមហ៊ុមព័ទ្ធដីតំបន់ភ្នំខាំលាប និងបឹងទងយោង ដើម្បីលក់ទៅឲ្យអ្នកទិញដីជាមន្ត្រីមានអំណាចនៅតំបន់នោះ៖ « ភូមិប៉ាតាង ឃុបឃិតជាមួយ ប៉ូយ ព្លីន លក់ទាំងអស់ ៣០ហិកតារ ទាំងចម្ការចាស់ ទាំងចម្ការថ្មី។ ដំណាំដាំស្រូវ ដាំចន្ទី ស្រូវខ្ទេចខ្ទីអស់ហើយ អត់មានសល់មួយដើមទេ។ ឃុំអស់សមត្ថភាព ហើយដាក់ទៅស្រុក ស្រុកអត់អើពើផងថាស្អែកៗរហូត »។
មន្ត្រីអយ្យការតុលាការខេត្តរតនគិរី នៅថ្ងៃទី២៣ ខែកុម្ភៈ ទទួលចុះបញ្ជីពាក្យប្ដឹងសហគមន៍រួចហើយ និងកំពុងចាត់មន្ត្រីស៊ើបអង្កេតសំណុំរឿងនេះ។
ឆ្លើយតបការចោទប្រកាន់នេះ ប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារសហគមន៍ លោក ប៉ូយ ព្លីន បដិសេធថា ពាក្យប្ដឹងចោទប្រកាន់របស់អ្នកភូមិថាជាការមិនពិត។ ករណីនេះ លោកបានដាក់ពាក្យប្ដឹងសហគមន៍ទៅមន្ត្រីអយ្យការពីបទបរិហារកេរ្តិ៍វិញដែរ៖ « ពួកគាត់ចង់ទៅកាប់ព្រៃកន្លែងហ្នឹង ខ្ញុំឃាត់ពួកគាត់ចោទខ្ញុំលក់ដីលក់ព្រៃវិញ តាមពិតពួកគាត់អ្នកទៅធ្វើទេ »។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី ឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០១៥ តំណាងសហគមន៍ភូមិប៉ក់ធំ បានដាក់ពាក្យប្ដឹងករណីនេះជូនអាជ្ញាធរមូលដ្ឋានឃុំ ស្រុក ខេត្ត និងអ្នកតំណាងរាស្ត្រ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន មិនឃើញមានចំណាត់ការបែបណានៅឡើយ។
មេឃុំប៉ក់ញ៉ៃ លោក រចំ ហ្លើច ទទួលស្គាល់ថា អាជ្ញាធរឃុំបានធ្វើរបាយការណ៍ទៅអាជ្ញាធរស្រុក ទាក់ទិនការរំលោភយកដីប្រជាពលរដ្ឋ និងការលក់ដូរដីព្រៃដោយខុសច្បាប់របស់ប្រធានគណៈកម្មការគ្រប់គ្រងព្រៃការពារ ក៏ប៉ុន្តែអាជ្ញាធរស្រុក មិនចាត់វិធានការ។ លោកថា អ្នកភូមិប្ដឹងទៅតុលាការ ដោយសារអាជ្ញាធរមូលដ្ឋានមិនដោះស្រាយបញ្ហាជូនពលរដ្ឋ៖ « គេប្ដឹង ប៉ូយ ព្លីន គួកជេរលក់ដីឲ្យគេ ប៉ះពាល់ដីប្រជាពលរដ្ឋហ្នឹងណា ! ខ្ញុំជួយរាយការណ៍ទៅដល់ស្រុក ឲ្យចុះមកដោះស្រាយ អត់ឃើញមក អ្នកភូមិទ្រាំមិនបាន គេទៅប្ដឹងហើយ »។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី អំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីអយ្យការ ស៊ើបអង្កេតពាក្យបណ្ដឹងរបស់សហគមន៍ទាក់ទិនការឈូសឆាយ និងលក់ដូរដីប៉ះពាល់សិទ្ធិរស់នៅរបស់ពលរដ្ឋនេះ។ លោកថា ភាគីចុងចោទ ទំនងចង់បំបាក់ស្មារតីអ្នកភូមិ ទើបប្ដឹងអ្នកភូមិពីបទបរិហារកេរ្តិ៍វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។