ភាពយឺតយ៉ាវក្នុងការឆ្លើយតបលើគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់នៅពីលើគន្លងផ្លូវរថភ្លើងចាស់ ពីចំណុចស្ថានីយរថភ្លើង ទៅដល់ចំណុចគីឡូម៉ែត្រលេខ៦ ពីសំណាក់សាលារាជធានីភ្នំពេញ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានការខកចិត្តជាខ្លាំង។
ក្រោយពីទៅដល់សាលារាជធានីភ្នំពេញតាមការសន្យា នៅព្រឹកថ្ងៃទី៣០ មិថុនា តំណាងប្រជាពលរដ្ឋផ្លូវដែកចំនួន ៩សហគមន៍ដែលមានគ្នាប្រមាណជា ២០នាក់ បានឲ្យវិទ្យុអាស៊ីសេរី ដឹងថា សាលារាជធានីភ្នំពេញហាក់មិនបានឆ្លើយតបទៅនឹងសំណើរបស់ពួកគាត់ ដែលស្នើឲ្យមានវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីបង្ហាញព័ត៌មានលម្អិតនៃគម្រោងអភិវឌ្ឍន៍ផ្លូវដែក ដែលជាគំនិតផ្ដួចផ្ដើមកន្លងមករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
តំណាងសហគមន៍ភូមិ២៣ លោកស្រី នី សណ្តូស ដែលបានចូលជួបជាមួយនឹងមន្ត្រីសាលារាជធានីភ្នំពេញ បញ្ជាក់ថា បច្ចុប្បន្ន សាលារាជធានីភ្នំពេញបដិសេធសំណើពួកគាត់ ក្នុងការធ្វើវេទិកាសាធារណៈ ព្រោះគម្រោងអភិវឌ្ឍន៍នោះស្ថិតក្នុងការសិក្សានៅឡើយ ដែលចម្លើយនោះវាមិនស្របទៅនឹងអ្វីដែលលោក ប៉ា សុជាតិវង្ស បានឲ្យដឹងនៅក្នុងបណ្ដាញសង្គមរបស់គាត់៖ « ឯកឧត្តម ប៉ា សុជាតិវង្ស លោកថាបានសិក្សាហើយៗ ហើយលោកបានចុះទៅផ្ទាល់ដល់សហគមន៍យើង ២ដងហើយ នៅក្នុងផេក ( ទំព័រហ្វេសប៊ុក ) របស់គាត់។ ប៉ុន្តែអ្នកនាំពាក្យគាត់និយាយថា កំពុងតែរៀបចំក្រុមការងារចុះទៅសិក្សា។ អ៊ីចឹងព័ត៌មានវាហាក់ដូចជាអត់ដូចគ្នា។ អ៊ីចឹងហើយយើងស្នើសុំជួបលោកអភិបាលផ្ទាល់តែម្តងនៅថ្ងៃទី១៤ ខែ៧ ហ្នឹង »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានទេ គិតត្រឹមរសៀលថ្ងៃទី៣០ មិថុនា។
តំណាងសហគមន៍ទាំង៩ នឹងនៅតែបន្តដាក់លិខិតរបស់ពួកគាត់ជាបន្តបន្ទាប់ រហូតអាចជួបនឹងលោកអភិបាលរាជធានីភ្នំពេញ មុននឹងគ្រោងឈានដល់ការដាក់លិខិតអន្តរាគមន៍ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សហគមន៍ផ្លូវដែកទាំង៩ រួមមានភូមិ២ ភូមិ១៥ ភូមិ១៦ ភូមិ១៧ ភូមិ២១ ភូមិ២៣ សហគមន៍១០៤ សហគមន៍១០៥ និងភូមិទួលសង្កែ២។ ពួកគាត់បារម្ភពីជោគវាសនា ខ្លាចក្រែងដូចជាពលរដ្ឋនៅតំបន់បឹងកក់ បុរីកីឡា ឬដីក្រហម ដែលរដ្ឋាភិបាលធ្លាប់បានបណ្ដេញចេញក្នុងពេលកន្លងមក ក្រោមលេសថាយកតំបន់ទាំងនោះធ្វើការអភិវឌ្ឍ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។