សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូនរ៉ែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ដោះស្រាយករណីឈូសឆាយដីតំបន់គោរពបូជារបស់សហគមន៍ ដើម្បីយកដីពីសំណាក់ក្រុមហ៊ុនមួយ ដែលអ្នកភូមិមិនស្គាល់អត្តសញ្ញាណ។ អ្នកភូមិចោទថា ក្រុមហ៊ុននោះកំពុងបំពានទៅលើប្រពៃណីជំនឿរបស់ជនជាតិដើមភាគតិច។
សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូនរ៉ែង គ្រោងដាក់ពាក្យប្ដឹងទៅការិយាល័យការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី សុំអន្តរាគមន៍ឲ្យមានការទទួលខុសត្រូវករណីឈូសឆាយតំបន់ខ្ទមអ្នកតា ដែលប្រជាពលរដ្ឋគោរពបូជា។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា អ្នកភូមិប្រមាណ ៥០នាក់បាននាំគ្នារារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនមួយ ដែលកំពុងឈូសឆាយដីតំបន់ខ្ទមអ្នកតា។ គ្រានោះដែរ អ្នកភូមិបានផ្តល់ព័ត៌មានជូនអាជ្ញាធរភូមិឲ្យជួយដោះស្រាយ។
អ្នកតវ៉ាមួយរូប គឺលោកស្រី ស្វាយ ត្រេន បញ្ជាក់នៅថ្ងៃទី១៦ ខែវិច្ឆិកា ថា បន្ទាប់ពីអ្នកភូមិបានបញ្ឈប់គ្រឿងចក្រមិនឲ្យឈូសឆាយដីខ្ទមអ្នកតានោះ ប្រធានភូមិបានសន្យាថាដោះស្រាយបញ្ហាជូនអ្នកភូមិ ក៏ប៉ុន្តែរហូតថ្ងៃនេះ ការសន្យាមិនឃើញមានដំណោះស្រាយអ្វីនៅឡើយ។ លោកស្រីបន្តថា ប្រជាពលរដ្ឋខ្មែររស់នៅភូមិជាមួយគ្នាឈ្មោះ ខៀវ ព្រិល បានលក់ដីរបស់ខ្លួននៅជិតតំបន់ខ្ទមអ្នកតា ក៏ប៉ុន្តែក្រុមហ៊ុនទិញដីសហគមន៍មិនបានស្គាល់អត្តសញ្ញាណ បានឈូសបំពានលើខ្ទមអ្នកតា៖ « និយាយជាមួយអត់ស្តាប់គ្នាសោះ ! គាត់ថាអ្នកលក់ឲ្យគាត់អ្នកហ្នឹងសងទៅ ជួបអ្នកលក់គាត់ថាអត់លក់ទេ លក់ខាងក្រោមផ្លូវនោះទេ »។
ទាក់ទងករណីនេះដែរ ជំទប់ទី១ ឃុំដាក់ដាំ លោក កាច ណា បញ្ជាក់ថា អាជ្ញាធរបានទទួលព័ត៌មាននេះ ក៏ប៉ុន្តែមិនឃើញប្រជាពលរដ្ឋប្ដឹងមកអាជ្ញាធរឃុំនៅឡើយ។ លោកបន្តថា អាជ្ញាធរទុកលទ្ធភាពឲ្យអ្នកលក់ដី និងសហគមន៍ រួមទាំងប្រធានភូមិដោះស្រាយសម្របសម្រួលគ្នាជាមុន។ ប្រសិនភាគីទាំងពីរមិនអាចដោះស្រាយបាន ប្រធានភូមិត្រូវរាយការណ៍មកអាជ្ញាធរឃុំជួយដោះស្រាយ៖ « លក់មិនដឹងកំណត់ព្រំ ដល់ខាងក្រុមហ៊ុនឈូសមិនតាមប្រជាពលរដ្ឋចង្អុល មិនដឹងគេឈូសចូលកន្លែងគេតមមិនដឹង »។
របាយការណ៍របស់សហគមន៍ភូមិពូនរ៉ែង ដីតំបន់ខ្ទមអ្នកតារបស់សហគមន៍មានទំហំជាងកន្លះហិកតារ។ បច្ចុប្បន្ន អ្នកទិញដីបានឈូសឆាយតំបន់នោះអស់ពាក់កណ្ដាល ទើបអ្នកភូមិរារាំងមិនឲ្យគ្រឿងចក្រឈូសឆាយបន្ត។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា គាំទ្រការស្វែងរកកិច្ចអន្តរាគមន៍ផ្លូវច្បាប់ពីសំណាក់សហគមន៍។ លោកថា ប្រសិនសហគមន៍ដាក់ពាក្យប្ដឹងមកការិយាល័យការពារសិទ្ធិមនុស្ស និងចុះអង្កេតរកអង្គហេតុ និងអ្នកពាក់ព័ន្ធដើម្បីអន្តរាគមន៍ជូនអាជ្ញាធរស្រុក និងខេត្តជួយដោះស្រាយ៖ « បើសិនមានការឈូសឆាយលើតំបន់គោរពបូជា គឺជាការរំលោភទៅលើប្រពៃណី។ ករណីហ្នឹងត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់ »។
ចាស់ព្រឹទ្ធាចារ្យ និងជាតំណាងជនជាតិដើមភាគតិចឃុំដាក់ដាំ លោក ទឺយ ធិ បញ្ជាក់ថា សហគមន៍ទាមទារឲ្យអ្នកឈូសឆាយ ទទួលខុសត្រូវសងសំណងប្រពៃណីសែនអារក្សអ្នកតាតាមជំនឿអ្នកភូមិ រួមទាំងប្រគល់ដីដែលបានឈូសឆាយមកសហគមន៍គ្រប់គ្រងដូចដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។